VOD Khmer /ដោយលោក ញឹម សុខន
06th-4-2026
ក្រោយមានបទឈប់បាញ់ជាង ៣ខែមក ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរឥតឈប់ រហូតដល់ស្រុកជាំក្សាន្ត ក្បែរប្រាសាទព្រះវិហារ បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត តវ៉ាជាង ៧០០ លើកក្តី។
ការណ៍នេះ ជំរុញឱ្យមានការលើកឡើងថា បូរណភាពទឹកដីខ្មែរពេលនេះ កំពុងជួបហានិភ័យធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់ ដោយសំអាងថា ភាពសកម្មតវ៉ារបស់កម្ពុជា ទាំងមិនព្រមប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ វាជាឱកាសទុកពេលឱ្យថៃ ពង្រីកការឈ្លានពានតាមទំនើងចិត្ត។
ការឡើងរបស់អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងបែបនេះ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តចេញលិខិតតវ៉ាជាង ៧០០ លើក ទោះថៃមិនបញ្ឈប់ការឈ្លានពាន។ ហើយថ្មីៗនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និយាយថា កងកម្លាំងប្រដាប់អាវុធថៃ ធ្វើសកម្មភាពឈូសឆាយដី ក្បែរតំបន់ប្រាសាទព្រះវិហារ និងបង្កើនការរាយលួសបន្លា ដាក់ពង្រាយរថពាសដែកនៅតំបន់អូរស្មាច់ និងបុស្សស្បូវ-ជាំតែ ជាដើម។
កាលពីថ្ងៃទី៥ ខែមេសា ក្រសួងការបរទេសកម្ពុជាអះអាងថា កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី ក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ និងរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ ព្រមទាំងពង្រាយរថពាសដែក នៅតំបន់បុស្សស្បូវ-ជាំតែ ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែមេសា និងពង្រាយរថពាសដែក២គ្រឿង ជាមួយកងកម្លាំងជិត ១០០ នាក់ ចូលតំបន់អូរស្មាច់ ខេត្តឧត្ដរមានជ័យ កាលពីដើមខែមេសា។
ប៉ុន្តែភាគីកម្ពុជាមិនបានទាមទារឱ្យថៃ ដកថយ ឬប្រើសិទ្ធិស្វ័យការពារ ដើម្បីបុព្វហេតុការពារទឹកដីទេ ដោយគ្រាន់តែទាមទារឱ្យថៃបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដោយសំអាងថា សកម្មភាពនេះបានរំលោភបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ ដែលផ្ទុយនឹងសេចក្តីប្រកាសរួមរបស់ គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា នៅតែបញ្ជាក់ជំហរថា ខ្លួនគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងនោះទេ ហើយកម្ពុជាប្ដេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ពិសេសនៅក្បែរតំបន់ប្រាសាទព្រះវិហារ គឺវាជាលទ្ធផលនៃភាពកម្សោយ នៃឆន្ទៈនយោបាយរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលបន្តការទូតបែបអង្វរករ និងការអត់ធ្មត់ហួសហេតុ ហាក់ដូចជាធ្វើសម្បទានឲ្យសត្រូវកាន់តែខ្លាំង។
លោកបន្តថា ចំណែក ការមិនដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ឬប្រើសិទ្ធិស្វ័យការពារតាមផ្លូវយោធា លោកថា បានធ្វើឱ្យការតវ៉ាតាមក្រដាសស្នាមជាង ៧០០លើក ក្លាយជាគ្មានន័យអ្វីទាំងអស់។
