Capturedfere

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​ប្រឆាំង​ជំទាស់​ជា​ដាច់​ខាត ចំពោះ​ការ​បន្ត​បោះ​បង្គោល​ព្រំដែន​​​កម្ពុជា​-​វៀត​ណាម ដែល​ធ្វើ​ឡើង​ដោយ​របប​លោក ហ៊ុន សែន ជាមួយ​វៀត​ណាម ពីព្រោះ​ថា ភាគី​របស់​របប​លោក ហ៊ុន សែន មិន​ដែល​មាន​ប្រៀប​ក្នុង​ការ​ចរចា​ដោះ​ស្រាយ​រឿង​នេះ​​ម្តង​ឡើយ។

ជាទូទៅ​ វៀតណាម តម្រូវ​ឲ្យ​របប​លោក ហ៊ុន សែន ទទួល​ស្គាល់​លើ​ឯកសារ និង​សន្ធិ​សញ្ញា​នានា តាំង​ពី​ឆ្នាំ​១៩៧៩ ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥។ ភាគី​របប​លោក ហ៊ុន សែន មិន​ដែល​ប្រឆាំង​ជំទាស់​នឹង​​វៀត​ណាម ម្តង​ណា​ទេ។ ហើយ​សន្ធិ​សញ្ញា​ខុស​ច្បាប់ ឆ្នាំ​១៩៨៥ ត្រូវ​បាន​យក​ទៅ​អនុម័ត​ឡើង​វិញ យ៉ាង​ចម្រូង​ចម្រាស់​បំផុត នៅ​ឆ្នាំ​​២០០៥ ដោយ​ឈ្មោះ​ថ្មី​ថា «សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម លើ​សន្ធិ​សញ្ញា​ព្រំដែន​ឆ្នាំ​​​១៩៨៥» ដោយ​ភ្ជាប់​មក​ជាមួយ​នូវ ផែនទី​ខុស​ច្បាប់ ខ្នាត ១/៥០០០០ (UTM) និង​ផែនទី ១/១០០០០០ (Bonne) បោះ​ពុម្ព​នៅ​វៀតណាម។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​ក្រើន​រំលឹក​របប​លោក ហ៊ុន សែន ជា​ថ្មី​ថា «ត្រូវ​បញ្ឈប់​បោះ​បង្គោល​​ព្រំដែន ជាមួយ​វៀតណាម» ជា​បន្ទាន់ ដោយ​រង់​ចាំ​កម្ពុជា មាន​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ, មាន​ឯកភាព​នយោបាយ, មាន​​សង្គម​ស៊ីវិល និង​មាន​អ្នក​ជំនាញ​ព្រំដែន​ខ្មែរ​ពី​គ្រប់​ភាគី ចូល​រួម​ប្រឹក្សា​យោបល់ និង​ពិនិត្យ​ឡើង​វិញ នូវ​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ។

ករណី​របប​លោក ហ៊ុន សែន នៅ​តែ​មានៈ​បន្ត​បញ្ចប់​រឿង​បោះ​បង្គោល​ព្រំដែន រួម​ទាំង​រឿង​​«កោះត្រល់​»​ផង នោះ​លោក ហ៊ុន សែន និង​របប​របស់​លោក នឹង​ទទួល​ខុសត្រូវ​ចំពោះ​ប្រវត្តិ​សាស្ត្រ។

យើង​ខ្ញុំ​សូម​បញ្ជាក់​ជំហរ​ថា នៅ​ពេល​កម្ពុជា មាន​ឯកភាព​ជាតិ មាន​មេដឹកនាំ​ល្អ ដែល​ស្រឡាញ់​ជាតិ ស្រឡាញ់​​ទឹកដី ពេល​នោះ កម្ពុជា​ត្រូវ​តែ​សើ​រើ និង​ប្តឹង​ប្តល់​ទឹកដី​ខ្មែរ ដែល​បាត់​បង់​យក​មក​វិញ រួម​ទាំង​កោះត្រល់​​ផង ទៅ​តាម​យន្តការ​អន្តរជាតិ តាម​​កិច្ច​ព្រម​ព្រៀង​ក្រុងប៉ារីស និង តុលាការ​អន្តរជាតិ។

ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា

ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវែស) ១០ ខែ​ធ្នូ ឆ្នាំ​២០១៨


មេដឹកនាំ​​វៀតណាម ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​ឯកសារ បោះ​បង្គោល​ព្រំដែន​ នៅ​ត្រឹម​​ឆ្នាំ​ក្រោយ