របាយការណ៍​ក្រុម​ការងារ​១០០​រាត្រី / សម្រួល​និង​បញ្ចូលអត្ថបទ​ដោយ​លោក ម៉ែន ណាត នៃ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា / Updated 20-1-2019

របាយការណ៍​នេះ សូម​ផ្ញើ​ជូន​ឯកឧត្តម វ៉ា គឺមហុង {ប្រធាន​គណៈ​កម្មាធិការព្រំដែន​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា} ជាពិសេស ថា យើង​ខ្ញុំក៏មានទឹកចិត្តស្រលាញ់​ជាតិ​ដូច​ឯកឧត្តម​ដែរ ដូចនេះ​សូម​ឯកឧត្តម យោគ​យល់ និងកុំ​គម្រាម​ចាប់​ចង​យើងខ្ញុំអី។ – ដោយ​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ (Khmer Student Intelligent League Association) / ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

របាយការណ៍បឋម រាត្រី​ទី៣៩
ការ​បាត់​បង់​ដី​នៅ​ព្រំដែន​ច្រមុះ​ជ្រូក ឬ​តំបន់​ចំពុះទា ទៅ​ប្រទេស​វៀតណាម រាប់រយ​ហិចតា

របាយការណ៍​សិក្សា​ស្រាវជ្រាវ ចាប់​ពី​បង្គោល​លេខ ១៩៤ ដល់​បង្គោល​លេខ ១៩៩ ស្ថិត​ក្នុង​ភូមិគោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។

មាតិកា
I. គោលបំណង
II. វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ
III. របកគំហើញ
IV. សេចក្តីសន្និដ្ឋាន

I. គោលបំណង

ការ​ចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​ការងារ ១០០​រាត្រី ក្នុង​រយៈ​ពេល ៣ ថ្ងៃ នៅ​ខេត្ត​ស្វាយរៀង គឺ​ដើម្បី​ចុះមូលដ្ឋាន​សិក្សា​ដោយ​ផ្ទាល់ អំពី​ស្ថានភាព​ព្រំដែន​ជាក់​ស្តែង។ ក្នុង​នោះ​ផង​ដែរ ក្រុម​ការងារ បាន​ចង​ក្រង​ជា​ឯកសារ​មាន​ដូចជា ៖ ការ​ថត​ជា​ខ្សែ​វីដេអូ សាក​សួរ​សម្ភាសន៍​ដោយ​ផ្ទាល់ ជាមួយ​ពលរដ្ឋ អាជ្ញាធរ ការ​អង្កេត​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង និង​ស្វែង​រក​ឯកសារ​ពាក់ព័ន្ធ​នានា។

II. វិធី​សាស្ដ្រ​នៃ​ការ​សិក្សា​ស្រាវជ្រាវ

ក្រុម​ការងារ ១០០​រាត្រី បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដោយ​ចុះ​ទៅ​តាម​មូលដ្ឋាន ជួប​ពលរដ្ឋ និង​អាជ្ញាធរ រួច​ចុះ​ទៅ​អង្កេត​ដោយ​ផ្ទាល់ ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ព្រំដែន និង​នយោបាយ​របស់​ប្រទេស​ជិត​ខាង ក្នុង​ការ​ឈ្លាន​ពាន​កម្ពុជា។ ក្នុង​នោះ​ផង​ដែរ ក្រុម​ការងារ ១០០​រាត្រី បាន​ចង​ក្រង​ជា​ខ្សែ​វីដេអូ ថត​សំឡេង និង មើល​ទៅ​លើ​ទិដ្ឋភាព​ជាក់​ស្ដែង សម្រាប់​ការ​ស្នាក់​នៅ និង​ហូបចុក គឺ​ក្រុម​ការងារ ១០០​រាត្រី បាន​ពឹង​ផ្អែក​ទៅ​លើ​ប្រជា​ពលរដ្ឋ ដែលព្រម​អនុញ្ញាត​ទទួល​ក្រុម​ការងារ ១០០​រាត្រី។

