VOD Khmer /ដោយកញ្ញា កែវ មរកត
19-3-2026
ខណៈមានការជំរុញកាន់តែខ្លាំងឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រើសិទ្ធិស្វ័យការពារទឹកដី ឱ្យបានខ្លាំងក្លាកុំឱ្យថៃឈ្លានពានតាមចិត្ត ក្រោយបទឈប់បាញ់នោះ សាធារណជនប ន្តចោទសួរពីមូលហេតុដែលមេដឹកនាំខ្មែរ មិនព្រមប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារដីខ្មែរយកត្រឡប់មកវិញ។
ជ្រុងមួយនៃបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវ បានសរសេរលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី១៨ ខែមីនា ថា លោកបានជជែកជាមួយបញ្ញវ័ន្តឯករាជ្យថៃ តាមអនឡាញ ស្តីពីរដ្ឋាភិបាលលោក អាភីស៊ីត និងលោក ឈួន លីផៃ ដែលបានយកសន្ធិសញ្ញាព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ទៅទុកនៅឯអង្គការសហប្រជាជាតិ ហើយពួកគាត់មានសំណួរធំពីរដែលលោកឆ្លើយមិនចេញ។
សំណួរទី១ សួរថា តើកម្ពុជាមានកំណត់ត្រាអឹមអូយូ (MOU [Memorandum Of Understanding]) នេះ ជាភាសារខ្មែរដែរឫទេ? បើមានតើទុកនៅឯណា? ហើយបើគ្មានតើហេតុអ្វី? ខាងថៃគាត់បាននិយាយថា អឹមអូយូ (MOU) នេះ មានជាភាសារថៃ ហើយបោះពុម្ភផ្សាយជាសាធារណ:។
ចំណែកសំណួរទី២ កម្ពុជាបាននិយាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរ ចុះហេតុអ្វីបានជាកម្ពុជាមិនបង្ហោះទីតាំងដីខ្មែរដែលថៃកំពុងកាន់កាប់ ដាក់់លើបណ្តាញសង្គម ឬវេបសាយ ឬដាក់បង្ហាញនៅតាមតំបន់ចំណុចព្រំដែននីមួយៗ ឲ្យសាធារជនបានដឹងផង? និងថា តើកម្ពុជាមានដាក់ពាក្យប្តឹងថៃហើយឬនៅ? បើតាមលោកបណ្ឌិត មាស នី ថា លោកឆ្លើយសំណួរទាំងនេះមិនចេញទេ។
យ៉ាងណាក្តី លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១៩ខែមីនានេះថា សំណួរដែលបញ្ញវន្តថៃ បានចោទសួរ លោកបណ្ឌិត មាស នី មានតែលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងមន្ត្រីរបស់គាត់ ដូចជា អ្នកស្រី កុយ ពិសី ប៉ុណ្ណោះទើបអាចឆ្លើយបាន។
ប៉ុន្តែលោក ម៉ែន ណាត បានលើកឡើងថា ដើម្បីដឹងថា ថៃរំលោភឬមិនរំលោភព្រំដែនខ្មែរ គឺត្រូវធ្វើការសិក្សាលើផែនទី និងបង្គោលព្រំដែនដែលមានស្រាប់ ស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ សិក្សាលើភូមិដ្ឋានដែលពលរដ្ឋខ្មែរ បានរស់នៅជាក់ស្តែង និងត្រូវបានជម្លៀសចេញ ដូចជា តំបន់បឹងត្រកួន ព្រៃចាន់ និង ថ្មដា ជាដើម ដែលនៅពេលនេះ កងទ័ពថៃ បានរារាំងមិនឱ្យពលរដ្ឋខ្មែរចូលទៅរស់នៅផ្ទះរបស់ខ្លួន នៅទីតាំងទាំងនោះវិញឡើយ បន្ទាប់ពីរត់ភៀសសឹក។
បន្ថែមពីនេះ ត្រូវសិក្សាលើសវតាប្រវត្តិសាស្ត្រ ជាពិសេសទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំទ្រព្យ និងតំបន់ផ្សេងៗទៀតជាដើម។ បើតាមលោក ម៉ែន ណាត បញ្ហាព្រំដែនគេត្រូវសិក្សានិងផ្ទៀងផ្ទាត់លើផែនទី និងបង្គោលព្រំដែនដែលមានស្រាប់ ពីព្រោះបង្គោលព្រំដែនដែលមានស្រាប់ វាស្របទៅតាមសន្ធិសញ្ញាអន្តរជាតិដែលគេទទួលស្គាល់។
បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយជាងកន្លះឆ្នាំមកហើយ បើរាប់ចាប់តាំងពីការផ្ទុះអាវុធលើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥។ មកដល់ពេលនេះ ជាពេលវេលាសមស្របណាស់ដែល លោក ម៉ែន ណាត ថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវបញ្ជាក់ជំហ៊រជាថ្មី ក្នុងការប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ [International Court of Justice] ពីបទឈ្លានពានទឹកដីកម្ពុជា និងបំផ្លាញប្រាសាទបុរាណ និង ប្តឹងទៅ ICC [International Criminal Court] ពីបទធ្វើឱ្យជនស៊ីវិលស្លាប់ និងរត់ភៀសសឹករងទុក្ខវេទនា។
លោកថា ៖ «ជារឿងសមហេតុសមផលដែលកម្ពុជា ត្រូវដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ហើយនៅពេលនេះ មិនអាចពន្យាតទៅទៀតបានទេ។ បើរដ្ឋាភិបាលកម្ពុជា នៅតែពន្យាពេលមិនប្តឹង ឬ មិនបានបញ្ជាក់ជំហរពីការប្តឹងថៃទេ គឺថៃនឹងបន្តប្រមាថ គឃ្លើនឈ្លានពានកម្ពុជា មិនឈប់មិនឈរ។ រាល់ថ្ងៃពង្រីកការឈ្លានពាននេះ ញុះញង់ឱ្យកម្ពុជា ទប់កំហឹងមិនបានតដៃ ប្រើសិទ្ធិបាញ់ប្រហារ ឈ្លានពានបន្ថែម នឹងថៃអ៊ីចឹង ដូច្នេះរដ្ឋាភិបាលកម្ពុជា ដឹងច្បាស់ហើយថា អ្វីត្រូវធ្វើមុនអ្វីត្រូវធ្វើក្រោយ»។
លើសពីនេះ រឿងដែលសំខាន់ គឺកម្ពុជាត្រូវប្រើសិទ្ធិរបស់ខ្លួន ក្នុងការការពារទឹកដីរបស់ខ្លួនឱ្យបាន មិនអាចបណ្តោយឱ្យថៃ ចូលមកឈ្លានពានរាល់ថ្ងៃ តាមអំពើចិត្ត ហើយសរសេរតែលិខិតតវ៉ាការទូតតែមួយមុខនោះទេ។ អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា លិខិតការទូត ត្រូវតែតវ៉ារាល់ថ្ងៃ ទៅលើគ្រប់ចំណុច ដែលថៃចូលឈ្លានពាន ហើយត្រូវដើរនយោបាយការទូតអន្តរជាតិ ក្នុងកម្រិតខ្ពស់បំផុត សកម្មបំផុត។
លោកថា ៖ «កម្ពុជាត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ នៅក្នុងរឿងនេះ បើមិនអ៊ីចឹងទេ សៀមមិនឈប់ការប្រមាថទេ ហើយរដ្ឋាភិបាល ក៏មិនអាចផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋខ្មែរផ្ទៃក្នុងជាតិបានដែរ។ ចឹងហើយ បានកន្លងទៅ យើងបានជំរុញថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បើមិនកើតជាការអីទេ សូមឱ្យរដ្ឋសភាកម្ពុជានឹង ធ្វើញ្ញតិស្តីបន្ទោស ហើយដាក់មនុស្សថ្មី ដើម្បីដឹកនាំជានាយករដ្ឋមន្ត្រី ដែលមានសមត្ថភាពជាង ហ៊ុន ម៉ាណែត ហើយនិងអ្នកដែលមានសមត្ថភាពជាងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា អ៊ីចឹងទៅ។ នេះដែលយើងជំរុញ ពីព្រោះបញ្ហាជាតិវាមិនអាចទុកទ្រឹង អីចឹងហើយមនុស្សអត់មានសមត្ថភាព ដឹកនាំបន្តអ៊ីចឹងទៀតបានទេ»។
វីអូឌី មិនអាចទាក់ទង លោក ឡាំ ជា និងអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៩ខែមីនានេះ។ ក៏ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅថ្ងៃទី១៩ ខែមីនា នេះ នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពី បច្ចុប្បន្នភាពបញ្ហាព្រំដែន កម្ពុជា-ថៃ ថា កម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ា ក្នុងដំណើរការការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្របតាមច្បាប់អន្តរជាតិ។
លោកលើកឡើងថា កាលពីថ្ងៃទី១៧ ខែមីនា កម្ពុជាបានតវ៉ាជំទាស់ជាថ្មីទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។
