វិទ្យុអាស៊ីសេរី RFA /ដោយលោក មាន ឫទ្ធិ
01st-2-2024
អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនអាចដោះស្រាយបញ្ហាសំណង់អគារខ្មោច ក្នុងខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធបានឡើយ។ ពួកគេយល់ថា ហេតុផលសំខាន់ៗដែលរដ្ឋាភិបាល ដោះស្រាយបញ្ហាអគារខ្មោច ឬសំណង់អគារគេបោះបង់ចោលនោះ គ្មានប្រសិទ្ធភាព ដោយសារអ្នកជំនួញល្អៗ កំពុងសម្លឹងឃើញថា កម្ពុជាកំពុងក្លាយជាទីតាំងសម្បូរបទល្មើសឧក្រិដ្ឋ និងសម្បូរដោយអ្នកមានអំណាច ប្រកាន់បក្ខពួកនិយម ខណៈប្រព័ន្ធច្បាប់ ត្រូវបានជាន់ឈ្លីដោយអ្នកមានអំណាច។
ទោះជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមដាក់ចេញនូវយន្តការ សម្រាប់ដោះស្រាយសំណង់ខ្មោច នៅខេត្តព្រះសីហនុក្ដី ក៏ក្រុមអ្នកឃ្លាំមើល វាយតម្លៃថា អ្នកជំនួញល្អៗ នឹងពុំហ៊ានមកបោះទុនវិនិយោគលើសំណង់អគារជាប់គាំងទាំងនោះ ដើម្បីស្ដារសេដ្ឋកិច្ច និងសោភ័ណភាពទីក្រុង ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឡើយ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែកុម្ភៈថា ការប្រកាសរបស់រដ្ឋាភិបាល ចំពោះការអនុគ្រោះយកថ្លៃពន្ធនានា ក្នុងការសាងសំណង់អគារក្រុងព្រះសីហនុ នឹងគ្មានឥទ្ធិពល ឬទាក់ទាញចំណាប់អារម្មណ៍អ្នកជំនួញល្អៗ មកបណ្ដាក់ទុនស្ដារសំណង់អគារខ្មោចទាំងនោះទេ។ លោកថា ហេតុផលសំខាន់ៗ ដែលធ្វើឱ្យកម្ពុជាខ្សត់អ្នកជំនួញល្អៗ នាពេលនេះ ដោយសារតែប្រព័ន្ធច្បាប់ ត្រូវបានជាន់ឈ្លីដោយអ្នកមានអំណាច អំពើពុករលួយចាក់ស្រេះ និងបញ្ហានៃបទឧក្រិដ្ឋកម្មនានា។
លោក គឹម សុខ៖«លោក ហ៊ុន ម៉ាណែត គ្រាន់តែប្រើលេសវិនិយោគតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ រឿងពិតការប្រកូកប្រកាសលក់អគារខ្មោច រាប់រយនៅទីនោះ ដើម្បីប្រមូលលុយ ព្រោះរដ្ឋាភិបាលរបស់គាត់ ស្ទើរតែគាំងអស់លុយទៅហើយ នេះទីមួយ។ ទីពីរយុទ្ធសាស្ត្រលក់អគារខ្មោច នៅខេត្តព្រះសីហនុរបស់លោក ហ៊ុន ម៉ាណែត នេះ មើលទៅមិនមែននាំឱ្យរីកចម្រើនសេដ្ឋកិច្ចជាតិ ឬសេដ្ឋកិច្ចប្រជាពលរដ្ឋអីទេ ប៉ុន្តែវារីកឧស្សាហកម្មលាងលុយកខ្វក់ អ្នកវិនិយោគល្អៗ គេមិនហ៊ានប្រថុយទិញអគារទាំងនោះទេ ក្រៅតែពីអ្នកវិនិយោគបែបកាប់ដាវ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣១ ខែមករា ប្រកាសដល់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធអនុវត្តផែនការជាកញ្ចប់ ដោយបង្កើនការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ការផ្ដល់អត្ថប្រយោជន៍ពិសេសដូចជា ទិដ្ឋាការ ការលើកលែងពន្ធអាករផ្សេងៗ និងជួយសម្រួលបែបបទ និងនីតិវិធីនានាក្នុងរយៈពេលវែង និងធានាបញ្ហាអសន្តិសុខ នៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យអ្នកវិនិយោគ ចូលមកបោះទុនវិនិយោគលើសំណង់អគារខ្មោច។
