អ្នកឃ្លាំមើលថា តាមច្បាប់ការកាត់ដីឱ្យបរទេស ទោះតិច ឬច្រើន ត្រូវមានទោសពីបទក្បត់ជាតិ
VOD Khmer /ដោយកញ្ញា កែវ មរកត
30-3-2026
អ្នកឃ្លាំមើលថា តាមច្បាប់នៃក្រមព្រហ្មទណ្ឌ ការកាត់ដីឱ្យបរទេសបើទោះបីជាមានចំនួនតិច ឬច្រើន ត្រូវមានទោសពីបទក្បត់ជាតិ ដែលការលើកឡើងនេះ បន្ទាប់ពី លោក ប្រាក់ សុខុន ទម្លាយឱ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈប្រគល់ទឹកដីឱ្យថៃ បើសិនមានការចូលបន្តិចបន្តួច ដើម្បីកសាងផ្ទះពលរដ្ឋខ្មែរឡើងវិញ នៅតាមបណ្តោយព្រំដែន។
ប្រតិកម្មរបស់អ្នកឃ្លាំមើលនេះ បានកើតមានឡើងបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានទម្លាយឱ្យដឹងនៅពេលលោក ដឹកនាំអ្នកការទូតបរទេស ទៅពិនិត្យមើលស្ថានភាពព្រំដែន ដែលថៃ បានដាក់រាយបន្លាលួស និងទូរកុងតឺន័រវាទយកទឹកដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា។
លោកថា កម្ពុជាមិនចង់ជ្រើសរើសជម្រើសខាងផ្នែកយោធា ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននោះទេ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តការពារទឹកដីរបស់ខ្លួន ដែលត្រូវបានបន្សល់ទុកឱ្យ តាំងពីជំនាន់អាណានិគមន៍និយមបារាំង ដោយមានឯកសារត្រឹមត្រូវ ដូចជាអនុញ្ញា សន្ធិសញ្ញាបារាំង-សៀម ដែលមានទាំងផែនទី គូសវាសខ្សែព្រំដែនត្រឹមត្រូវ ដោយអ្នកជំនាញឥណ្ឌូចិន-សៀម។
ប៉ុន្តែលោកបញ្ជាក់ថា រឿងដែលធំគឺរឿងខាងថៃ មិនគោរពចង់បានទឹកដីរបស់កម្ពុជា ដូច្នេះជម្រើសរបស់កម្ពុជា មានតែតាមផ្លូវការទូត និងតាមផ្លូវច្បាប់ ដោយប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គឺសើរើឯកសារចាស់សើរើសន្ធិសញ្ញា អនុសញ្ញា យកផែនទីដែលគូសវាសដោយគណៈកម្មការបារាំង-សៀមតាំង។ លោកថា កម្ពុជាប្រឹងប្រែងតស៊ូទាមទារនូវអ្វី ដែលជារបស់កម្ពុជា។ កម្ពុជាបាននិយាយជាមួយខាងភាគីសៀមថា សូមនាំគ្នាវាស់វែងទៅ ពីព្រោះយើងមានយន្តការ យើងមានស្ថាប័នសម្រាប់ធ្វើការវាស់វែងកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយគ្នា។
លោកថា៖ «បើវាស់ទៅឃើញថាខាងណារបស់យើង យើងគ្រាន់តែសុំរបស់យើងមកវិញខាងណារបស់គេយើងឱ្យទៅគេទៅ ហើយយើងត្រៀមលក្ខណៈ ប្រសិនបើមានការចូលបន្តិចបន្តួចអីចឹងទៅ យើងប្រគល់ឱ្យគេ សុខចិត្តយើងរើនិងកសាងផ្ទះសំបែងជូនបងប្អូនយើងនៅកន្លែងដីជាប់ព្រំដែនហ្នឹងសារជាថ្មីឡើងវិញ។ ប៉ុន្តែនេះអត់ទេ គេយកប្រើកម្លាំងមកកាន់កាប់យកលួសបន្លាមកព័ទ្ធយកកុងតឺន័រយកមកឃាំង ដោតទង់ជាតិរបស់ខ្លួនលើដីខ្មែរ វាជារឿងមួយដែលយើងហួសចិត្តដែរនិយាយទៅ។ ចឹងមានតែផ្លូវការទូតយើងចរចាជាមួយគ្នា យើងឱ្យអន្តរជាតិគាត់ឃើញការពិតគាត់ជួយទទួលស្គាល់ការពិត ជួយចង្អុលមុខអ្នកដែលឈ្លានពានយើង»។