III. របកគំហើញ

បេសសកម្ម ១០០​រាត្រី​នៃ​មហា​គ្រួសារ​ខ្មែរ ក្នុង​រាត្រី៣៩ «ការ​បាត់បង់​ដី​នៅ​ព្រំដែន​ តំបន់​ច្រមុះជ្រូក ឬ​​តំបន់​ចំពុះទា ទៅ​ប្រទេស​វៀតណាម រាប់​រយ​ហិចតា» ក្រោយ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា នៅ​បង្គោល​ព្រំដែន​ លេខ ១៩៦ ដល់​បង្គោល​លេខ ១៩៩ ដែល​ស្ថិត​ក្នុង​តំបន់​ព្រំដែន​ ច្រមុះជ្រូក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជំពុះទា ស្ថិត​ក្នុង​ភូមិ​គោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ព្រំដែន​នោះ​នៅ​ជាប់​ ខេត្តឡុងអាន ស្រុកមុខវ៉ា ឃុំមុខវ៉ា ប្រទេស​វៀតណាម។ ក្រោយការសិក្សាស្រាវជ្រាវ ក្រុម​ការងារ ១០០​រាត្រី បាន​រក​ឃើញ​ដូច​ខាង​ក្រោម ៖

ទី១. ការ​បាត់បង់​ទឹក​ដី​កម្ពុជា​រាបរយ​ហិតតា ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​លេខ ១៩៤ ដល់ ១៩៩

ក្រោយ​ការ​បោះ​បង្គោល​ព្រំដែន ជាមួយ​វៀតណាម ដែល​ស្ថិត​ក្នុង​តំបន់​ព្រំដែន​ តំបន់​ច្រមុះជ្រូក ឬ ចំពុះទា ក្នុង​​ភូមិ​គោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​ខេត្តឡុងអាន ស្រុកមុខវ៉ា ឃុំមុខវ៉ា ប្រទេស​​វៀតណាម ដែល​ជា​ទឹកដី​កម្ពុជាក្រោម។

កម្ពុជា​បាន​បាត់បង់​ទឹកដី​របស់​ខ្លួន នៅ​ក្នុង​តំបន់​ព្រំដែន ចន្លោះ​បង្គោល​លេខ ១៩៤ ដល់​បង្គោល​លេខ ១៩៩។ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ នៅ​ក្នុង​ឆ្នាំ​២០០៩ បាន​​បង្ក​ឲ្យ​កម្ពុជា ខាត និង​បាត់បង់​ទឹកដី​របស់​ខ្លួន ទៅ​ប្រទេស​វៀតណាម។ បង្គោល​ព្រំដែន លេខ ១៩៤​, ១៩៥​, ១៩៦​, ១៩៧​, ១៩៨​, និង​បង្គោល​លេខ ១៩៩ ដែល​បាន​បោះ​ជំនួស​បង្គោល​ចាស់ ដែល​សល់​ពី​សម័យ​បារាំង គឺ បង្គោល​លេខ ១៣៥​, ១៣៦​, ១៣៧​, ១៣៨​, ១៣៩​, និង​បង្គោល​លេខ ១៤០។

បង្គោល​ចាស់​ទាំង​នោះ សុទ្ឋ​តែ​មាន​ចម្ងាយ​ឆ្ងាយ​ពី​បង្គោល​ថ្មី ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០០៩ ចូល​មក​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​​ទាំងអស់ ដូចជា​បង្គោល​លេខ ១៩៩ ត្រូវ​បាន​បង្ខិត​ចូល​កម្ពុជា មក​ក្នុង​ចម្ងាយ ២ គីឡូ​ដី ពី​បង្គោល​ចាស់ គឺ​បង្គោល​លេខ ១៤០។ ពលរដ្ឋ​ក្នុង​តំបន់ បាន​អះអាង​បន្ថែម​ថា ទំហំ​ផ្ទៃ​ដី​ដែល​បាន​បាត់បង់ ទៅ​ប្រទេស​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ​នេះ ចាប់​ពីបង្គោល​លេខ ១៩៤ ដល់​បង្គោល លេខ ១៩៩ គឺ​ប្រហែល​រាប់​រយ​ហិចតា ដែល​វៀតណាម បាន​ឈ្លានពាន​យក។

ទី២. ពលរដ្ឋក្នុង​តំបន់ អះអាង​អំពី​ការ​បាត់​បង់​ដី​ស្រែ​ចំការ​របស់​ខ្លួន ក្រោយ​ការ​ធ្វើ​ផ្លូវ​របស់​វៀតណាម​រួច​ ក្នុង​ឆ្នាំ​២០១៥ នេះ។ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​បាត់​បង់​ដី​ស្រែ​ចម្ការ ខ្លះ ១០​ហិចតា, ខ្លះ ៥​ហិចតា និង ខ្លះ ២​ហិចតា ដែល​គ្មាន​ដំណោះ​ស្រាយ និង គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​រដ្ឋាភិបាល។

