TFA Khmer /ដោយ យ៉ង ចាន់តារា
19-01-2026

មន្ត្រី​បក្ស​ប្រឆាំង និង ​អ្នកឃ្លាំមើល​ លើកឡើង​ថា ការ​ដែល​សភា​ អនុម័ត​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ច្បាប់​សមុទ្រ លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ឆ្នាំ​១៩៨២ [UNCLOS 1982] ជា​ចំណុច​វិជ្ជមាន ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រើ​ច្បាប់​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ប្ដឹង​ប្រទេស​ជិតខាង ដែល​រំលោភ​លើ​ដែនសមុទ្រ​កម្ពុជា។ ពួកគាត់​ថា សព្វថ្ងៃ​នេះ ព្រំដែន​សមុទ្រ និង​កោះ​ខ្លះ​របស់​កម្ពុជា ត្រូវ​បាន​ថៃ និង​វៀតណាម​ ចូលកាន់​កាប់ ដូចជា​ តំបន់​កោះ​ក្រចកសេះ កោះត្រល់ និង ​តំបន់​កោះ​គជ់ ជាដើម។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ច្បាប់​សមុទ្រ​នេះ គឺជា​រឿង​ត្រឹមត្រូវ ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​តែ​មាន​ជម្លោះព្រំដែន​គោក និង​ព្រំ​ដែនទឹក ជាមួយនឹង​ប្រទេស​ថៃ។ ទន្ទឹមគ្នា​នោះ​ ពួកគាត់​ថា ថ្វី​ត្បិត បញ្ហា​ដែនសមុទ្រ មិនសូវ​បាន​យក​មក​វែកញែក​គ្នា​ច្រើន​ក្ដី ក៏​មិនមែន មាន​ន័យ​ថា កម្ពុជា​មិន​បាត់បង់ ដែនសមុទ្រ មួយចំនួន​នោះ​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រើប្រាស់ច្បាប់​នេះ ​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ចុះ​ពិនិត្យ​តាម​ព្រំដែន​សមុទ្រ​ឡើងវិញ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​មករា ថា អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ នេះ​មាន​សារសំខាន់ ក្នុង​ការ​ការពារ​ដែន​សមុទ្រ​កម្ពុជា និង​កោះ​មួយចំនួន តាម​យន្តការ​អន្តរជាតិ​។ ក្នុង​នោះ លោក​ថា កម្ពុជា​ត្រូវ​ប្រើ​យន្តការ​ច្បាប់​នេះ​ដើម្បី​ប្ដឹង​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ PCA ក្នុង​ករណី​ដែល​រក​ឃើញ​ថា ដែនសមុទ្រ​កម្ពុជា ត្រូវ​បាន​បណ្ដា​ប្រទេសជិតខាង​រំលោភបំពាន។

លោក អ៊ុំ សំអាន ៖ «មាន​សារសំខាន់ ព្រោះ​វា​អាច​ការពារ​ដែនសមុទ្រ​របស់​យើង​។ វា​អាច​ដោះស្រាយ​ព្រំដែន សមុទ្រ និង​កោះ​កម្ពុជា ជាមួយ​នឹង​ប្រទេស​ជិត​ខាង ​ដូចជា វៀតណាម និង​ថៃ​ ជាដើម។ ហើយ​អាច​ប្ដឹង​ថៃ និង​វៀតណាម ​ទៅ​តុលាការ​អន្តរជាតិ ICJ ឬ​តុលាការ​អាជ្ញាកណ្ដាល [តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍​] អន្តរជាតិ PCA»។

ការ​លើកឡើង​នេះ ក្រោយ​ពី​​​​​​​​​​​​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា បាន​ប្រកាស​អនុម័ត សេចក្ដីព្រាងច្បាប់ យល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​នីតិ​សមុទ្រ ឆ្នាំ​១៩៨២។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និង​សមាជិក​សភា​ចំនួន ១១៤ ​រូប រួម​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផង​ដែរ។

អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ ​ឆ្នាំ​១៩៨២ [UNCLOS 1982] ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ នៅ​ទីក្រុង​ម៉ុងតេហ្គាបៃ ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica)។ ក្រោយ​មក នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ក៏​ចូល​ជា​ធរមាន។ បច្ចុប្បន្ន​មាន​ប្រទេស ចំនួន​ ១៧១ បាន​ចូល​ជា រដ្ឋ​ភាគី នៃ​អនុសញ្ញា​នេះ។ រីឯ​កម្ពុជា​បាន​ចុះ​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣ តែ​នៅ​មិន​ទាន់​បាន​ធ្វើ​សច្ចាប័ន​នៅឡើយ ដូច្នេះ​ដើម្បី​កម្ពុជា ​អាច​ធ្វើ​សច្ចាប័ន លើ​អនុសញ្ញា​អន្តរជាតិ​នេះ​បាន កម្ពុជា​ត្រូវ​មាន​ច្បាប់​ស្ដីពី នីតិ​សមុទ្រ​ជាមុន​សិន។

ទោះជា​យ៉ាងណា បើ​តាម លោក អ៊ុំ សំអាន លើកឡើង​ថា នៅក្នុង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ​ហៅថា UNCLOS នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តំបន់​ត្រួតស៊ីគ្នា​រវាំង​កម្ពុជា​-​ថៃ និង វៀតណាម រួម​និង​កោះ​មួយចំនួន ដូចជា កោះ​ក្រចកសេះ កោះត្រល់ និង​កោះ​គជ់ ជាដើម​ត្រូវ​បាន​ប្រទេស​ថៃ និង​វៀតណាម កាន់កាប់​ដោយ​ខុសច្បាប់ ដូចនេះ លោក​ថា កម្ពុជា មាន​សិទ្ធិ​ទាមទារ​យក​មក​វិញ ដោយ​សំអាង លើ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ នេះ។

លោក អ៊ុំ សំអាន ៖ «កម្ពុជា​អាច​ទាមទារ​យក​ ២ ​ភាគ ​៣ ​ពី​កោះ​គជ់​ មកវិញ​។ នេះ​បើ​តាម​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ និង​ផែនទី​ឧ​ប​សម្ពន្ធ​សន្ធិសញ្ញា​បារាំង​-សៀម ​ឆ្នាំ​១៩០៧។ ហើយ​អាច​ទាមទារ​តំបន់​ត្រួតស៊ីគ្នា​ ទំហំ​ ២​ម៉ឺន ៧​ពាន់​ម៉ែត្រការ៉េ ពី​ថៃ​ មកវិញ​ផង និង​ប្រេង និង​ឧស្ម័ន ​ដែល​មាន​តម្លៃ​ ៣០០​ ពាន់​លាន​ដុល្លារ។ អាច​ប្ដឹង​ថៃ ​ទៅ​តុលាការអន្តរជាតិ​ហើយ អាច​ប្ដឹង​វៀតណាម ទៅ​តុលាការ​អន្តរជាតិ​ ទាមទារ​យក​ កោះត្រល់ កោះ​ក្រចកសេះ​ មកវិញ»។

រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន ធ្លាប់​បាន​លើកឡើង​ ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា កាល​ពី​ដើម​សប្ដាហ៍​នេះ ថា កម្ពុជា​នឹង​បាន​ប្រយោជន៍​ច្រើន​ពី អនុសញ្ញា​នេះ រួមមាន ការ​គ្រប់គ្រង​សមុទ្រ​ស្របតាម​ច្បាប់​អន្តរជាតិ​ដូចជា ការគ្រប់គ្រង និង​ការ​អភិរក្ស​បរិស្ថាន​សមុទ្រ ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​សមុទ្រ និង ការ​ស្រាវជ្រាវ វិទ្យាសាស្ត្រ សមុទ្រ​ជាដើម។

លើស​ពី​នេះ លោក​បន្ត​ថា ច្បាប់​នេះ​នឹង​ពង្រឹង​តួនាទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​ដោយ​ស្មើមុខ ក្នុង​ការ​គ្រប់គ្រង​សមុទ្រ និង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្ដា​ប្រទេស​នានា និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាតសមុទ្រ​អន្តរជាតិ ក៏ដូចជា​ចៅក្រម​តុលាការ អន្តរជាតិ​នីតិ​សមុទ្រ​ផង​ដែរ។