ប៉ុន្តែយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៣០ ខែមីនានេះ បានចេញសេចក្តីថ្លែងការណ៍មួយបដិសេធថា អ្វីដែលត្រូវបានផ្សព្វផ្សាយ គឺជាការបំភ្លៃខុសពីខ្លឹមសារដើម ដែលលោក ប្រាក់ សុខុន បានថ្លែងកាលពីថ្ងៃទី២៧ខែមីនា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមួលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យតែថៃ ឈប់ឈ្លានពាន តែថៃមិនព្រម»។
អ្នកនាំពាក្យក្រសួងការបរទេស បានបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការបំភ្លៃ និងចេតនាទុច្ចរិតផ្សេងៗ ដោយបញ្ជាក់ថា នៅគ្រប់វេទិការជាតិនិងអន្តរជាតិ លោក ប្រាក់ សុខុន តែងតែរំលឹកថា ប្រទេសកម្ពុជានិងថៃ មានព្រំដែនអន្តរជាតិ កំណត់តាមផែនទី គូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាចនៃ អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម ហើយបានបញ្ជាក់ពីជំហក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកតាមសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងនេះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន បានថ្លែងថា ទឹកដីកម្ពុជានឹងនៅតែបន្តបាត់បង់ បើប្រជាជនកម្ពុជា មិនទម្លាក់គ្រួសារ ហ៊ុន ចេញពីតំណែងទេនោះ ពីព្រោះដូចបានឃើញស្រាប់ហើយ រដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារ ហ៊ុន គ្មានសមត្ថភាពការពារទឹកដីទេ។
លោកថា៖ «អាហ្នឹងយើងឃើញជាក់ស្តែងហើយឃើញទេ? អត់មានការទប់ស្កាត់ ការរារាំងដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ថៃគេរំលោភយកដីខ្មែរយើង អត់មានការរារាំងទេ ចឹងមានន័យថា ត្រកូល ហ៊ុន សុខចិត្តយល់ព្រមជាមួយគេ កាត់ទឹកដីខ្មែរទៅឱ្យថៃហើយតើ ដើម្បីឱ្យថៃ ជួយរក្សាអំណាចរបស់ត្រកូល ហ៊ុន»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានហៅការថ្លែងរបស់លោក ប្រាក់ សុខុន នៅឃុំថ្មដា ថាដូចគ្នាទៅនឹងអ្វីដែល លោក ហ៊ុន សែន ធ្លាប់កាត់ទឹកដីខ្មែរនៅព្រំដែនខាងកើត ទៅឱ្យវៀតណាម ដើម្បីដឹងគុណវៀតណាម ដូចកាលពីពេលកន្លងមកផងដែរ ដែលនេះជាការព្រួយបារម្ភពីហានិភ័យ នៃបូរណភាពទឹកដីកម្ពុជា ក្រោមការដឹកនាំដោយគ្រួសារ ហ៊ុន។
លោកថា៖ «បើរដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត រក្សាជំហដូច្នេះមែន យើងបារម្ភថា ការរក្សាបូរណភាពទឹកដីរបស់ខ្មែរ នឹងមើលទៅជាហានិភ័យខ្ពស់ណាស់ នៅក្រោមអំណាចក្រុមគ្រួសារលោក ហ៊ុន សែន។ ម្ល៉ោះហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅស្រុក នឹងនាំគ្នាដាក់សម្ពាធរដ្ឋាភិបាលនេះឱ្យមែនទែន កុំឱ្យទទួលយកលក្ខខណ្ឌណាមួយរបស់ថៃ ក្នុងការដោះដូរទឹកដីព្រំដែន ដើម្បីទទួលយកសន្តិភាព របស់ក្រុមគ្រួសារ ហ៊ុន គឺធ្វើឱ្យបាត់បង់បូរណភាពជាតិ បូរណភាពទឹកដី ជាអំពើក្បត់ជាតិ»។
