បញ្ចូលអត្ថបទ៖ CWCI /26-10-2025

សេចក្តីប្រកាសរួមដោយ​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ អំពីលទ្ធផល​នៃកិច្ចប្រជុំរបស់ខ្លួន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ (បកប្រែក្រៅផ្លូវការ)
——

ជាភាសាខ្មែរ សូមទាញយក (download) និងជាភាសាអង់គ្លេស សូមទាញយក (download)

យើងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយក​រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ជាសាក្សី បានជួបប្រជុំនៅទីក្រុងកូឡា​ឡាំពួរ ប្រទេស​ម៉ាឡេស៊ី នាពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សូមប្រកាសថា ៖

១. យើងសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏រឹងមាំ ចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងប៊ូត្រាជាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ដោយមិនប្រើកម្លាំង ឬគំរាមកំហែងតាមរយៈកម្លាំង ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី និង គោរពព្រំដែន​អន្តរជាតិ (international boundary) និងច្បាប់អន្តរជាតិ (international law) ដើម្បីលើកស្ទួយសន្តិភាព សន្តិសុខ ស្ថេរភាព និងវិបុលភាព​នៅក្នុងតំបន់ ផ្អែកលើគោលការណ៍គោរពគ្នាក្នុងភាពចាស់ទុំ ដើម្បីឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និង អត្តសញ្ញាណ​ជាតិ​នៃ​ប្រទេសទាំងពីរ។

២. យើងសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដើម្បីអនុវត្តន៍ និងគោរពកិច្ច​ព្រមព្រៀងដែលបានសម្រេចដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំ​គណៈ​​កម្មាធិការ​ព្រំដែនទូទៅ (GBC)។

៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិ (TOR) ស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលនឹងមានបុគ្គលិកជំនាញពីបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធានាថា ការអនុវត្តន៍កិច្ចព្រមព្រៀង​ឈប់បាញ់​ពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវប្រទេសជាសមាជិកអាស៊ាន សូមផ្តល់ការគាំទ្រ ជាអាទិភាព ដើម្បីធ្វើឲ្យប្រាកដថា ក្រុមនេះ(AOT) អាចសម្រេចគោលដៅបើកការប្រជុំរបស់ខ្លួនដោយជោគជ័យ។

. យើងបានព្រមព្រៀងក្នុងការកាត់បន្ថយ​ភាព​តានតឹង និង​ស្ដារ​ទំនុកចិត្ត​ឡើង​វិញ ព្រមទាំងថែរក្សាទំនាក់ទំនង​ល្អ​ប្រកប​ដោយ​ភាពចាស់ទុំ ជាប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជណាចក្រថៃ។ ដើម្បីសម្រេចវត្ថុបំណងនេះ យើងយល់ស្របគ្នាដើម្បីអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងស្តារសន្តិភាព សន្តិសុខ និង​ស្ថេរភាពនៅតាមបណ្តោយព្រំដែន ដូចតទៅ ៖

• អនុវត្តការកាត់បន្ថយយោធា ក្រោមការត្រួតពិនិត្យរបស់ក្រុមសង្កេតការណ៍ AOT រួមទាំងការដកយកអាវុធ​ធុន​ធ្ងន់ ចេញពីតំបន់ព្រំដែន ឲ្យត្រឡប់ទៅមូលដ្ឋានយោធារៀងៗខ្លួនតាមធម្មតា។ ក្នុងបរិបទ នេះ ភាគីទាំងពីរត្រូវរៀបចំចាត់ចែងក្រុមកាងាររៀងៗខ្លួន ដើម្បីពិគ្រោះយោបល់ ឈានទៅរកការបញ្ចប់ការងារ និង ត្រូវអនុវត្តផែនការ​សកម្មភាពជាជំហានៗ ដែលស្ថិតនៅក្រោមការអង្កេតពិនិត្យ នៃក្រុមអ្នកសង្កេតការចំពោះកិច្ច ហើយបន្ទាប់មក ក្រុម AOT តែម្តង វាត្រូវបានបង្កើតឡើងស្របតាមលក្ខខណ្ឌប្រតិបត្តិ (TOR)។

• ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការលាភ​ពណ៌ និងវោហាសាស្ត្រ​ញុះញង់​នានា បើទោះបី​ជា​តាម​បណ្តាញផ្សព្វផ្សាយរបស់​រដ្ឋាភិបាលផ្លូវការ ឬមិនផ្លូវការក៏ដោយ ដើម្បីបន្ថយឲ្យ​បាននូវភាពតានតឹង មតិសាធារណៈអវិជ្ជមាន និងបង្កើតបរិយាកាស​ប្រកបដោយ​ផ្លែផ្កា សម្រាប់​កិច្ចសន្ទនា​ដោយសន្តិវិធី។

• សូមឯកភាពទាំងស្រុង និងអនុវត្តពេញលេញនូវវិធានការកសាងជំនឿចិត្ត ក្នុងការស្ដារ និងថែរក្សាទំនុកចិត្ត ជឿជាក់ប្រកបដោយភាពចាស់ទុំ និង​ថែរក្សាសន្តិភាពតាមព្រំដែន ដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី ដោយទឹកចិត្តជាអ្នកជិតខាងល្អ ដោយមិត្តភាព និងសាមគ្គីភាព ហើយ​និងធ្វើការងារឆ្ពោះទៅមុខ ដើម្បីស្តារទំនាក់ទំនងការទូត រវាងប្រទេស​ទាំងពីរ។