បើតាម លោក បូណា តំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃចូលដណ្តើមកាន់កាប់ ប្រើគ្រឿងចក្រធុនធ្ងន់ជីកកកាយ ឈូសឆាយកសាងលេណដ្ឋានបេតុងថ្មី ធ្វើផ្លូវនិងសាងសង់សំណង់ផ្សេងៗជាអចិន្ត្រៃយ៍នោះ រួមមាន នៅប្រាសាទតាមាន់ធំ មុំបី ភ្នំ៤៦៩ ថ្មដូន តំណាក់ស្តេច ក្បែរច្រក អានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ ភ្នំ៥០០ តាថាវ ប្រាសាទដូនទុន ភ្នំ៣៣៣ តាសឹម ចាក់ច្រែង ភ្នំទ្រព្យ និងប្រាសាទខ្នារជាដើម។ តំបន់ទាំងនេះ ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋានមួយលើពីររយពាន់របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ នេះបើតាម លោក ប៉ែន បូណា។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលបានធ្វើឡើងក្នុងតំបន់ខាងលើ និងនៅតំបន់ផ្សេងទៀត ដើម្បីបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាព និងភាពជាអ្នកជិតខាងល្អ នៅតាមព្រំដែនកម្ពុជា-ថៃ។
អ្នកជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើបទបង្ហាញមួយ នៅក្នុងសមាជរបស់រដ្ឋាភិបាលក្រៅប្រទេស២៣តុលា កាលពីថ្ងៃទី១៥ ខែមីនា នៅសហរដ្ឋអាមេរិក ដោយបានធ្វើការប៉ាន់ប្រមាណថា ទឹកដីខ្មែរ ដែលថៃ បានដណ្តើមគ្រប់គ្រងនាពេលបច្ចុប្បន្ន នៅលើដីគោកមានចំនួន ៤៧ ទីតាំង មានទំហំយ៉ាងតិចជាង ២៧៤ គីឡូម៉ែត្រការ៉េ បូកពាក់កណ្តាលនៃកោះគជ់ ជាង ៥០ គីឡូម៉ែត្រការ៉េ និង ដែនសមុទ្រត្រួតស៊ីគ្នា ២៦០០០ គីឡូម៉ែត្រការ៉េ។ ដូច្នេះបើបូកសរុបទាំងដែនគោក និងដែនទឹក គឺថៃបានគ្រប់គ្រងទឹកដីកម្ពុជារហូតដល់ជាង ២ ម៉ឺន ៦ ពាន់គីឡូម៉ែត្រការ៉េ គឺមានទំហំធំជាងខេត្តតាកែវ ៧ ដង ខណៈខេត្តតាកែវ មានផ្ទៃដីសរុបទំហំ ៣៥៦៣ គីឡូម៉ែត្រការ៉េ។
លោកថា ៖ «នេះធំណាស់គិតថែថៃ អត់គិតយួនទេ យួនយកកោះត្រល់ កោះក្រចកសេះ តំបន់ទឹកប្រវត្តិសាស្ត្រយកដែនសមុទ្រយើងដាក់រួម ចំនួន ១០ ម៉ឺនគីឡូម៉ែត្រការ៉េ យួនគ្រប់គ្រងដែនសមុទ្រយើងចំនួន ៣០ ពាន់គីឡូម៉ែត្រការ៉េ ហើយនៅដែនគោកយើង បាត់ច្រើនទៀត លោក ហ៊ុន សែន ស៊ីញ៉េតាមរយៈសន្ធិសញ្ញា(ឆ្នាំ) ៨២,-៨៣ និង ៨៥ ហើយបានធ្វើឱ្យរស់ឡើងវិញ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលគំរាមស្តេចចង់ដូររបប ដូច្នេះដីយើងដែលបាត់ទៅថៃ ៧ ដងនៃខេត្តតាកែវ។ នេះស្នាដៃត្រកូល ហ៊ុន»។
បើតាម លោក អ៊ុំ សំអាន ដំណោះស្រាយដែលអាចទាមទារទឹកដីកម្ពុជា ពីថៃ មកវិញបានមាន ៣ ៖ ទី១ ត្រូវច្បាំងយកមកវិញ ប៉ុន្តែកងទ័ពកម្ពុជាខ្សោយ មិនអាចច្បាំងឈ្នះថៃបានទេ ដោយសារលោក ហ៊ុន សែន មិនបានពង្រឹងកងទ័ពជាតិឡើង គឺពង្រឹងតែកងអង្គរក្សរបស់ខ្លួន។ ទី២ ជាជម្រើសដែលល្អ គឺកម្ពុជាត្រូវប្តឹងថៃ ទៅ ICJ និង ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ចំណែកចំណុចទី៣ គឺត្រកូល ហ៊ុន ត្រូវចុះចេញពីតំណែង។
បើតាម លោក សំអាន រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត មិនទាន់បានដាក់ពាក្យប្តឹងទៅ ICJ នៅឡើយទេ ក្រៅតែពីជូនដំណឹងទៅតុលាការអន្តរជាតិកំពូលនេះ កាលពីខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «ខ្មែរយើងត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីទាមទារឲ្យសៀម ដកទ័ពឈ្លានពានរបស់គេ ចេញពីទឹកយើងឲ្យអស់»៕



