VOD Khmer /ដោយ ប៉ុល សម្បត្តិ
02nd-12-2025

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ខ្មែរ ជំរុញ​ឱ្យ​មេដឹក​នាំ​គ្រួសារ​ ហ៊ុន ប្រញាប់​ងាក​មក​ផ្សះ​ផ្សាជាតិ​ តាម​គន្ល​ងប្រ​ជា​ធិប​តេយ្យ​ឡើង​វិញ ដើម្បី​រើ​ខ្លួន​ពី​ចំណង​វៀត​ណាម ដោយ​ថា វៀត​ណាម​ពេល​នេះ​ កំពុង​បង្កើន​សម្ពាធ​​ឱ្យ​មេដឹក​នាំ​ខ្មែរ អនុវត្ត​ផែន​ការ​ឥណ្ឌូ​ចិន​របស់​ លោក ហ៊ូ ជីមិញ តាម​រយៈ​ការ​ជំរុញ​ឱ្យ​កម្ពុជា​សម្រួល​លក្ខ​ខណ្ឌ​អំណោយ​ផល ​ដល់​សហគមន៍​វៀត​ណាម​រស់​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃទី​២៨ ខែវិ​ច្ឆិកា វិទ្យុ​បារាំង បាន​ដក​ស្រង់​ពីកាសែត​ប្រជាជន​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម ចុះ​ផ្សាយ​ថា ឧបនាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក ថាញ់ សឺន នឹង​ជួប​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ដាក់​សំណើរ​ឱ្យ​កម្ពុ​ជា ជួ​យ​សម្រួល​លក្ខ​ខណ្ឌ​រស់​នៅ​របស់​ពលរដ្ឋ​វៀតណាម ​លើ​ទឹក​ដី​កម្ពុជា

ប្រភព​និយាយ​ថា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ថាញ់ សឺន បាន​និយាយ​ថា គណបក្ស​កុម្មុយ​និស្ត​វៀតណាម ឬ​រដ្ឋាភិបាល​វៀត​ណាម ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ចំពោះ​សហគមន៍​វៀត​ណាម​នៅ​កម្ពុជា។

បើតាមប្រភពខាងលើ លោក ថាញ់ សឺន បញ្ជាក់​ថា ការ​បង្កើត​លក្ខ​ខណ្ឌ​អំណោយ​ផល​ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​វៀត​ណាម​ ដែល​រស់​នៅ​កម្ពុជា​ មាន​អារម្មណ៍​សុវត្ថិ​ភាព និង​អាច​ឱ្យ​ពួក​គេ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ក្នុង​ចំណង​មិត្ត​ភាព​បែប​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​ភាព​ជា​អ្នក​ជិត​ខាងល្អ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ សង្ឃឹមថា «សហគមន៍វៀតណាមនៅ​កម្ពុជា​នឹង​បន្ត​រួប​រួម​គ្នា គាំទ្រ​គ្នា​ទៅ​វិញ​ទៅម​ក គោរ​ពច្បាប់​កម្ពុជា និង​ធ្វើកា​រ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍»។ 

ការជំរុញនេះ ហាក់មិនមែនជាលើកទី១ទេ តួរយ៉ាង កាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០២៥ នាយក​​រដ្ឋ​មន្រ្តី​​វៀត​​ណាម​ លោក ផាម មិញ​ជីញ បា​​ន​សន្ទនា​​តាម​​ទូរ​សព្ទ​​ជាមួយ លោក ហ៊ុន ម៉ាណែត ដោយ​​ស្នើ​សម្រួល​​ដល់​ការ​​ចូ​ល​​សញ្ជាតិ​​សម្រាប់​​ជនជាតិ​​វៀ​តណាម ​ដែល​មាន​​សិទ្ធិ​ ក៏​ដូច​​​ជា​បង្កើ​​ត​លក្ខខណ្ឌ​​សម្រាប់​​ប្រជាជន​​វៀត​ណាម ដើម្បី​​មាន​​ស្ថិរភាព​​ជីវភាព​​ធ្វើ​​សមាហរណ​កម្ម​។

