អត្ថបទ The Cambodia Daily
07th-02-2026

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បង្ហាញ​ឯកភាព​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ស្នើសុំ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​បារាំង ព្រោះ​សំណើ​នេះ​គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ និង​ត្រូវ​ចំ​គោលដៅ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​ប្រទេស​កម្ពុជា ចោទ​ថា​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ពេលនេះ។

លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ នេះ​ថា សំណើ​សុំ​កិច្ចសហការ​នេះ គឺជា​រឿង​ដែល​ប្រទេស​កម្ពុជា ត្រូវតែ​ធ្វើ​ចាំបាច់​បំផុត ព្រោះ​ប្រទេស​បារាំង ធ្លាប់​ធ្វើ​ជា​អ្នក​អាណាព្យាបាល​ផង ជា​អាណានិគម​ផង​លើ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​បាន​ធ្វើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ជាច្រើន​ ជាមួយ​ប្រទេស​ជិតខាង​ជាប់​ប្រទេស​កម្ពុជា ក្នុង​អតីតកាល។

គួរ​កត់សម្គាល់​ថា បារាំង​ត្រួត​ខ្មែរ​ជិត​មួយ​សតវត្សរ៍ ពី​ឆ្នាំ​១៨៦៣ ក្រោយពី​ព្រះបាទ នរោត្តម ដែល​ទទួល​ការ​សិក្សា​អប់រំ​នៅ​រាជាណាចក្រ​សៀម ឡើង​គ្រងរាជ្យ ហើយ​ស្នើសុំ​ឲ្យ​បារាំង ជួយ​ការពារ​ជា​អ្នក​អាណាព្យាបាល ហៅថា Protectorat ពីព្រោះ​ខ្លាច​អ្នក​ជិតខាង ​លេប​ត្របាក់​យក​ដី​ខ្មែរ ​ទាំង​ខាងកើត ទាំង​ខាងលិច។ ក្នុង​រយៈកាល​នោះ បារាំង​ក៏​ចរចា​សម្រេច​ដោះដូរ​ទឹកដី​ខេត្ត​ខ្មែរ ​ជាមួយ​ស្តេច​ក្រុង​សៀម ជំនួស​ស្តេច​ខ្មែរ​ដែរ ដែល​ទាក់ទង​នឹង​ខេត្ត​បាត់ដំបង ស៊ីសូផុន សៀមរាប ព្រះវិហារ កោះកុង និង​ខេត្ត​ត្រាត។

លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គួរ​ស្នើ​អ្នកជំនាញ​បច្ចេកទេស​បារាំង ឲ្យ​ជួយ​ផ្ទៀងផ្ទាត់​ផែនទី​ខ្នាត ១/២០០.០០០ ជាមួយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​បង្គោល​ស្រាប់​ចំនួន ៧៣​ បង្គោល ឱ្យ​បាន​លម្អិត​បំផុត រួម​ទាំង​ឯកសារ​សេចក្តី​រាយការណ៍ និង​កំណត់ហេតុ «និយាមការ» ដែល​ភាគី​ទាំង​ពីរ​ បាន​ឯកភាព​គ្នា​រហូត​មក​នោះ។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​ ផ្តល់​យោបល់​ឱ្យ​លោក ហ៊ុន ម៉ាណែត ពឹងពាក់​បារាំង ឲ្យ​ជួយ​ធ្វើ​ជា​សក្ខីកម្ម​តាម​ផ្លូវច្បាប់ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ប្តឹង​ប្រទេស​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ឲ្យ​កាន់តែ​មាន​ទម្ងន់​បន្ថែម នាយករដ្ឋមន្ត្រី​ខ្មែរ​ ក៏​គួរតែ​ស្នើ​ជួប​ពិភាក្សា​ការងារ ​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៃ ត្រូវតែ​ដក​កងទ័ព​របស់​ខ្លួន ​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ ជូន​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បង្ហាញ​ឆន្ទៈ​ពី​ប្រទេស​បារាំង ក្នុង​ការ​ត្រៀម​ខ្លួន​ផ្តល់​នូវ​ឯកសារ​ប្រវត្តិ​សាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក្នុង​ករណី​មាន​សំណើ​ពី​ប្រទេស​កម្ពុជា នោះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ផ្តល់​សារសំខាន់ ​ចំពោះ​មុខនាទី​បារាំង មិន​ត្រឹមតែ​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​អ្នកដឹកនាំ​គាំទ្រ​ឈានមុខ​មួយ ​ចំពោះ​អភិបាលកិច្ច​សកល ច្បាប់​អន្តរជាតិ និង​ពហុភាគី​និយម និង​ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង ដែល​មាន​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ តាមរយៈ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ប្រវត្តិសាស្ត្រ​រួម និង​តម្លៃ​រួម​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា លោក Jacques Pellet បាន​បញ្ជាក់​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ក្នុង​ជំនួប​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ ថា បារាំង​ប្រកាស​គាំទ្រ​ជំហរ​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​យក​បញ្ហា​ព្រំដែន​ដ៏​រសើប​ ទៅ​ដោះស្រាយ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ រដ្ឋាភិបាល​បារាំង បាន​សន្យា​ផ្ដល់​ឯកសារ​នានា​ ដល់​កម្ពុជា ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង​ នៅ​តុលាការ​អន្តរជាតិ​អន្តរជាតិ ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ផង​ដែរ៕


