Captureសឆសឆឹឆ

ម៉ែន ណាត ប្រាប់ទៅ ហ៊ុន ម៉ាណែត ឲ្យ​«ប្ដឹង​យក​កោះ​ត្រល់​វិញ»

(ដោយ៖ មនោរម្យ.អាំងហ្វូ (info@monoroom.info)- ភ្នំពេញ ថ្ងៃទី០១ វិច្ឆិកា ២០១៧)

សង្គ្រាមប៉ាកកា រវាងលោក ហ៊ុន ម៉ាណែត កូន​ប្រុស​នាយក​រដ្ឋមន្ត្រី និង​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ពី​ប្រទេស​ន័រ​វែស កំពុង​បន្ត​ផ្ទុះ​ទៅ​មុខ និង​ជា​បន្ត​បន្ទាប់។ ការ​បបួល​ភ្នាល់ ពី​សំណាក់​កូន​ប្រុស​នាយក​​រដ្ឋមន្ត្រី កាល​ពី​ម្សិល​មិញ បាន​ទទួល​បាន​ចម្លើយ​តប​នៅ​ថ្ងៃ​នេះ ពីលោក ម៉ែន ណាត វិញ​ថា លុះ​ត្រាណា​លោក ហ៊ុន សែន យល់​ព្រម​តាម​លក្ខខណ្ឌ ៣ យ៉ាង របស់​លោក​វិញ​ដែរ។

ទះដៃមួយ​ចំហៀង មិន​ឮ​ទេ! បើ​មាន​ការ​បបួល​ភ្នាល់ ពី​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​នឹង​លក្ខខណ្​ឌមួ​យចំនួន​នោះ ពេលនេះ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពី​ប្រទេស​ន័រវែស ក៏​បាន​លើក​ឡើង​ពី​លក្ខ​ខណ្ឌ​ចំនួន ៣ តប​ទៅ​លោក ម៉ាណែត វិញ​ដែរ។ លក្ខខណ្ឌ​ទាំង​បី​នេះ សុទ្ធ​សឹង​ទាក់​ទង នឹង​សំនុំ​រឿង​ព្រំដែន ខ្មែរ​-​យួន​ដ៏​រសើប។

ដើម្បី​បំពេញ​លក្ខខណ្ឌ​ទាំង ៣ លោក ម៉ែន ណាត ដែល​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ល្បី​នោះ បាន​ទុក​ពេល ៤ សប្តាហ៍ ឲ្យ​កូន​ប្រុស​ច្បង​នាយ​ករដ្ឋមន្ត្រី។ លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ពី​លក្ខខណ្ឌ​ទាំង ៣ នោះ ក្នុង​ការ​ដក​ស្រង់​ទាំង​ស្រុង ដូច​ខាង​ក្រោម៖

១) ត្រូវយកបង្គោលព្រំដែន កម្ពុជា​-​វៀតណាមទាំង ១២៤ (ស្រប​តាម​អនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ​១៨៧៣) ដែល​ជា​បង្គោល​បន្សល់​ទុក​ពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូច​ដែល​សម្តេច​តា នរោត្តម សីហនុ បាន​ស្នើ​ទៅលោក ហ៊ុន សែន និង​សម្តេចក្រុមព្រះ កាល​ពី​ឆ្នាំ​១៩៩៣​-​១៩៩៤។

២) ត្រូវ​ដក​បង្គោល​ព្រំដែន​ថ្មី ទាំង​អស់ បោះ​ចោល ពី​ព្រោះ​វា​បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ តាម​សន្ធិ​សញ្ញា​ព្រំដែន​បន្ថែម ឆ្នាំ​២០០៥ រួមទាំង​ត្រូវ​ដក​បង្គោល​ព្រំដែន នៅ​ក្នុង​ស្រុក​ភូមិ​កំណើត​របស់​លោកតា ហេង សំរិន នៅ​ត្បូង​ឃ្មុំ​ផង។

៣) ត្រូវចាប់ផ្តើមប្តឹងផ្តល់ ទៅ​តុលាការ​អន្តរជាតិ ទាម​ទារ​យក កោះត្រល់ និង កោះ​ក្រចកសេះ មក​​ឲ្យ​ខ្មែរ​វិញ។ រឿង​នេះ​គឺ ឪពុក​របស់ ម៉ាណែត ជា​អ្នក​ចុះ​សន្ធិ​សញ្ញា​ព្រំដែន​ទឹក ជាមួយ​វៀតណាម ខែ​កក្កដា ឆ្នាំ​១៩៨២។

កាល​ពីម្សិល​មិញ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម បបួល​លោក ម៉ែន ណាត ភ្នាល់​ដាក់​ទឹក​ប្រាក់ ២០០ លានដុលារ និង​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន បន្ទាប់ពីលោក ម៉ែន ណាត តែង​បង្ហោះ​សារ​ម្ដង​ហើយ​ម្ដង​ទៀត នៅ​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន ម៉ាណែត បាន​លាក់​ប្រាក់ ២០០ លាន​ដុល្លារ​នោះ នៅ​ក្នុង​ធនាគារ បេអិនប៉េ (BNP) និង​បាន​ចូល​រួម​ដេញ​ថ្លៃ ក្នុង​តម្លៃ​ជាង ៥០ លាន​អ៊ឺរ៉ូ យក​អាគារ​ទីស្នាក់​ការ របស់​គណ​បក្ស​សង្គម​និយម ក្នុង​ប្រទេស​បារាំង។ កូន​ប្រុស​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ពេល​ទៅ​លោក ម៉ែន ណាត ២ សប្ដាហ៍ ដើម្បី​បង្ហាញ​ពី​ភស្ដុតាង នៃ​ការ​លើក​ឡើង​ខាង​លើ ឬ​បើ​មិន​ដូច្នេះទេ លោក ម៉ែន ណាត ត្រូវ​ធ្វើ​លិខិត​សុំទោស និង​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន​ដូច​គ្នា។

«បោក​ក្មេង»

ការ​បបួល​ភ្នាល់​ខាងលើ ត្រូវ​បាន​លោក ម៉ែន ណាត បដិសេធ​ភ្លាមៗ ដោយ​លើក​យក​ហេតុ​ផល​ថា៖ «ប្រទេស​បារាំង និង​សម្ព័ន្ធមិត្ត​របស់​គេ រួម​ទាំង​អាមេរិក គេ​ចេះ​ស៊ើប​អង្កេត រឿង​លុយ​កាក់​របស់​ត្រកូល ហ៊ុន ហើយ។ ហេតុ​នេះ ម៉ាណែត! ពួក​យើង​មិន​បាច់​ភ្នាល់ យក​ឈ្នះ​ចាញ់​គ្នា​ទេ»។

រីឯ​លោក ប៉ាង សុខឿន ដែល​មាន​រហស្សនាម «ខ្មែរ សុវណ្ណភូមិ» បាន​ចាត់​ទុក​ការ​បបួល​ភ្នាល់ របស់​លោក ហ៊ុន ម៉ាណែត ថា​ធ្វើ​ឡើង គ្រាន់​ដើម្បី«បោកក្មេង» និង​បោក​អ្នក​គាំទ្រ​ឲ្យ​ជឿ ទាំង​គ្មាន​ការ​ពិចារណា​ប៉ុណ្ណោះ។ លោក ប៉ាង សុខឿន ដែល​រស់​នៅ​ក្នុង​ប្រទេស​ន័វែស​ដែរ បាន​សរសេរ​ពន្យល់ ជំនួស​លោក ម៉ែន ណាត នៅ​លើ​បណ្ដាញ​សង្កម​ថា ការ​ភ្នាល់​នេះ មិន​អាច​កើត​ឡើង​បាន​ឡើយ ព្រោះ​«ហ៊ុន ម៉ាណែត ដឹង​ថា លោក ម៉ែន ណាត មិន​អាច​ធ្វើ​បាន» ខណៈ​ការ​ស្នើ​សុំ​រក​ឯកសារ​ធនធាន​របស់​នរណា​ម្នាក់ ពី​ធនាគារ​នៅ​បស្ចឹម​លោក មិន​មែន​នរណាៗ ក៏​ចេះ​តែ​អាច​ចូល​ទៅ​យក ឬ​ចូល​ទៅ​មើល បាន​ដោយ​គ្មាន​ច្បាប់​ទម្លាប់​​នោះ​ទេ។

«លើកទង់ជ័យស?»

សម្រាប់លោក ហ៊ុន ម៉ាណែត វិញ បាន​ចំអក​ចំពោះ​ការ​បដិសេធ របស់​លោក ម៉ែន ណាត ថា​ជា​ការ​«លើក​ទង់ជ័យ​ស ចុះ​ចាញ់»​យ៉ាង​លឿន និង​បាន​ចាត់​ទុក​ហេតុ​ផល នៃ​ការ​បដិសេធ​នេះ គឺ​ជា​ការ​សារភាព​ថា លោក ម៉ែន ណាត និង​ក្រុម​របស់​លោក មិន​មាន «ភស្តុតាង​​ពិត​ប្រាកដ»​ឡើយ ចំពោះ​សំនុំ​រឿង​លាក់​ប្រាក់ ២០០ លាន​ដុល្លារ នៅ​ឯធនាគារ និង​ការ​ដេញ​ថ្លៃ​អាគារ​ទីស្នាក់​ការ គណ​បក្ស​សង្គម​និយម នៅ​ក្នុង​ប្រទេស​បារាំង។

ប៉ុន្តែលោក ម៉ែន ណាត មិន​ប្រាកដ​ថា បាន​លើក​ទង់ជ័យ​ស​នោះ​ទេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​ បាន​ប្រាប់​លោក ហ៊ុន ម៉ាណែត ឲ្យ​រង់​ចាំ​ដល់​ប្រទេស​កម្ពុជា មាន​មេដឹកនាំ​ជាតិ​«ល្អ»​ជា​មុន​សិន និង​បញ្ជោះ​ឲ្យ​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី គួរ​បំពេញ​លក្ខ​ខណ្ឌ​ទាំង ៣ ខាង​លើ​របស់​លោក ដែល​​សុទ្ធ​សឹង​ជា​លក្ខណៈ ងាយ​នឹង​ធ្វើ​បាន ព្រោះ​លោក ហ៊ុន ម៉ាណែត មាន​ឪពុក​ដែល​អង្គុយ​ក្នុង​តំណែង តាំង​ពី​ជាង ៣០ ឆ្នាំ ហើយ​មាន «ទំនាក់​ទំនង​ល្អ ជាមួយ​វៀតណាម​ស្រាប់​ផង»។

លោក ម៉ែន ណាត បាន​សរសេរ​បន្ត​ថា៖ «បើ ម៉ាណែត មិន​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ គឺ​ថា​រឿង​ភ្នាល់​គ្នា​នេះ ត្រូវ​រង​ចាំ​ដល់​កម្ពុជា មាន​អ្នក​ដឹកនាំ​ល្អ ជា​មុន​សិន។ ដល់​ពេល​នោះ ខ្ញុំ​នឹង​យក​ឯកសារ​ពាក់ព័ន្ធ​រឿង​លុយ​កាក់ របស់​ក្រុម​គ្រួសារ ម៉ាណែត ដែល​ផ្ញើ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់ ជូន ម៉ាណែត ជា​ទី​ពេញ​ចិត្ត​តែ​ម្តង។»

Captureដដរ