អត្ងបទ CWCI Cambodia
12th-12-2023

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ជា​ផ្លូវការ​លើក​ដំបូង​ ចាប់តាំ​ពី​លោក​​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២២ ​សីហា និង ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី១០ ក្នុង​ខែ​ធ្នូនេះ បាន​ធ្វើ​ឲ្យ​មាន​មតិ​ចម្រុះ​​ស្រដៀងៗ​គ្នា អំពី​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក។​ ទស្សនកិច្ច​នេះ​​ មាន​​រយៈ​ពេល ២​ថ្ងៃ នៅ​ទីក្រុង​ហាណូយ គឺ​នៅ​​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣។

នៅ​ទីក្រុង​ហាណូយ លោក ហ៊ុន ម៉ាណែត ​មាន​ជំនួប​​ជា​មួយ​នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក ផាម មិញជីញ (Pham Minh Chinh), លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម, លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធាន​រដ្ឋ ឬ​ប្រធានាធិបតី​​វៀតណាម និង​លោក វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធាន​រដ្ឋសភា​វៀតណាម។

មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​បញ្ជាក់​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​ថា ភាគី​ទាំង​ពីរ​​​ធ្វើ​ជា​អធិបតីភាព​​នៃ​ការ​ចុះ​ហត្ថលេខា ​​​លើ​កិច្ច​សហប្រតិបត្តិការ​ចំនួន ៣ រួមមាន ទី១) អនុស្សរណៈ​យោគយល់​គ្នា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ខ្មែរ និង ក្រសួង​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​វៀតណាម។ ទី២) អនុស្សរណៈ​យោគយល់​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់​ទំនង​អន្តរជាតិ​ខ្មែរ និង​បណ្ឌិត្យសភា​ការ​ទូត​វៀតណាម និង​ទី៣ អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ រវាង​សភា​ពាណិជ្ជកម្ម​​ខ្មែរ និង​សភា​ពាណិជ្ជកម្ម​វៀតណាម ។

​កាលពី​ថ្ងៃ​ទី៧ ខែធ្នូ ​ក្រសួង​ការ​បរទេស​ខ្មែរ បាន​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​វៀត​ណាម តប​តាម​ការ​អញ្ជើញ​របស់​​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​​លើ​វិស័យ​ជាច្រើន រួម​មាន ការ​អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់​ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន ​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថ្ងៃ​ទី​​១១ ធ្នូ ថា​ លោក ហ៊ុន ម៉ាណែត ទៅ​​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូល​ស្បថ​កាន់​មុខ​តំណែង ឲ្យ​វៀតណាម​​ទទួល​ស្គាល់ ​នូវ​​តំណែង​ដែល​​ទើប​ឡើង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​អនុ​​ប្រធាន​​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ស្បថ ឬ​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខ​មេដឹកនាំ​បក្ស​កុម្មុយ​នីស្ត​ឥណ្ឌូចិន ដែល​​​វៀតណាម គឺ​​ជា​មេកោយ។

លោក គឹម សុខ បន្ត​ថា ទាំង​បក្ស​កាន់​អំណាច ទាំង​លោក ហ៊ុន សែន និង​​លោក ហ៊ុន ម៉ាណែត នៅ​តែ​ស្ថិត​ក្រោម​​ការ​ជួយ​សម្រប​សម្រួល​ពី​វៀតណាម ដើម្បី​ការពារ​អំណាច​ត្រកូល ហ៊ុន ហើយ​នៅ​តែ​ត្រូវ​បម្រី​នយោបាយ​ឲ្យ​វៀតណាម ដដែល។

ចំណែក​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស (Norway) ត្រូវ​​បាន​វិទ្យុ​អាស៊ីសេរី ដក​ស្រង់​សម្តី​នៅ​ថ្ងៃ​ទី​១១ ធ្នូ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​​របស់លោក ហ៊ុន ម៉ាណែត ទៅ​វៀត​ណាម ជា​ការ​ទៅ​បង្ហាញ​មុខ​ ក្នុង​នាម​ជា​មេ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ជា​អ្នក​ដឹក​នាំ​គណ​បក្ស​​ប្រជាជន​​កម្ពុជា និង​ ទៅ​រាយការណ៍​ជូន​នាយក​រដ្ឋមន្ត្រី ប្រមុខ​រដ្ឋ និង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀត​ណាម អំពី​សមិទ្ធផល​នានា ដែល​បក្ស​ប្រជាជន​កម្ពុជា ​បាន​ធ្វើ​កន្លង​មក​​។​ លោក​ជឿជាក់​ថា ​​មេ​ដឹក​នាំ​វៀតណាម​ នឹង​​ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​មេ​ដឹកនាំ​ក្រុង​ភ្នំពេញ​ យក​ចិត្ត​ទុក​ដាក់​មើល​ថែ​​​ដល់​ពលរដ្ឋ​របស់​ខ្លួន​ នៅ​កម្ពុជា។