បច្ចុប្បន្ននេះ អគារផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុ មានចំនួន ៣៦២អគារ និងមានអគារបានសាងសង់រួចប៉ុន្តែមិនដំណើរការ មានចំនួន ១៧៦អគារ។ អគារដែលរងផលប៉ះពាល់ទាំងនេះ ភាគច្រើនជាប្រភេទសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅជាដើម។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមនុរ័ត្ន ប្រកាសថា រដ្ឋត្រូវការទុនវិនិយោគបន្ថែមប្រមាណជិត ១ពាន់ ២រយលានដុល្លារ (១.១៦១លានដុល្លារ) ដើម្បីបញ្ចប់ការសាងសង់ ប៉ុន្តែនៅពេលនេះ រដ្ឋមិនមានលុយនោះទេ។ ដោយសារបែបនេះហើយទើបរដ្ឋាភិបាល ប្រកាសកៀរគរអ្នករកស៊ីពីវិស័យឯកជនទៅវិនិយោគទីនោះ។
សំណង់អាគារខ្មោចធំៗ ទាំងនេះ គឺជាលទ្ធផលនៃការអនុវត្តគោលនយោបាយ បើកចំហជើងមេឃរបស់លោក ហ៊ុន សែន ដោយអនុញ្ញាតឱ្យអ្នកជំនួញ ឬជនជាតិចិនចូលមកខេត្តព្រះសីហនុដោយសេរី និងគ្មានការគ្រប់គ្រងត្រឹមត្រូវ ចាប់តាំងពីឆ្នាំ២០១៥ មក។ ពេលនោះ ក្រុមអ្នកជំនាញ និងមន្ត្រីស៊ីវិល តែងតែព្រមាន និងដាស់តឿនលោក ហ៊ុន សែន បង្កើនការប្រុងប្រយ័ត្នអំពីបញ្ហាសេដ្ឋកិច្ច និងការប្រឈមនានា ដែលបង្កឡើងដោយអ្នកជំនួញ ឬជនជាតិចិនមួយចំនួន បន្ទាប់ពីពួកគាត់ សង្កេតឃើញថា ជនជាតិចិនមួយចំនួន ចូលមកបង្កើតបញ្ហាជាបន្តបន្ទាប់។ ករណីទាំងនោះ ដូចជាជនជាតិចិនមួយចំនួន ដណ្ដើមការងារ និងមុខរបររបស់ពលរដ្ឋម្ចាស់ស្រុក បង្កបញ្ហាអសន្តិសុខបាញ់បោះ កាប់សម្លាប់ ការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបើកល្បែងខុសច្បាប់ជាដើម។ ក្រៅពីនេះ អ្នកជំនួញចិនខ្លះ ចាប់ផ្ដើមរកស៊ីបំផើមសេដ្ឋកិច្ចស្រុកខ្មែរ ដោយសាងសង់អាគារធំៗខ្ពស់ៗ ខុសពីការរីកចម្រើនសេដ្ឋកិច្ចពិតប្រាកដ ធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរដ្ឋាភិបាលចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសាងសង់ឡើងវិញ និងការបាក់រលំអគារសម្លាប់ពលរដ្ឋខ្មែររាប់សិបនាក់ជាដើម។ ទោះជាយ៉ាងណា កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន មិនបានស្ដាប់មតិយោបល់របស់មន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល និងជំនាញផ្សេងៗ នោះទេ ដោយលោករវល់តែត្រេកត្រអាល ចំពោះសំណង់អាគារខ្ពស់ៗ និងថ្លែងការពារអ្នកវិនិយោគចិន ហើយថ្កោលទោសខ្លាំងៗ ត្រឡប់ទៅអ្នកផ្ដល់យោបល់ទាំងនោះទៀតផង។
