VOD Khmer /ដោយ ប៉ុល សម្បត្តិ
21-11-2025

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ​គឺ​លោ​ក អ៊ុំ សំអាន អះ​អាង​ថា ពេល​នេះ​ លោក​កំពុង​ស្វែង​រក​ផែន​ទី ​ដែល​តម្កល់​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​យក​ទៅ​ផ្សព្វ​ផ្យាយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ថា​ ក្រោម​ការ​ដឹក​នាំរ​បស់​គ្រួសារ ​ហ៊ុន ពិត​ជាបា​ន​កាត់ទឹ​ក​ដី ឱ្យ​ទៅ​វៀត​ណាម និង​ថៃ ដើម្បី​រក្សា​អំណាច​។

ការណ៍​នេះ លោក​ថា ដើម្បី​កុំ​ឱ្យគ្រួ​សារ​ ហ៊ុន ទម្លាក់​កំហុស​ដាក់​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​ស្រឡាញ់​ទឹក​ដី​ រងការ​ចោទ​ថា ជា​ជន​ក្បត់​ជាតិ រីឯ​អ្នក​កាន់​អំណាច​ដែល​កាត់​ដី​ឱ្យ​បរទេស​ តាំង​ខ្លួន​ថា​ជា​អ្នក​ស្នេហា​ជាតិ​ ដែល​ជាដើ​ម​ចម​ធ្វើ​ឱ្យ​កូន​ខ្មែរ​យល់​ច្រឡំ និង​ភ្លេច​គិត​ពី​មហិច្ឆតាប​រទេស​ឈ្លាន​ពាន។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានឱ្យដឹ​ងថា​ លោក​នឹង​ចំណាយ​ពេល​ពេញ​មួយ​សប្តាហ៍​ នៅ​ទី​ស្នាក់កា​រ​អង្គ​ការ​សហ​ប្រជា​ជាតិ ​នៃ​ទីក្រុង​ញូយ៉ក​ សហរដ្ឋ​អាមេ​រិក ដើម្បី​ចម្លង​ផែន​ទី​ឧបសម្ព័ន្ធ​ភ្ជាប់​ សន្ធិ​សញ្ញា​បារាំង-សៀម ​ឆ្នាំ១​៩០៤-១៩០៧ ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ដឹង​អំពី​ទឹក​ដី​របស់​កម្ពុជា ​ពិត​ប្រាកដ។

ម្យ៉ាងវិញទៀត លោកបញ្ជាក់​ថា ការធ្វើបែបនេះ ដើម្បីលាតត្រដាងពីកំហុសរ​បស់​មេដឹក​នាំ​គ្រួសារ ​ហ៊ុន​ ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​ទឹក​ដី​ខ្មែរ​ចេះ​តែ​បាត់​បង់​បន្តិចៗ ​​ទៅ​ប្រទេស​ជិត​ខាង ​ទាំង​ថៃ និ​ង​វៀត​ណាម។

លោកថា ៖ «គោលបំណងយើង គឺដើម្បីលាត​ត្រដាង​ពី​ផែន​ទី ​ដែល​កូន​ខ្មែរ​បាន​ដឹង​ ទៅ​ថ្ងៃ​​ក្រោ​យ​ គាត់​អាច​សិក្សា​ពីផែ​ន​ទី​ហ្នឹង​ ហើយ​អាច​ការពា​រទឹ​ក​ដីខ្មែ​រ​យើង ​កុំ​ឲ្យបា​ត់​បង់​ ថា ​ដី​យើង​នៅ​កន្លែង​ណា? បើ​កាល​ណា​កូន​ខ្មែរ​យើង​មិន​ដឹង​ថា ​ទឹក​ដី​ខ្លួន​ឯង​ ព្រំដែន​នៅ​កន្លែង​ណា គាត់​ការ​ពារ​ទឹក​ដី​យ៉ាង​ម៉េច​កើត។ មួយ​ទៀត​ ដើម្បី​ឲ្យ​ខ្មែរ​យើង​ហ្នឹង​ដឹង​ទៅ កុំឱ្យ​ត្រ​កូល ​ហ៊ុន ​បោក​ប្រជា​ព​លរ​ដ្ឋ​ខ្មែរ ​នៅ​ពេល​ដែល​ចង់​កាត់​ទឹក​ដី​ទៅ​ឲ្យ​ឡាវ ​ទៅ​ឲ្យ​ថៃ ​ទៅ​ឱ្យ​វៀត​ណាម​ ទៅ ប្រជា​ពលរដ្ឋ​អត់​ដឹង​ថា ​ដី​នៅ​កន្លែង​ណា អ៊ីចឹង​គាត់​អត់​ហ៊ាន​តវ៉ា បើ​សិន​ជា​គាត់​ដឹង​ គាត់​តវ៉ា​ ត្រកូល​ ហ៊ុន ​មិន​អាច​លាក់​បាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ទេ»។