លោក ម៉ែន ណាត​ បញ្ជាក់​ថា «នេះ​ជា​ផែនការ​របស់​វៀតណាម។ អ៊ីចឹង អ្វី​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​ហ្នឹង ដើម្បី​រាយការណ៍​ អា​ហ្នឹង​ហើយ​ធម្មតា បើ​គាត់​ទៅ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ហើយ​គ្រាន់​តែ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​បក្ស​ វា​អត់​គ្រប់គ្រាន់​ អីចឹង​បាន​ជា​ឪពុក​​{គាត់}​ដំឡើង​តំណែង​គាត់​មួយ​កម្រិត​ទៀត​ ឱ្យ​បាន​ដល់​អនុប្រធាន​បក្ស​ហ្នឹង ដើម្បី​​ឱ្យ​គាត់​ទៅ​និយាយ​ជា​មួយ​វៀតណាម ​ឱ្យ​វា​ស្មើ​មុខ​ស្មើ​មាត់​ តាម​ប្រពៃណី​ពួក​កុម្មុយនិស្ត​ផ្ដាច់ការ ហ្នឹង​ គេ​ត្រូវ​ការ​មុខ​មាត់​អ៊ីចឹង។ អ៊ីចឹង គេ​ត្រូវ​ដំឡើង​តំណែង​កូន​គេ​ឱ្យ​បាន​ធំ​ទៅ ដើម្បី​វា​ស្រួល​​មាន​ប្រតិកម្ម​ពី​វៀត​ណាម។ បើ​ទៅ​មិន​មាន​ការ​តែងតាំង​តំណែង​ថ្មី​ ឱ្យលោក ហ៊ុន ម៉ាណែត វា​អាច​មាន​ប្រតិកម្ម​ពី​វៀតណាម​ច្រើន»។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ត្រូវ​បាន​វិទ្យុ​អាស៊ីសេរី ដក​ស្រង់​សម្តី​ដែរ​ថា «ក្នុង​ជំនួប​នេះ ក៏​មិន​ខុស​ពី​ថ្នាក់​ដឹក​នាំ​ខ្មែរ​កំពូលៗ មុនៗ​ដែរ ដែល​កម្ពុជា​បាន​ចាញ់​ប្រៀប​វៀតណាម ​លើ​គ្រប់​វិស័យ»។ លោក​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ឡើង​កាន់​តំណែង​ជាង ១០០​ថ្ងៃ​​មក​នេះ លោក ហ៊ុន ម៉ាណែត ហាក់​មិន​ទាន់​​បង្ហាញ​ពី​ឯករាជភាព​ ដើម្បី​​ធ្វើ​ឱ្យ​ប្រទេស​មាន​ឯករាជ្យ​ពិតប្រាកដ ​នៅ​ឡើយ​ទេ។

សមាជិក​សភា​​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្រូវបានសារព័ត៌មាន The Cambodia Daily ចុះ​ផ្សាយ​ថា «សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ ជា​អាណាខេត្ត​មួយ​របស់​​គេ​រួច​ទៅ​ហើយ បើ​ទោះបីជា​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏​ដោយ» ព្រោះ​ថា​កន្លង​មក រដ្ឋាភិបាល​វៀតណាម មិន​ដែល​ដាក់​តាំង​ទង់ជាតិ​កម្ពុជា ​នៅ​ពីក្រោយ​ខ្នង​​លោក ហ៊ុន ម៉ាណែត ទេ ​រាល់​ពេល​ដែល​មាន​ជំនួប​រវាង​ភាគី​ទាំង​ពីរ​ម្តងៗ អំឡុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត កាន់​តួនាទី​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​របស់​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​នោះ។

សារព័ត៌មានវៀតណាម (Vietnam News) បាន​ចុះ​ផ្សាយ​នៅថ្ងៃទី១១ ធ្នូ​នេះ​ថា «​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាលកម្ពុជា ដែល​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម ឲ្យ​មាន​សិទ្ធិ​ស្រប​ច្បាប់​ នៅ​ប្រទេស​កម្ពុជា»។ ការ​ថ្លែង​រំឭកនេះ ធ្វើ​ឡើង​នៅ​ក្នុងជំនួបជាមួយ​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ទីក្រុង​ហាណូយ។

បើ​តាម​របាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី បាន​គូស​បញ្ជាក់​ថា «ថ្មីៗ​នេះ វៀតណាម​ បាន​ស្នើ​ភាគី​កម្ពុជា​ចំនួន ២ ដង ក្នុង​រយៈ​ពេល​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ក្រើន​រំឭកឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាគម និង​ ជួយ​គាំទ្រ​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​កម្ពុជា​បន្ត​ទៀត ក្នុង​នោះ លើក​ទី១ ស្នើ​នៅ​ថ្ងៃ​ទី១ ធ្នូ ក្នុង​អំឡុង​ពេល​ប្រធាន​រដ្ឋសភា​ថ្មី​កម្ពុជា អ្នកស្រី ឃួន សុដារី ទៅ​ប្រជុំ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​លើក​ទី២ នៅ​ពេល​គណៈ​ប្រតិភូ ក្រសួង​ការ​បរទេស​វៀតណាម បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ដល់​ថ្ងៃ​ទី៣ ធ្នូ»។ ការ​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ស្រប​ពេល​ជនជាតិ​វៀតណាម​ ជាង ១០ម៉ឺន (១០០.០០០)​នាក់ បាន​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​ស្រប​ច្បាប់ ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​ ពួក​គេ​កំពុង​បំពេញ​លក្ខខណ្ឌ​របស់​ក្រសួង​មហា​ផ្ទៃ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ខណៈ​ជនជាតិ​វៀតណាម​ ជិត ១០០​នាក់ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពេញ​លេញ

រូបថត​លោក ហ៊ុន ម៉ាណែត ជាមួយ​មេដឹកនាំ​វៀតណាម និង​រូបថត​លោក ម៉ែន ណាត។
រូបថត​លោក ហ៊ុន ម៉ាណែត ជាមួយ​មេដឹកនាំ​វៀតណាម និង​រូបថត​លោក ម៉ែន ណាត។
លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ​កម្ពុជា ជួបជាមួយលោក ផាម មិញជីញ នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី​១៥ វិច្ឆិកា ២០២៣។
លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ​កម្ពុជា ជួបជាមួយលោក ផាម មិញជីញ នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ទីក្រុង​ហាណូយ ថ្ងៃទី​១៥ វិច្ឆិកា ២០២៣។