(អត្ថបទដោយលោក ម៉ែន ណាត នៃ​​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា / ៣០ សីហា ២០១៩)

លោក អ៊ុំ សំអាន អតីត​សមាជិក​សភា​ ពី​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រតិកម្ម​តប​ទៅ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ក្នុង​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ ជាមួយ​ឡាវ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក VOA កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​២០១៩ ថា «កម្ពុជា ​បាន​​និង​​កំពុង​​ប្រើ​ប្រាស់​​ផែនទី​ ដែល​​គូស​​ដោយ​​បារាំង ប៉ុន្តែ​តម្កល់​​នៅ​​ប្រទេស​​វៀតណាម»។ លោក ផៃ ស៊ីផាន ​បន្ថែម​​ថា៖ «យើង​​បាន​​ឯកភាព​​គ្នា​ អំពី​អញ្ជើញ​ខាង​ប្រទេស​បារាំង អ្នក​ជំនាញ​ខាង​ផែន​ទី​ ឲ្យ​លោក​ចុះ​មក​ជួយ។​ ដូច្នេះ​កម្ពុជា ក៏​ដូច​ជាឡាវ យើង​អត់​មាន​ត្រូវ​ការ​ប្រើប្រាស់​កម្លាំង​ ដើម្បី​​ដណ្តើម​ទឹកដី​​គ្នា ឬ​ការ​បញ្ជាក់​អត្តនោម័ត​នៃ​ភាគី​ណា​មួយ»។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ភាព​តានតឹង​​ជាមួយ ​ឡាវ ​នៅ​តំបន់ «​មុំ​បី​» ខេត្ត​ព្រះ​វិហារ។

លោក អ៊ុំ សំអាន ចោទ​សួរ​ថា ហេតុអី រដ្ឋាភិបាល​កម្ពុជា មិន​ទៅ​យក​ផែនទី គូស​ដោយ​បារាំង ដែល​តម្កល់​នៅ​ប្រទេស​បារាំង ឬ​ផែនទី តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) មក​ប្រើ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ? ហេតុអ្វី​រដ្ឋាភិបាល​កម្ពុជា បែរ​ជា​ទុកចិត្ត​ទៅ​លើ​ផែនទី​តម្កល់​នៅ​វៀតណាម ទៅ​វិញ?

ទោះយ៉ាងណា​ក្តីលោក ផៃ ស៊ីផាន មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ តប​ទៅ​ការ​ចោទ​សួរ​របស់​លោក អ៊ុំ សំអាន។ គួស​បញ្ជាក់​ថា សព្វថ្ងៃ​ប្រទេស​ឡាវ នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​អំណាច​គ្រប់គ្រង​រដ្ឋបាល និង​នយោបាយ ពី​សំណាក់​ប្រទេស​វៀតណាម។

លោក អ៊ុំ សំអាន បន្ត​លើក​ឡើង​អំពី​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មក​បញ្ជាក់​ដែរ​ថា «ព្រំដែន​ជាមួយ​យួន {វៀតណាម}​វិញ ក៏​រដ្ឋាភិបាល​កម្ពុជា ប្រើ​ប្រាស់​ផែនទី ដែល​តម្កល់​នៅ​ប្រទេស​យួន ដែរ។ ហើយ​ផែនទី​ទាំង​នោះ រៀបចំ​ដោយ​យួន ភ្ជាប់​នឹង​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ​១៩៨៥ សម័យ​យួន​គ្រប់គ្រង​កម្ពុជា។ ផែនទី​ទាំង​នោះ មាន​មួយ​ចំនួន មាន​បោះត្រា​យួន គ្មាន​ត្រា​ខ្មែរ​ទេ។ ផែនទី​ទាំង​នោះ ត្រូវ​បាន​គេ​ចម្លង នៅ​ប្រទេស​វៀតណាម ពី​ផែនទី​បោន (Bonne) ខ្នាត 1/100.000 ទៅ​ផែនទី UTM ខ្នាត 1/50.000 ស្រប​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ។ ផែនទី​បោន គូស​ដោយ​បារាំង កំណត់​ព្រំដែន​ជាមួយ​យួន មាន​តម្កល់​នៅ​ប្រទេស​បារាំង និង​អង្គការ​សហ​ប្រជាជាតិ»។