អត្ថបទដើម​របស់លោក ម៉ែន ណាត (ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដូចតទៅ ៖

ក្រសួងការបរទេស​កម្ពុជា នៅថ្ងៃទី​០៤ កុម្ភៈ ២០២៦ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ផ្ញើលិខិតទៅប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)​ ដើម្បី​សុំ​​កិច្ច​សហប្រតិបត្តិការ​ពី​បារាំង លើ​ឯកសារ​ព្រំដែន​កម្ពុជា​-​ថៃ និងជំនួយបច្ចេកទេស ខណៈ​ដែល​​ថៃ កំពុង​បន្ត​ឈ្លាន​ពាន​កម្ពុជា។

សូម​បញ្ជាក់​ថា ប្រទេស​បារាំង ​ធ្លាប់​ជា​ម្ចាស់​អាណានិគម​របស់កម្ពុជា ដែលធ្លាប់​បាន​​ធ្វើ​​កិច្ច​ព្រមព្រៀង និង​​សន្ធិសញ្ញា​ជា​ច្រើន ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា។

យោបល់ ៖ លោក ហ៊ុន ម៉ាណែត សុំកិច្ចសហប្រតិបត្តិការ និង​ជំនួយបច្ចេកទេស​ពី​បារាំងនេះ ពិត​ជាត្រឹមត្រូវហើយ គឺ​ត្រូវ​គោលដៅ​យ៉ាង​ពិតប្រាកដ។

ក្នុងកច្ចសហប្រតិបត្តិការ​ជាមួយបារាំង​នេះ ​លោក ហ៊ុន ម៉ាណែត គួរស្នើអ្នកជំនាញ​បច្ចេកទេសបារាំង ឲ្យជួយផ្ទៀងផ្ទាត់ផែនទី ខ្នាត ១/២០០.០០០ ជាមួយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​បង្គោល​រួច​ហើយ ​ចំនួន ៧៣ បង្គោល រួមទាំងឯកសារ​របាយការណ៍ និង កំណត់​ហេតុ «និយាមការ» លំអិតផង។

ជាមួយគ្នានេះ កម្ពុជា​គួរពឹងពាក់បារាំង ឲ្យជួយធ្វើជាសក្ខីកម្ម​ក្នុងតុលាការ នៅពេល​កម្ពុជា ប្តឹងប្រទេសថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។

ដើម្បី​ឲ្យ​មាន​ទម្ងន់​បន្ថែម លោក ហ៊ុន ម៉ាណែត គួរ​តែ​ស្នើ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​បារាំងជាថ្មី ជាពិសេស​ស្នើ​អន្តរាគមន៍​ពីបារាំង ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​ថៃ ត្រូវតែ​​ដក​កងទ័ព​​របស់​ខ្លួន ចេញ​ពី​ដែន​អធិបតេយ្យ​​របស់​កម្ពុជា។

អត្ថបទ​ដោយ ម៉ែន ណាត

ភ្ជាប់លិខិត​របស់ក្រសួងការបរទេសកម្ពុជា ត្រង់នេះ ៖ ជាភាសាខ្មែរ និង អង់គ្លេស (With full letter in Khmer and English).

Men Nath​'s photo when interviewing with media
Men Nath’s​ photo when interviewing with media