វិទ្យុ​អាស៊ីសេរី RFA /​ដោយ ខាន់ លក្ខិណា
01-01-2024

អ្នកឃ្លាំមើល​លើក​ឡើង​ថា ក្រុមហ៊ុន​បុរី​ឧកញ៉ា ឡេង ណាវ៉ា​ត្រា ប្រឈម នឹង​​ការ​ប្រកាស​ក្ស័យ​ធន រួច​ប្ដូរ​ម្ចាស់​ថ្មី បន្ទាប់​ពី​មាន​លោក​ឧកញ៉ា​ម្នាក់ ប្រកាស​ទិញ​គម្រោង​ផ្ទះ​អតិថិជន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុង​តម្លៃ​តែ​ពាក់​កណ្ដាល​នៃ​តម្លៃ​ដើម​របស់​អតិថិជន។

ជុំវិញ​រឿង​នេះ បុគ្គលិក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថា ខ្លួន​មិន​បាន​ដឹង​រឿង​នេះ​ដែរ។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣១ ធ្នូ ថា ឧកញ៉ា ហ៊ួត ជា ហ៊ាន​​ប្រកាស​កាត់មុខ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយ​មិនទាន់​មាន​កិច្ចព្រមព្រៀង​រវាង​គ្នា​បែបនេះ លុះត្រា​តែ​មាន​សញ្ញា​ពី​អ្នកមាន​ឥទ្ធិពល​ណាមួយ ពីព្រោះ​តាមច្បាប់ អតិថិជន​និង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅ​មាន​កិច្ច​សន្យា​​មិនទាន់​អនុវត្ត​ចប់​សព្វគ្រប់​ជាមួយគ្នា​នៅឡើយ។

លោក​ថា មេដឹកនាំ​រដ្ឋាភិបាល ​គួរ​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ជូន​អតិថិជន ហើយ​ចៀសវាង​លេងល្បែង​ឱ្យ​ក្រុមហ៊ុន​បុរី ឡេងណាវ៉ាត្រា ប្រកាស​ក្ស័យធន ហើយ​មិន​អើពើ​នឹង​ផលប្រយោជន៍​របស់​អតិថិជន​រងគ្រោះ។

លោក ម៉ែន ណាត​៖ «គេ​ឱ្យ ឡេង ណាវ៉ាត្រា ប្រកាស​ក្ស័យធន​ឆាប់ៗ​ហើយ​មើល​ទៅ ហើយ​ជំនួយ​អ្នកថ្មី ឡេង ណាវ៉ាត្រា កំពុង​ជាប់​គាំង​លើ​គម្រោង​ហ្នឹង ហើយ​កំពុង​មាន​បញ្ហា​ច្រើន ឡេង ណាវ៉ាត្រា ដែល​ទាក់ទង​ជាមួយ ហ៊ុន ម៉ាណែត ហ្នឹង ហ៊ុន ម៉ាណែត មិន​ឱ្យ​លុយ មិន​ឱ្យ​អី​បន្ថែម​សម្រាប់​ធ្វើ​បន្ទាប់ ពី​គាត់​ល្បីល្បាញ​ខាង​បោក​គេ​ លក់​ដី​ខ្យល់ លក់​អគារ​ខ្យល់​ហ្នឹង​។ អ៊ីចឹង​ហើយ​មានតែ​គេ​ ដូរ​មនុស្ស​យក​មក​ដាក់​ជំនួស ដើម្បី​កុំឱ្យ​វា​អាក្រក់​មើល​ពេក»។

កាលពី​ថ្ងៃទី​២៧ ធ្នូ លោក​ឧកញ៉ា ហ៊ួត ជា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ប្រកាស​ទិញ​ផ្ទះ​គម្រោង ៦​អា (6A) ពី​អតិថិជន​របស់​ក្រុមហ៊ុន​បុរី​ ឡេង ណាវ៉ាត្រា បើ​អតិថិជន ចង់​លក់ ក្នុងតម្លៃ​ពាក់កណ្ដាល​នៃ​តម្លៃ​ដើម។

ឧកញ៉ា​រូប​នេះ មិនបាន​បញ្ជាក់​ទេ​ថា ការប្រកាស​របស់​ខ្លួន​មាន​ការ​ព្រមព្រៀង​ពី ក្រុមហ៊ុន​បុរី ឡេង​ណាវ៉ាត្រា ហើយ​ឬ​នៅ ដោយ​គ្រាន់តែ​ប្រាប់​ថា ខ្លួន​ជា​អ្នកផ្គត់ផ្គង់ គ្រឿងសំណង់​មួយ​ចំនួន​ឱ្យ​បុរី​ឡេង ណាវ៉ាត្រា ហើយ​សរសេរ​សរសើរ គម្រោង​ផ្ទះ របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ផង និង​ទទួលស្គាល់​នូវ​ការ​ធ្លាក់ចុះ​ចំណូល យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គម្រោង​ដ៏​ធំ​នេះ​ផង។