សម្រាប់លោក សំអាន ក្រោយពីសិក្សាស្រាវជ្រាវ និងថតចម្លងផែន​ទី​ឧបសម្ព័ន្ធ​បារាំង​-​​សៀម​នេះ​ហើយ លោ​កនឹ​ង​ប្រមូល​ភស្តុ​តាង ឬ​ឯកសារ​ទាំង​នេះ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ថៃ ​ទៅតុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ​ICJ។

លោកសង្កត់ធ្ងន់ថា ការព្យាយាមខ្នះខ្នែងរបស់លោក និង​ក្រុម​ការ​ងារ ដើម្បី​គាស់​កកាយ​រឿង​ព្រំដែន​នេះ​ ព្រោះ​លោក​គ្មាន​សង្ឃឹ​ម​លើ​មេដឹក​នាំ​គ្រួសារ ​ហ៊ុន​ យក​ចិត្ត​ទុក​ដាក់​រឿង​ការ​បាត់​បង់ទឹកដីខ្មែរនោះទេ។

លោកថា ៖ «វាមានសារៈសំខាន់ គឺ​ផែនទី​ ខ្នាត ​១/២០០.០០០ ​ដែ​ល​ជា​ផែន​ទី​ឧបសម្ព័ន្ធ​ភ្ជាប់​ ភ្ជាប់​សន្ធិ​សញ្ញា​បារាំង​​-​សៀម ​ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៧ ​នេះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះនៃ​ការ​ការ​ពារ​ទឹក​ដី​របស់​យើង ពី​ការ​ឈ្លាន​ពាន​បរទេស​។ បើ​សិន​ជាយើ​ង​អត់​មាន​ផែន​ទី​ទាំង​នោះទេ​ យើង​មិន​ដឹង​ថា​ ព្រំដែន​យើង​នៅ​កន្លែង​ណា? យើង​ទៅ​ការ​ពារ​ទឹក​ដីយ៉ា​ង​ម៉េច? យើង​ទៅ​ចរ​ចា​ជាមួយ​ថៃ​ យ៉ាង​ម៉េច? យើង​ទៅ​បោះ​បង្គោល​ជាមួយ​ថៃ ​យ៉ាង​ម៉េច? យើង​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ​ ដោយ​សំអាង​ថា ​ទឹក​ដី​របស់​យើង​យ៉ាង​ម៉េច? ដូច្នេះ​វា​ជា​មូល​ដ្ឋាន​គ្រឹះ​ សម្រាប់​នៃ​ការ​ការ​ពារ​ទឹក​ដី​របស់​យើង​ តាម​រយៈ​ការ​ចរចា តាម​រយៈ​ការ​ប្រើ​ច្បាប់​អន្តរ​ជាតិ ​តាម​រយៈ​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិ​ធ​ម៌អ​ន្ដរ​ជាតិ»។

សម្រាប់លោក អ៊ុំ សំអាន បាននិយាយថា នៅថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ឯកភាព​បោះ​បង្គោល​បណ្តោះ​អាសន្ន​ នៅ​លើ​ដី​ជាក់​ស្តែង​បាន​ចំនួន ៩៤ ​បង្គោល លើ​ផែន​ការ​សរុប ១៦៦ ​បង្គោល នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ដែល​ពួក​គេ​ថា បង្គោល​ព្រំដែន​នេះ​ អាច​ធ្វើ​តាម​ការ​ចង់​បាន​របស់​ថៃ។

