
(CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត /១០ កក្កដា ២០១៩)
យុវជន ៣ នាក់ត្រូវអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនភ្លាមៗ ពេលដែលពួកគេព្យាយាមចូលទៅអុជធូប និងដាក់កម្រងផ្កា រំលឹកវិញ្ញាណខន្ធបណ្ឌិត កែម ឡី គម្រប់ខួប ៣ ឆ្នាំនៅចំពោះមុខកងម្លាំងសមត្ថកិច្ចជាច្រើន ដែលឈររារាំង នៅហាងកាហ្វេស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ នាព្រឹកថ្ងៃទី ១០ កក្កដា ២០១៩ ជាកន្លែងដែលឃាតក បាញ់សម្លាប់បណ្ឌិត កែម ឡី ៣ឆ្នាំមុន។
យុវជនដែលត្រូវបានចាប់ខ្លួននោះ គឺជាបងប្អូនភ្លោះឈ្មោះ ជុំ ហួរ, ជុំ ហួត និងយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ (រូបកណ្តាល)។ លោក ជុំ ហួរ និងលោក ជុំ ហួត ធ្លាប់បានភៀសខ្លួនម្តងរួចហើយ ទៅក្រៅប្រទេស កាលពីឆ្នាំ ២០១៦ បន្ទាប់បណ្ឌិត កែម ឡី ត្រូវគេធ្វើឃាតភ្លាមៗ។
សារព័ត៌មានវីអូឌី (VOD) បានដកស្រង់សំដីរបស់លោក ឡេង គឹមហ៊ាន ដែលដឹកនាំក្រុមសមត្ថកិច្ច ទៅរារាំងក្រុមអ្នកដាក់កម្រងផ្កា ជូនបណ្ឌិត កែម ឡី ថា «ម្ចាស់ទីតាំងគេមិនឱ្យធ្វើ។ ឥឡូវគេសុំឱ្យដេញចេញទៀតផង ប៉ុន្តែសមត្ថកិច្ច ចេះតែសម្រួលទៅ ព្រោះវារំខានកន្លែងគេរកស៊ីលក់ដូរ»។
លោក អំ សំអាត មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ ដែលមានវត្តមាននៅទីតាំងកើតហេតុផ្ទាល់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការបង្រ្កាបក្នុងពិធីបុណ្យខួបបណ្ឌិត កែម ឡី នេះ វាប៉ះពាល់យ៉ាងខ្លាំង ដល់យន្តការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ខណៈពេលសហគមន៍អឺរ៉ុប ដាក់លក្ខខណ្ឌដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
លោក រ៉ុង ឈុន មេដឹកនាំសហភាពសហជីពកម្ពុជា និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចូលរួមក្នុងពិធិដាក់កម្រងផ្កាជូនបណ្ឌិត កែម ឡី ដែរនោះ បានថ្លែងថា «ខ្ញុំគិតថា អាជ្ញាធរ ត្រូវបើកចិត្តឲ្យទូលាយ ពីព្រោះអត់មានរៀបចំពិធីទេ {យើង}ដាក់កម្រងផ្កាជាលក្ខណៈឯកជន ជាបុគ្គល កាន់ផ្លាម្នាក់មួយបាច់ ដាក់រួចត្រឡប់ទៅវិញ ប៉ុន្តែដល់{អាជ្ញាធរ} ហាមឃាត់អ៊ីចឹង ព្រឹត្តិការណ៍នេះ វាអាក្រក់មែនទែន»។
គួសបញ្ជាក់ថា កាលពីថ្ងៃទី ០៩ កក្កដា ម្សិលមិញ អាជ្ញាធរភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងសាច់ញាតិ ៣ នាក់ទៀត បន្ទាប់អំពីលោកអំពាវនាវលក់ ឬជាវអាវយឺតបណ្ឌិត កែម ឡី ដើម្បីចូលរួមក្នុងពិធីបុណ្យខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត យ៉ាងឃោរឃៅ និងអយុត្តិធម៌។ លោក គង់ រ៉ៃយ៉ា និងអ្នក ៣ នាក់ទៀត ត្រូវបានអាជ្ញាធរឲ្យដឹងនៅថ្ងៃនេះថា «ត្រូវបញ្ជូនទៅកាន់តុលាការ»។
ជុំវិញបុណ្យខួប ៣ ឆ្នាំរបស់បណ្ឌិត កែម ឡី នៅទីក្រុងភ្នំពេញ គឺមានមនុស្ស ៧ នាក់ហើយត្រូវបានចាប់ឃាត់ខ្លួន។
ដោយឡែកនៅខេត្តតាកែវ នោះវិញ ក្រុមមន្រ្តីគណបក្សមូលដ្ឋាន (GDP) ដែលរៀបចំក្បួនទៅចូលរួមពិធីបុណ្យខួប នៅស្រុកកំណើតបណ្ឌិត កែម ឡី ក៏ត្រូវបានហាមឃាត់ពីអាជ្ញាធរផងដែរ៕
