The Cambodia Daily
11th-3-2026
អ្នកឃ្លាំមើលបារម្ភអំពីការរស់នៅរបស់ពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ (២០៣ គ្រួសារ) ដែលត្រូវបានរដ្ឋាភិបាលរៀបចំឱ្យរស់នៅក្នុងជម្រកបណ្ដោះអាសន្ននាពេលនេះ ពីព្រោះទីតាំងដែលត្រូវបានរៀបចំនោះ គ្រាន់តែជាតំបន់វាលរហោឋាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក្នុងប្រទេសន័រវែស (Norway) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មីនា នេះថា តំបន់ដែលត្រូវបានជ្រើសរើសសាងសង់ជម្រកបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹកទាំងនោះ មិនឃើញមានទីផ្សារ សាលារៀន មន្ទីរពេទ្យ និងស្នាក់ការផ្តល់សេវាសាធារណៈណាមួយឡើយ ដូច្នេះប្រសិនបើពិនិត្យតាមតថភាពជាក់ស្តែង គឺហាក់ដូចជារដ្ឋាភិបាលយកពលរដ្ឋទាំងនោះទៅបំបរបង់ចោលទៅវិញ។
លោកបន្តថា សម្រាប់ទីតាំងបែបនេះ មិនដឹងថាតើពលរដ្ឋភៀសសឹកទាំងនេះ អាចរស់នៅបានយូរប៉ុនណានោះទេ ព្រោះបើមើលតាមភាពជាក់ស្តែង ទីតាំងនោះមិនអាចឱ្យពួកគេប្រកបមុខរបរចិញ្ចឹមជីវិតអ្វីបានឡើយ ដូច្នេះទៅថ្ងៃមុខ ពួកគេអាចនឹងចាកចោលលំនៅឋានទាំងនោះ ដោយភៀសខ្លួនទៅរស់នៅតំបន់ផ្សេងដូចពលរដ្ឋ នៅតំបន់រុនតាឯក [នៅខេត្តសៀមរាប] ដូច្នោះដែរ។
លោកបន្តថា រដ្ឋាភិបាលគួរសិក្សាទីតាំងរស់នៅរបស់ពលរដ្ឋទាំងនោះ ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះបើពិនិត្យលើដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ នាពេលនេះ មិនដឹងថាតើពេលណាទើបកម្ពុជា អាចបានដីរបស់ខ្លួនមកវិញ និងបញ្ជូនពលរដ្ឋភៀសសឹកទាំងនោះទៅរស់នៅភូមិកំណើតរបស់ពួកគេវិញនោះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុ ជារូបនេះ បញ្ជាក់ថា យន្តការចំនួនបី ដែលរដ្ឋាភិបាលត្រូវប្រើ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ នាពេលនេះ ដូចជាការធ្វើសកម្មភាពលើទីតាំងជាក់ស្តែង ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ថៃ ការប្រើយន្តការការទូតលើឆាកអន្តរជាតិឱ្យខ្លាំងក្លា និងការប្តឹងថៃ ទៅតុលាការអន្តរជាតិ គឺរដ្ឋាភិបាលប្រើបានតែយន្តការការទូតមួយប៉ុណ្ណោះ ហើយជាកម្រិតការទូត ដែលមិនទាន់ទូលំទូលាយថែមទៀត។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ រូបថតជាច្រើនសន្លឹកដែលបង្ហាញពីលំនៅឋានបណ្ដោះអាសន្នចំនួន ២០៣ខ្នងសម្រាប់ពលរដ្ឋ ២០៣គ្រួសារ ស្ថិតនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចែកចាយព្រោងព្រាត។
ក្នុងរូបថតទាំងនេះបង្ហាញឱ្យឃើញពីចំនួន ទំហំ និងម៉ូតផ្ទះដែលត្រូវបានសាងសង់ឡើងដូចៗគ្នា ស្ថិតក្នុងតំបន់ដាច់ស្រយាលកណ្តាលទីវាលមួយកន្លែងដែលមិនមែនជាទីប្រជុំជន និងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធនៅឡើយ ខណៈពលរដ្ឋភៀសសឹកទាំងនោះមិនដឹងថាតើពួកគេអាចរស់នៅទីនោះបានឬក៏អត់នោះទេ។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំជ្រើសរើសទីតាំងរៀបចំលំនៅឋានបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក ដែលបាត់បង់ផ្ទះសម្បែងនៅតាមបណ្តោយព្រំដែន បន្ទាប់ពីទាហានថៃ បានឈ្លានពានយកទៅកាន់កាប់ដោយខុសច្បាប់។
ប្រភពដដែល អះអាងថា ខេត្តចំនួន ៥ ដែលត្រូវសាងសង់លំនៅឋានបណ្ដោះអាសន្ន សម្រាប់ពលរដ្ឋភៀសសឹក រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ផងដែរ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Fox News កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា ទាហានថៃ បានព័ទ្ធបិទភូមិពលរដ្ឋខ្មែរនានាដោយលួសបន្លា និងកុងតឺន័រ ដែលធ្វើឱ្យប្រជាជនស៊ីវិល ៨ម៉ឺននាក់ (៨០០០០នាក់) មិនអាចត្រឡប់ទៅផ្ទះវិញបានទេ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សុំការបញ្ជាក់បន្ថែមពីការសាងសង់លំនៅឋានបណ្ដោះអាសន្ន ដល់ពលរដ្ឋភៀសសឹកទាំងនោះបាននៅឡើយទេ រហូតមកដល់ម៉ោងផ្សាយនេះ៕