តែលោក ហ៊ុន សែន កំពុង​គំរាម​ដក​​សញ្ជាតិ​ពលរដ្ឋ​ កុំ​ឱ្យ​និយាយ​រឿង​នេះ ដោយ​ចាត់​ទុក​ថា ​រដ្ឋាភិ​បាល​មិន​បាន​កាត់​ដី​ឱ្យ​បរទេស​ ដើម្បី​ការ​ពារ​អំណាច ​ដូច​ការ​ចោទ​ពី​បក្ស​ប្រឆាំង​ទេ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ​ ប្រាប់ ​VOD​ ថា វា​ហាក់​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្រុម​ប្រឆាំង​ចូល​ចិត្ត​ធ្វើ​រឿង​ចម្លែកៗ គ្មាន​ប្រយោជន៍ ដែល​គួរ​ឱ្យ​អស់​សំណើច។លោកបញ្ជាក់ថា លោកមិនចង់ឆ្លើយឆ្លងនឹងក្រុមប្រ​ឆាំង​ទាំង​នោះទេ​ ព្រោះវា​គ្មាន​បាន​ការណ៍​សម្រាប់​ជាតិ និង​ប្រជារាស្រ្ត​ខ្មែរ គឺ​ពួក​គេ​ធ្វើដើ​ម្បីតែ​បាន​លេស​ប្រឆាំង និង​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​ប៉ុ​ណ្ណោះ។

លោកថា ៖ «ខ្ញុំពេលខ្លះ ខ្ញុំអង្គុយ​សើច ខ្ញុំ​ហួស​ចិត្ត​ទៅនឹ​ង​ពួក​គេ​ ចេះ​លើក​ឡើង​ទៅ​រួច រក​ពាក្យ​វាយ​ប្រហារ​លើ​រដ្ឋាភិ​បាល​ឲ្យ​តែ​រួច​ពី​មាត់ ឲ្យ​តែ​គិត​ថា​បាន​ចំណេញ​សម្រាប់​ខ្លួន​ឯង​ ចឹង​ហើយ​ខ្ញុំ​គិត​ថា ​ទង្វើ​សកម្ម​ភាព​របស់​ក្រុ​​មទាំង​អស់​នេះ វា​អត់​មាន​ប្រយោជន៍​ស្អី​ទេ ធ្វើ​អី​ធ្វើ​ទៅ​ កុំចាប់​អារម្មណ៍»។

យ៉ាងណា លោក ហ៊ុន ​សែន ធ្លាប់​ប្រើ​ពេល​ជាង ​៥ ម៉ោង​​នៅ​​ក្នុង​​សភា អំឡុង​ឆ្នាំ​២០១២ បក​ស្រាយ​បញ្ហា​​នេះ​ ដោយ​​បញ្ជាក់​​ថា បញ្ហា​​កោះ​​ត្រល់ បាន​បាត់​បង់​តាំង​​ពី​​សម័យ​មុន​លោក ឡើង​កាន់​អំណាច ហើយ​ថា ក្រោម​ការ​គ្រប់​គ្រង​របស់​លោក មិន​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ទេ។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ ​លោក ម៉ែន ណាត គាំទ្រ​បេសសកម្ម​លោក អ៊ុំ សំអាន ដើម្បី​លាត​ត្រដាង នឹង​បង្ហាញ​ភស្តុ​តាង​ឯកសារ​ផែន​ទី​ទឹក​ដី​ខ្មែរ ដែល​កំពុង​ប្រឈម​ការ​បាត់​បង់​នេះ។

លោកអះអាងដែរថា ការសិក្សាស្រាវជ្រាវ ឬ​ការ​បង្ហាញ​ផែន​ទី​ឧបសម្ព័ន្ធ​បារាំង​-​សៀម​ ឆ្នាំ​១៩០៤​-​១៩០៧ នេះ ដើម្បី​បញ្ជាក់​ថា ​ព្រំប្រ​ទល់​ទឹក​ដី​កម្ពុជា​​នៅ​ត្រង់​ចំនុច​ណា និង​ដើម្បី​ឱ្យ​ដឹង​ថា បាត់​បង់​ទៅ​ណា​ខ្លះ។

