c53cca74-9833-4070-a478-c5e99acc11c1

ក្រោយពីរដ្ឋាភិបាល​លោក ហ៊ុន សែន រដ្ឋសភា​របស់​ព្រះ​អង្គម្ចាស់ នរោត្តម រណប្ញទ្ធិ និ​ងព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី បាន​ផ្តល់​សច្ចាប័នលើ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ទៅ​លើ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ​​១៩៨៥ ជាមួយ​វៀតណាម​នោះមក ​រដ្ឋាភិបាល​​កម្ពុជា និង​វៀតណាម បាន​សម្រេច​បោះ​បង្គោល​​ព្រំដែន​​ថ្មី​​ឡើង​​វិញ ដែល​ធ្វើ​ឲ្យ​ដី​ស្រែ​ចំការ​របស់​ពលរដ្ឋខ្មែរ តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​យួន បាត់បង់​ជា​បន្ត​បន្ទាប់ ទៅ​ខាង​វៀតណាម។ (អត្ថបទ​បន្ថែម​ដោយ ម៉ែន ណាត)


(RFA Khmer ដោយ វ៉ែន សុមេធ, 18-12-2017)

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​​កម្ពុជា​​-​វៀតណាម ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ភ័យ​ព្រួយ​រឿង​សុវត្ថិភាព នៅ​គ្រា​ដែល​អាជ្ញាធរ​​វៀតណាម និង​សមត្ថកិច្ច​របស់​កម្ពុជា បាន​ជូនដំណឹង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​សម្បែង​​ដោយ​បង្ខំ ដោយ​លើក​ហេតុផល​ថា លំនៅឋាន​ដែល​ពួកគាត់​កំពុង​រស់នៅ​កៀក​ព្រំដែន។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ ឃុំ​ថ្នាធ្ងង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ចាត់​ទុក​ការ​បង្ខំ​ឲ្យ​ពួកគាត់​ ឲ្យ​រុះរើ​លំនៅឋាន របស់​អាជ្ញាធរ​វៀតណាម និង​អាជ្ញាធរ​ខ្មែរ គឺ​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ កម្ពុជា​-វៀតណាម នៃ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខ្មែរ ជូនដំណឹង​ទៅ​ពលរដ្ឋ​មួយ​គ្រួសារ ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ជាបន្ទាន់​ ដោយ​សំអាង​ថា លំនៅឋាន​នោះ​ក្បែរ​ “តំបន់​.ស”។ លោក​ថា ផ្ទះ​ពលរដ្ឋ​ក្រី​ក្រី​មួយ​គ្រួសារ ​ដែល​អាជ្ញាធរ​វៀតណាម ​បង្គាប់​ឲ្យ​រុះរើ​នោះ​មាន​ទំហំ ទទឹង ៣ ​ម៉ែត្រ បណ្ដោយ ៤ ​ម៉ែត្រ ទើប​សាង​សង់​​បាន​ជាង​ ២ ខែ ឋិត​នៅ​ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន ជាង ៣០០ ​រយ​ម៉ែត្រ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​គ្រួសារ​នោះ កំពុង​បារម្ភ​ថា គ្មាន​ផ្ទះសម្បែង​រស់នៅ នៅ​គ្រា​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ពី​ដី​ដែល​ដូនតា​ចែក​ឲ្យ៖ «គេ​ដោះ​ជញ្ជាំង​ចេញ​អស់ហើយ នៅ​សល់​តែ​ឈើ និង​ដំបូល ហើយ​គាត់​ថា យប់​នេះ​មិន​ដឹង​ដេក​នៅ​ណា​ទេ។ ខ្ញុំ​យល់ថា គាត់​សាងសង់​ត្រឹមត្រូវ​ហើយ គឺ​សាងសង់​លើ​ដី​ខ្មែរ»។

កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ធ្នូ អាជ្ញាធរ​វៀតណាម បាន​ជូនដំណឹង​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្តល់​ព័ត៌មាន​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ ឈ្មោះ យោក នី ត្រូវ​ប្រញាប់​រុះរើ​លំនៅឋាន ឋិត​នៅ​ភូមិ​ថ្នា ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្នាធ្នង់ លោក អ៊ុយ សុវណ្ណារិទ្ធិ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​ អាស៊ីសេរី​ ដោយ​លោក​ចុះ​ផ្ដាច់​ទូរស័ព្ទ។

ចំណែក​មេឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅឡើយ​ទេ តែ​យ៉ាងណា​លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ នឹង​ចុះ​ស៊ើបអង្កេត​រឿង​នេះ​ នៅ​ពេល​ឆាប់ៗ​នេះ៖ «ចាំ​មើល​ខ្ញុំ​ជួប​សិន តើ​មូលហេតុ​អី​បាន​ឲ្យ​រុះរើ​បញ្ហា​ហ្នឹង​។ ចាំ​ខ្ញុំ​មើល​សិន»។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា សមត្ថកិច្ច​ខ្មែរ និង​វៀតណាម ​ គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ ​រុះរើ​លំនៅឋាន​ចេញពី​ដី​ ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​កាតព្វកិច្ច​​ដោះស្រាយ​រឿង​នេះ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​អយ្យការ និង​តុលាការ។ លោក​បន្ថែម​ថា អាជ្ញាធរ​វៀតណាម​ គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ខ្មែរ រុះរើ​លំនៅឋាន​ពលរដ្ឋ​របស់​ខ្លួន ព្រោះ​ជា​ដែន​អធិបតេយ្យ​កម្ពុជា៖ «អាជ្ញាធរ​ព្រំដែន​ជាតិ សុំ​ពិនិត្យ​រឿង​នេះ​ឲ្យ​ច្បាស់ បើ​ផ្ទះ​ហ្នឹង​លើ​ដី​កម្ពុជា ជា​រឿង​មួយ​មិន​សម​ហេតុផល ព្រោះ​ផ្ទះ​ហ្នឹង​ឋិត​នៅ​តំបន់​ព្រំដែន តំបន់​អភិវឌ្ឍន៍​អ៊ីចឹង»។

លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋ​ខ្មែរ​ទៅ​តាំង​ទីលំនៅ​ក្បែរ​ព្រំដែន គួរតែ​អាជ្ញាធរ​លើកទឹកចិត្ត ព្រោះ​វា​ជា​របង​ការពារ​ពី​ការរំលោភ​ដែន​អធិបតេយ្យ​ពី​ប្រទេសជិតខាង។

នៅ​ឃុំ​ថ្នាធ្ងន់ គឺជា​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​គ្រួសារ​ ធ្លាប់​ចោទ​អាជ្ញាធរ​វៀតណាម​ថា រំលោភ​ដីស្រែ​ចម្ការ​ច្រើន​ហិកតារ ដោយ​បោះ​បង្គោល​រំកិល​ចូល​ដី​ខ្មែរ។ កាលពី​ឆ្នាំ​២០១៤ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​លេខ​ ១៤៧ និង ១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង ក្នុង​នោះ​​មាន​ពលរដ្ឋ​ជិត ១០០ ​នាក់ បាន​លើកគ្នា​មក​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់ និង​គំរាមកំហែង​ ពី​អាជ្ញាធរ​ខ្មែរ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ធ្លាប់​លើក​ឡើង​ថា បញ្ហា​រណប​វៀតណាម អាច​ធ្វើ​ឲ្យ​វៀតណាម រំលោភ​យក​ដី​បាន​តាម​ចិត្ត ហើយ​ពលរដ្ឋ​ខ្មែរ​ នៅតែ​រងគ្រោះ​ជា​បន្ត៕