The Cambodia Daily
09th-11-2025
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់យកឱកាសក្នុងពេលដែលអាមេរិក ដកបម្រាមហាមឃាត់លក់អាវុធនាពេលនេះ ដើម្បីកសាងទំនុកចិត្តពីមហាអំណាចមួយនេះឡើងវិញ។
លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៧ វិច្ឆិកា ថា ការប្រកាសដកបម្រាមលក់អាវុធចេញពីកម្ពុជា នាពេលនេះ គឺជាការបង្ហាញពីសមានចិត្តដ៏ល្អរបស់អាមេរិក ហើយក៏ជាសញ្ញាល្អ សម្រាប់ការរឹតចំណងការទូតរវាងប្រទេសទាំងពី រទៅថ្ងៃមុខដែរ ព្រោះការធ្វើទំនាក់ទំនងជាមួយអាមេរិក កម្ពុជាមានតែចំណេញ។ ផ្ទុយទៅវិញ កម្ពុជានឹងខាតបង់ បើទំនាក់ទំនងនេះត្រូវបានបំផ្លាញ។
លោក ម៉ែន ណាត លើកឡើងថា ក្នុងពេលនេះ នៅតែកម្ពុជាប៉ុណ្ណោះ ដែលត្រូវបង្ហាញពីសុឆន្ទៈស្មោះត្រង់ទៅអាមេរិកវិញ ពីបំណងរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងការទូតឱ្យល្អជាងមុន ដូចជា ការលើកស្ទួយសិទ្ធិមនុស្ស ការស្ដារលទ្ធិប្រជាធិបតេយ្យ ការបើកលំហសេរីភាពបញ្ចេញមតិ និងបើកឱ្យមានសារព័ត៌មានឯករាជ្យ រួមទាំងការដោះលែងអ្នកទោសមនសិការ ជាដើម។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍នៅថ្ងៃទី០៧ វិច្ឆិកា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ស្ថាប័នកត់ត្រា និងផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក Federal Register កាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា អាមេរិកសម្រេចលុបចោលបម្រាមលើការលក់សព្វាវុធ ឱ្យប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជា-ថៃ សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមសន្តិភាពមួយ នៅទីក្រុងកូឡាឡាំពួរ កាលពីសប្តាហ៍មុន។
លោក Marco Rubio អះអាងថា ការសម្រេចចិត្តដកបម្រាមធ្វើជំនួញអាវុធជាមួយកម្ពុជា នៅពេលនេះ ធ្វើឡើងដោយផ្អែកលើការខ្នះខ្នែងស្វែងរកសន្តិភាព និងសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ លើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
កាលពីឆ្នាំ២០២១ រដ្ឋបាលរបស់លោក ចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្មរឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់ប្រទេសកម្ពុជា ក្រោមហេតុផលនៃការកើនឡើងឥទ្ធិពលយោធាចិន នៅកម្ពុជា និងដើម្បីជំរុញឲ្យកម្ពុជា ងាកមកគិតគូរដោះស្រាយបញ្ហាការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយផងដែរ។
ដោយសារតែបែបនេះហើយ ក្រសួងការបរទេសអាមេរិក ក៏បានសម្រេចដាក់កម្ពុជា ទៅក្នុងបញ្ជីប្រទេសហាមឃាត់មិនឲ្យមានការនាំចេញអាវុធពីអាមេរិកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ តែម្តង ប៉ុន្តែអាមេរិក ក៏ត្រូវបានកម្ពុជា ចោទប្រកាន់ថា ជាអ្នកនៅពីក្រោយអំពើក្បត់ជាតិ របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែរ៕