ជុំវិញបញ្ហានេះ តំណារាស្រ្តបក្សប្រឆាំង ​លោក អ៊ុំ សំអាន ប្រាប់ VOD នៅថ្ងៃទី២ ខែធ្នូ​ នេះ​ថា វៀត​ណាម​កំពុង​​ជំរុញ​ឱ្យ​មេដឹក​នាំ​គ្រួសារ​ហ៊ុន ពន្លឿន​អនុវត្ត​ផែន​ការ​ឥណ្ឌូចិ​ន​របស់ ហ៊ូ ជីមិញ ដើម្បី​លេប​ទឹក​ដី​ខ្មែរ​។

លោកអះអាងថា វៀត​ណាម​នៅ​តែមា​ន​មហិច្ចតា​ចិញ្ចឹម​ចិត្ត​​លេ​ប​​ទឹ​កដី​ខ្មែរ ​ដោ​យ​ប្រើ​យុទ្ធ​សាស្រ្ត​​បញ្ជូន​ជន​​ជាតិ​ខ្លួន​​ ឱ្យ​មក​​រស់​នៅ​កម្ពុជា​ច្រើន​ទៅៗ និង​ទាម​​ទារ​​សញ្ជាតិ​​ស្រប​ច្បាប់​​ពី​​រដ្ឋាភិបាល​​គ្រួសារ​​ ហ៊ុន

លោកថា ៖ «នៅពេលដែលមេដឹកនាំវៀតណាម ស្នើ​ឲ្យ​មេដឹក​នាំ​កម្ពុជា​ផ្ដល់​ភាព​ស្រប​ច្បាប់ ឬ​ក៏​សម្រួល​ដល់​ការ​រស់​នៅ​របស់​ជន​ជាតិ​វៀត​ណាម​ហ្នឹង នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ ក្លាយ​ទៅ​ជា​ជន​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់ ហើយ​និង​បាន​សញ្ជាតិ​ខ្មែរ​ បាន​មក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ អាហ្នឹងវា​​ជា​ហានិភ័យ​ទៅ​ដល់​បូរណ​ភាព​ទឹក​ដី​យើង នៅ​ពេល​អនាគត អាច​កម្ពុជាយើង​នឹង​បាត់​បង់​ទឹក​ដី​កម្ពុជា​ហ្នឹង ដូច​ដែល​បាត់​បង់​ទឹក​ដីកម្ពុជា​ក្រោម កម្ពុជា​ អាច​ក្លាយ​ទៅ​ជា​កម្ពុជា​​ក្រោម​ទី​ពី​រ​ អាច​ក្លាយ​ទៅ​ជាប្រទេស​ចំប៉ា​ទីពីរ»។

សម្រាប់ លោក សំអាន ការ​ផ្ដល់លក្ខខណ្ឌអំណោយ​ផល​ ដល់​ជន​​អន្តោប្រ​វេសន៍​វៀត​ណាម​បែប​នេះ​​ នឹង​ធ្វើ​​ឱ្យ​​ប្រទេស​ជាតិ​​ជួប​​ហានិភ័យ​​ខ្លាំង​ ខណៈ​សមាគម​ជន​ជាតិ​វៀត​ណាម មាន​ ២៥ ​ខេត្ត​ក្រុង រួម​ទាំង​ពលករ​វៀត​ណាម ​កំពុង​រស់​នៅ​លើដី​សម្បទាន​ទំហំជា​ង​ ២៤​ ម៉ឺន​ហិកតា​ នៅ​ខេត្ត​ជាប់​ព្រំដែន​ទៀត។

លោកបារម្ភថា សព្វថ្ងៃវៀតណាមកំពុងអនុវត្តផែនការ ហូ ជីមិញ គឺ​​បង្ហូ​រ​​ជន​ជាតិ​​គេ​​ឱ្យ​មក​​រស់​​នៅ​​លើ​​ទឹក​ដី​​កម្ពុជា​​កាន់​​​តែ​​ច្រើន ហើយ​​ជន​​ជាតិ​​វៀត​ណាម​មួយ​ចំនួន កំពុ​ង​កាន់​តែ​តំណាង​ក្នុង​ជួ​រ​រដ្ឋាភិបាល​ទៀត។