បើតាមអ្នកឃ្លាំមើល បច្ចុប្បន្ននេះ ថៃបានរាយលួសបន្លា ដាក់កុងទីន័រ និងជីកប្រឡាយ ពង្រីកព្រំដែនថ្មី តាមផែនទីដែលថៃ គូសដោយឯកតោភាគី រួមទាំងធ្វើហេដ្ឋារចនាសម្ព័ន្ធ រំលោភយកដីខ្មែរជាង ៥០ ទីតាំង ក្រោយមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា។
លោក ម៉ែន ណាត លើកឡើងថា មូលហេតុដែលប្រទេសថៃ អាចឈ្លានពានកម្ពុជា និងកូរស្ថានការណ៍បានបែបនេះ គឺដោយសារកត្តាធំៗចំនួន ២ គឺ ទី១. កត្តាខាងក្រៅ បណ្ដាលមកពីសណ្ដាប់ធ្នាប់ពិភពលោក កំពុងមានភាពច្របូកច្របល់ ដោយសារសង្គ្រាម។ ទី២. គឺកត្តាខាងក្នុង គឺកម្ពុជាខ្លួនឯងផ្ទាល់ មានកម្សោយវិស័យការពារជាតិ និងមានកេរ្តិ៍ឈ្មោះអាក្រក់ នៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោក មួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម បានចាត់ទុកសម្តីលោក ប្រាក់ សុខុន ថា ជាការផ្តេកផ្តួលទៅលើទស្សនៈកម្មផល ដោយមិនបានប្រើសិទ្ធិការពារខ្លួន បណ្តោយឱ្យថៃ រំលោភឈ្លានពានចូលមកដណ្តើមកាន់កាប់ទឹកដីខ្មែរតាមអំពើចិត្ត ចាប់តាំងពីក្រោយបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។
សម្រាប់លោក មួង ណារ៉េត បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ នេះ មិនអាចនៅបន្តចរចាទ្វេភាគីបានទៀតទេ ពីព្រោះការចរចាទ្វេភាគីប្រើពេលអស់ ២៦ ឆ្នាំមកហើយ មិនទទួលបានលទ្ធផលជាដុំកំភួនអ្វីឡើយ ខណៈដែលភាគីថៃ តែងតែរំលោភបំពានកិច្ចព្រមព្រៀង រហូតដល់ពេលចុងក្រោយ បានវ៉ៃចូលកាន់កាប់ទឹកដីកម្ពុជា ក្នុងជម្រៅយ៉ាងជ្រៅ។
លោកថា៖ «ហើយខ្ញុំនៅតែនិយាយដដែល ខ្ញុំនិយាយទាល់តែខ្សោះខ្លួនក៏នៅតែនិយាយដែរ ព្រោះអីវាអត់ឃើញមានជម្រើសអីសោះ មើលប្រាប់ម៉ោម៉ិចលោក ប្រាក់ សុខុន ថា ទៅលួងលោមគេអង្វគេថា ទៅបើបានខ្លះក៏ឱ្យខ្លះចុះអត់អីទេ មើគាត់និយាយចឹងហើយហ្នឹង។ បើបានខ្លះ ក៏ឱ្យគេខ្លះទៅ យើងរើផ្ទះយើងចេញមកនៅខាងយើង ទៅធ្វើម៉េច បើវាស់ទៅបានគេ ហើយគេនៅតែមិនព្រម ហើយគេវ៉ៃយើងទន្ទ្រានយើង ហើយយើងនៅតែប្រាប់គេថា ចរចាទៀតទៅ វាអត់មានសង្ឃឹមអីសោះតែម្តង ដូចថាវាធ្វើឱ្យយើងនឹងវាអន់ពេក»។