លោកថា ៖ «អ្វីដែលលោក អ៊ុំ សំអាន គាត់​ធ្វើ​ហ្នឹង​មាន​ន័យ​ថា គាត់​មាន​ស្មារតី​ជាតិ​ ហើយ​គាត់​មាន​ស្មារតី​ជាតិ​ ហើយ​គាត់​បារម្ភ​ពី​បញ្ហា​ជាតិ​​ហើយ អ៊ីចឹង​អ្វី​ដែល​គាត់​កំពុង​គិត​ កំពុង​ខ្វល់ កំ​ពុង​តែ​ចុះ​ទៅ​ស្រាវ​ជ្រាវ​ហ្នឹង​ បង​ប្អូន​យើង​លើក​ទឹក​ចិត្ត​គា​ត់​ផង​ទៅៗ។ ហើយ​​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​កុំមា​នៈ​ពេក ស្តាប់​បង​ប្អូន​យើង​ដែល​មាន​ចិត្ត​ស្រឡាញ់​ជាតិ និង​អាច​យក​ស្មារតី​នៃ​អ្នក​ស្រឡាញ់​ជាតិ ​យក​ទៅ​ដាក់​នៅក្នុ​ង​ខ្លួន ដើម្បី​ដោះ​ស្រាយ​បញ្ហាយុ​ត្តិធ​ម៌​ សម្រាប់​កម្ពុជា​ទៅ​ អាហ្នឹង​បាន​អាច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​បាន​ ពីការ​រំលោភ​ឈ្លាន​ពាន​របស់​ប្រទេស​ជិត​ខាង​នោះ»។

សម្រាប់ លោក ម៉ែន ណាត ដែលជាអ្នកមានបទពិសោធន៍​កិច្ចការព្រំដែន​មួយ​រូប​ដែរ​នោះ បាន​បញ្ជាក់​ថា សន្ធិ​សញ្ញាបា​រាំង​​-​សៀម ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ឱ្យ​កូន​ខ្មែរ​យល់​ដឹង​ពី​ទឹក​ដី​របស់​ខ្លួន។

លោករៀបរាប់ថា ​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៥-១៩០៧ ​បារាំង​​ជា​​អា​ណា​​ព្យាបាល​​​រប​ស់​​​កម្ពុជា បាន​​បោះ​​បង្គោល​​ព្រំដែន​​ខ្មែរ-ថៃ ចំនួន ៧៣​​ បង្គោល និង​​រក្សា​​ផែន​​​ទី​​ដើម​ទុក ដើម្បី​ជៀសវា​ង​មេដឹក​នាំខ្មែ​រ​ខិល​ខូច​ លួច​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​បរទេស​ជិត​ខាង ដើម្បី​អំណាច។

លោកថា ៖ «ផែនទីភ្ជាប់សន្ធិសញ្ញាបារាំង​-​សៀមហ្នឹង ហើយ​ផែន​ទីបារាំង​ដទៃ​ទៀតៗ ដែល​ពាក់​ព័ន្ធ​ផែន​ទី​អាណានិ​គម​របស់​បារាំង​ហ្នឹង​ គឺ​មាន​សារៈ​សំខាន់​ទាំង​អស់ មិន​ថាចំ​ពោះផែ​ន​ទី​ភ្ជាប់​សន្ធិ​សញ្ញា​បារាំង​-​​សៀម​ប៉ុណ្ណឹង​ទេ ផែន​ទី​ណាក៏​អា​ចយ​កម​កសិ​ក្សាបា​ន​ដែរ។ ម៉េច​ហៅ​ថា ពា​ក្យសិ​ក្សា​ ប្អូន? ពាក្យ​សិក្សា​ស្រាវ​ជ្រាវ ​គឺ​ផែន​ទី​ខ្លះ​យក​មក​ប្រើ​ប្រាស់​ សម្រាប់​កំណត់​ដែន​អធិប​តេយ្យ​កម្ពុជា​ ផែន​ទី​ខ្លះ​អាច​យក​មក​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​រៀន​សូត្រ ​ចែក​គ្នា​រៀន​សូត្រ និង​វា​មាន​សារៈ​សំខាន់​គ្រប់​​​បែ​ប​យ៉ាង​ទាំង​អស់»។

បញ្ហាព្រំដែន​នាសម័យ​ទំនើប​នេះ វា​បាន​កក្រើក​ឡើង​វិញ​​អំឡុ​ង​​​​ឆ្នាំ​​​២០០៥ ដែល​​​ពេ​ល​​នោះ ​លោក ហ៊ុន សែន បាន​​គំរាម​​​រំលាយ​​របប​​រាជានិ​យម​​អាស្រ័យ​​ធម្ម​​នុញ្ញ​​ចោល បើ​ព្រះ​អង្គ​មិន​​ព្រម​​ឡាយ​ព្រះហស្ត​លេខាលើ​​​​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម ដែល​រង​ការ​រិះ​គន់​ថា ធ្វើ​តាម​ការ​ចង់​បាន​របស់​​មេដឹក​នាំ​វៀត​ណាម។

ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​​រំលាយ​ស្ថាប័ន​​ព្រះ​មហា​ក្សត្រ ដើម្បី​សម្រេច​​ម​ហិច្ឆ​តា​​វៀត​ណាម​​លេប​​ទឹក​ដី បើ​ព្រះអង្គ​មិន​ឡាយ​ព្រះ​ហស្ត​លេខា លើ​សន្ធិសញ្ញាព្រំដែន​ខុស​ច្បាប់​ ដែល​គូស​វា​ស​​ដោយ​​វៀត​​ណាម ឆ្នាំ​​១៩៨២, ៨៣ និង ​​៨៥ ឱ្យ​​រស់​ឡើង​​វិញ​​ទេ​នោះ។

បន្ថែមពីនេះ លោក ហ៊ុន សែន តែង​តែ​ចោទ​មេដឹកនាំ​​គណបក្ស​​ប្រឆាំង​​ថា ជា​ជន​​ក្បត់​​ជាតិ ខណៈ​​​ពួក​​គេជា​​ញឹក​ញាប់​​បាន​ប្រើ​យន្ត​ការ​​សភា ​និយាយ​​​លាត​​ត្រដាង​​ពីមហិច្ឆតា​​វៀ​ត​ណាម ​​លេប​​​​ទឹ​ក​ដី​ខ្មែរ​នេះ។

លើសពីនេះ គណបក្សសង្គ្រោះជាតិ​ ជាប​ក្សប្រឆាំង​ធំ​​ជា​ងគេ ត្រូវ​បាន​​លោក ហ៊ុន សែន ប្រើ​តុលា​ការរំលាយ​​ចេញ​ពី​ឆាក​​នយោបាយ ​​នៅ​ចុង​ឆ្នាំ​​២០១៧ និង​​បន្ត​សម្លាប់​​ជីវិត​​នយោបាយ​មេដឹក​នាំ​ រហូត​បច្ចុប្បន្ន ក្នុង​នោះ​រួម​ទាំង លោក កឹម សុខា ផង​ដែរ។

កម្តៅ​ព្រំដែន​នេះ ត្រូវ​បានគេមើល​ឃើញ​ថា ជាដើម​ចម​ធ្វើ​ឱ្យ​​លោក ហ៊ុន សែន ជាប់​អន្ទាក់​ប្រទេស​​ជិតខាង ហើ​យ​បន្ត​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​កម្ចាត់ខ្មែរ​គ្នាឯង ដែលហ៊ានលាតត្រដាងមហិច្ឆតាវៀតណាម ឈ្លា​នពានទឹកដីខ្មែរ។

វិធាននេះ​ក្រោយ លោក ហ៊ុន សែន​ ​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​​ព្រំដែន​ខុស​ច្បាប់ ​រស់​នៅ​ឡើង​វិញ​​នៅ​ឆ្នាំ​២០០៥ ​​ការ​​​ចង់​បាន​របស់​វៀត​​ណាម ដែលក្រុមប្រឆាំងអះអាង​ថា ធ្វើឱ្យកម្ពុជាបាត់បង់ដែនដីគោក​​​មួយ​ផ្នែក​ទៀត រួមប្រជុំកោះ និង​ដែន​​សមុទ្រ។

ទង្វើនេះ ត្រូវ​​បា​ន​គេមើលឃើញថា មេដឹកនាំ​គ្រួសារ ​ហ៊ុន បាន​ដើរ​ផ្ទុយ​​ទៅ​​នឹ​ង​​មាត្រា​​៥២ និង​​មាត្រា​​​៥៥ ​នៃ​​​រដ្ឋ​ធម្ម​នុញ្ញ ដែល​​បាន​​ចែង​​ថា «សន្ធិ​សញ្ញា និង​​កិច្ច​ព្រម​​ព្រៀង​​ទាំ​ង​​ឡាយ​​ណា​​ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ អធិប​តេយ្យ បូរណ​ភា​ព​ទឹក​ដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល»។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែង​ថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារអស់​មួយជីវិត»៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។