លោកថា ៖ «លោក ហ៊ុន សែន គាត់​បាន​កាន់​តំណែង​ ដោយ​សារ​វៀត​ណាម​លើក​បន្តុប​ ដូច្នេះ​ការ​អនុ​វត្តផែន​ការ​របស់​វៀត​ណាម​ ក្នុង​ការ​លេប​ត្របាក់​យក​កម្ពុជា​ហ្នឹង​ ទៅ​ដាក់​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន ដែល​មាន​កម្ពុជា វៀត​ណាម ឡាវ​ ជា​ប្រទេស​តែមួ​យ​នៅ​ពេល​អនាគត ដូច្នេះ​ដើម្បី​អាច​រក្សា​អំណាច​ត្រកូល ​ហ៊ុន​ បាន​ ត្រូវ​ការ​ការ​ជួយ​ពី​វៀត​ណាម បើ​វៀត​ណាម​មិន​ជួយ​ទេ គឺ​​ប្រាកដ​ជា​មាន​បញ្ហា​ផ្ទៃ​ក្នុង​ហើយ អ៊ីចឹង​ហើយ​ក៏​ត្រូវ​អនុវត្ត​ផែន​ការ​របស់​វៀត​ណាម ក្នុង​ការ​លេប​ត្របាក់​យក​កម្ពុជា​ ទៅ​ដាក់​ក្នុង​សហ​ព័ន្ធឥណ្ឌូ​ចិន»។

ប្រហែលគ្នានេះដែរ ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បារម្ភ​ថា បើ​មេដឹក​នាំ​គ្រួសារ​ ហ៊ុន​ នៅ​តែ​បន្ត​អនុវត្ត​ផែន​ការ​ឥណ្ឌូចិ​ន​របស់ ហ៊ូ ជីមិញ ទឹក​ដី​ខ្មែរ ថ្ងៃ​អនាគត មិន​ខុស​ពី​ខ្មែរ​កម្ពុជា​ក្រោម​ទេ។

លោក​រំឭក​ថា តាម​ប្រវត្តិ​សាស្រ្ត វៀត​ណាម​បាន​​ស៊ីដាច់​ទឹក​ដី​កម្ពុជា​ក្រោម​​ បាត់​​ទៅ​​ហើយ មក​​ដល់​បច្ចុប្បន្ន​​នេះ​ តាម​​រយៈ​​យុទ្ធ​សាស្រ្ត​​ឱ្យ​​បញ្ចូល​​​ជន​​ជាតិ​​ខ្លួន​ ទៅ​រស់ឱ្យកាន់តែច្រើន ​​មិន​ចាក​ចេញ​វិញ​ទេ។

