បញ្ចូលអត្ថបទ CWCI Cambodia
13-12-2023

ឆ្លើយតបទៅ​កាន់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អំពី​​ការ​លើក​ឡើង​«ដំណើរការ​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀត​ណាម»

ដោយ​បាន​ឃើញ​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អំពី​​ដំណើរ​ការ​បង្គោល​ព្រំដែន​គោក នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោយ​ពេល​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​បញ្ចប់​ទស្សនកិច្ច ២​ថ្ងៃ​នៅ​វៀតណាម។ ការ​លើក​ឡើង​នូវ​រឿង «ដំណើរការ​បោះ​​បង្គោល​ព្រំដែន​​គោក រវាង​​កម្ពុជា​វៀតណាម» ដែល​​នៅ​សេស​សល់ ១៦% ទៀត​នោះ គឺ​ថា រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​សន្ធិ​សញ្ញា​​បំពេញ​បន្ថែម {ឆ្នាំ២០០៥ និង​ឆ្នាំ​២០១៩} និង​ផែនទីអម​មួយ​ចំនួន សុទ្ធ​​តែ​អនុលោម​តាម​ការ​ចង់​បាន​របស់​ភាគី​វៀតណាម ប៉ុណ្ណោះ។

យើង​ខ្ញុំមិន​​ដែល​យល់​ស្រប​ការ​បោះ​បង្គោល​ព្រំដែន ជាមួយ​វៀតណាម​​ តាម​របៀប​ហ្នឹង​​ទេ តាំង​ពី​ដំបូង ពីព្រោះ​៖

១. ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ មាត្រា​២ និង​មាត្រា៥៥ ហើយ​ក៏​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្តីពី​បូរណភាព​ទឹកដី អធិបតេយ្យ​ភាព …។ល។

២. ការ​ប្រើ​សន្ធិសញ្ញា និង​ផែនទី​ព្រំដែន សុទ្ធ​តែ​មិន​ត្រឹមត្រូវ មិន​ស្របច្បាប់ ដែល​ជា​ការ​ចង្អុល​បង្ហាញ​ដោយ​ភាគី​វៀតណាម។

៣. រដ្ឋាភិបាល​នៃ​ត្រកូល ហ៊ុន ព្យាយាម​បំបាត់​ប្រវត្តិសាស្រ្ត នៃ​បង្គោលព្រំដែន​ពី​សម័យ​បារាំង ចំនួន ១២៤ បង្គោល រួច​ក៏​ជំនួស​ដោយ​បង្គោល​ថ្មី ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដែល​រំកិល​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជា​បន្ត​បន្ទាប់។

ទង្វើ​ដែល​រដ្ឋាភិបាល​នៃលោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត របៀប​នេះ គឺ​ជា​ការ​ធ្វើ​សម្បទាន​ទឹកដី​ជាតិ​ខ្មែរ ឲ្យ​ប្រទេស​វៀតណាម ជា​ថ្នូរ​នឹង​អំណាចរបស់​ពួក​គេ។ នោះ​គឺ​ជា​ទង្វើ​ជាតិ​ប្រហារ​យ៉ាង​ជាក់​ស្តែង ដែល​ប្រវត្តិ​សាស្ត្រ​ខ្មែរ ត្រូវ​កត់​ចំណាំ។

បើ​សិន​ជា​រដ្ឋាភិបាល​នៃ​ត្រកូល ហ៊ុន មាន​ការ​ភ្ញាក់​រឭក ភាគី​កម្ពុជានៅ​តែ​អាច​សើរើស​ន្ធិសញ្ញា និង​ឯកសារ​ខុស​ច្បាប់​នានា ជាមួយ​វៀតណាម បាន​គ្រប់​ពេល បើ​តាម​​ច្បាប់ ភាគី​កម្ពុជា​ត្រូវ​ធ្វើ​និរាករណ៍​ឯកសារ​ខុសច្បាប់ និង​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ តាម​យន្តការ​រដ្ឋសភា រួច​ហើយត្រូវ​ប្តឹង​ផ្តល់​ប្រទេស​វៀតណាម ទៅ​កាន់​តុការ​អន្តរជាតិ និង​ស្ថាប័ន​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

អត្ថបទ​ដោយ​លោក ម៉ែន ណាត
{ប្រធាន}​​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (ប្រទេស​ន័រវែស) /
{អនុប្រធាន}​វេទិកាពលរដ្ឋ (សហរដ្ឋ​អាមេរិក)

ថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ​២០២៣