បន្ថែម​ពី​នេះ​ទៀត ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ​រំពឹង​ថា កម្ពុជា​ក៏​នឹង​ទទួល​បាន​នូវ​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស រួម​ទាំង​ជំនួយ​ផ្នែក​ច្បាប់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​ការពារ និង​ការ​អភិរក្ស​បរិស្ថាន​សមុទ្រ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​រដ្ឋ​ភាគី និង​ស្ថាប័ន​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​នេះ​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​អនុម័ត​ច្បាប់​សមុទ្រ​នេះ ជា​រឿង​សំខាន់ ហើយ​កន្លង​មក គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ ក៏​ធ្លាប់​បាន​ទាមទារ​ឱ្យ​រដ្ឋសភា អនុម័ត​ច្បាប់​នេះ​អស់​ជាច្រើន​ដង​ហើយ ជាពិសេស​ពេល កម្ពុជា​មាន​ជម្លោះព្រំដែន​ទឹកជាមួយ ប្រទេស​វៀតណាម និង​ថៃ។ លោក​ថា ច្បាប់​នេះ មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​ទល់​តែ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ដូចជា​ប្ដឹង​ថៃ និង​វៀតណាម​ ទៅ​តុលាការអន្តរជាតិ ពាក់ព័ន្ធការ​កាន់កាប់​ដែន​សមុទ្រ និង​កោះ​មួយ​ចំនួន​របស់​កម្ពុជា​ដោយ​ខុសច្បាប់។

លោក ម៉ែន ណាត ៖ «ជាពិសេស​ទាមទារ​ឱ្យ​ប្រទេសជិតខាង​ដែល​បំពាន​កម្ពុជា​ ឱ្យ​គោរព​ច្បាប់​អន្តរជាតិ​។ បើ​ប្រទេស​ទាំងអស់​នោះ​ មិន​គោរព​ច្បាប់​ទេ គឺ​មានតែ​កម្ពុជា ​ប្ដឹង​ហ្នឹងឯង​។ ការ​ប្ដឹង​នឹង គឺ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ។ ក្រៅពី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ វា​មាន​យន្តការ​ការទូត តាមរយៈ​ការ​តវ៉ា​ទៅ ​អង្គការ​សហប្រជាជាតិ។ តវ៉ា​ទៅ​ក្រុម​សន្តិសុខ​អង្គការ​សហប្រជាជាតិ ។ តវ៉ា​ទៅ​អាស៊ាន តវ៉ា​ទៅ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ជាដើម»។

ខ្លឹមសារ​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ឆ្នាំ​១៩៨២​ នេះ គឺ​និយាយ​អំពី​ក្របខណ្ឌ​គតិយុត្តិ​នៃ ​ការកំណត់​ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍ តាមផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី ​ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ និង​សេចក្ដីណែនាំ នានា​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ការពារ​បរិស្ថាន រួម​នឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ដូចជា រ៉ែ ប្រេង ​និង​ឧស្ម័ន ​ជាដើម។

ទោះជា​យ៉ាងណា អ្នកជំនាញ​បារម្ភ​ថា ថ្វីត្បិតតែ​ថា កម្ពុជា​នឹង​ធ្វើ​សច្ចាប័ន លើ​ច្បាប់​សមុទ្រ​នេះក្ដី ក៏​ច្បាប់​នេះ នឹង​ពុំ​មាន​ប្រយោជន៍​អ្វី ​ដល់​ការ​ការពារ​ដែនសមុទ្រ​កម្ពុជា​នោះ​ដែរ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ប្រើប្រាស់ច្បាប់​នេះ​ ប្ដឹង​ទៅ​តុលាការអន្តរជាតិ នៅ​ពេល​ដែល​ប្រទេសជិតខាង ​រំលោភបំពាន ដូច​ករណី​រដ្ឋាភិបាល មិន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ICC [International Criminal Court] និង ICJ [International Court of Justice] ពាក់ព័ន្ធយោធា​ថៃ ឈ្លានពាន ព្រំដែន​គោក​និង​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​ មក​លើ​កម្ពុជា៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។