សម្រាប់ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលធ្លាប់ជាអតីតទាហានតស៊ូរបស់លោកតា សឺន សាន នៅតាមតំបន់ព្រំដែនកម្ពុជាថៃ កាលពីសម័យសង្គ្រាម បានប្រាប់វីអូឌីនៅថ្ងៃទី៣០ ខែមីនា នេះថា សម្តី លោក ប្រាក់ សុខុន គឺជាសម្តីអ្នកការទូត សម្តីដែលមិនដាក់ឈ្នួនផ្ទុះ ឬក៏ចាប់កំហុសទម្លាក់កំហុសនោះទេ ពីព្រោះនៅពេលនេះ ពិភពលោកសុទ្ធតែបានដឹងហើយថា ថៃបានឈ្លានពានរំលោភចូលជ្រៅ មកក្នុងដែនអធិបតេយ្យភាពកម្ពុជា។
លោកថា៖ «ចឹងខ្ញុំថាសម្តីលោក ប្រាក់ សុខុន ជាសម្តីការទូតសម្តីបែបសន្តិភាព អូសទាញឱ្យថៃងាកមករកតុចរចា យើងមិនអាចដោះស្រាយបញ្ហា ដើម្បីបញ្ចប់សង្គ្រាមដោយការធ្វើសង្គ្រាមទេ គឺបញ្ចប់សង្គ្រាមដោយក្តីស្រឡាញ់ ដោយសន្តិភាព ដោយអាចទទួលយកបានជាទ្វេភាគី ចៀសវាងឯកតោភាគី ឬពហុភាគីតាមច្បាប់អន្តរជាតិ ដែលមានសេនាធិការជាអង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ និងតែងតែថ្លែងជាបន្តបន្ទាប់នាពេលកន្លងមកថា កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយកម្ពុជា ក៏មិនឱ្យបាត់បង់ទឹកដីរបស់ខ្លួន សូម្បី ១ មិល្លីម៉ែត្រ ទៅប្រទេសជិតខាងនោះដែរ។
លោកថា៖ «កម្ពុជាមិនចង់បានដីអ្នកណាមួយមិល្លីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យអ្នកឯងមកបំពាន១មិល្លីម៉ែត្របានដែរ នេះជាការប្តេជ្ញាចិត្តរបស់យើង»។
ប៉ុន្តែលោក អ៊ុំ សំអាន បានថ្លែងថា កម្ពុជាមិនបានបាត់បង់ទឹកដី ១ មិល្លីម៉ែត្រនោះទេ ប៉ុន្តែបានបាត់បង់រាប់រយគីឡូម៉ែត្រការ៉េ។ លោកថា បើបូកបញ្ចូលគ្នា ទាំងព្រំដែនគោក ចំនួន ៥១ ទីតាំង ដែលថៃទើបដណ្តើមកាន់កាប់ថ្មីៗនេះ និងកោះគជ់ បូករួមទាំងផ្ទៃសមុទ្រខ្មែរ ដែលថៃកំពុងកាន់កាន់ គឺមានទំហំប៉ុនខេត្តតាកែវ រហូតដល់ ៧ ដង។
សូមបញ្ជាក់ថា តាមក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕
###
ក្រសួងការបរទេសកម្ពុជា ៖ លោក ប្រាក់ សុខុន មិនបាននិយាយពីជម្រើសកាត់ដីឱ្យថៃ ទោះបីគេស្តាប់ឮជាទូទៅ
VOD Khmer /ដោយលោក ញឹម សុខន
30-3-2026
ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការលើកឡើងដែលថា លោក ប្រាក់ សុខុន បាននិយាយថា ព្រមប្រគល់ដីឱ្យថៃ បើការវាស់វែងលើដីជាក់ស្តែងចូលដីខ្មែរបន្តិចបន្តួច កម្ពុជាព្រមឱ្យថៃនោះថា ជាការបំភ្លើសខុសពីការពិត មានរបៀបវារៈនយោបាយ។
ការចេញបកស្រាយរបស់ក្រសួងនេះ ចំពេលដែលការអត្ថាធិប្បាយរបស់លោក ប្រាក់ សុខុន នេះ ត្រូវបានគេចែកចាយលើបណ្តាញសង្គម និងខ្លះរិះគន់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពីអសត្ថភាពការពារទឹកដី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៣០ ខែមីនា នេះថា ការលើកឡើងបែបនេះ ជាការបំភ្លៃខុសពីការពិត។
