(VODNews /កញ្ញា ខាន់ លក្ខិណា /០២ ធ្នូ ២០១៩)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញទៅរដ្ឋាភិបាល ​ឱ្យ​ដោះស្រាយបញ្ហាដីធ្លីឱ្យ​មាន​តម្លាភាព​ រវាង​ពលរដ្ឋ​វៀតណាម​ខុសច្បាប់ និង ពលរដ្ឋម្ចាស់ស្រុក​។

ការជំរុញនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដី​​ ទំហំ​ ៤០ ហិកតា នៅភូមិ​ដំបូកកកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ឱ្យប្រជាពលរដ្ឋចំនួន ៤,៥៦៣ គ្រួសារ ដែលរស់នៅលើផ្ទះបណ្តែតទឹក លើដងទន្លេសាប បន្ទាប់​ពី​ពួកគេ ​ត្រូវ​បាន​ជម្លៀស​ពី​រស់​នៅ​​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​ចំណោម​ប្រជាពលរដ្ឋជាង ៤ ​ពាន់​គ្រួសារ​នោះ​ គឺមានពលរដ្ឋជន​ជាតិ​វៀតណាម ២,៣៨៧ ​គ្រួសារ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ​​ចុះថ្ងៃទី ២ ខែធ្នូ​នេះ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ​បានច្រាន​ចោល​ ចំពោះ​សេចក្ដី​សម្រេច​របស់រដ្ឋាភិបាល ដែលបានផ្ដល់​ដី ៤០ ​ហិកតា ឱ្យជនអន្តោប្រវេសន៍ ដោយថា​ រដ្ឋាភិបាល ត្រូវ​ពិនិត្យ​មើល​ឡើងវិញ ចំពោះ​ជន​អន្តោ​ប្រវេសន៍​​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ​និង​ជន​អន្តោ​ប្រវេសន៍ រស់​នៅ​​ខុស​ច្បាប់។

{ខ្លឹមសារ​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា} «រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ផ្ដល់​ដីធ្លី​ដល់​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​​ណា​ម្នាក់ ធ្វើ​​ជា​​​លំនៅ​ឋាន​​ដាច់​ខាត។ សម្រាប់​ជនជាតិ​វៀតណាម ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​ហើយ ពួក​គេ​​ត្រូវ​តែរក​​លទ្ធភាព​ទិញ ឬ​​ជួល​ផ្ទះ សម្រាប់​​ស្នាក់​​នៅ​ដោយ​ខ្លួន‍‍‍‍‍​(ឯង)»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាល ត្រូវ​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​​​​វៀត​ណាម ដែល​​​រស់​នៅ​ក​ម្ពុជា​ដោយ​ខុស​ច្បាប់ ទៅ​ប្រទេស​ដើម​កំណើត​របស់​ខ្លួន ជា​ជាង​​ការ​សម្រេច​ផ្ដល់​ដី​ ឱ្យ​​ជន​​អន្តោ​​ប្រវេសន៍​​វៀតណាម​ទាំង​​នោះ ធ្វើ​ជា​លំនៅឋាន ហើយ​ត្រូវយក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​អ្នកមានអំណាច និងក្រុម​​ឈ្មួញ​ខិលខូច​ រំលោភបំពានដីធ្លី។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​​របស់​រដ្ឋាភិបាល ឱ្យ​ជន​អន្តោ​ប្រវេសន៍​​វៀតណាម ស្នាក់​​នៅ​​នេះ កំពុង​​ធ្វើ​ឱ្យប្រទេស​ជាតិ ប្រឈម​នឹង​ហានិភ័យ ដោយសារ វៀតណាម ជា​ប្រទេស​នៅ​ជាប់​ព្រំដែន​កម្ពុជា និង​​មាន​ប្រវត្តិ​យក​ទឹក​ដី​កម្ពុជា ​នា​ពេល​អតីត​កាល។

លោក រ៉ុង ឈុន៖ «ក្នុងអំឡុងពេល ៣០ ឆ្នាំ ទៅ ៥០ ឆ្នាំខាងមុខ ពេលហ្នឹង កម្ពុជា​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​មែន​ទែន អាច​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។ អាហ្នឹង​ដែល​ជា​បញ្ហា​ចោទ​​មែន​​ទែន»

