The Cambodia Daily
12th-3-2026
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្រើវិធានការសំខាន់ៗចំនួនបី ក្នុងពេលតែមួយ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ប្រទេសថៃ ជាបន្ទាន់។
លោក ម៉ែន ណាត សរសេរពីវិធានការទាំងបីនោះលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ មីនា នេះរួមមាន៖
– ការប្រើសិទ្ធិការពារបូរណភាពទឹកដីនៅលើដីជាក់ស្តែង
– ដំឡើងកម្រិតការទូតខ្ពស់បំផុតលើឆាកអន្តរជាតិ ដើម្បីទាមទារឲ្យថៃ ដកយោធាចេញពីទឹកដីកម្ពុជា
– និងត្រូវតែប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ICJ និងតុលាការអន្តរជាតិ ICC។
លោកបញ្ជាក់ថា សកម្មភាពរបស់យោធាថៃ ដែលបានដាក់ពង្រាយទូកុងតឺន័រ រាយលួសបន្លា សាងសង់សំណង់រឹង សាងសង់រូបសំណាក និងជីកប្រឡាយ រួមទាំងសកម្មភាពផ្សេងទៀតលើទឹកដីខ្មែរ ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ គឺជាអំពើឈ្លានពាន និងជាសកម្មភាពរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលសង្គមរូបនេះ អះអាងថា ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទាំងពីរ ព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់មក យោធាថៃ បានធ្វើសកម្មភាពពង្រីកការឈ្លានពានចូលក្នុងទឹកដីខ្មែរ ជាបន្តបន្ទាប់ រហូតដល់ពេលនេះ ខណៈរដ្ឋាភិបាលកម្ពុជា គ្មានវិធានការជាក់លាក់ពិតប្រាកដណាមួយ ដើម្បីទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃ ទាំងនោះឡើយ។
លោក ម៉ែន ណាត បញ្ជាក់ថា តាមរយៈរូបថត និងវីដេអូឃ្លីបជាច្រើន ដែលត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បានរំលេចឱ្យឃើញនូវសកម្មភាពឈ្លានពានរបស់ថៃ មកលើទឹកដីខ្មែរឥតឈប់ឈរ ទោះមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅហើយក្តី។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ ពលរដ្ឋខ្មែរបានចែកចាយសកម្មភាពយោធាថៃ ចូលទៅគ្រប់គ្រងស្ថានីយក្រុមហ៊ុនប្រេងឥន្ធនៈយីហោ CE មួយកន្លែង ដែលជារបស់ខ្មែរក្នុងតំបន់ថ្មដា ខេត្តពោធិ៍សាត់ ព្រោះអក្សរដែលសរសេរលើម៉ាតក្នុងស្ថានីយប្រេងនោះ គឺជាអក្សរខ្មែរ ដែលសរសេរថា ផ្សារទំនើប។
ចំណែកថ្ងៃទី៩ មីនា ក៏មានវីដេអូឃ្លីបមួយទៀត ត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកដែរ ដែលបង្ហាញពីការសាងសង់រូបព្រះពុទ្ធបដិមាដ៏ធំ នៅលើភ្នំ៤០០ តំបន់តាស៊ីម ដែលនៅជិតភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារ ខណៈវីដេអូឃ្លីបដែលបានថតសកម្មភាពយោធាថៃ លើកដងទង់ជាតិរបស់ពួកគេ នៅភ្នំ២២៥ ជិតប្រាសាទតាក្របី ក៏ត្រូវបានចែកចាយកាលពីថ្ងៃទី៨ មីនា កន្លងទៅផងដែរ។
ជាងនេះទៀត ក៏មានវីដេអូឃ្លីប បង្ហាញពីការសាងសង់លេណដ្ឋាន ដែលធ្វើពីបេតុង ក្នុងបរិវេណប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្ដរមានជ័យ ថែមទៀត ក្នុងនោះក៏មានវីដេអូឃ្លីបថត ជាប់សកម្មភាពយោធាថៃ នៅតំបន់ជាំតែ ខេត្តព្រះវិហារ ដែលបានជីកប្រឡាយផ្តាច់ផ្លូវ ដើម្បីកុំឱ្យទាហានខ្មែរឆ្លងចេញចូល និងដើម្បីកំណត់ព្រំដែនថ្មី រួមទាំងដើម្បីប្រឆាំងរថក្រោះផងដែរ កាលពីថ្ងៃទី៧ មីនា កន្លងទៅ។
បន្ថែមពីនេះ មានវីដេអូឃ្លីបដែលបានថតសកម្មភាពពលរដ្ឋ និងយោធាថៃ ជួបជុំគ្នាច្រៀងបទគោរពទង់ជាតិថៃ នៅប្រាសាទតាក្របី ថែមទៀត ខណៈវីដេអូផ្សេងទៀត ក៏បានបង្ហាញពីសកម្មភាពយោធាថៃ វាយកម្ទេចផ្ទះពលរដ្ឋ រាយលួសបន្លា ដាក់ពង្រាយទូកុងតឺន័រ និងដាក់ពង្រាយកងកម្លាំងយោធាបន្ថែម នៅតាមខេត្តរបស់កម្ពុជា ក្នុងតំបន់ដែលថៃ បានកាន់កាប់ផងដែរ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។
ជុំវិញបញ្ហានេះ គណបក្សប្រឆាំងបានអះអាងថា ផ្ទះតាម៉ុក ដែលស្ថិតនៅច្រកជាំសាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានខ្មែរក៏ពិតមែន ប៉ុន្តែផ្ទះតាម៉ុក ដែលស្ថិតនៅតំបន់ជាំតែ (ច្រកជាំតែ) ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវយោធាថៃ គ្រប់គ្រងទាំងស្រុងបាត់ទៅហើយ ខណៈផ្ទះតាម៉ុក នៅតំបន់ផាមអ៊ីដែង ឬផ្ទះក្រហម នៅជិតប្រាសាទព្រះវិហារ ក៏ត្រូវទាហានថៃ គ្រប់គ្រងដែរ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអះអាងថា យោធាថៃ បានរាយលួសបន្លាព័ទ្ធយកដីខ្មែរ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣ តំបន់ ដែលមាន ២០ ទីតាំង ដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ ទូ (១០៥ ទូ) ដែលគិតជាផ្ទៃដីសរុបទំហំជិត ៨០០ ហិកតា (៧៦៣ ហិកតា)។
លោក អ៊ុំ រាត្រី បញ្ជាក់ថា តំបន់ផ្សេងទៀត ដែលស្ថិតក្នុងខេត្តជាប់ព្រំដែនថៃ ក៏ត្រូវយោធាថៃ ធ្វើសកម្មភាពព័ទ្ធយកដីខ្មែរដូចគ្នាដែរ គឺសាងសង់លេណដ្ឋានថ្មី ពង្រាយទូកុងតឺន័រ រាយលួសបន្លា ជីកប្រឡាយ និងសាងសង់រូបសំណាក ជាដើម៕