• សម្របសម្រួល និងអនុវត្តការដោះគ្រាប់មីនមនុស្សធម៌ ចេញពីតំបន់ព្រំដែន ដែលបានព្រមព្រៀងរួចហើយ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយមិនប៉ះពាល់ដល់ការស្ទង់មតិ និងការបោះបង្គោលព្រំដែនរវាងប្រទេស​ទាំងពីរ ដើម្បីការពារជីវិតជនស៊ីវិល និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

• បញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះការដោះស្រាយវិវា និងការ​បោះបង្គោលព្រំដែនតាមមធ្យោ​បាយ​សន្តិវិធី និងតាមច្បាប់អន្តរជាតិ ចៀស​វាង​ពីការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ឬ សកម្មភាពញុះញង់នានា និងសូមទទួលស្គាល់គណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) និង គណៈកម្មការព្រំដែនចម្រុះ (JBC) ជាយន្តការទ្វេភាគី ដើម្បីធ្វើការងាររួមគ្នាពាក់ព័ន្ធបញ្ហាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមអាណត្តិរបស់ពួកគេ ស្របតាមអភិបាលតំបន់ ដើម្បីរៀបចំស្ថានភាពនៅលើដីជាក់ស្តែងដោយសន្តិវិធី រួមទាំងបញ្ហាផ្សេងៗទៀត ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទៅវិញទៅមក ស្របតាមលទ្ធផលនៃកិច្ចពិភាក្សា នៅក្នុងគណៈកម្មការ JBC និង ការបញ្ឈប់ឲ្យបានរាល់ការពង្រីកវិសាលភាពវិវាទ ព្រមទាំងការកាត់បន្ថយភាពតានតឹងផងដែរ។

៥. ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពទាំងស្រុង ភាគីទាំងពីរ យល់ព្រមបញ្ឈប់រាល់សកម្មភាពបង្កអរិភាពសកម្មណាមួយទៀតហើយ។ ជាងនេះទៀត ដូចជា ការបង្ហាញបំណងប្រាថ្នារបស់ថៃ ត្រូវលើកកម្ពស់ទំនុកចិត្ត និងការជឿជាក់ប្រកបដោយភាពចាស់ទុំ។ ថៃ សន្យា​ដោះលែង​ចំណាប់ខ្មាំងសង្គ្រាម ដោយ​គ្មានបង្អែបង្អង់ឡើយ។

៦. យើងយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចប្រឹងប្រែងទំនាក់ទំនងជា​យុត្តិ​សាស្ត្រ ព្រមទាំងពង្រឹងការត្រួតពិនិត្យព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆ្លងព្រំដែន ដែលនាំឲ្យប៉ះ​ពាល់​ដល់ពលរដ្ឋនៃប្រទេសទាំងពីរ និង រីករាលដាលដល់សហគមន៍អន្តរជាតិ។

៧. យើងទទួលស្គាល់ភាពចាំបាច់ ដើម្បីបង្កើតអនាគតភ្លឺស្វាង មិនរំឭក​ពីជម្លោះ​អតីតកាល​ទៀត​ទេ។ រដ្ឋាភិបាល​ទាំងពីរ សូមបញ្ជាក់ការប្តេជ្ញាចិត្ត​ជាថ្មី ត្រូវដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ​ពេញ​លេញ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់។ លក្ខខណ្ឌផ្សេងៗទៀត បានបង្កើតឡើងសម្រាប់ប្រទេសជាតិទាំងពីង ត្រូវសម្លឹងឆ្ពោះទៅមុខ និង ចាប់ផ្តើមកសាងទំនាក់ទំនងជាអ្នកជិតខាង ស្របតាមលិខិតលាយលក្ខណ៍អក្សរ និងស្មារតីរបស់ អង្គការសហប្រជាជាតិ (UN) ហើយនិងគោលការណ៍របស់អាស៊ាន (ASEAN) ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលត្រួសត្រាយផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

៨. យើងបង្ហាញការជឿជាក់ថា កិច្ចប្រជុំនេះ ដែលមានវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាប្រកប​ដោយ​​ភាព​ចាស់ទុំ និងនាំមកសន្តិភាពនៅក្នុងតំបន់។ យើងសូម​កោត​សរសើរ​អស់​ពី​ដួងចិត្ត ចំពោះការចូលរួមចំណែកធ្វើសក្ខីកម្មដ៏មានសារសំខាន់​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជំរុញការស្តារទំនាក់​​ទំនងទ្វេ​ភាគី​ប្រកប​ដោយ​ផ្លែផ្កា រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ។

ចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ លើឯកសារ​បួន​ច្បាប់​ជា​ភាសាអង់គ្លេស។

(ហត្ថលេខា)

ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

អនុទីន ចន់វីរៈគុល
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ

សាក្សី ៖
អានវា អ៊ីប្រាហ៊ីម
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី

ដូណាល់ ជេ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាមេរិក

###