សម្រាប់អ្នកនាំពាក្យ នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹក ពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន បានប្រាប់ពលរដ្ឋពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ក្រសួងបញ្ជាក់ថា ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់ លោក ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជាសុខចិត្តកាត់ដីឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម។
យ៉ាងណា បើគេស្តាប់ប្រសាសន៍របស់លោក ប្រាក់ សុខុន ឡើងវិញ ក្នុងពិធីសំណេះសំណាលនោះ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនោះ ពិតជាបាននិយាយពីជម្រើសប្រគល់ដីឱ្យថៃ។
លោកគូសបញ្ជាក់ដូចនេះថា ៖ «បើវាស់ទៅខាងណារបស់យើង យើងគ្រាន់តែសុំរបស់យើងមកវិញ ខាងណារបស់គេយើងឱ្យទៅគេទៅ។ ហើយយើងត្រៀមលក្ខណៈ ប្រសិនបើមានចូលអីបន្តិចបន្តួចចឹងទៅ យើងប្រគល់ឱ្យគេ សុខចិត្តយើងរើ និងកសាងផ្ទះសម្បែងបងប្អូនយើងនៅជាប់ព្រំដែនសារជាថ្មីឡើងវិញ។ ប៉ុន្តែនេះអត់ គេប្រើកម្លាំងចូលមកកាន់កាប់យកលួសបន្លាមកព័ទ្ធយកកុងតឺន័រមកឃាំង ដោតទង់ជាតិខ្លួនលើដីខ្មែរ វាជារឿងមួយហួសចិត្តដែរនិយាយទៅ»។
តំណាងរាស្ត្រគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានអះអាងថា បើគេចេះភាសាខ្មែរច្បាស់ គេអាចស្តាប់សម្តីលោក ប្រាក់ សុខុន និយាយពេលនោះ មិនច្រឡំ ពីជម្រើសព្រមប្រគល់ដីឱ្យថៃ ក្រោយមេដឹកនាំធ្វើឱ្យទឹកដីច្រើនកន្លែទៅប្រទេសថៃ។
លោកសង្កត់ធ្ងន់ថា លោក ប្រាក់ សុខុន និយាយត្រូវ ដោយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពេលនេះ គ្មានសមត្ថភាពធ្វើសង្គ្រាម ដើម្បីដណ្តើមទឹកដីយកពីថៃមកវិញបានទេ រីឯជម្រើសប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារទឹកដី ក៏មិនប្តឹងទៀត ដូច្នេះលោកថា មានតែជម្រើសកាត់ដីឱ្យថៃ ដើម្បីដោះដូរសន្តិភាព និងអំណាច ដូចដែលលោក ហ៊ុន សែន ធ្វើជាមួយវៀតណាមកន្លងមក។
ការណ៍នេះ លោកថា ដីខ្មែរច្រើនកន្លែងទៀត នឹងបន្តបាត់បង់ទៅប្រទេសជិតខាង បើគ្មានការផ្លាស់ប្តូរ។
លោកថា ៖ «យើងបាត់ដីរួចទៅហើយនៅខាងកើត លោក ហ៊ុន សែន បានកាត់ដីទៅឱ្យយួនដើម្បីសងគុណយួន។ ឥឡូវនេះដោះស្រាយមិនចេញចង់កាត់ដីទៅឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព និងអំណាចទៀត ដូច្នេះបើសិនជាត្រកូលហ៊ុនបន្តកាន់អំណាចតទៅទៀត ទឹកដីខ្មែរយើងបាត់បង់បន្ថែមទៀតទាំងទៅខាងថៃ និងទៅខាងវៀតណាម»។
យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និយាយនៅថ្ងៃចន្ទនេះថា ការការពារបូរណភាពទឹកដីនិងប្រជាជន ជាអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាល ក៏ដូចលោក ហ៊ុន សែន។
