TFA Khmer /ដោយ សេក បណ្ឌិត
20-11-2025


មន្ត្រី​កម្ពុជា និង​ថៃ​ បានចាប់ផ្ដើម​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន នៅ​​ចន្លោះ​ខណ្ឌសីមា​ លេខ​៤២ ដល់ ​៤៧ ក្នុងភូមិ​សាស្ត្រ​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។ អ្នក​ឃ្លាំ​មើល​​លើកឡើង​ថា ការ​ឯកភាព​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ ហាក់​មាន​ភាព​តក់ក្រហល់ ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា ​ខាត​បង់​ទឹកដី​ទៅឱ្យ​ប្រទេស​​ថៃ។​

កម្ពុជា និង​ថៃ ​បានចាប់ផ្ដើម​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ហើយ នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ ដោយ​មាន​ការ​បង្ហោះ​ដ្រូន តាម​បណ្ដោយ​ខ្សែ​បន្ទាត់ នៃ​បង្គោល​ព្រំដែន​ លេខ​៤២ ដល់​លេខ​៤៧ ក្នុង​តំបន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ស្ថិតក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ជាប់​ព្រំប្រទល់​ភូមិ​ណងចាន់ (Nong Chan) និង​ភូមិ​ណងយ៉ាកែវ (Nong Ya Kaew) ស្ថិតក្នុង​ឃុំ​គោកសូង​ (Khok Sung) ខេត្ត​ស្រះកែវ (Sa Kaeo) របស់​ថៃ ដែលជា​តំបន់​កំពុង​មាន​ភាពចម្រូងចម្រាស ដោយសារ​យោធា​ថៃ បាន​ចូល​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ និង​ដីចម្ការ​ពលរដ្ឋ​ខ្មែរ។

ទោះជា​យ៉ាងណា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្រោយ​ជំនួប​ចរចា​រវាង​មន្ត្រី​កម្ពុជា និង​ថៃ នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ដើម្បី​ដោះស្រាយ​បញ្ហា​ចំនួន​ពីរ​គឺ ការ​ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​បច្ចេកទេស មុន​ពេលធ្វើ​ការស្ទង់មតិ​រួមគ្នា និង​ការបោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន ដែល​គេ​អះអាងថា ជា​តម្រុយ​បង្គោល​ចាស់ ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង។

ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថា នៅ​ពេល​ដែល​ការបោះបង្គោល​ព្រំដែន​នៅ​តំបន់​ភូមិ​ណងចាន់ ត្រូវបាន​បញ្ចប់ ពលរដ្ឋ​ខ្មែរ​ជាង ២០០​គ្រួសារ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រហម នឹងត្រូវ​តែ​ចាក​ចេញពី​តំបន់​នោះ ដើម្បី​ការពារ​អធិបតេយ្យភាព រវាង​ប្រទេស​ទាំងពីរ។

លោក ណាត់តាផន បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ថៃ​-​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្អាក​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​សេចក្ដីប្រកាស ពាក់ព័ន្ធ​នឹង​បញ្ហាសំខាន់​ចំនួន​ពីរ ដែល​ស្ថិត​ក្នុង​កិច្ចការ​យោធា រួមមាន ការដោះមីន​តាម​បណ្ដោយ​ព្រំដែន ដែល​លោក​អះអាងថា ស្ថិតក្នុង​ដែន​អធិបតេយ្យភាព​ថៃ និង​ការគ្រប់គ្រង​តំបន់​ព្រំដែន ជាពិសេស​នៅ​តំបន់​ភូមិ​ណងចាន់ ខណៈ​ទាហាន​ខ្មែរ​ទាំង​១៨​រូប ដែល​យោធា​ថៃ​ប្រើ​ឧបាយ​ចាប់ខ្លួន​នោះ ភាគី​ថៃ​ មិន​ទាន់​អាច​ដោះលែង​បាន​នោះ​ឡើយ ដោយសារតែ​កម្ពុជា​ មិន​ទាន់​បាន​បញ្ចប់​អរិភាព​ជាមួយ​ថៃ។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​នៃ​ស្ថាប័ន​អធិបតេយ្យភាព​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន សង្កេតឃើញ​ថា ការ​បោះបង្គោល​ព្រំដែន​ប​ណ្ដោះ​អាសន្ន រវាង​កម្ពុជា​-​ថៃ ហាក់​ធ្វើឡើង​ដោយ​តក់ក្រហល់ ខណៈ​រដ្ឋាភិបាល​កម្ពុជា បាន​ចាញ់​ប្រៀប​ក្រុម​យោធា​ថៃ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា។ ក្នុងនោះ​លោក អ៊ុំ សំអាន មើលឃើញថា បង្គោល​ព្រំដែន​លេខ​៥៤ ដែល​កម្ពុជា ថៃ គ្រោង​នឹង​បោះ​នោះ គឺជា​បង្គោល​ថ្មី ដែល​ថៃ​បាន​បង្កើត​ឡើង ហើយ​កត្តា​នេះ អាច​នឹង​ធ្វើឱ្យ​កម្ពុជា បាត់បង់​ទឹកដី​មួយផ្នែក។

លោក អ៊ុំ សំអាន «​ហើយ​នៅពេលដែល​បង្គោល មិន​បោះ​នៅ​ទីតាំង​ចាស់ នៅ​ពេល​បោះបង្គោល​រណប​ហ្នឹង ប្រាកដជា​បាត់​ដី​ខ្មែរ​ហើយ នេះ​ជាការ​ព្រួយបារម្ភ​របស់​យើង​។ ដូច្នេះ​ សូមឱ្យ​មានការ​ចូលរួម​សង្កេត​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ដើម្បី​ឱ្យដឹងថា តំបន់​ហ្នឹង បោះបង្គោល​បាន​ត្រឹមត្រូវ​ឬក៏​អត់​។ យើង​អាច​សាកសួរ​ប្រជាពលរដ្ឋ និង​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ថា​វា​បាត់​ដី​ខ្មែរ​ឬក៏​អត់»

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខា​ធិការដ្ឋាន​​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា។

ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ព្រំដែន​នេះដែរ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ​កម្ពុជា​-​ថៃ បាន​ចាប់ផ្ដើម​ចុះ​បោះបង្គោល​បណ្ដោះ​អាសន្ន​ នៅ​កំណាត់​ខ្សែ​ព្រំដែន ចន្លោះ​បង្គោល​លេខ​៥២ និង​លេខ​​៥៩ នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ខេត្តបាត់ដំបង ខាង​កម្ពុជា ជាប់​នឹង​ខេត្ត​ចន្ទបុរី (Chanburi) ប្រទេស​ថៃ បាន​ជាង ៥០​ភាគរយ​ហើយ ចាប់តាំងពី​ថ្ងៃទី​៨ រហូត​ដល់​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ដោយ​សម្រេច​បាន​ប្រមាណ ៩៤ ​បង្គោល លើ​​ផែនការ​សរុប​ចំនួន ១៦៦ ​បង្គោល៕