អត្ថបទដោយលោក ម៉ែន ណាត នៃ​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា / Updated 10th-12-2023

សូមទាញយក ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤ និង ច្បាប់​ស្តីពី​សញ្ជាតិ​ខ្មែរ ឆ្នាំ​១៩៩៦ ។ សូម​ទាញ​យក អនុក្រឹត្យ ស្តីពី​ការ​លុប​ចោល និង​ការ​ដក​ហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ដែល​ជន​បរទេស កំពុង​កាន់​កាប់​ប្រើ​ប្រាស់។

តាម​ច្បាប់​អន្តោ​ប្រវេសន៍ និង ច្បា​ប់​ស្តីពី​សញ្ជាតិ ជន​បរទេស​​អាច​ចូល​សញ្ជាតិ​ខ្មែរ​បាន លុះ​ត្រា​តែ​ចូល​មក​រស់នៅ​ស្រប​ច្បា​ប់ មាន​លិខិត​ស្នាម​បញ្ជាក់​គ្រប់​គ្រាន់​ពី​ប្រទេស​សាម៉ី ហើយ​ត្រូវ​រស់​នៅ​ដូច​មាន​កំណត់​ក្នុង​ច្បាប់។ បើ​គ្មាន​ឯកសារ​គ្រប់​គ្រាន់​ ស្រប​ច្បាប់​ទេ ចាំ​បាច់​អាជ្ញាធរ​ខ្មែរ មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ចូល​ដល់​ក្នុង​កម្ពុជា​រួច​ហើយ ក៏​ត្រូវ​តែ​បញ្ជូន​ពួក​គេ ទៅ​ប្រទេស​ដើម​វិញ​ជា​បន្ទាន់។

ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ត្រូវ​​បានផ្តល់​ដោយ​ព្រះរាជក្រឹត្យ​ព្រះមហា​ក្សត្រ និង ទៅ​ស្បថ​នៅ​តុលាការ​កំពូល​ផង។ ចំពោះ​ជន​ជាតិ​យួន (វៀតណាម) ដែល​រស់​នៅ​កម្ពុជា​សព្វថ្ងៃ អ្នក​ខ្លះ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​គ្មាន​ឯកសារ​ព្រះរាជ​ក្រឹត្យ​ពី​ព្រះមហា​​ក្សត្រ និង គ្មាន​ឯកសារ​បញ្ជាក់​ពី​តុលាការ​កំពូល។ ករណី​នេះ បើ​​តាម​ច្បាប់​គឺ ពួក​គេ​ទាំង​នោះ ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​តាម​បែប​គប់គិត ពុករលួយ ​សូក​ប៉ាន់​​ជាមួយ​ពួក​មន្ត្រី​ខ្មែរ។ ដូច្នេះ ពួកគេ​នៅតែ​រស់នៅ​ខុស​ច្បាប់​ដដែល ​នៅ​កម្ពុជា។ រីឯ​​​ពួក​មន្ត្រី​​ខ្មែរ​ដែល​ទទួល​សំណួក ក៏​ត្រូវ​មាន​ទោស​តាម​ច្បាប់ បើ​ទោះ​ជា​មាន​ឋានៈ​តួនាទី​តូច ឬ​ធំ​ប៉ុណ្ណា​ក៏ដោយ

ករណី​​ជនបរទេស ឬ​ជន​ជាតិ​វៀតណាម ​ដែល​គ្មាន​​ឯកសារ​គ្រប់​គ្រាន់​ ប៉ុន្តែ​មក​រស់​នៅ​កម្ពុជាយូរ​ហើយក្តី មាន​កូន​ចៅ​កើត​នៅ​កម្ពុជា​ក្តី ក៏​ពួក​គេ​នៅ​តែ​គ្មាន​សិទ្ធិ​មាន​សញ្ជាតិ​ខ្មែរ​ ដោយ​ស្វ័យប្រវត្តិ​ដែរ។

ករណី​​រដ្ឋាភិបាល​ខ្មែរ ជា​រដ្ឋាភិបាល​មាន​កំណើត និងចេះ​គិត​គូរ​​ផល​ប្រយោជន៍​ជាតិ​ជា​ធំ នោះ​ត្រូវ​បញ្ជូន​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ និង​ជន​បរទេស​ខុស​ច្បាប់​ឯទៀត ឲ្យ​ត្រឡប់​ទៅ​​ប្រទេស​ដើម​វិញ​ទាំង​អស់

ចំណែក​​អ្នក​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច​ហើយ​ក៏ដោយ គឺ​ត្រូវ​ស្រាវ​ជ្រាវ​ឡើង​វិញ ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ដែរ បើ​សិន​ជា​សាម៉ីជន គ្មាន​ព្រះរាជ​ក្រិត្យ និង ឯកសារ​បញ្ជាក់​ពី​តុលាការ​កំពូល ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ទេ​នោះ

ដំណោះ​ស្រាយ​បឋម រដ្ឋាភិបាល​ត្រូវ​រៀបចំ​ឲ្យ​មាន​ជំរំ សម្រាប់​ដាក់​ជន​បរទេស​ខុស​ច្បាប់ និង​ ធ្វើ​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស រួម​ទាំង​ដោះ​ស្រាយ​តាម​មធ្យោបាយ​ការ​ទូត​ផង មុន​នឹង​បញ្ជូន​ជន​ទាំង​នោះ ទៅ​កាន់​ប្រទេស​សាម៉ី​វិញ៕