ទី៣. យុទ្ឋសាស្ត្រ​ក្នុង​ការ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម ក្នុង​បង្គោល​លេខ ១៩៤ ដល់ ១៩៩

ភូមិសាស្ត្រ​ក្នុង​តំបន់​នោះ ជា​តំបន់​ទឹក​លិច​ក្នុង​រដូវ​វស្សា ដោយ​ហេតុ​ថា វៀតណាម​មាន​ការ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ ហេដ្ឋា​រចនា​សម្ព័ន្ឋ មន្ទីរ​ពេទ្យ សាលា​រៀន​ក្នុង​តំបន់ ខុស​ប្លែក​អំពី​កម្ពុជា​ដែល​លំបាក​គ្រប់​យ៉ាង វា​បាន​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​វៀតណាម ក្នុង​ការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា តាម​ព្រំដែន។ ខាង​ក្រោមនេះ ជា​យុទ្ឋសាស្ត្រ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មក​លើ​កម្ពុជា ៖

១. ជា​ដំបូង​វៀតណាម បាន​បញ្ជូន​គិញ ឬ​ចារកម្ម​របស់​គេ មក​ស៊ើប​អង្កេត​ក្នុង​ភូមិ ឃុំ និង​ស្រុក នៅ​តាម​បណ្តោយ​ព្រំដែន ជាពិសេស​ទៅ​តាម​តំបន់​ដែល​គេ​ ត្រូវ​ឈ្លាន​ពាន​យក​ទឹកដី។ ចារកម្ម​នេះ មាន​ច្រើន​រូបភាព​ណាស់ ដូចជា​អ្នក​រើស​អេតចាយ អ្នក​លក់​ការរ៉េម និង​អ្នករកស៊ី ជាដើម។ ហើយ​ផែន​ការ​ក្នុង​លេប​យក​ទឹកដី​ខ្មែរ ក្នុង​តំបន់​ច្រមុះជ្រូកឬ ចំពុះទា គឺ​វៀតណាម​បាន​រៀបចំ​ទុក​ជាយូរ​មក​ហើយ។

២. ផែនការ​បន្ទាប់ គឺ​ការ​បញ្ជូន​ប្រជាជន​របស់​គេ ឲ្យ​មក​រស់នៅ​ក្នុង​តំបន់ ដែល​ត្រូវ​លេប​យក​ទឹកដី ដោយ​វៀតណាម​បាន​ប្រមូល​ប្រជាជន​ក្រីក្រ នៅ​តាម​ខេត្ត​ឆ្ងាយៗ ក្នុង​ប្រទេស​របស់​គេ ឲ្យ​មក​រស់នៅ​ក្នុង​តំបន់​នោះ ក្នុង​ឆ្នាំ​​២០០១ ដោយ​​ឲ្យ​មក​ចាប់​ដី​ក្នុង​តំបន់​ដែល​ត្រូវ​ឈ្លានពាន​យក ធ្វើ​ដូចជា​ដី​សម្បទាន​សង្គម​កិច្ច​របស់​គេ។ តែ​តាម​ការ​ពិត ដី​ទាំង​អស់​នោះ​ ជា​ដី​របស់​ប្រទេស​កម្ពុជា។ ក្រោយ​ពី​ការ​ឲ្យ​មក​ចាប់​ដី​រស់នៅ រដ្ឋាភិបាល​វៀតណាម បាន​ខិតខំ​ជួយ​សាង​សង់​ផ្ទះ ផ្តល់​ថវិកា​កម្ចី​ក្នុង​ការ​រកស៊ី និង​​ជួយ​ការពារ​សុវត្តិភាព​ពលរដ្ឋរបស់​គេ ក្នុង​ការ​ឈ្លាន​ពាន​យក​ដី​ខ្មែរ។

