
(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត / 09th-7-2019)
អតីតអ្នកទោសមនសិការ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនជាថ្មី ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី ០៩ កក្កដា ២០១៩ ជុំវិញការផ្សព្វផ្សាយលក់អាវយឺតបណ្ឌិត កែម ឡី សម្រាប់ពិធីបុណ្យខួប ៣ ឆ្នាំ នៃអំពើឃាតកម្មយ៉ាងឃោរឃៅ និងអយុត្តិធម៌ ដែលក្រុម កែម ឡី និយម គ្រោងរៀបចំនៅថ្ងៃទី ១០ កក្កដា ចំថ្ងៃដែលលោកបណ្ឌិត ត្រូវគេលួចធ្វើឃាត នៅហាងស្តារម៉ាតកាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។
ស្នងការប៉ូលីសរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់កាសែតរស្មីកម្ពុជាថា លោក គង់ រ៉ៃយ៉ា និងមនុស្ស ៣ នាក់ទៀត (ជាសាច់ញាតិ) ត្រូវបានអាជ្ញាធរ ឃាត់ខ្លួន ពីបទញុះញង់បង្កឲ្យមានចលាចលសង្គម។
លោក អំ សំអាត មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) បានប្រាប់វិទ្យុអាស៊ីសេរី ចំពោះករណីការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ថា«ជាការបំបាក់ស្មារតីប្រជាពលរដ្ឋ មិនឱ្យចូលរួមប្រារព្វខួប ៣ ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។ លោក អំ សំអាត ទាមទារបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ទាក់ទិននឹងការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងសាច់ញាតិរបស់លោក។
វិទ្យុអាស៊ីសេរី បានដកស្រង់អត្ថបទហ្វេសប៊ុករបស់លោក គង់ រ៉ៃយ៉ា មុនពេលចាប់ខ្លួន ដែលបានអំពាវនាវឱ្យពលរដ្ឋ «ទិញ ឬជាវអាវយឺតលោកបណ្ឌិត កែម ឡី មានពណ៌ស និង ពណ៌ខ្មៅ ហើយអាចបញ្ជាទិញតាមបណ្តាញសង្គម និង លេខទូរសព្ទរបស់លោកបាន» ដែលបានបង្ហោះក្នុងបណ្តាញសង្គម។
លោក គង់ រ៉ៃយ៉ា ជាអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ និងជាអតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ១៨ ខែ កាលពីខែ សីហា ២០១៥ យ៉ាងអយុត្តិធម៌ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីលោក រិះគន់របប ហ៊ុន សែន ធ្ងន់ៗក្នុងបណ្តាញសង្គម៕