###
ឯកសារភ្ជាប់

  • អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS 1982 (សូម​​ទាញ​យក​ «ភាសាអង់គ្លេស» Download ឬ​ទាញ​​យក​ «ភាសាខ្មែរ» Download)។ ​
  • អំពី​នីតិសមុទ្រ ឬ​ច្បាប់សមុទ្រ (UNCLOS) ចុច​នៅ​ត្រង់នេះ ( Read here)
  • កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង​លោក ង្វៀង កូថាច់ (សូម​​ទាញ​យក​ «ច្បាប់ដើម» Download ឬ​ទាញ​​យក​ «ចម្លង»​ Download)។
  • អនុស្សារណៈ​នៃ​ការយោគយល់គ្នា រវាង​កម្ពុជា​–​ថៃ ឆ្នាំ២០០១ (MOU 2001) ស្តីពីដែនសមុទ្រ ជា​ភាសា​អង់គ្លេស សូម​ទាញ​យក​ត្រង់​នេះ (Download in English)
  • ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃទី ១៦ តុលា ២០០៥ អំពី​ កម្ពុជា​ក្រោម និង កោះត្រល់។ (សូម​ទាញ​យក ​ព្រះរាជសារ – Download)។

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ផ្ដល់​សច្ចាប័ន​លើ​ ច្បាប់​កំណត់​ព្រំដែន​សមុទ្រ​ ជាមួយ​ប្រទេស​ជិតខាង

The Cambodia Daily
19-01-2026

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ប្រកាស​គាំទ្រ​ការ​ផ្តល់​សច្ចាប័ន​លើ​ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្ដីពី​នីតិ​សមុទ្រ​ [UNCLOS 1982] សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ច្បាប់​នេះ ​នឹង​ក្លាយ​ជា​រនាំង​ដ៏​រឹងមាំ​ សម្រាប់​ការពារ​ដែនសមុទ្រ​ខ្មែរ មិន​ឲ្យ​ប្រទេស​ជិតខាង​ យក​កាន់កាប់​តទៅទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ នោះ​ខ្មែរ​ប្រាកដជា​អាច​ការពារ​ទាំង​សមុទ្រ ទាំង​ដែនដី​តំបន់​តភ្ជាប់ ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ​លើ​ដែនសមុទ្រ​របស់​ខ្លួន​ដោយ​ពេញលេញ។

លោក​ពន្យល់​ថា សមុទ្រ​ដែនដី មាន​ន័យ​ថា កម្ពុជា​មាន​សិទ្ធិ​ពេញលេញ ​ក្នុង​ការ​គ្រប់គ្រង​ជម្រៅ​សមុទ្រ ​ចុះ​ទៅ​ក្រោម​រហូត​ដល់ ១២​ គីឡូម៉ែត្រ [មាន​ចម្ចាយ ១២ ម៉ាយ ឬ ២២,២ គីឡូម៉ែត្រ] រួម​ទាំង​មាន​សិទ្ធិ​គ្រប់គ្រង​លើ​លម្ហ​សមុទ្រ និង​​លើ​អាកាស​ផង​ដែរ។ ចំណែក​តំបន់​តភ្ជាប់ មាន​ន័យ​ថា កម្ពុជា​អាច​គ្រប់គ្រង​លម្ហ​សមុទ្រ​ រហូត​ដល់​ចម្ងាយ​ជាង ៤៤​ គីឡូម៉ែត្រ ៤៤,៤​គីឡូម៉ែត្រ ឬ​ស្មើ​នឹង ២៤ ​ម៉ាយល៍។ រីឯ ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ន័យ​ថា កម្ពុជា​មាន​សិទ្ធិ​ផ្ដាច់មុខ ​លើ​ធនធាន​ធម្មជាតិ ដូចជា ត្រី ប្រេង ឧស្ម័ន ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការ​ការពារ​បរិស្ថាន ជាដើម ក្នុង​ចម្ងាយ​ជាង ៣០០ ​គីឡូម៉ែត្រ (៣៧០,៤​គីឡូម៉ែត្រ) ឬ​ស្មើ​នឹង ២០០ ​ម៉ាយល៍ ដោយ​គិត​ពី​ឆ្នេរសមុទ្រ​របស់​ខ្លួន។