ក្រោយ​មក ក្នុង​ឆ្នាំ​២០១៥ ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម បាន​ចាប់​ផ្តើម​ក៏​សាង​សង់​ផ្លូវ​ថ្នល់​យ៉ាង​រហ័ស ដែល​ផ្លូវថ្នល់​នោះ ធ្វើ​ឡើង​ជា​ខ្សែ​បន្ទាត់​ព្រំដែន ដែល​វៀតណាម ឈ្លាន​ពាន​យក។ សាលា​រៀន មន្ទីរ​ពេទ្យ កន្លែង​កម្សាន្ត ​ទូរគមនាគមន៍ ព័ត៌មាន វៀតណាម​បាន​សងសង់​ជូន​ពលរដ្ឋ​របស់គេ មិន​តែ​ប៉ុណ្ណោះ គេ​បាន​បង្ហាត់​ពលរដ្ឋ​របស់​គេ ឲ្យ​ចេះ​ការពារ​ទឹកដី ដែល​គេ​បាន​ឈ្លាន​ពាន​យក។

៣. ការរារាំងមិនអោយពលរដ្ឋទៅមើលព្រំដែន

ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​យក​ទឹកដី នៅ​តាម​ព្រំដែន​ក្នុង​តំបន់​នោះ​ពី​សំណាក់​វៀតណាម ពលរដ្ឋ អ្នក​សារព័ត៌មាន មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​បាន​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​ក្នុង​តំបន់​នោះ ត្រូវ​បាន​រារាំង​ពី​សំណាក់​អជ្ញាធរ​មូលដ្ឋាន។

៤. បច្ចុប្បន្នភាព​ព្រំដែន​វៀតណាម ចន្លោះ​បង្គោល​ព្រំដែន​ លេខ ១៩៤ ដល់​បង្គោល លេខ ១៩៩

ត្បិត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ទឹក​លិច​យ៉ាង​ណា​ក៏​ដោយ​ចុះ រដ្ឋាភិបាល​វៀតណាម បាន​ខិតខំ​ប្រឹង​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​របស់​គេ ដោយ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ធារា​សាស្ត្រ​គ្រប់​កន្លែង ផ្លូវ​ថ្នល់​ដែល​ធ្វើ​ពី​បេតុង​ពី​ក្រោម និង​ចាក់​កៅស៊ូ​ពី​​លើ តាម​បណ្តោយ​ក្រវ៉ាត់​ព្រំដែន តាម​ភូមិ​ជិត​ព្រំដែន ដែល​មាន​កំពស់​ជាង ៣ ម៉ែត្រ​ពី​ទឹក។ មន្ទីរ​ពេទ្យ សាលា​រៀន ត្រូវ​បាន​អភិវឌ្ឍ ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ ឲ្យ​រស់នៅ​កាន់​តែ​ច្រើន​តាម​បណ្តោយ​ព្រំដែន។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​វៀតណាម ជួយ​ទំនុក​បម្រុង​សាងសង់​ផ្ទះ និង​ផ្តល់​កម្ចី​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​អត់​គិត​ការ​ប្រាក់។ ទាំង​អស់​នេះ ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់ ក្នុង​ការ​ការពារ​ព្រំដែន​របស់​គេ និង​ជា​យុទ្ធសាស្ត្រ​ ក្នុង​ការ​ជំរុញ​លើក​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​របស់​គេ ក្នុង​ការ​ឈ្លាន​ពាន​យក​ទឹកដី​ខ្មែរ​បន្ត​ទៀត។

IV. សេចក្តីសន្ធិដ្ឋាន

ប្រសិន​បើ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​សិក្សា​ឲ្យ​បាន​លំអិត អំពី​យុទ្ធសាស្ត្រ​ឈ្លាន​ពាន​របស់​វៀតណាម មក​លើ​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​ក្នុង​ការ​ការពារ​ទឹកដី និង​ព្រំដែន​ខ្លួន។ ហើយ​រាជរដ្ឋាភិបាល​នៅ​តែ​មាន​ការ​អភិវឌ្ឍន៍​យឺត​យ៉ាវ​នៅ​តាម​បណ្តោយ​ព្រំដែន នោះ​កម្ពុជា​អាច និង​​បាន​បាត់បង់​​ទឹកដី​បន្ត​ទៀត​ នៅ​តាម​ព្រំដែន​ដូច​តំបន់​ប្រមុះ​ជ្រូក​នេះ​ឯង។

សំណួរ

តើ​ពេល​ណា​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន?
បើ​ចាប់​ផ្តើម តើ​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន និង​ចំណាយ​ថវិកា​ប៉ុន្មាន​ក្នុង​ការ​អភិវឌ្ឍន៍?
តើ​រដ្ឋាភិបាល​អាច​បង្ហាញ​ព័ត៌មាន​នេះ ជា​សាធារណៈ​បាន​ទេ?