លោកថា ៖ «រដ្ឋាភិបាលកម្ពុជា ទាំង​លោក ហ៊ុន សែន រហូត​ដល់​កូន​គាត់​ លោក ហ៊ុន ម៉ាណែត ហ្នឹង​នៅ​តែ​បន្ត​សង​គុណ​វៀត​ណាម គឺ​សង​គុណ​មិ​នចេះ​ចប់​មិ​ន​ចេះ​ហើយ ធ្វើ​ឲ្យ​ប្រជាព​លរដ្ឋ​ខ្មែរ​ហ្នឹង ​កំពុង​តែ​ភ័យ​ស្លន់​ស្លោត​ នៅ​ក្នុង​អាណា​និគម​បែប​ថ្មី ​របស់​វៀត​ណាម ​លើ​ប្រទេស​កម្ពុជា ក្រោម​រូប​មន្ត​ទំនាក់​ទំន​ង​ត្រី​ភាគី​ វៀតណាម កម្ពុជា ឡាវ ដែល​ពី​ដើម​ឡើយ​ គេ​ហៅ​ថា​ ឥណ្ឌូ​ចិន​របស់​វៀត​ណាម ហើយ​វៀត​ណាម ​នឹង​ពង្រីក​ឥទ្ធិ​ពល​ដូច​អាហ្នឹង​នៅ​លើ​ទឹក​ដី​ឡាវ​ ដី​កម្ពុជា។ វៀត​ណាម​ត្រូវ​តែ​ប្រើ​ឥទ្ធិពលរ​បស់​ខ្លួន​បន្ថែម​ទៀត ​នៅ​ក្នុង​រដ្ឋ​បាល​របស់ លោក ហ៊ុន ម៉ាណែត អ៊ីចឹង​បាន​មេដឹ​ក​នាំ​វៀត​ណាម ​ជួប​មេដឹ​ក​នាំ​ខ្មែរ ស្នើ​ឲ្យ​កម្ពុជា​ហ្នឹង ​បំពេញ​​បំណង​របស់​ពលរ​ដ្ឋ​វៀត​ណាម​ រស់​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ហ្នឹង​ ឱ្យ​មក​ស្រប​ច្បាប់»។

ការណ៍នេះ លោក ម៉ែន ណាត ជំរុញឱ្យមដឹកនាំគ្រួសារហ៊ុន ត្រូវ​គិត​គូរ​ពិចារណា​ឡើង​វិញ ដោយ​ងាក​មក​ផ្សះ​ផ្សា​ជាតិ ស្តារ​ប្រជា​ធិប​តេយ្យ អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស​២៣​តុលា ដើម្បី​ជួយ​សង្រ្គោះ​ជាតិ មាតុ​ភូមិ និង​ប្រជា​រាស្ត្រ​កម្ពុជា ពី​ចំណង​របស់​វៀត​ណាម។

លោកថា៖ «ដើម្បីដោះខ្លួនបានសម្រេចទាល់តែ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង ត្រូវ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ទៅ ដោះ​ខ្លួន​ទី១ ហើយ​មេដឹកនាំ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​ទាំង​នយោបា​យ​ ទាំង​​សេដ្ឋ​​កិច្ច ទាំង​យោធា​ខ្លួន​ឯង មួយ​​ទៀត​ ​ដើម្បី​ដោះ​ខ្លួន​បាន​សម្រេច​មែន​ទែន គឺ​ត្រូវ​បើក​លំហ​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ឲ្យ​គណបក្ស​ផ្សេង​ណា​ដែល​មិន​មែន​ជា​គណបក្ស​ប្រជាជន មក​ដឹក​នាំ​ប្រទេស​អាហ្នឹង​អាច​ដោះ​ខ្លួន​បាន»។

ចំណែក អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់​អះ​អាង​ថា មូល​ហេតុ​​​ដែល​​លោក ហ៊ុន សែន ចាប់​​ខ្លួ​ន​​លោក ដោយ​​សារ​​លោក​ប្រឆាំង​នឹង​​បំណង​វៀត​​ណាម ដែ​ល​ចង់​​ឱ្យ​លោក​​កាត់​​​​ដី​តាម​​ព្រំដែន​​ឱ្យ និង​​បង្ហូរ​​ជន​ជាតិ​​វៀត​ណាម​​ចូល​​មក​រស់​​នៅ​ក្នុង​ដែន​ដី​កម្ពុជា។

