RFA Khmer /ដោយ មួង ណារេត /11 th-2-2019

សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ បាន​ប្រកាស​ចាប់​ផ្តើម​នីតិ​វិធី ព្យួរ​ការ​អនុគ្រោះ​ពន្ធ​បណ្តោះ​អាសន្ន ក្រោយ​ព្រមាន​របប​លោក ហ៊ុន សែន តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៨ អំពី​​ការ​ចាប់​ផ្តើម​នីតិវិធី​នេះ បើ​របប​នេះ​មិន​ព្រម​ស្តារ​សិទ្ធិ​មនុស្ស និង ប្រជា​ធិបតេយ្យ​​ឡើង​វិញ។

សេចក្តីប្រកាសព័ត៌មាន​របស់​សហភាព​អឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ បញ្ជាក់​ថា បើ​ទោះ​បី​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ «អ្វីៗ​ទាំង​អស់​លើក​លែង​​តែ​សព្វាវុធ ឬ EBA» ពី​កម្ពុជា​នេះ មិន​មែន​បាន​ន័យ​ថា សហភាព​អឺរ៉ុប នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ភ្លាមៗ​ក៏ដោយ ក៏​នៅ​ទីបំផុត សហភាព​អឺរ៉ុប​ នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ជា​ស្ថាបពរ ប្រសិន​បើ​របប​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​ស្តារ​សិទ្ធិ​មនុស្ស និង ប្រជា​ធិបតេយ្យ​ឡើង​វិញ ទៅ​តាម​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ។

អនុប្រធាន​ស្នងការ​ពាណិជ្ជកម្ម សហភាព​អឺរ៉ុប អ្នកស្រី ហ្វេដេរ៊ីកា ម៉ូហ្ការ៊ីនី (Federica Mogherini ) បញ្ជាក់​ថា រយៈ​ពេល ១៨ ខែ​ចុង​ក្រោយនេះ សហភាពអឺរ៉ុប មើល​ឃើញ​នូវ​​ស្ថានភាព​សិទ្ធិ​មនុស្ស និង ប្រជា​ធិបតេយ្យ និង នីតិ​រដ្ឋ​​នៅ​កម្ពុជា ធ្លាក់​ចុះ​ដុនដាប​ខ្លាំង។ សហភាព​អឺរ៉ុប តាម​រយៈ​រដ្ឋមន្រ្តី​ការ​បរទេស បាន​បញ្ជាក់​ច្បាស់ ពី​ជំហរ​របស់​សហភាព​អឺរ៉ុបនេះរួច​ទៅ​ហើយ ថា​បើ​ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​តែ​មិន​ប្រសើរ​ឡើង នោះ​ការ​បន្ត​ផ្តល់​ការ​អនុគ្រោះពន្ធ នឹង​ជួប​បញ្ហា។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ភាព​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម របស់​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា ត្រូវ​ឈរ​លើ​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជា​ធិបតេយ្យ​ជា​មូលដ្ឋាន​ស្នូល។

ចំណែកឯស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ អ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្រ្តុម (Cecilia Malmström ) បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ដែរ ថា​ច្បាស់​ណាស់ នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នៅ​ថ្ងៃ​នេះ មិន​ទាន់​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ ដក​ការ​អនុគ្រោះ​ពន្ធ​ភ្លាម​មែន ប៉ុន្តែ​នីតិវិធី​នេះចាប់​ផ្តើម​ចេញ​ដំណើរ​ហើយ។ អ្នកស្រី​សង្កត់​ធ្ងន់​ថា អ្វីដែល​សហភាព​អឺរ៉ុប បញ្ជាក់​ទៅ​ភាគី​កម្ពុជា​ឲ្យ​ធ្វើ​តាម​នោះ គឺ​មិន​មែន​ជា​ការ​​សន្យា​ខ្យល់​ទេ។ អ្នកស្រី​បញ្ជក់​ទៀត​ថា បើ​កម្ពុជា ចង់​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​តទៅ​ទៀត កម្ពុជា​ត្រូវ​ស្តារ​សិទ្ធិមនុស្ស និង ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដាច់​ខាត។

សំណូមពរជាច្រើន ដែល​សហភាព​អឺរ៉ុប ទាម​ទារ​​ឲ្យ​​របប​លោក ហ៊ុន សែន ធ្វើ​តាម ដើម្បី​ជា​ថ្នូរ​​នឹង​​ការ​​បន្ត​ការ​ផ្តល់​ការ​អនុគ្រោះពន្ធ​ពាណិជ្ជ​កម្ម​នេះ រួមមាន​ ដោះ​លែង​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​បន្ទាន់​ និង ដោយ​​ឥត​លក្ខខណ្ឌ អនុញ្ញាត​ឲ្យ​​គណបក្ស​សង្គ្រោះជាតិ ​បើក​ដំណើរ​ការ​ឡើង​វិញ​ដូច​ដើម ផ្តល់​មុខ​តំណែង​ដល់​មន្រ្តី​ក្រុមប្រឹក្សា​​ជាប់​​ឆ្នោត​​របស់​គណបក្ស​​សង្គ្រោះជាតិ​​ទាំង​អស់​ឡើង​វិញ និង រៀបចំ​ឲ្យ​​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដោយ​សេរី ត្រឹមត្រូវ​ និង យុត្តិធម៌ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​ជាដើម។

