VOD Khmer /ដោយលោក ញឹម សុខន
28-3-2026


លោក ប្រាក់ សុខុន បានទម្លាយថា កម្ពុជាធ្លាប់ប្រាប់ភាគីថៃ ថា កម្ពុជាត្រៀមលក្ខណៈកាត់ដីឱ្យថៃ បើការ​វាស់វែង​ដី​ជាក់ស្តែង ចូលដីខ្មែរបន្តិចបន្តួច ដើម្បីកសាងផ្ទះពលរដ្ឋខ្មែរ តាមព្រំដែនឡើងវិញ តែថាថៃ មិនព្រម បើទោះបីលោកថា កម្ពុជា​-​ថៃ មានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ បន្សល់ទុកពីជំនាន់បារាំង ក៏ដោយ។​​

ពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងថា កម្ពុជា មិនប្រើជម្រើសខាងផ្នែកយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែននោះទេ តែកម្ពុជា បង្ខំចិត្តការពារ​ទឹកដី​តាម​ច្បាប់ ដែលបន្សល់ទុក​តាំង​ពី​ជំនាន់​អាណានិគម​និយមបារាំង តាមរយៈផែនទី អនុញ្ញា​បារាំង-សៀម ដែលបានគូសវាយខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​អន្តរជាតិ។

លោកថា កម្ពុជាបានប្រាប់ទៅភាគីសៀម រួចហើយថា នាំគ្នាវាស់វែងទៅ ព្រោះ​ប្រទេសទាំងពីរ មានយន្តការ មានស្ថាប័ន សម្រាប់ធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែន។ ហើយថា កម្ពុជាត្រៀមទទួលយក តាមការវាស់វែងជាក់ស្តែង ទោះចូល​ដី​កម្ពុជា​តិចតួចក្តី កម្ពុជា​ព្រមប្រគល់​ឱ្យថៃ តែថា ថៃ​មិនព្រម ហើយថៃ ពង្រីក​ការ​គ្រប់គ្រង់​ដី​ខ្មែរ។

លោកថា​៖ «បើវាស់ទៅខាងណារបស់​យើង យើង​គ្រាន់​តែ​សុំ​របស់​យើងមក​វិញ ខាងណា​របស់គេ យើង​ឱ្យទៅគេទៅ។ ហើយយើងត្រៀមលក្ខណៈ ប្រសិន​បើមានចូល​អីបន្តិច​បន្តួច​ចឹង​ទៅ យើងប្រគល់ឱ្យ​គេ សុខចិត្តយើង​រើ និង​កសាងផ្ទះ​សម្បែង​បងប្អូន​យើង នៅ​ជាប់ព្រំដែន​សារជា​ថ្មីឡើង​វិញ។ ប៉ុន្តែនេះអត់ គេប្រើកម្លាំង​ ចូលមកកាន់កាប់ យក​លួសបន្លា​មក​​ព័ទ្ធ យក​កុងទីន័រ​មកឃាំង ដោតទង់ជាតិខ្លួន​លើដី​ខ្មែរ វាជា​រឿងមួយ​ហួស​ចិត្តដែរ និយាយ​ទៅ»។

តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមាន​ជំនាញកិច្ចការព្រំដែន ហៅ​ការលើក​ឡើង​របស់​លោក ប្រាក់ សុខុន នេះ បញ្ជាក់​យ៉ាងច្បាស់​ថា ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិន​ខ្វល់​ពី​ការបាត់បង់់​ទឹកដី​ទេ តែ​ធ្វើយ៉ាងណា ឱ្យ​តែ​ការពារ​អំណាច​បាន។

យ៉ាងណាលោក​ថា តាមក្រមព្រហ្មទណ្ឌ អ្នកដែលធ្វើឱ្យបាត់បង់ទឹកដី ទៅប្រទេស​ជិតខាង មាន​ទោស​ក្បត់ជាតិ ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនាគារ អស់មួយជីវិត។

បញ្ហានេះលោកថា ជោគវាសនាប្រទេសជាតិ និងទឹកដី មានតែពឹងលើប្រជា​ពលរដ្ឋ​ខ្មែរទេ ទើបអាចទប់ស្កាត់ សត្រូវឈ្លានពានបាន។