យោបល់​អ្នក​សិក្សា​ស្រាវជ្រាវ ៖

ទី១. រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យ​បាន​លំអិត អំពី​យុទ្ធសាស្ត្រ​វៀតណាម ក្នុង​ការ​ឈ្លានពាន​កម្ពុជា និង ត្រូវ​ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម មក​លើ​កម្ពុជា​ តាម​ព្រំដែន។

ទី២. រដ្ឋាភិបាល​ត្រូវ​រៀបចំ​ក្រុម​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ពិត​ប្រាកដ និង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ មក​ពី​ស្ថានប័ន​ជាតិ ដូចជា​ ក្រសួង​ផែនការ និង​ស្ថានប័ន​អន្តរជាតិ​ណា​ល្បីៗ រួច​ប្តឹង​ទៅ​តុលាការ​ទីក្រុង​ឡាអេ។

ទី៣. រដ្ឋាភិបាល​មិន​គួរ​អនុញ្ញាត​ឲ្យ​បណ្ឌិត សុខ ទូច ដែល​មិន​មែន​ជា​អ្នក​ជំនាញ​ត្រឹមត្រូវ និង​ធ្វើ​ការ​តាម​អារម្មណ៍ មក​សិក្សា​អំពី​បញ្ហា​ព្រំដែន ដែល​នាំ​ឲ្យ​មាន​ការភាន់​ច្រឡំ​ពី​សំណាក់​ពលរដ្ឋ ចំពោះ​ស្ថានភាព​ព្រំដែន​ពិត។

ទី៤. រដ្ឋាភិបាល​គួរ​មាន​វិធានការ​ចំពោះ​គេញ​បរទេស និង មន្ត្រី​ដែល​ឃុប​ឃិត​ជាមួយ​បរទេស យក​មក​ដាក់​ទោស​តាម​ច្បាប់​ប្រទេស​កម្ពុជា។

ក្រុមការងារ ១០០​រាត្រី សង្ឃឹម​ថា របាយការណ៍​ស្រាវជ្រាវ​នេះ អាច​ចូល​រួម​ចំណែក​ក្នុង​ការ​សិក្សា​អំពី​បញ្ហា​នៃ​តំបន់​ច្រមុះជ្រូក ឬ តំបន់ចំពុះទា ជូន​ដល់​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ទូទៅ ហើយ​ក៏​បាន​ជា​ឯកសារ​ប្រវត្តិសាស្ត្រ សម្រាប់​ក្មេង​ជំនាន់​ក្រោយ ផង​ដែរ។

កំណត់ចំណាំ ៖ ក្រុម​ការងារ ១០០​រាត្រី សូម​ស្វាគមន៍​ចំពោះ​មតិ​រិះគន់​របស់​បងប្អូន​ជន​រួមជាតិ​ក្នុង​ន័យ​ស្ថាបនា និង​ក៏​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជន​រួមជាតិ មេត្តា​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​បន្ត​គាំទ្រ​បេសកកម្ម​របស់​លោក​បណ្ឌិត កែម ឡី ១០០​រាត្រី និង​គ្រួសារ​ខ្មែរ៕


ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ អះអាង​ថា ​វៀតណាម​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ

RFA Khmer /ដោយលោក ម៉ែន សុធីរ
26-4-2015

ពលរដ្ឋ​រស់​នៅ​ឃុំ​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាប់​នឹង​ព្រំដែន​វៀតណាម នៅ​តែ​បារម្ភ​ពី​ការ​ឈ្លានពាន​ទឹក​ដី​របស់​ខ្លួន​ ពី​ប្រទេស​ជិត​ខាង​មួយ​នេះ។ ការ​បារម្ភ​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​វៀតណាម កំពុង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​ក្នុង​ស្រុក​ចន្ទ្រា ដែល​ពួកគាត់​អះអាង​ថា បាន​រំលោភ​ចូល​ដី​ខ្មែរ។ ពួកគាត់​អះអាង​ទៀត​ថា បញ្ហា​នេះ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ខ្មែរ​ណា​ម្នាក់​ ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ទេ ​រហូត​មក​ដល់​ថ្ងៃ​ទី​ ២៦ មេសា នេះ។