លោកថា៖ «គេសុំខ្ញុំ៣ចំណុច!​ ទី១​សុំកា​ត់​ដី​ឱ្យ​ស្រុក​គេ ទី២ គេ​​​សុំ​​​ខ្ញុំ​​បញ្ចូល​​និគម​​គេ​ ១​ ខេត្ត​​ ៣ ពាន់​គ្រួសារ​ ខ្ញុំ​​អត់​​ឱ្យ។ ទី៣​សុំ​បង្កើត​​​«ក៥» ខ្ញុំ​​អត់​ឱ្យ​ទៀត ទាំង​​អស់​ហ្នឹង​សុទ្ធ​តែ​យក​​ដី​ខ្មែរ ​សម្លាប់​ប្រជាជន​​ខ្មែរ​។ បញ្ជូល​​និគម​គេ​​មក ខ្ញុំ​ដាច់​ខាត​​មិន​ឱ្យ​ ហើយ​ដល់ លោក ហ៊ុន សែន គេ​ថា​ខ្ញុំ​មាន​គំនិត​ចង្អៀត  ជា​តិ​និយម ប្រឆាំង​វៀត​ណាម​មក​តាំង​នៅ​ស្រុក​ខ្មែរ។ គេ​ប្រឆាំង​ខ្ញុំ​រហូត! ហ៊ុន សែន ហេង សំរិន»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជានជនកម្ពុជា លោក ជា ធារិទ្ធិ ​ច្រាន​​ចោល​​ការ​ចោទ​​ប្រកាន់​​នេះ ដោយ​អះ​អាង​ថា ក្រោម​ការ​ដឹក​នាំរ​បស់​បក្ស​កាន់​អំណាច​មិន​ធ្វើឱ្យ​បា​ត់​ដី​ទៅ​ប្រទេស​ជិត​ខាង​ទេ។

លោកថា ៖ «អ្វីដែលពួកគេលើកឡើងរាប់សិបឆ្នាំមក​ហើយ ប៉ុន្តែ​សួ​រ​ថា​ កម្ពុជា​ឥឡូវ​យ៉ាង​ម៉េច ​កម្ពុជា​នៅ​តែជា​កម្ពុជា កម្ពុ​ជា​នៅ​តែ​ជា​រដ្ឋ​អធិប​តេយ្យ​កម្ពុជា​ នៅតែ​ជារ​បស់​ប្រជាជន​ខ្មែរ កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ តើ​កម្ពុជា​ទៅ​ណា​​ឥ​ឡូវ​ហ្នឹង ប៉ុន្តែ​ការ​លើក​ឡើង​របស់​ពួក​គេ​ គ្រាន់​តែ​ជា​សំឡេង គ្រាន់​តែ​ថា ចេះ​តែ​ថា ប៉ុន្តែ​ថា​បើ​គ្មាន​ទឡ្ហីករ​ច្បាស់​លាស់ នរណា​ក៏​ចេះ​ថា​បាន​ដែរ»។

ដោយឡែក នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​ អង្គ​ការ​​ប្រជា​ធិប​​តេយ្យ​​ខ្មែរ​​​ មា​ន​មូល​​ដ្ឋាន​​​​​នៅ​​អូស្ត្រាលី លោក សេង វណ្ណលី យល់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច មិន​អាច​រើ​ខ្លួន​ចេញ​ពី​ចំណង​វៀត​ណាម​បាន​ទេ ចាត់​តាំង​​​ពី​​ទសវត្ស​​រ៍​​៨០​មក ដោយ​សំអាង​ថា អ្នក​ដែល​វៀត​ណាម​លើក​​បន្ទុប នឹង​ត្រូវ​វៀត​ណាម​រក​វិធី​ទម្លាក់​ចេញ​ពី​អំណាច បើ​មិន​តាម​ការ​ចង់​បាន​របស់​វៀត​ណាម ដូច​ករណី​លោក ប៉ែន សុវណ្ណ ជាដើម ។

ក្នុងន័យនេះ លោកសំអាងថា មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាសព្វ​ថ្ងៃ ត្រូវ​វៀត​ណាម​ជា​អ្នក​លើក​​ប​ន្ទុប​ឱ្យ​​កាន់​​អំណាច​​តាំង​​​ពី​​ទស្សវត្ស​រ៍​ទី៨០​ ដូច្នេះ​មេដឹកនាំ​កម្ពុជា​រូប​នេះ ពិបាក​រើ​ខ្លួន​ចេញ​ពី​ចំណង​វៀត​ណាម​ណាស់។