លោកថា ៖ «ជាក់ស្តែង​ហើយ​ឃើញទេ (រដ្ឋាភិបាល) អត់​មាន​ការ​ទប់ស្កាត់ ​ការ​រារាំង (ថៃ) ការដាក់ទូកុងទីន័រ ការរាយបន្លាលួស ការជីកប្រឡាយ ដែលថៃ រំលោភ​យក​ដីខ្មែរ​យើង អត់មានការរារាំងទេ។ អីចឹងមានន័យថាត្រកូល ហ៊ុន សុខ​ចិត្ត​យល់ព្រម​ជាមួយគេ សុខចិត្ត​កាត់​ទឹកដី​ខ្មែរ​យើង ទៅឱ្យថៃ ដើម្បី​ឱ្យ​ថៃ ជួយ​រក្សាអំណាច​ឱ្យត្រកូល ហ៊ុន»។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការ​ទម្លាយរបស់​លោក ប្រាក់ សុខុន នេះ ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​កាត់​ទឹកដី​ព្រំដែន​ខាង​កើត ឱ្យ​ទៅ​វៀតណាម ដើម្បី​ដឹងគុណ​វៀតណាម នា​ពេល​កន្លង​ទៅ។

ការណ៍នេះ លោក​បារម្ភថា ជាហានិភ័យ​នៃ​បូរណភាព​ទឹកដី​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន ដែល​ថា បាន​ជាប់ចំណង​វៀតណាម​ច្រើន​ទសវត្សរ៍​មក​នេះ។

លោកថា ៖ «បើរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន រក្សាជំហរ​បែបនេះ​មែន យើង​បាម្ភ​ថា ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្មែរ​ហ្នឹង មើល​ទៅ​ ជាហានិភ័យ​ខ្ពស់​ណាស់ នៅ​ក្រោម​អំណាច​គ្រួសារ​របស់​លោក ហ៊ុន សែន។ ម្លោះ​ហើយ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ក្នុង និង​ក្រៅស្រុក​ហ្នឹង នាំ​គ្នា​ដាក់​សម្ពាធ​រដ្ឋាភិបាល​នេះ​ឱ្យមែន​ទែន កុំ​ឱ្យ​ទទួល​យក​លក្ខខណ្ឌ​ណា​មួយ​របស់​ថៃ ក្នុង​ការ​ដោះ​ដូរ​ទឹកដី​ព្រំដែន ដើម្បី​ទទួល​យក​សន្តិភាព​របស់​ក្រុមគ្រួសារ ហ៊ុន ព្រោះ​ធ្វើ​ឱ្យ​បាត់បង់​បូរណភាព​ជាតិ ហើយបាត់​បង់​ទឹកដី​ ជា​អំពើ​ក្បត់ជាតិ​ បាទ»។

បើតាម​អ្នកឃ្លាំមើល បច្ចុប្បន្ននេះ ថៃ​បាន​រាយលួស​បន្លា ដាក់​កុងទីន័រ និង​ជីក​ប្រឡាយ ពង្រីក​ព្រំដែន​ថ្មី តាម​ផែន​ទី​ដែល​ថៃ គូស​ដោយ​ឯកតោភាគី រួមទាំង​ធ្វើ​ហេដ្ឋារចនា​សម្ព័ន្ធ រំលោភ​យក​ដីខ្មែរ​ជាង ៥០ ទីតាំង ក្រោយ​មាន​បទ​ឈប់បាញ់ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៥ មក ទាំង​គ្មាន​ការរំខាន​ពី​ក្រសួង​ការពារជាតិ​កម្ពុជា។

យ៉ាងនេះក្តី មាត្រា​៥២ នៃរដ្ឋធម្មនុញ្ញ ចែង​ថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីឯកភាពជាតិ»។

ដោយឡែក ក្រមព្រហ្មទណ្ឌ មាត្រា​៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬ​ភ្នាក់ងារ​បរទេស នូវដែនដីជាតិទាំងស្រុង ឬ​មួយផ្នែក ជា​អំពើ​ក្បត់ជាតិ ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។