រស់​នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា អះអាង​ថា វៀតណាម​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​ តាម​បណ្ដោយ​ព្រំដែន ចាប់​ពី​ឃុំ​ទួលស្ដី រហូត​ដល់​ឃុំ​សំរោង ស្រុក​ចន្ទ្រា ចូល​ដី​ខ្មែរ ដែល​ជា​ផ្លូវ​ក្រវាត់​ព្រំដែន​ប្រមាណ​ជាង ១០០​ ម៉ែត្រ និង​កំពុង​យក​គ្រឿងចក្រ ឈូស​ឆាយ​បន្ត​ទៀត​ទៀត។

អ្នក​ភូមិ​ម្នាក់​រស់​នៅ​ជិត​ព្រំដែន​ ថ្លែង​សុំ​លាក់​ឈ្មោះ ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ផង​នោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ថា វៀតណាម​បាន​បោះ​តម្រុយ​គ្រោង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ចំ​ខាង​មុខ​ផ្ទះ​គាត់ ​នៅ​ភូមិ​គោកតែក ចម្ងាយ ៥០​ ម៉ែត្រពី​ផ្ទះ​របស់​គាត់។ លោក​បារម្ភ​ថា ផ្ទះ​របស់​គាត់​អាច​ក្លាយ​ទៅ​ជា​ដី​វៀតណាម ព្រោះ​អាជ្ញាធរ​វៀតណាម ប្រាប់​គាត់​ថា នៅ​សល់​ចម្ងាយ ៥០០​ ម៉ែត្រ​ទៀត ​ពី​ផ្លូវ​ក្រវាត់​ព្រំដែន​ ដែល​កំពុង​ធ្វើ​នោះ​ ទើប​ដល់​តំបន់​ស​ខាង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា បើ​តាម​លោក​ដឹង​នៅ​ភូមិសាស្ត្រ​តំបន់​នោះ គឺ​វៀតណាម បាន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​ជាង ២ ​ពាន់​ម៉ែត្រ ​នៅ​ចំណុច​​ចំពុះទា ត្រង់​​បង្គោល​​ព្រំដែន​​លេខ ៩៤ ដល់ ១៩៧ ក្នុង​​ភូមិ​កោះឬស្សី ឃុំ​ចន្ទ្រា។ បន្ថែម​ពី​លើ​នេះ ដី​ដែល​វៀតណាម ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​នោះ គឺ​សំបូរ​ដើម​អាកាស្យា និង​ដី​ទំនេរ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​គ្រប់គ្រង​យូរយារ​ណាស់​មក​ហើយ ៖ «ខ្មែរ​យើង​ដាំ​ដើម​ប្រេងខ្យល់ ដល់​​ពេល​បោះ​បង្គោល​ព្រំដែន​ទៅ ដី​យើង​ធ្លាក់​ទៅ​ខាង​គេ​វិញ ថែម ១៥០ ​ហិកតារ ខាង​វៀតណាម គេ​ថា ធ្លាក់​ព្រំដែន​ចូល​មក​ហ្នឹង ៥០​ម៉ែត្រ ទៅ ១០០ ​ម៉ែត្រ​ទៀត អា​ហ្នឹង​បាន​ន័យ​ថា ដល់​ផ្ទះ​ខ្ញុំ​តែម្ដង»

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អភិបាល​ស្រុក​ចន្ទ្រា លោក នួង រាំ ដើម្បី​បំភ្លឺ​លើ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។ ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ចន្ទ្រា លោក គង់ វស្សា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ តែ​លោក​ធ្លាប់​ប្រាប់​ថា ដី​ដែល​វៀតណាម កំពុង​ធ្វើ​ផ្លូវ​នោះ គឺ​នៅ​លើ​ដី​វៀតណាម ទេ។