លោក ម៉ែន ណាត លើកឡើង​ថា ក្រោយ​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ កម្ពុជា​មិន​ត្រូវ​នៅ​ស្ងៀម​ទេ គឺ​ត្រូវ​តវ៉ា​ក្នុង​ពេល​សមស្រប​ណា​មួយ ដោយ​ទាមទារ​ដែនសមុទ្រ​របស់​ខ្លួន​ ទាំង​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​ថៃ និង​វៀតណាម ព្រមទាំង​ដែនសមុទ្រ​ ដែល​ប្រទេស​ទាំង​ពីរ ​បាន​រំលោភ​បំពាន​នា​ពេល​កន្លង​មក​ផង​ដែរ ស្រប​តាម​គោលការណ៍​ច្បាប់​សមុទ្រ​នេះ។

លោក​ថា បើ​គិត​ពី​លម្ហ​សមុទ្រ​ ដែល​ស្ថិត​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ រវាង​កម្ពុជា-វៀតណាម និង​តំបន់​ត្រួតស៊ីគ្នា​រវាង​កម្ពុជា-ថៃ រួម​ទាំង​ដែនសមុទ្រ​ដែល​វៀតណាម និង​ថៃ បាន​រំលោភ​យក​ក៏ដោយ ក៏​កម្ពុជា​មាន​ចម្ងាយ​ជិត​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ ដោយ​គិត​ចាប់ពី​ឆ្នេរ​របស់​កម្ពុជា ទៅ​កាន់​ដែនសមុទ្រ​ទាំងនោះ ដូច្នេះ កម្ពុជា​នៅតែ​អាច​តវ៉ា​ទាមទារ​ដែនសមុទ្រ​ទាំងនោះ​បាន​មក​វិញ ​ដោយ​ស្រប​ច្បាប់។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ក្រោយ​ការ​ផ្ដល់​សច្ចាប័ន កម្ពុជា​អាច​ប្រើ​ច្បាប់​នេះ ​ដោយ​ពេញលេញ​ ដើម្បី​ការពារ​ដែនសមុទ្រ​របស់​ខ្មែរ ព្រោះ​ការ​កំណត់​ដែនសមុទ្រ​រវាង​កម្ពុជា-វៀតណាម រួម​ទាំង​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ថៃ ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ស្ដីពី​តំបន់​សមុទ្រ​ត្រួត​គ្នា​ កាលពី​ពេល​កន្លង​ទៅ​នោះ គឺ​ប្រាសចាក​ពី​ច្បាប់​សមុទ្រ​នេះ​ទាំងអស់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ច្បាប់​សមុទ្រ ត្រូវ​រដ្ឋសភា​កម្ពុជា​ បាន​អនុម័ត​យល់ព្រម​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​កន្លង​ទៅ។

នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ រដ្ឋសភា​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សមាជិក​រដ្ឋសភា​កម្ពុជា​ទាំងអស់ បាន​អនុម័ត​ជា​ឯកច្ឆន្ទ ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​នីតិ​សមុទ្រ​ ដើម្បី​កំណត់​ក្របខ័ណ្ឌ​គតិយុត្តិ​នៃ​ការ​កំណត់​ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​ ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ​របស់​កម្ពុជា ឱ្យ​បាន​ពេញលេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ​អះអាង​ថា ការ​អនុម័ត​លើ​ច្បាប់​នេះ គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា ដែល​ជា​ប្រទេស​មាន​សមុទ្រ និង​ទទួល​បាន​ នូវ​ក្របខ័ណ្ឌ​ច្បាប់​សមុទ្រ​មួយ​ពេញលេញ ​សម្រាប់​កិច្ចការ​សមុទ្រ​របស់​ខ្លួន។