លោក សំអាន ដាក់​សំណួរ​រឿង​ព្រំដែន​ជាមួយ​វៀតណាម ដូចគ្នា​នឹង​រឿង​រ៉ាវ​ព្រំដែន​ជាមួយ​ឡាវ ដែរ​ថា «ហេតុអ្វី​រដ្ឋាភិបាល​កម្ពុជា មិន​ទៅ​យក​ផែនទី នៅ​បារាំង និង​នៅ អ.ស.ប មក​ប្រើ បែរ​ជា​ប្រើ​ផែនទី ដែល​តម្កល់​នៅ​យួន​ទៅ​វិញ?»

លោក អ៊ុំ សំអាន សំដែង​ការ​ព្រួយ​បារម្ភ​ថា «មូល​ហេតុ​ទាំង​នេះ​ហើយ ដែល​ធ្វើឲ្យ​ខ្មែរ បាត់​បង់​ទឹកដី នៅ​តាម​ព្រំដែន ជាមួយ​យួន និង ឡាវ។ ហើយ​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន តែង​តែ​យំស្រែក រឿង​បាត់​បង់​ដី​ស្រែ​ចំការ នៅ​តាម​ព្រំដែន នៅ​ពេល​មាន​បោះ​បង្គោល​ព្រំដែន​ម្តងៗ ហើយ​ព្រំដែន​ជាមួយ ថៃ ក៏បាត់​បង់​ផង​ដែរ»។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក្នុង​របប​លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​សារភាព​នៅ​ក្នុង​សន្និសីទ​រឿង​ព្រំដែន កាល​ពី​ថ្ងៃ​ទី ០២ ខែ​កក្កដា ឆ្នាំ​២០១៥ ថា «កម្ពុជា ប្រើ​ប្រាស់​ផែនទី​ ដែល​បោះពុម្ព​នៅ​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន»

លោក វ៉ា គឹមហុង បាន​ថ្លែង​សារភាព​នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ដែរ​ថា​ «បញ្ហា​ព្រំដែន​នៅ ព្រែកវិញតេ {ព្រែក្របៅ} (ខែត្តតាកែវ និង​កំពត) ភាគី​កម្ពុជា ស្នើសុំ​ប្រើ​ផែនទី​បារាំង ដែល​កំណត់​ព្រំដែន នៅ​លើ​មាត់ព្រែក ក៏​ប៉ុន្តែ​ភាគី​វៀតណាម មិន​ព្រម»។

បើ​តាម​របាយការណ៍​របស់​អតីត​អគ្គ​មេបញ្ញាការ​កងទ័ព លោក កែ គឹមយ៉ាន នៅ​ខែ​សីហា ឆ្នាំ​១៩៩៩ បាន​សរសេរ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ញាក់​ថា «វៀតណាម រំលោភ​ចូល​ព្រំដែន​ខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅ​ក្បែរ​ចំណុច​ច្រកទ្វារ ភ្នំដិន ស្រុក​គីរីវង់ ខេត្តតាកែវ» (សូម​អាន​បន្ថែម៖ កែ គឹមយ៉ាន៖ វៀតណាម រំលោភ​ចូល​ព្រំដែន​ខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅ​ស្រុកគីរីវង់ តាកែវ)។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​​ប្រទេស​​ន័រវែស និង គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​​បារាំង តែង​តែ​រំលឹក​រដ្ឋាភិបាល​កម្ពុជា​ជា​ហូរហែ ក្នុង​រឿង​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន ជាមួយ​​ប្រទេស​ជិតខាង និង បាន​ថ្កោលទោស​ថា «ភាគី​កម្ពុជា ចាញ់​ប្រៀប​គេ​តែ​រហូត និង​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ»៕