លោក​ថា ជាប្រវត្តិសាស្រ្តវៀត​ណាម​បាន​ច​ង​ លោក ហ៊ុន សែន តាំង​​ពី​​ទសវត្ស​រ៍​​៨០​មក ក្រោយ​​ចាប់​វៀតណាម​កម្ចាត់​ លោក ប៉ែន សុវណ្ណ ដោយ​ប្រើ​ដៃ​លោក ហ៊ុន សែន ហើយ​ក្រោយ​មក​វៀត​ណាម ប្រគល់​កៅអី​នាយករដ្ឋ​មន្ត្រី​នេះ ឱ្យ​លោក ហ៊ុន សែន ដើម្បី​សម្រេច​ផែន​ការ​យុទ្ធ​សាស្ត្រ​ឥណ្ឌូ​ចិន។

លោកថា ៖ «ខ្ញុំអត់មានឃើញសញ្ញាណាមួយ ដែលរដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ហ្នឹង​ អាច​រលាស់​ខ្លួ​ន​​ពី​ឥទ្ធិ​ពល​វៀត​ណាម​បាន​នោះ​ទេ ហើយ​ក៏​មិ​ន​អាច​បដិសេធ​រាល់​សំណើរ​បស់​វៀត​ណាម​បាន​ដែរ។ ដរា​បណា​ប្រព័ន្ធ​នយោបាយ​ឯកបក្ស​បច្ចុប្បន្ន នៅ​បន្ត​កាន់​កាប់​អំណាច​ ហើយ​និង ​គ្មាន​​ការ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ ដោយ​ឈរ​​លើ​ភាព​សុក្រឹត​ នៃ​ការ​បើក​ឲ្យ​មាន​សេរី​ភាព សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ ហើយ​នឹង​ពង្រឹង​​សកម្ម​ភាព​របស់​អង្គ​ការ​សង្គម​ស៊ីវិល ដើម្បី​ត្រួត​ពិនិត្យ​ និង​រក្សា​តុល្យ​ភាព​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ ការ​ប្រើ​ប្រាស់​​អំណាច​របស់​រដ្ឋ​បច្ចុប្បន្ន​នោះ​ទេ ខ្ញុំ​មើល​ទៅ​ វា​ប្រហែល​ជា​គ្មាន​សង្ឃឹម​សោះ​ឡើយ ក្រោម​រដ្ឋបាល​គ្រប់​គ្រង​ដោយ​​បក្ស​ប្រជាជន​បច្ចុប្បន្ន ដោយ​សារ​តែ​រឿង​អាស្រូវ​ជា​ច្រើន​ ទាំង​ក្នុង​ជួរ​មន្ត្រី​ឥស្សរជន​នយោបាយ​បច្ចុប្បន្ន​ផង ហើយ​ដឹង​សាវតា​នៃ​ការ​កើត​មាន​គណបក្ស​ប្រជាជន​ផង»។

ជ្រុងមួយនេះ ផែនការណ៍​នេះ កាល​ពី​​ថ្ងៃ​ទី២​៩​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋបាល​​ខេត្ត​​កំពង់​ឆ្នាំង​ បាន​​ប្រកាស​​ថា​ ដី​ទំហំ​ ៤០ ហិ​កតា​នោះ​ ត្រូវ​បាន​​ផ្ដល់​ទៅ​ប្រជាជន​ ៤ ៥៦៣ គ្រួសារ​ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​លើ​ដងទន្លេ​សាប​នៅក្នុង​ខេត្ត​នេះ​ ក្នុង​នោះ​អាជ្ញាធរ​ថា​ មាន​ជនជាតិ​វៀតណាម​ ២ ៤៨០ គ្រួសារ​ ឬ ១០ ៣១១ នាក់​ ប្រជាពលរដ្ឋ​ខ្មែរ​ ២ ០១០ ​គ្រួសារ​ និង​ពលរដ្ឋខ្មែរ​ឥស្លាម​ ៧៣ គ្រួសារ​ផង​ដែរ​។