ឧកញ៉ា ហ៊ួត ជា លើកឡើង​ថា គម្រោង​បុរី ឡេង ណាវ៉ាត្រា ៦អា មាន​ទំហំ​ជាង បួន​រយ​ហិកតារ​​(៤០០) និង​ប្រើ​ទុន​​វិនិយោគ​សរុប​ជាង ប្រាំ​រយ​លាន​ដុល្លារ​​(៥០០) ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ចន្លោះ​ពី ៥ លាន ទៅ ៧ លាន​ដុល្លារ ក្នុង​មួយ​ខែ។

វិទ្យុ​អាស៊ីសេរី ​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ឧកញ៉ា ហ៊ួត ជា បាន​ទេ​នៅ​ថ្ងៃទី​៣១ ធ្នូ។

រីឯ​បុគ្គលិក​ក្រុមហ៊ុន​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា មួយ​រូប​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ នៅ​ថ្ងៃទី៣១ ធ្នូ ថា គាត់​មិន​ដឹង​ច្បាស់ ទាក់ទង​នឹង​រឿង​នេះ​ទេ។

បុគ្គលិក​​៖«..​បុរី​ឡេង ណាវ៉ាត្រា សូម​ជម្រាបសួរ​! ចាស​បង​ខ្ញុំ​អត់​ច្បាស់​ព័ត៌មាន​ដែរ​បង​។ ព័ត៌មាន​នេះ​ខ្ញុំ​អត់​អាច​បកស្រាយ​ជូន​បង​បានទេ បង​អធ្យាស្រ័យ»។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​ មាន​ភាព​ច្របូកច្របល់ ហើយ​ភាគច្រើន ម្ចាស់​បុរី​មិន​បាន​គោរព​តាម​កិច្ចសន្យា ដោយ​សំអាង​លើ​ការ​ក្ស័យធន ក៏​ធ្វើ​មិន​ដឹង មិន​ឮ មិន​ដោះស្រាយ​ឱ្យ​បាន​សមរម្យ​ជូន​អតិថិជន។

លោក​ថា ករណី​ឧកញ៉ា ហ៊ួត ជា ប្រកាស​ទិញ​គម្រោង​ផ្ទះ​ពី​អតិថិជន បុរី​ក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា អាច​ធ្វើ​ទៅ​បាន ទាល់​តែ​មាន​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ទាំងពីរ ដោយ​មាន​ការ​យល់ព្រម​ពី​អតិថិជន​ដែរ។

លោក វណ្ណ សុផាត៖ «​ប៉ុន្តែ​បើ​យើង​និយាយ​ទៅ​តាម​សមភាព​វិញ ទៅ​តាម​ការ​អនុវត្ត​កាតព្វកិច្ច​កិច្ចសន្យា​វិញ​គឺថា​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​ទៅតាម​កាតព្វកិច្ច​កិច្ចសន្យា ហើយ​ប្រជាពលរដ្ឋ​លោក​​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង ដើម្បី​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ហ្នឹង ទទួលខុស​ត្រូវ​ គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន»។

លោក វណ្ណ សុផាត បន្ថែម​ថា ករណី​ក្រុមហ៊ុន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ខកខាន មិន​បាន​សង់ផ្ទះ​ជូន​អតិថិជន​តាម​កិច្ចសន្យា​បែបនេះ ក៏​អាច​មាន​វិធី​ដោះស្រាយ​ តាមរយៈ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ចរចា​សម្រួល​ដំឡើង​តម្លៃ​សង​អតិថិជន​វិញ ឱ្យ​ពួកគាត់​ខាតបង់​តិចតួច​បំផុត។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​នេះ ពុំ​មាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​អតិថិជន​ទទួល​យក​ឡើយ តែ​ត្រូវ​សម្របសម្រួល​កុំឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​អតិថិជន តាម​ការ​យល់ព្រម​របស់​អតិថិជន។

ក្នុង​ឆ្នាំ​២០២៣ អតិថិជន​ទិញ ផ្ទះ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​តវ៉ា​ព្រោងព្រាត​ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​រក​ដំណោះ​ស្រាយ ពីព្រោះ​ក្រុមហ៊ុន​បុរី​មិនទាន់​បាន​ប្រគល់​ផ្ទះ ឱ្យ​ពួក​គាត់​ឡើយ បើ​ទោះ​បី​បាន​បង់ប្រាក់​គ្រប់​ចំនួន​ឱ្យ​ក្រុមហ៊ុន​អស់​ហើយ​ក៏ដោយ។

ជា​ឧទាហរណ៍ កាលពី​ថ្ងៃទី​២៦ ធ្នូ អតិថិជន​ម្នាក់​ឈ្មោះ ជុំ សូគ្រឺះ ដែល​អះអាង​ថា បាន​ទិញ​ផ្ទះ​នៅ​បុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា (6A) នៅ​ផ្លូវជាតិ​លេខ​៣ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ក្រុមហ៊ុន​បុរី​នេះ មិន​បាន​ធ្វើ​តាម​គម្រោង​របស់​ខ្លួន​ច្រើន​ណាស់៕

រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត
រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត