ខួប​លើក​ទី ៦៨ ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​លាក់​បាំង​ប្រវត្តិ​ពិត​មួយ​ចំនួន

The Cambodia Daily / ដោយលោក តាំង សារ៉ាដា
28-6-2019

នៅ​ក្នុង​មហា​សន្និបាទ​រំលឹក​ខួប​លើក​ទី​៦៨ ឆ្នាំ នៃ​ថ្ងៃ​បង្កើត គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ផង​នោះ បាន​បង្ហាញ​អំពី​ប្រវត្តិ នៃ​សកម្មភាព​នយោបាយ​របស់ គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រកប​ដោយ​ភាព​ក្លាហាន ឥត​រាថយ​នៅ​គ្រប់​ដំណាក់​កាល​ធំៗ នៃ​ប្រវត្តិ​សាស្ដ្រ។

លោក​បាន​លើក​ឡើង​ថា គណ​បក្ស​មួយ​នេះ មាន​ប្រភព​កើត​ចេញ​ពី​ចលនា​តស៊ូ​ស្នេហា​ជាតិ​របស់​ប្រជាជន​កម្ពុជា ដើម្បី​ប្រឆាំង​អាណា​និគម​និយម​បារាំង ដើម្បី​ឯករាជ្យ​ជាតិ ហើយ​បាន​ពុះពារ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ច្រើន​រាប់​មិន​អស់ នៅ​លើ​កំណាត់​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ រហូត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ និង​ប្រជាជន​ទទួល​បាន​នូវ​សន្តិភាព និង​មាន​ការ​អភិវឌ្ឍន៍ ប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត។ 

លោក​បញ្ជាក់​ថា គណ​បក្ស​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ និង​បាន​ប្តូរ​ឈ្មោះ​មក​ជា គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៩១ ប៉ុន្តែ​ប្រធាន​គណ​បក្ស​រូប​នេះ មិន​បាន​បង្ហាញ​ពី​សាវតា​លម្អិត នៃ​បក្ស​របស់​ខ្លួន​ឡើយ។ 

ឯកសារ​ប្រវត្តិ​សាស្ត្រ​របស់​ប្រវត្តិវិទូ​មួយ​ចំនួន រួម​មាន​លោក ដេវីត ឆានល័រ (Devid Chandler) ជាដើម បាន​ឱ្យ​ដឹង​ថា គណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។ គណ​បក្ស​នេះ មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម និង​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០។ 

បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​យួន​​កុម្មុយនីស្ត​វៀត​មិញ ដើម្បី​បណ្ដេញ​អាណា​និគម​និយម​បារាំង ចេញ​ឲ្យ​អស់​ពី​ភូមិភាគ​ឥណ្ឌូចិន។ ចលនា​​នេះ បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ ១៩៥៤។ ក្រោយ​​មក មហា​សន្និបាត​បក្ស​លើក​ទី​២ បក្ស​មួយ​នេះ ត្រូវ​បាន​សម្រេច​​ប្តូរ​ឈ្មោះ​ទៅ​ជា បក្ស​ពលករ​កម្ពុជា នា​ខែ​កញ្ញា​ ឆ្នាំ​១៩៦០ ក្រោម​ការ​ដឹកនាំ​របស់ លោក ទូ សាមុត ជា​លេខា​បក្ស ពេល​នោះ។

នៅ​ឆ្នាំ​១៩៦២ លោក ទូ សាមុត ឬ​អាចារ្យ​ សុខ ដែល​មាន​ស្រុក​កំណើត នៅ​កម្ពុជា​ក្រោម ដែរ​នោះ ត្រូវ​បាន​បាត់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ យ៉ាង​អាថ៌​កំបាំង។ ក្រោយ​មក នៅ​ខែកុម្ភៈ ឆ្នាំ ១៩៦៣ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​បក្ស​ ជា​លើក​ទី​៣ ដោយ​អង្គ​មីទ្ទីង​ពេល​នោះ សម្រេច​តែង​តាំង លោក សាឡុត ស ហៅ ប៉ុល ពត ឲ្យ​ធ្វើ​ជា​អគ្គលេខា​ធិការ​បក្ស។ លុះ ៣ ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ ១៩៦៦ ដោយ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី បក្ស​កុម្មុយនីស្ត​​វៀត​ណាម ប៉ុល ពត បាន​សម្រេច​ប្តូរ​ឈ្មោះ​បក្ស​របស់​ខ្លួន​ពី បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា តែ​ម្តង។ 

បក្ស​កុម្មុយនីស្ត​កម្ពុជា ឬ​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត ឬ​បង​ធំ​ទី​១ នេះ បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា ក្រោយ​ការ​ផ្តួល​រំលំ របប​សាធា​រណរដ្ឋ​ខ្មែរ របស់​លោក​សេនា​ប្រមុខ លន់ នល់ ពី​ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​វៀតណាម លើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី ឬ​រដ្ឋាភិបាល​អាយ៉ង ពេល​នោះ ដោយ​មាន​សមាសភាព​ខ្មែរ​កុម្មុយនីស្ត និង កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ ដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម។


នៅ​ខែមករា ឆ្នាំ​១៩៧៩ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នោះ បាន​រៀប​ចំ​មហា​សន្និបាត ​​បក្ស​កុម្មុយ​នីស្ត​កម្ពុជា ដោយ​រៀបចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​បក្ស​នេះ​ឡើង​វិញ ដោយ​សម្រេច​ប្តូរ​ឈ្មោះ​យក​ឈ្មោះ​ដើម​វិញ​គឺ ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ និង​ប្រើ​ប្រាស់​ឈ្មោះ​ដើម​នេះ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ ១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា គណ​​បក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​លាង​ខ្លួន​ឱ្យ​ស្អាត ដោយ​មិន​ចង់​ឱ្យ​គេ​ដឹង​អំពី​ឫស​កែវ​កុម្មុយ​នីស្ត និង​ខ្មែរ​ក្រហម​របស់​ខ្លួន ហើយ​ឈ្មោះ​បក្ស​ថ្មី​នេះ ត្រូវ​បាន​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

អគ្គលេខាធិការ​បក្ស​នេះ រួម​មាន​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​គណ​បក្ស​ជ្រើស​តាំង​ចាប់​ពី​ឆ្នាំ ១៩៧៩ រហូត​ដល់​ពេល​លោក ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​នៅ​ឆ្នាំ ១៩៨១។ បន្ទាប់​មក​លោក ហេង សំរិន ដឹក​នាំ​បន្ត​រហូត​ដល់​ឆ្នាំ ១៩៩១។ ហើយ​លោក ជា ស៊ីម ក៏​បាន​ដឹកនាំ​ពី​ឆ្នាំ ១៩៩១ រហូត​ទល់​ពេល​លោក​ទទួល​មរណភាព នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០១៥។ ចាប់​ពី​ថ្ងៃទី ២០ មិថុនា ២០១៥ តំណែង​ជា​អគ្គ​លេខាបក្ស ឬ​ជា​ប្រធាន បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ទៅ​លើក​ណ្តាប់​ដៃ​របស់​លោក ហ៊ុន សែន ដឹកនាំ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន៕