អាជ្ញាធរ​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​​បន្លាស់​ទី​មាន​ចំនួន​​ជាង ៤​ពាន់​​គ្រួសារ (៤.៥៦៣​) ក្នុង​នោះ​​​ជន​​អន្តោ​ប្រវេសន៍​​​វៀតណាម​​​មាន​​​ជាង ២​ពា​ន់​​​គ្រួសារ (២.៣៧៩​ គ្រួសារ) ស្មើនឹងជាង ១ម៉ឺន​នាក់ (១០.០៨៧)។ ក្រៅ​ពីនោះ គឺជា​ប្រជាពលរដ្ឋ​​ខ្មែរ និង​ខ្មែរ​-​ឥស្លាម។

លើ​សពីនេះ ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា លោក ស៊ឹម ជី ធ្លាប់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០២២​ ថា មាន​​​ជ​ន​ជាតិ​វៀតណាម​ប្រមាណ ​១ ​០០០ ​គ្រួសារ ដែល​​ជម្លៀស​ចេញ​ពី​ផ្ទៃ​ទឹក​​ក្នុង​រាជ​ធានី​ភ្នំពេ​ញ​​​នោះ គឺ​ ១០០ ​គ្រួសារ​​​ ជាប់​គាំង​នៅ​ព្រំដែន​វៀត​ណាម ខេត្ត​កណ្ដាល​ ដោយ​អាជ្ញាធរ​វៀត​ណាម​ មិនអនុញ្ញា​ត​ឱ្យ​ជន​ជាតិ​វៀតណាម​ ត្រឡប់​ចូល​ប្រទេស​វិញ​​នោះ​ទេ។ ខណៈជាង ៤០០ គ្រួសារ​​ ឡើងគោក​​ជួល​ផ្ទះស្នាក់នៅ​ក្នុងរាជធានី​ភ្នំពេញ និង​ផ្សេងៗ​ទៀត ​រស់​នៅ​លើ​ផ្ទៃទឹក​​ក្នុ​ង​​ខេត្ត​​កណ្តាល ក្បែរ​ព្រំប្រ​ទល់​រាជធានី​​ភ្នំ​ពេញ។

បន្ថែមពីនេះ កាលពី​ខែ​កក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃកម្ពុជា បានចេញរបាយការណ៍ស្តីពីចំនួនជន​អន្តោ​ប្រវេសន៍​​វៀត​​ណាម ដែល​ចូល​មក​រស់​​​នៅ​​កម្ពុជា មាន​ចំនួន ៨៩ ៤៧១​​នាក់ ក្នុង​​ចំណោម​​ជន​​អន្តោ​ប្រវេសន៍​​ទាំង​នោះ​មាន​ចំនួន ៣៧ ៤៣៦​នាក់ កាន់កាប់​ឯកសារ​មិន​ប្រក្រតី។

ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ​​ជូ​ន​ដល់​​ប្រជា​​ពលរដ្ឋ​​វៀត​​ណា ម​​ទាំង​នេះ​​​ជាង ៦ ​ម៉ឺន​​នាក់ ​ដែ​ល​​មាន​​អាយុ​​លើស​ ១៨​​ ឆ្នាំ និង​ដែល​​បាន​​ចូល​មក​​​កម្ពុជា ​​មុន​​ឆ្នាំ​២០១២។ ទន្ទឹម​នឹង​នោះដែរ ក្រសួង​​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​ជិត​ ២ ម៉ឺន​ច្បាប់ ​ដើម្បី​បន្តការស្នាក់នៅរៀង​រាល់​ ២ ឆ្នាំ​ម្តង ដល់ជនជាតិវៀត​ណាម​ទាំងនោះ។

ភាគច្រើននៃជន​ជាតិ​វៀតណាម ដែល​រស់នៅក្នុងប្រទេសកម្ពុជា បានទទួលបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដោយត្រូវ​បង់​ថ្លៃបណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍ចំនួន ២៥ ម៉ឺនរៀល ជារៀងរាល់ពីរ​ឆ្នាំ​ម្តង​ ​សម្រាប់​​ជន​​ជាតិ​​វៀត​ណាម​ម្នាក់​៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។