លោក សេង វណ្ណលី ថ្លែងថា៖ «ការដែលភាគីថៃ នៅតែបន្តមហិច្ឆតារំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា នៅក្បែរតំបន់ប្រាសាទព្រះវិហារ គឺវាជាលទ្ធផលនៃភាពកម្សោយនៃឆន្ទៈនយោបាយរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូត បែបអង្វរករ និងការអត់ធ្មត់ហួសហេតុ ដែលជួនកាលហាក់ដូចជា ការធ្វើសម្បទានឲ្យសត្រូវរំលោភបំពានកាន់តែខ្លាំង»។
លោក វណ្ណលី អះអាងថា ដើម្បីបញ្ចប់ការឈ្លានពានរបស់ថៃ លោក ហ៊ុន ម៉ាណែត ត្រូវតែបោះបង់ចោលមនោគមវិជ្ជាការទូតខ្យល់ ហើយងាកមកអនុវត្តវិធានការដាច់ខាត តាមរយៈការធ្វើអន្តរជាតូបនីយកម្មជម្លោះព្រំដែន ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការដាក់ពង្រាយកម្លាំងទ័ពជួរមុខ ដើម្បីបង្ហាញអំពីអធិបតេយ្យភាពពិតប្រាកដ និងកែទម្រង់ផ្ទៃក្នុងដោយស្ដារនីតិរដ្ឋ គោរពសិទ្ធិមនុស្ស ដើម្បីអាចបញ្ចុះបញ្ចូលពិភពលោក ឲ្យជួយការពារទឹកដីរបស់ខ្លួនបាន។ ផ្ទុយទៅវិញ លោកថា បើមេដឹកនាំមិនផ្លាស់ប្ដូរឥរិយាបថ និងហ៊ានប្រឈមមុខតាមផ្លូវច្បាប់អន្តរជាតិទេ អធិបតេយ្យភាពជាតិខ្មែរ នឹងត្រូវប្រទេសជិតខាងមើលងាយ និងមានប្រៀបជាងទាំងផ្នែកយោធា និងកិត្តិយសអន្តរជាតិ។
យ៉ាងណាក៏ដោយ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនោះ ជាឯកតោភាគី និងកាត់បន្ថយភាពតានតឹងជាដើម។ ថ្លែងក្នុងសន្និសីទនៅថ្ងៃទី៦ ខែមេសា អ្នកនាំពាក្យរូបនេះ ពុំបានបញ្ជាក់ថា កម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិពេលណានោះទេ ដោយគ្រាន់តែសូត្រចាំមាត់ដដែលៗ និងលើកសរសើររដ្ឋាភិបាល និងលោក ហ៊ុន សែន ថា មានស្មារតីសាមគ្គីជាតិ និងការផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ។
លោក ប៉ែន បូណា ថ្លែងថា៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីនៃក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទិសទី តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះវីរយុទ្ធជនដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក»។
ចំណែកមន្ត្រីគណបក្សប្រឆាំងមើលឃើញផ្ទុយស្រឡះពីនេះ។ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន និយាយថា ថៃបន្តឈ្លានពានស្រេចចិត្តដល់ជិតប្រាសាទព្រះវិហារ ព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អសមត្ថភាព។ លោកគូសបញ្ជាក់ថា ចំណែក ការមិនប្រើសិទ្ធិស្វ័យការពារ ដោយសារតែ លោក ហ៊ុន ម៉ាណែត ខ្លាចថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់លើផ្ទះធ្វើឱ្យបាត់បង់អំណាច។
លោក អ៊ុំ សំអាន ថ្លែងថា៖ «អ្វីដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវធ្វើជាបន្ទាន់ គឺត្រូវប្រើសិទ្ធិស្វ័យការពារ គឺយកកងកម្លាំងប្រដាប់អាវុធកម្ពុជាទៅរារាំងទប់ស្កាត់ មិនឲ្យរាយបន្លាលួសយកដីខ្មែរស្រេចតែចិត្ត ដាក់ទូកុងតឺន័រ ឬជីកប្រឡាយលើដីខ្មែរស្រេចចិត្ត ហា៎! នេះជារឿងត្រូវធ្វើបន្ទាន់។ ជំហានបន្តបន្ទាប់ គឺត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងប្តឹងថៃទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទាមទារឲ្យថៃដកទ័ពចេញពីទឹកដីកម្ពុជា»។
ជុំវិញករណីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ថៃអាចពង្រីកការឈ្លានពានដីខ្មែរ ស្ទើររាល់ថ្ងៃនេះ ដោយសាររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អន់ និងមិនប្រើវិធានការការពារខ្លួន ឬហ៊ានប្ដឹងថៃ ទៅតុលាការអន្តរជាតិជាផ្លូវការ។
លើសពីនេះ លោកថា តែលោក ហ៊ុន ម៉ាណែត ពូកែធ្វើបាបពលរដ្ឋខ្លួនឯង ចាប់ខ្មែរដែលបញ្ចេញមតិរឿងព្រំដែនដាក់គុក ដើម្បីគំរាមបំបិទមាត់ ហើយបង្កើតកម្មវិធីសប្បាយៗ ដើម្បីឱ្យពលរដ្ឋនិងយុវជនភ្លេចរឿងថៃឈ្លានពាន ដែលការណ៍នេះលោកថា ជាការកម្ទេចស្មារតីជាតិនិយម ហាក់ជាការទុកឱកាសឱ្យសត្រូវសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ។
លោក ម៉ែន ណាត ថ្លែងថា៖ «អាហ្នឹងអញ្ចឹង! ត្រូវតែការពារខ្លួន ដើម្បីកុំឲ្យបរទេសហ្នឹងមើលស្រាលកម្ពុជា។ សៀមមិនត្រូវមើលងាយកម្ពុជា ដោយភាគីកម្ពុជា រដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិត្រូវប្រើសិទ្ធិការពារខ្លួន ជាសិទ្ធិស្របច្បាប់អន្តរជាតិ ហើយទីពីរគឺត្រូវប្រើសិទ្ធិប្ដឹង ពេលវេលាហ្នឹងវាសមល្មមហើយ ជាងកន្លះឆ្នាំ ល្មមអាចប្ដឹងថៃទៅកាន់តុលាការអន្តរជាតិបាន»។
មាត្រា ៥១ នៃច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចែងថា បើរដ្ឋមួយមកឈ្លានពានរដ្ឋមួយទៀត រដ្ឋដែលរងគ្រោះដោយសារការឈ្លានពាន គឺមានសិទ្ធិការពារខ្លួន។ ការណ៍នេះលោក ម៉ែន ណាត យល់លោក ហ៊ុន ម៉ាណែត ពិតជាអសមត្ថភាពមែនទែន ដោយចេះតែអង្វរថៃចរចាទ្វេភាគី ទោះថៃមិនខ្វល់ចូលតុចរចា ហើយបង្កើនការឈ្លានពានរាល់ថ្ងៃក្ដី។
បើតាមអ្នកឃ្លាំមើល យោធាថៃ បានពង្រីកការឈ្លានពានកម្ពុជាជាង ៣ ខែមកហើយ ចាប់ពីមានបទឈប់បាញ់លើកទី២ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហើយថា បច្ចុប្បន្នរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាក់បាំងព័ត៌មានទីតាំង ដែលត្រូវថៃឈ្លានពានកាន់កាប់ជាង ៥០ ទីតាំងទៀតផង ខណៈរដ្ឋាភិបាលធ្លាប់ប្រកាសទទួលស្គាល់ថា ដីខ្មែរដែលថៃដណ្តើមគ្រប់គ្រង ក្រោយបទឈប់បាញ់មាន ១៤ ទីតាំង។
លើសពីនេះ ពួកគេថា លោក ហ៊ុន ម៉ាណែត បានចាប់ពលរដ្ឋជាង ២០ នាក់ហើយ ដែលឈឺឆ្អាលបញ្ចេញមតិអំពីបញ្ហាព្រំដែនខ្មែរថៃ។ អ្នកឃ្លាំមើល យល់ឃើញថា បើលោក ហ៊ុន ម៉ាណែត ហ៊ានដេញទាហានថៃពីដីខ្មែរ ដូចដេញចាប់ពលរដ្ឋខ្លួនឯងយកទៅដាក់គុក និងប្ដឹងថៃ ទៅតុលាការអន្តរជាតិ នោះកម្ពុជាមិនរងការឈ្លានពានម្ដងៗហើយទៀតឡើយ៕