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រាប់វីអូឌី (VOD) នៅថ្ងៃនេះថា នៅក្នុងប្រទេស​កម្ពុជា មិន​មាន​​ច្បាប់​​តម្រូវ​ឱ្យរដ្ឋាភិបាល ផ្ដល់ដីឱ្យអន្តោប្រវេសន៍ សម្រាប់ធ្វើលំនៅឋានទេ។ លោកបន្តថា រដ្ឋាភិបាលផ្ដល់ដី ៤០ ​ហិកតា ដើម្បីបញ្ចៀស​ការរិះគន់​ថា រដ្ឋាភិបាល រំលោភសិទ្ធិមនុស្ស​ ដែលបណ្ដោយឱ្យ​ប្រជាពលរដ្ឋ​ រស់នៅ​លើ​​ផ្ទៃទឹក មិន​មាន​អនាម័យ មិន​មាន​​សាលា​រៀន និង​​មិន​គិត​​អំពី​បរិស្ថាន​ នៅ​ដង​ទន្លេសាប។

លោក ស៊ុន សុវណ្ណារិទ្ធ៖ «យើងរៀបចំ​ពីទឹក មក​គោក​នេះ ដើម្បី​បរិស្ថាន ជីវៈ​ចម្រុះ​នៅ​ក្នុង​ទន្លេ​ឱ្យ​មាន​ភាព​ប្រសើរ ការគ្រប់គ្រង​ជនអន្តប្រវេសន៍​មានប្រសិទ្ធភាព និង​មាន​លក្ខណៈពិសេស​ច្រើនទៀត ដែលពាក់ព័ន្ធនឹង​ការ​នៅ​​លើ​គោក​នេះ វា​ល្អ​ជាង​នៅ​ក្នុង​ទឹក។ នៅ​ក្នុង​ទឹក​នេះ បើ​យើង​ទុក​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ ប្រជាជន​នៅ​បឹង​ទន្លេសាប វា​ចេះ​តែ​ច្រើនៗ​ទៅ អ៊ីចឹង​​បរិស្ថាន​​នៅ​​បឹង​ទន្លេសាប វា​កាន់​តែ​កខ្វក់​ទៅៗ។ អ៊ីចឹង សូម្បី​​តែ​នៅ​ទីនេះ ខេត្ត​ខ្ញុំ​នេះ បើ​សិន​នៅ​ខែ​៣ និង​​ខែ​៤ ខាប់​ដូច​ទឹក​គ្រឿង​អ៊ីចឹង ភាព​កខ្វក់ អ៊ីចឹង​សូម្បី​តែ​ត្រី​ ​ក៏​នៅ​មិន​បាន​ដែរ»។

អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​សិទ្ធិ​សម្រេច​​ក្នុង​ការ​ផ្ដល់​​ដី ដល់​ជនអន្តោប្រវេសន៍ ដែលរស់នៅ​ក្នុង​ប្រទេស​ស្របច្បាប់ ប៉ុន្តែ បើសិនជន​អន្តោប្រវេសន៍​ទាំងអស់នោះ រស់នៅ​ខុស​ច្បាប់ លោកថា រដ្ឋាភិបាល​ ត្រូវចាប់បញ្ជូនពួកគេ ទៅប្រទេសកំណើតវិញ។ លោក សុក សំអឿន៖ «បើ​សិន​ជា​អន្តោ​ប្រវេសន៍​ស្រប​ច្បាប់ ហើយ​ជាអន្តោប្រវេសន៍​ស្នាក់នៅយូរ អាហ្នឹង រដ្ឋាភិបាល មានសិទ្ធិចាត់ចែង តែ​បើ​សិន​ជា​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ អាហ្នឹង វាអត់ត្រូវវិញ ព្រោះបើសិនជាយើង ធ្វើអ៊ីចឹង ដូច​ទទួល​ស្គាល់​ខុស​ច្បាប់ ទៅជាស្របច្បាប់វិញ»

ទោះជាយ៉ាងណា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវ​ទៅ​រដ្ឋាភិបាល លុប​ចោល​ចំពោះ​​សេចក្ដី​​សម្រេច​ការ​ផ្ដល់​ដី ៤០ ​ហិកតា​ដល់​ជនអន្តោ​ប្រវេសន៍​វៀតណាម ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​លើ​​បណ្ដាញ​សង្គម។

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំ បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បក​ស្រាយ​ពី​ការផ្ដល់ដី ៤០ ហិកតា ឱ្យប្រជា​ពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក លើ​ដង​ទន្លេសាប បម្លាស់​ទី​ទៅ​រស់​នៅ​​លើ​ដី​គោក ចំនួន ៤៥៦៣ គ្រួសារ ដោយ​ក្នុង​នោះ មាន​ទាំង​ខ្មែរ ខ្មែរ​-​អ៊ីស្លាម និង​វៀតណាម៕