លោកថា ៖ «សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថាគោលដៅឆ្ពោះទៅមុខរបស់កម្ពុជា គឺការបញ្ចប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដើរលើមាគ៌ាសន្តិភាព តែមិនអាចធ្វើសម្បទានទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិបានឡើយ»។
តែយ៉ាងណា ការលើកឡើងរបស់លោក ប្រាក់ សុខុន ហាក់ស៊ីគ្នា ទៅនឹងអ្វីដែល លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកន្លងមកដែរ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុក អំឡុងមន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា បើកការចរចាជាមួយថៃពីបញ្ហាព្រំដែន ដោយលោកថា ព្រំដែនកម្ពុជាមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ។
លោកថា បញ្ហានេះត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នាតាមបណ្តោយព្រំដែនដោយសុខសាន្ត ក្នុងរយៈយូរអង្វេងទៅមុខទៀត។
ប៉ុន្តែអ្នកឃ្លាំមើលថា សាររបស់លោក ហ៊ុន ម៉ាណែត នេះឆ្លុះបញ្ចាំងពីកង្វះឆន្ទៈការពារទឹកដី ខណៈថៃពេលនោះគំរាមបើកការឈ្លានពានយកដីខ្មែរ តាមផែនទីខ្នាត១លើ៥០ពាន់ ដែលថៃគូរដោយឯកតោភាគី ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរច្រើនជំនាន់មកនេះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់បង្ហាញការព្រួយបារម្ភពីបញ្ហាបូរណភាពទឹកដីខ្មែរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកថា ៖ «បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រក្សាជំហរបែបនេះមែន យើងបារម្ភថា ការការពារបូរណភាពទឹកដីរបស់ខ្មែរហ្នឹង មើលទៅជាហានិភ័យខ្ពស់ណាស់ នៅក្រោមអំណាចគ្រួសាររបស់លោក ហ៊ុន សែន។ ម្លោះហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅស្រុកហ្នឹង នាំគ្នាដាក់សម្ពាធរដ្ឋាភិបាលនេះឱ្យមែនទែន កុំឱ្យទទួលយកលក្ខខណ្ឌណាមួយរបស់ថៃក្នុងការដោះដូរទឹកដីព្រំដែន ដើម្បីទទួលយកសន្តិភាពរបស់ក្រុមគ្រួសារហ៊ុន ព្រោះធ្វើឱ្យបាត់បង់បូរណភាពជាតិ ហើយបាត់បង់ទឹកដីជាអំពើក្បត់ជាតិ បាទ!»។
បើតាមអ្នកឃ្លាំមើល បច្ចុប្បន្ននេះ ថៃបានរាយលួយបន្លាដាក់កុងទីន័រ និងជីកប្រឡាយពង្រីកព្រំដែនថ្មី តាមផែនទីដែលថៃគូសដោយឯកតោភាគី រួមទាំងធ្វើហេដ្ឋារចនាសម្ព័ន្ធ រំលោភយកដីខ្មែរជាង៥០ទីតាំង ក្រោយមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ទាំងគ្មានការរំខានពីក្រសួងការពារជាតិកម្ពុជា។
យ៉ាងនេះក្តី មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។ ដោយឡែក ក្រមព្រហ្មទណ្ឌ មាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕


###