ទាក់ទិន​ករណី​នេះ តំណាង​អាជ្ញាធរ​ស្រុក​ថាន់ហ្វា (Thanh Hoa) ខេត្ត​ឡុងអាង (Long Ang) ជា​ម្ចាស់​គម្រោង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ថា ផ្លូវ​នេះ​គឺ​អាជ្ញាធរ​វៀតណាម កសាង ស្ថិត​ក្នុង​ទឹកដី​វៀតណាម។ លោក​ថា វៀតណាម​បាន​កំណត់​បង្គោល​ព្រំដែន ជាមួយ​ភាគី​កម្ពុជា រួចរាល់​អស់​ហើយ ៖ «អំពី​គម្រោងការ​​នៅ​លើ​ភូមិសាស្ត្រ​ស្រុក​ខ្ញុំ យើង​មាន​វិនិយោគ​ផ្លូវ​មួយខ្សែ ដែល​ហៅ​ថា ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន ក៏​ប៉ុន្តែ​យើង​ធ្វើ​លើ​ទឹក​ដី​វៀតណាម នោះ​ទេ មាន​ន័យ​ថា ផ្លូវ​នេះ​មាន​ចម្ងាយ​ពី​បង្គោល​ព្រំដែន​យ៉ាង​តិច​បំផុត​ក៏​ពី ១០០ ដល់ ៥០០ ​ម៉ែត្រ​ដែរ ម្ដេច​ថា យើង​ធ្វើ​ចូល​ដី​ខ្មែរ​បាន។ បង្គោល​នេះ​ជា​បង្គោល​ផ្លូវ​ការ​ហើយ ចរចា​រួច​ហើយ នេះ​ជា​ផ្លូវ​ការ​ហើយ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា បង្គោល​ព្រំដែន​មិន​ទាន់​បោះ​ជា​ផ្លូវការ​នោះ​ទេ គឺ​ស្ថិត​នៅ​ជា​បង្គោល​បណ្ដោះអាសន្ន​ នៅ​ឡើយ​ ព្រោះ​ប្រទេស​ទាំង​ពីរ មិន​ទាន់​រក​ចំណុច​ឯកភាព​គ្នា​បាន​ត្រឹមត្រូវ។ ដោយឡែក​ រឿង​ផ្លូវ​ក្រវាត់​ព្រំដែន​នោះ ​លោក​ថា នឹង​ឲ្យ​អភិបាល​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា លោក​អភិបាល​ខេត្ត​នេះ មិន​ទាន់​ឆ្លើយ​តប​នឹង​វិទ្យុ​អាស៊ីសេរី ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន ៖ «មិន​មែន​យើង​មិន​ចង់​ធ្វើ​ទេ យើង​ដោះស្រាយ​ទល់​ដែន​ជាមួយ​ប្រទេស យើង​ដោះស្រាយ​ដោយ​ការ​ចរចា​ដោត​ច្បាប់​ទម្លាប់ យើង​នៅ​អន្តរជាតិ វា​រឹត​តែ​ពិបាក​ទៅ​ទៀត»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ចាត់​ទុក​ថា វៀតណាម​ដែល​កំពុង​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ គឺ​ខុស​ពី​ច្បាប់​អន្តរជាតិ ដែល​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ពី​ភាគី​សងខាង។ ចំណែក​អាជ្ញាធរ​ត្រូវ​តែ​អន្តរាគមន៍​ករណី​នេះ ​ទៅ​ភាគី​វៀតណាម ជា​បន្ទាន់ ជៀសវាង​វៀតណាម ធ្វើ​ផ្លូវ​ឆ្ងាយ​អាច​នឹង​ពិបាក​ដោះស្រាយ។ ទន្ទឹម​នេះ លោក​អំពាវនាវ​ទៅ​រដ្ឋាភិបាល ឲ្យ​ចុះ​ត្រួត​ពិនិត្យ​ការ​សាង​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​វៀតណាម ដែល​ពលរដ្ឋ​រស់​នៅ​ទី​នោះ​ អះអាង​ថា បាន​រំលោភ​ចូល​ដី​ខ្មែរ ៖ «ជាពិសេស​មុន​ធ្វើ​អី​ ត្រូវ​មាន​ការ​ចុះ​វាយ​តម្លៃ​ ទាំង​ប្រទេស​ទាំង​សង​ខាង តើ​ជីក​ហ្នឹង​វា​មាន​ប៉ះពាល់ ឬ​អត់?»

​អ្នក​ភូមិ​អះអាង​ទៀត​ថា ផ្លូវ​ដែល​វៀតណាម កំពុង​កសាង​នោះ ចាប់​ពី​ឃុំ​ទួលស្ដី រហូត​ដល់​ឃុំ​សំរោង អស់​រយៈពេល ១​ ខែ​មក​ហើយ មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ខ្មែរ ​ចុះ​ស៊ើប​អង្កេត ឬ​ពិនិត្យ​មើល​សកម្មភាព​សាងសង់​ផ្លូវ​ដោយ​វៀតណាម នោះ​ឡើយ៕