The Cambodia Daily
28-10-2025
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា បង្ហាញទាំងការសាទរ និងការព្រួយបារម្ភជុំវិញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយសារបានបញ្ចៀស នូវសង្គ្រាមរវាងប្រទេសទាំងពីរ ប៉ុន្តែបារម្ភក្នុងការដោះស្រាយបញ្ហាព្រំដែន ទៅថ្ងៃមុខ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ តុលា នេះថា ខ្លឹមសារដែលបានចែង ស្ដីពីជំហររួមរវាងកម្ពុជា-ថៃ នៅតែមានចន្លោះប្រហោង និងមានភាពទូលំទូលាយ ដែលនេះគឺជាការព្រួយបារម្ភ ក្នុងការដោះស្រាយបញ្ហាព្រំដែន ទៅថ្ងៃមុខលើកិច្ចព្រមព្រៀងនេះ។
លោកបន្តថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ មិនបានចែងអំពីការដកកងទ័ពថៃ ចេញពីតំបន់ភ្នំទ្រព្យ តំបន់អានសេះ និងតំបន់ផ្សេងទៀតដែលថៃ បានឈ្លានពានក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា នោះទេ។ បន្ថែមពីនេះ ក៏មិនបានចែងពីការរុះរើលួសបន្លា សម្បកកង់ឡានចេញពីតំបន់ដទៃដែរ ដូចជា តំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ជាដើម។
លោក ម៉ែន ណាត លើកឡើងថា ក្តីបារម្ភនេះ គឺដោយសារតែក្នុងសេចក្តីថ្លែងការណ៍រួម ជំហររបស់កម្ពុជា-ថៃ បានបញ្ជាក់អំពីការគោរពច្បាប់អន្តរជាតិពិតមែន ប៉ុន្តែភាគីទាំងពីរមិនបានបញ្ជាក់ឱ្យបានជាក់លាក់ថា ត្រូវបានប្រើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រួមទាំងការកំណត់ផែនទីខ្នាត ១/២០០០០០ នោះទេ ដែលនេះគឺជាមន្ទិលសង្ស័យ សម្រាប់ការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំងពីរទៅថ្ងៃមុខ។
លោក ម៉ែន ណាត អះអាងថា ការដោះស្រាយបញ្ហាទ្វេភាគីលើជម្លោះព្រំដែននេះ កម្ពុជានៅតែចាញ់ប្រៀបថៃ ដូច្នេះដើម្បីធានានូវបូរណភាពទឹកដី កម្ពុជាត្រូវជំរុញឱ្យថៃ ដកថយពីទឹកដីខ្មែរត្រឡប់ទៅវិញក្រោមយន្តការផ្សេងៗ រាប់ទាំងការប្តឹងផ្តល់ថៃ ទៅតុលាការអន្តរជាតិ ជាដើម បើថៃ នៅតែមិនព្រមដកកងទ័ព ក្រោយកិច្ចព្រមព្រៀងនេះទេ។
ចំណែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ស្របនឹងការលើកឡើងរបស់លោក ម៉ែន ណាត។ លោកថា ការព្រួយបារម្ភរបស់លោក ម៉ែន ណាត គឺជារឿងត្រឹមត្រូវ ពីព្រោះរាល់កិច្ចព្រមព្រៀងទាំងឡាយណាជាមួយថៃ គឺត្រូវតែមានការបញ្ជាក់ឲ្យច្បាស់ ពីព្រោះសូម្បីមានអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយក៏ដោយ ក៏ថៃ នៅតែបន្តរំលោភកម្ពុជា រហូតមកទល់ពេលនេះដែរ។
លោកបន្តថា ស្របពេលដែលអាណត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងកាន់អំណាច ដូច្នេះកម្ពុជា ត្រូវពន្លឿនការដោះស្រាយព្រំដែនឲ្យបានលឿន ជាពិសេសការបោះបង្គោលព្រំដែនដែលនៅសល់ ដោយយកមូលដ្ឋានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះព្រំដែន ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាសាក្សី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អំឡុងពេលនៃការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា នេះ។
ភាគីទាំងពីរ បានឯកភាពគ្នាក្រោមលក្ខខណ្ឌ ៨ ចំណុច រួមមានការគោរពច្បាប់អន្តរជាតិ គោរពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនតំបន់ (RBC) និងគណៈកម្មាធិការព្រំដែនរួម (JBC) រួមទាំងការអនុវត្តបទឈប់បាញ់ និងការកាត់បន្ថយយោធា ព្រមទាំងការដកយកអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែន ជាដើម។
ជាងនេះទៅទៀត គឺត្រូវដោះលែងចំណាប់ខ្មាំងសង្គ្រាម ពង្រឹងការត្រួតពិនិត្យព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំដែន ត្រូវដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ផងដែរ។
ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងគាំទ្រនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងកូឡាឡាំពួរ នេះ រួមទាំងការដោះលែងទាហានខ្មែរទាំង ១៨ នាក់ ដែលទាហានថៃ បានចាប់ខ្លួននាពេលកន្លងមកថែមទៀត។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាការប្រមូលផលដើមរដូវ នៃយុទ្ធសាស្ត្រស្ងាត់ តែមិនស្ងៀមរបស់លោក ហ៊ុន ម៉ាណែត ជាមួយប្រទេសជិតខាង ព្រោះកិច្ចការចម្បងបំផុតរបស់កម្ពុជា គឺសន្តិភាព។
យ៉ាងណាក៏ដោយ កាសែត The Nation របស់ថៃ បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ដែលអះអាងចំពោះពលរដ្ឋថៃ នៅថ្ងៃទី២៧ តុលា នេះថា សេចក្តីប្រកាសរួម រវាងកម្ពុជា-ថៃ មិនមែនជាសន្ធិសញ្ញាទេ វាគ្រាន់តែជាការអនុម័តដោយគណៈរដ្ឋមន្ត្រី និងប្រើជាផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកសន្តិភាពប៉ុណ្ណោះ៕
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ៖ជាភាសាខ្មែរ សូមទាញយក (download) និងជាភាសាអង់គ្លេស សូមទាញយក (download)។
