The Cambodia Daily
04th-01-2024
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងជួបជាមួយនាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពិនិត្យ និងពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យភាព និងឯករាជ្យពេញលេញនៃបណ្ដាប្រទេសនីមួយៗ។
លិខិតរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានលោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣ មករា នេះ បញ្ជាក់ថា លោក អេម៉ានុយអែល ម៉ាក្រុង នឹងជួបរូបលោកក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ខាងមុខ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ក្នុងការរួមគ្នាដោះស្រាយបញ្ហាសកល។
ខ្លឹមសារលិខិតខាងលើបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១ នេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ ពិនិត្យមើលគ្រឹះទំនាក់ទំនងជាអាទិភាពនៃប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្វ្រង់កូហ្វូនី និងមធ្យោបាយនានាដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្ដារដ្ឋទាំងអស់ផងដែរ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង នៅពេលខាងមុខនេះ គឺជាលើកទី១ ហើយ បន្ទាប់ពីលោកបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។
ចំណែកឪពុករបស់នាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជា គឺលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣ មករា នេះដែរថា លោកសូមអបអរសាទរដំណើរទស្សនកិច្ចផ្លូវការកូនប្រុសរបស់លោក ទៅកាន់សាធារណរដ្ឋបារាំង ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី១ ដែរក្នុងឆ្នាំ២០២៤ នេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ែលឡេត (Jacques PELLET) បានជួបជាមួយលោក ហ៊ុន ម៉ាណែត ដោយលើកទ្បើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លើសពីនេះ លោក ហ្សាក់ ប៉ែលឡេត បញ្ជាក់ថា បារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francoph onie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោកចូលរួម។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មករា ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅបារាំង មានហេតុផលមួយចំនួន ក្នុងនោះ បារាំងធ្លាប់ជាម្ចាស់អាណានិគមលើកម្ពុជា ដូច្នេះការតភ្ជាប់ទំនាក់ទំនងរវាងបារាំង និងកម្ពុជា គឺជារឿងធម្មតាប៉ុណ្ណោះ ដែលបារាំងត្រូវបន្តស្មារតីដែលមានតាំងពីសម័យអាណានិគម ដូចជា ភាសាបារាំង ដែលគេហៅ ហ្វ្រង់កូហ្វូនី និងកិច្ចសហប្រតិបត្តិការវប្បធម៌ ជាដើម ដែលបារាំង គឺជាអ្នកធ្វើបញ្ជីបេតិកភណ្ឌវប្បធម៌របស់កម្ពុជាដែរនោះ។
លោក គឹម សុខ លើកឡើងថា ហេតុផលមួយទៀត គឺបារាំងជាម្ចាស់ហត្ថលេខីនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA = Paris Peace Agreement on October 23, 1991) ដូច្នេះបើកម្ពុជា ដើរឆ្ងាយពីលក្ខខណ្ឌនៃកិច្ចសន្យានេះ ក៏នាំឱ្យប៉ះពាល់ដល់មុខមាត់បារាំងដែរ ដែលបារាំងត្រូវជួយកម្ពុជា ឱ្យមានប្រជាធិបតេយ្យពេញលេញ និងទទួលបាននូវអធិបតេយ្យជាតិពិតប្រាកដ។
លោកបន្ថែមថា ការអញ្ជើញឱ្យមានដំណើរទស្សនកិច្ចនេះ គ្រាន់តែជាពិធីការទូតផ្តល់កិត្តិយសប៉ុណ្ណោះ ប៉ុន្តែបារាំងនឹងរំលឹកលោក ហ៊ុន ម៉ាណែត អំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចដែលបារាំងធ្លាប់រំលឹកលោក ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់គាត់ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដូច្នោះដែរ។
អ្នកវិភាគនយោបាយរូបនេះ បញ្ជាក់ថា ក្រៅពីហេតុផលខាងលើ បារាំងក៏ជាប្រទេសដែលមានឥទ្ធិពលដែរ ក្នុងសហភាពអឺរ៉ុប ដូច្នេះបារាំងក៏ទំនងជារំលឹកលោក ហ៊ុន ម៉ាណែត ថែមទៀតអំពីជំហររបស់សហភាពអឺរ៉ុប និងជំហររបស់បារាំង ទាក់ទងទៅនឹងសហប្រតិបត្តិការអឺរ៉ុប-កម្ពុជា និងបារាំង-កម្ពុជា ជាពិសេសប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រោះថាសព្វថ្ងៃនេះ បារាំងកំពុងតែដើរតួនាទីយ៉ាងច្រើនជំនួសសហភាពអឺរ៉ុប លើបញ្ហាតំបន់ និងពិភពលោក។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ធ្លាប់បានរម្លឹកឡើងវិញ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញផងដែរ ក្រៅពីកិច្ចពិភាក្សាមួយចំនួនទៀត ក្នុងដំណើរទស្សនកិច្ច នាពេលនោះ។
ចំណែកស្ថានទូតបារាំងប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ប្រទេសបារាំង និងកម្ពុជា មានទំនាក់ទំនងពិសេស ដោយសារតែប្រទេសទាំងពីរមានប្រវត្តិរួមគ្នាផង និងជាប្រទេសដែលនិយាយភាសាបារាំងដែរ។ ម្យ៉ាងវិញទៀត បារាំងក៏មានតួនាទីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែរ។
ប្រទេសបារាំង គឺជាម្ចាស់ហត្ថលេខីមួយក្នុងចំណោមម្ចាស់ហត្ថលេខី ១៨ ប្រទេសផ្សេងទៀត ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា អាមេរិក អង់គ្លេស ចិន និងសហភាពសូវៀត ដូច្នេះ បារាំងត្រូវមានតួនាទីជ្រោមជ្រែងកម្ពុជា ស្របតាមលក្ខខណ្ឌច្បាប់ដែលបានចែងក្នុងកិច្ចសន្យាអន្តរជាតិនេះ ដូចជា ការតាមដានលើអធិបតេយ្យជាតិរបស់កម្ពុជា ឱ្យស្ថិតក្នុងភាពអព្យាក្រឹត្យ មិនឱ្យចំណុះមហាអំណាចណាមួយ ជាដើម៕