សហភាពអឺរ៉ុប បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន កាល​ពី​ដើម​ខែ តុលា ឆ្នាំ ២០១៨ ថា​សហភាព​អឺរ៉ុប នឹង​ចាប់​ផ្តើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះពន្ធ នៅ​ខែ​កុម្ភៈ នេះ បើ​របបនេះ នៅ​តែ​ចចេស​មិន​ព្រម​ធ្វើ​តាម​ចំណុច​​អស់​ទាំង​នេះ។

ក្រោយការព្រមាននេះ របបលោក ហ៊ុន សែន បាន​បន្ទន់​ឥរិយាបទ​ខ្លះ ដូច​ជា​ដោះ​លែង​អ្នក​ទោស​នយោបាយ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល និង អ្នកសារព័ត៌មាន និង បន្ធូរ​បន្ថយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​ខ្លះ ចំពោះ​សហជីព​កម្មករ ប៉ុន្តែ ប៉ុណ្ណឹង​ សហគមន៍​អន្តរជាតិ យល់​ថា​​មិន​ទាន់​គ្រប់​គ្រាន់ នៅ​ឡើយ​ទេ។

ចាប់ពីចេញ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប ថ្ងៃ​នេះ សហភាព​អឺរ៉ុប នឹង​ផ្តើម​បើក​ការ​ត្រួត​ពិនិត្យ ស៊ី​ជម្រៅ​មួយ​សម្រាប់​រយៈ​ពេល ៦ ខែ។ បន្ទាប់មក បីខែតទៅមុខទៀត ស្ថាប័ននេះ នឹង​ចេញ​របាយការណ៍ អំពី​ការ​វិវត្ត​នៃ​ស្ថានការណ៍​សិទ្ធិមនុស្ស និង ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ចុង​ក្រោយ​សហភាព​អឺរ៉ុប នឹង​សម្រេច​ជា​ស្ថាបពរ ក្នុង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ។

ភ្លាមៗក្រោយ​ការ​​ប្រកាស​​ដំណឹង​នេះ របប​លោក ហ៊ុន សែន តាម​រយៈ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី បាន​បង្ហោះ​សារ​តាម​ហ្វេស៊បុក ដោយ​​ភ្ជាប់​​មក​នូវ​​សេចក្តី​ថ្លែងការណ៍​​របស់​​របប​នេះ និង​បញ្ជាក់​ថា ជា​ការ​រម្លឹក​​អំពី​​ជំហរ​​របស់​ខ្លួន​ តប​​ទៅ​នឹង​សហភាព​អឺរ៉ុប។ សេចក្តី​ថ្លែងការណ៍​ចាស់​នេះ ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ រៀប​រាប់​អំពី​ការ​សោក​ស្តាយ ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​សហភាព​អឺរ៉ុប និង ចាត់​ទុក​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​ដែល​មាន ២៨ ប្រទេស​នេះ ថា​លម្អៀង។ របប​លោក ហ៊ុន សែន ការពារ​​ចំណាត់ការ​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ ថា​ជា​ការ​ត្រឹម​ត្រូវ និង ប្រាប់​​ទៅ​សហភាព​អឺរ៉ុប​វិញ​ថា បើ​នៅ​តែ​ដក​ការ​អនុគ្រោះ​ពន្ធ ពី​កម្ពុជា​មែន នោះ​កម្ពុជា​នឹង​​នៅ​តែ​បន្ត​ប្តេជ្ញា​តាំង​ចិត្ត​​កាន់​តែ​មុត​មាំ​ថែម​ទៀត ការពារ និង រក្សា​​ចំណាត់​ការ​ ដែល​ខ្លួន​​អះអាង​​ថា​​ត្រឹមត្រូវ និង ស្រប​ច្បាប់​ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ ថ្កោល​ទោស និង ដាក់​ទណ្ឌកម្ម​​ជុំ​ទិស​នេះ។​

អ្នកវិភាគ មន្រ្តីសិទ្ធិមនុស្ស និង ប្រធាន​សហជីព​កម្មករ​ជាច្រើន បាន​​ព្រមាន​​របប​លោក ហ៊ុន សែន ជា​ហូរហែមក​ហើយ ថា​បើ​របប​នេះ នៅ​តែ​ចចេស មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស​​ឡើង​វិញ កម្ពុជា​ចៀស​មិន​ផុត​ពី​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នេះ។ មជ្ឈដ្ឋាន​ទូទៅ រួម​ទាំង​តំណាង​​ថៅកែ​រោងចក្រ និង អ្នក​ជំនួញ​ធំៗ​ផង សុទ្ធ​តែ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​ធ្ងន់ លើ​វិស័យ​​សេដ្ឋកិច្ច​កម្ពុជា ពេល​អត់​​ការអនុគ្រោះពន្ធ​នេះ។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ នឹង​​ធ្លាក់​ខ្លួន​​ក្រីក្រ ដោយសារ​​តែ​វិបត្តិ​នេះ៕

.