លោក ហ៊ុន សែន៖«ខ្ញុំបានស្ដាប់ឮដែលថា ចិនមកដាក់អាណានិគមតាមការវិនិយោគ ក៏ប៉ុន្តែសូមបញ្ជាក់ថា អ្នកទាំងអស់គ្នា ឥឡូវពិភពលោក កំពុងត្រូវការអ្នកវិនិយោគចិន ចូលទៅវិនិយោគក្នុងប្រទេសគេ ឯយើងមានភ័ព្វសំណាងដែលបានទាញអ្នកវិនិយោគចិន ចូលក្នុងប្រទេសរបស់យើង ប៉ុន្តែអ្នកដែលមិនចង់ឱ្យមានការរីកចម្រើនខ្លះគេថា នេះជាអន្ទាក់បំណុលរបស់ចិននេះ ជាអាណានិគមរបស់ចិន នេះជាកន្លែងលក់ដីឱ្យចិន»។
មកទល់ពេលនេះ សំណង់អគារខ្មោច ឬអគារមិនទាន់សាងសង់រួចរាល់ក្នុងខេត្តព្រះសីហនុ បានជាប់គាំងរយៈពេលជិត ៥ឆ្នាំហើយ។
លោក គឹម សុខ សង្កេតឃើញថា នៅពេលកម្ពុជាសម្បូរដោយអំពើពុករលួយ បក្ខពួកនិយមបែបនេះ គឺឱកាសសម្រាប់អ្នកមានអំណាចគាបសង្កត់អ្នកវិនិយោគ ដែលធ្វើឱ្យអ្នកជំនួញ មកបោះទុននៅកម្ពុជាគ្មានទំនុកចិត្តត្រឡប់ទៅស្រុកកំណើតពួកគេវិញ។ លើសពីនេះ លោកថា លំហូរជនជាតិចិនចូលមកវិនិយោគនៅកម្ពុជាដំបូងៗ អាចជាវិធីសាស្ត្ររបស់ជនជាតិចិនមួយចំនួន ដើម្បីលាងលុយកខ្វក់ពួកគេតែប៉ុណ្ណោះ។
ម្យ៉ាងវិញអ្នកឃ្លាំមើល យល់ថា អ្នកវិនិយោគ ទំនងជាមិនហ៊ានយកលុយមករកស៊ីនៅកម្ពុជា ឬខេត្តព្រះសីហនុនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចនៅស្រុកខ្មែរមិនប្រាកដប្រជា ហើយវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះ។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា សន្ទុះនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកើនឡើងក្នុងកម្រិតទាបពោលស្មើ ១,១ភាគរយតែប៉ុណ្ណោះ ខណៈសកម្មភាពនៃការលក់ចេញនូវអចលនទ្រព្យផ្ទះល្វែង ខុនដូ (Condo) និងវិឡា ធ្លាក់ចុះរហូតដល់ជិត ៥០ភាគរយ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ការដោះស្រាយបញ្ហាអគារខ្មោច នៅខេត្តព្រះសីហនុ នឹងបន្តអូសបន្លាយក្នុងរយៈពេលវែងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ននេះ ប្រសិនបើមានអ្នកជំនួញមកបោះទុន ក៏ពួកគេភាគច្រើនផ្ដោតខ្លាំងទៅលើវិស័យបនល្បែងកាស៊ីណូ ខណៈវិស័យនេះអ្នកស្រីថា ក៏កំពុងប្រឈមគ្មានអតិថិជន ដោយសារតែជាប់ពាក់ព័ន្ធការឆបោកតាមអនឡាញ (Online)។
អ្នកស្រី ជៀប សុធារី៖ «នៅពេលថ្មីៗ នេះ យើងមានស្អីសម្រាប់ទាក់ទាញអ្នកវិនិយោគចូលមក? ព្រៃឈើ ធម្មជាតិ ឬសក្ដានុពលផ្សេងទៀតអត់មាន ឥឡូវឱ្យគាត់ [អ្នកវិនិយោគ] ធ្វើអីក្រៅពីវិស័យកាស៊ីណូ។ វិស័យកាស៊ីណូហ្នