
ប្រទេសកម្ពុជា កំពុងតែឆ្លងកាត់របត់ថ្មីមួយ នាពេលបច្ចុប្បន្ន ដែលក្រុមអ្នកវិភាគមើលឃើញថា រដ្ឋាភិបាល កំពុងតែភ័យខ្លាចប្រព័ន្ធផ្សព្វផ្សាយ និងអង្គការឯករាជ្យមួយចំនួន កំពុងតែបំពេញបេសកកម្មរបស់ខ្លួន ដើម្បីធ្វើការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាល ភ័យព្រួយអំពីការបាត់បង់អ្នកគាំទ្រកាន់តែច្រើន នៅក្នុងការបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ដែលបញ្ហានេះជំរុញឲ្យរដ្ឋាភិបាល ប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានវិជ្ជាជីវៈ ឯករាជ្យ បន្តការផ្សាយរបស់ខ្លួនបាន។ អ្នកវិភាគលើកឡើងថា «រដ្ឋាភិបាល កំពុងដឹកនាំប្រទេសបែបផ្ដាច់ការ នៅក្នុងរបបប្រជាធិបតេយ្យ» ដើម្បីគ្រប់គ្រងអំណាចរបស់ខ្លួនបន្ត ទោះបីជាសកម្មភាពដឹកនាំបែបនេះ ផ្ទុយទៅនឹង រដ្ឋធម្មនុញ្ញ ក្ដី។
(RFA Khmer, ដោយ ទីន ហ្សាការីយ៉ា 31-8-2017)
ការលើកឡើងរបស់អ្នកវិភាគបែបនេះ នៅស្របពេលរដ្ឋាភិបាលបានបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្ដេញបុគ្គលិកអង្គការនេះជាជនបរទេសឲ្យអស់ពីកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានបិទស្ថានីយវិទ្យុមួយចំនួនដែលបានផ្សាយបន្តវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) និងកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុងហេតុផលមិនគោរពច្បាប់កម្ពុជា។
អ្នកវិភាគលើកឡើងថា ស្ថាប័ននីតិប្រតិបត្តិបានក្ដោបក្ដាប់អំណាចដែលរំលោភលើស្ថាប័នពីរទៀត គឺស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍នៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី២៩ សីហា ថាកម្ពុជា បានទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្ស សភានិយម នៅក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា ចែងយ៉ាងច្បាស់អំពីអំណាចទាំង ៣ ឲ្យដាច់ពីគ្នា គឺស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ ហើយតុលាការត្រូវឯករាជ្យ និងត្រូវគោរពសិទ្ធិមនុស្ស។ ក៏ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ មិនគោរពតាមរដ្ឋធម្មនុញ្ញនោះឡើយ អំពើរំលោភសិទ្ធិមនុស្ស នៅតែកើតមានជាហូរហែ មេដឹកនាំ ឬនាយករដ្ឋមន្ត្រី ចង់ធ្វើអ្វីស្រេចតែចិត្ត ឬផ្ដាច់ការ៖ «»។
ឆ្លើយតបនឹងការលើកឡើងរបស់អ្នកវិភាគនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា កម្ពុជា ជាប្រទេសនីតិរដ្ឋ ហើយរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ៖ «»។
ទោះបីជាបែបនេះក្ដី សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣១ សីហា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ខណៈរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលនោះ។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) មានប្រសាសន៍ថា ការបង្ក្រាបនេះ គឺជាការកើនឡើងយ៉ាងខ្លាំងនៃចលនារបស់ រដ្ឋាភិបាល ប្រឆាំងនឹងសំឡេងឯករាជ្យ ដែលសំដៅទៅលើជោគវាសនានៃ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជាពិសេសការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ ។ លោកបន្ថែមថា រដ្ឋាភិបាលបង្កឲ្យមានបរិយាកាសភ័យខ្លាចនេះជាច្រើនឆ្នាំមកហើយ ដែលជាយុទ្ធសាស្ត្ររបស់ គណបក្សប្រជាជនកម្ពុជា ដើម្បីកាន់អំណាចបន្តទៀត។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក វិញ អ្នកស្រី ហ៊េតថឺ ណើត (Heather Nauert) បានថ្លែងភ្លាមៗក្រោយពីរដ្ឋាភិបាលបានបិទអង្គការ NDI កាលពីថ្ងៃទី២៣ សីហា ថា សហរដ្ឋអាមេរិក សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃបរិយាកាសប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ជាពិសេសចំណាត់ការលើអង្គការសង្គមស៊ីវិល សារព័ត៌មាន និងអង្គការ NDI។
អ្នកស្រីបន្ថែមថា ការបណ្តេញអង្គការ NDI ការបិទស្ថានីយវិទ្យុតែមួយគត់ ដែលជាដៃគូរបស់ គណបក្សប្រឆាំង និងការស៊ើបអង្កេតពីការបង់ពន្ធ លើអង្គភាពសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិល រួមមានកាសែត ឌឹ ខេមបូឌា ដេលី វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី អង្គការលីកាដូ (LICADHO) អាដហុក (ADHOC) និងខុមហ្វ្រែល (COMFREL) គឺជាការគាបសង្កត់ គឺជាការបិទសិទ្ធិសេរីភាពសារព័ត៌មាន និងលទ្ធភាពធ្វើការងាររបស់ អង្គការសង្គមស៊ីវិល។
អ្នកវិភាគបញ្ជាក់ថា នៅក្នុងប្រទេសដែលដឹកនាំ តាមបែបកុម្មុយនីស្ត គឺរដ្ឋាភិបាលនោះ មិនត្រូវការដៃគូ អង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានណា ដែលរិះគន់រដ្ឋាភិបាលឡើយ។ រដ្ឋាភិបាលបែបនេះ តែងតែភ័យខ្លាចស្ថាប័នព័ត៌មានឯករាជ្យ ដែលស្ថាប័នព័ត៌មានទាំងនោះ តែងតែលាតត្រដាង នូវអំពើពុករលួយ និងភាពអសកម្ម ដែលរដ្ឋាភិបាល ចង់បិទបាំងនោះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋ ដែលបង្កើតឲ្យមានស្ថាប័នប្រជាធិបតេយ្យ ដែលជារបៀបចាត់ចែងរបស់រដ្ឋ ដើម្បីរួមចំណែកយ៉ាងសកម្មនោះ គឺមានតួអង្គបីសំខាន់ ទី១ អង្គការសង្គមស៊ីវិល ទី២ គណបក្សនយោបាយ និងបណ្ដាញសារព័ត៌មាន វិស័យឯកជន។ លើសពីនេះទៀត លោកបណ្ឌិត ចាន់ វិបុល អះអាងថា តាមការស្រាវជ្រាវរបស់លោករកឃើញថា តំណាងរាស្ត្រ មិនបានបំពេញនូវតួនាទីរបស់ខ្លួន ឲ្យបានពេញលេញ ដូចដែលបានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នោះទេ តំណាងរាស្ត្របច្ចុប្បន្នទៅជាតំណាងបក្ស បញ្ហានេះដែលធ្វើស្ថាប័ននីតិប្រតិបត្តិគ្របលើស្ថាប័ននីតិប្បញ្ញត្តិ៖ «»។
លំហូរសេរីនៃព័ត៌មាន និងគំនិតស្ថិតនៅក្នុងបេះដូងនៃរបបប្រជាធិបតេយ្យ ដែលមានសារសំខាន់ចំពោះការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ នៅក្នុងប្រទេសមួយដែលគ្មានការគោរពដល់សេរីភាពនៃការបញ្ចេញមតិ រួមមានសិទ្ធិស្វែងរក ទទួលបាន និងចែករំលែកព័ត៌មាន ព្រមទាំងគំនិតទេនោះ គេមិនអាចអនុវត្តសិទ្ធិបោះឆ្នោតបានឡើយ ហើយការរំលោភសិទ្ធិមនុស្សកើតមានយ៉ាងស្ងៀមស្ងាត់ និងគ្មានមធ្យោបាយបកអាក្រាត លាតត្រដាងរដ្ឋាភិបាលពុករលួយ និងអសមត្ថភាពដែរ។
អ្នកវិភាគលើកឡើងថា រដ្ឋាភិបាលបិទអង្គការ NDI និងស្ថានីយវិទ្យុមួយចំនួនក្រោមហេតុផលអនុវត្តច្បាប់នេះ ជាចេតនាដើម្បីបំបិទសិទ្ធិទទួលបានព័ត៌មានឯករាជ្យរបស់ពលរដ្ឋ ដែលជាយុទ្ធសាស្ត្របំបិទសំឡេងអ្នករិះគន់រដ្ឋាភិបាលនៅមុនការបោះឆ្នោតមកដល់ ដែលជាសកម្មភាពដឹកនាំបែបផ្ដាច់ការអនុវត្តនៅក្នុងរបបប្រជាធិបតេយ្យ៕