ជាង​នេះ​ទៀត ក៏​ដើម្បី​ទទួល​បាន​ការ​ការពារ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ ទាក់ទង​នឹង​ការ​គ្រប់គ្រង​សមុទ្រ និង​ការ​ពង្រឹង​តួនាទី​កម្ពុជា​ លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ ដោយ​ស្មើ​មុខ​ ក្នុង​ការ​គ្រប់គ្រង​សមុទ្រ រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ ជាមួយ​បណ្តា​ប្រទេស​នានា និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាតសមុទ្រ​អន្តរជាតិ ក៏ដូចជា​ចៅក្រម​តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម ​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្ដីពី​នីតិ​សមុទ្រ​ មាន ៣​ មាត្រា។ ចំណែក​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​នីតិ​សមុទ្រ​ឆ្នាំ​១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ​១៩៨២ និង​ចូល​ជា​ធរមាន​ នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ខណៈ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​តាំងពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣ មក​ម្ល៉េះ។

យ៉ាងណាមិញ ក្រុម​អ្នក​នយោបាយ​ជំទាស់ ធ្លាប់​បាន​ចោទ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថា ​បាន​ប្រគល់​ដែនដី​ដែនទឹក​សមុទ្រ​ ឲ្យ​រដ្ឋការ​ក្រុង​ហាណូយ អស់​ជាច្រើន​តាមរយៈ​ការ​ចុះ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​ជាច្រើន ​តាំងពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០១៩។

លោក ស៊ាន ប៉េងសែ អ្នកឯកទេស​ខាង​ផែនទី រ៉ែ​ធម្មជាតិ កាល​លោក​នៅ​រស់ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រទេស​ថៃ គេ​គិត​ថា ​បើ​រដ្ឋាភិបាល​ខ្មែរ​ ធ្វើ​សម្បទាន​ដែនដី​ ដែនទឹក ​ទៅ​ប្រទេស​យៀកណាម ធំ​ទូលំទូលាយ​ម្ល៉ឹងៗ ហេតុ​អ្វី​ថៃ យក​មិន​បាន។

រដ្ឋសភា​កម្ពុជា បញ្ជាក់​ថា អនុសញ្ញា​នេះ​ បាន​កំណត់​អំពី​ក្របខ័ណ្ឌ​គតិយុត្តិ​ នៃ​ការ​កំណត់​ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ និង​សេចក្តី​ណែនាំ​នានា​ សម្រាប់​ការ​ធ្វើ​ធុរកិច្ច កិច្ចការពារ​បរិស្ថាន ព្រមទាំង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​សមុទ្រ​ ដ៏​សម្បូរ​បែប​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង ​កោះ​ជាមួយ​ប្រទេស​ជិតខាង ទាំង​វៀតណាម និង​ថៃ។

ចំណែក​ចៅក្រម​នៃ​តុលាការ​អន្តរជាតិ​ សម្រាប់​ច្បាប់​សមុទ្រ (International Tribunal for the law of the sea “ITLOS”) និង​ជា​អតីត​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Horinouchi កាលពី​ថ្ងៃទី​១៨ ​ខែ​មីនា ឆ្នាំ​២០២៥ ក៏​ធ្លាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ដែនសមុទ្រ ព្រមទាំង​អាច​ដោះស្រាយ​ដែនសមុទ្រ និង​កោះ​របស់​កម្ពុជា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ផង​ដែរ។

គួរ​បញ្ជាក់​ថា ឆ្នាំ​១៩៨២ ជា​ឆ្នាំ​ដែល​លោក ហ៊ុន សែន និង​លោក ហេង សំរិន សុខចិត្ត​ចុះហត្ថលេខា​ ឲ្យ​ដែនសមុទ្រ​ខ្មែរ ​ទៅ​ប្រទេស​យៀកណាម តាម​ការ​ចុះ​សន្ធិសញ្ញា​ នៅ​ខែ​កក្កដា៕

ច្បាប់​សមុទ្រ UNCLOS 1982
ច្បាប់​សមុទ្រ UNCLOS 1982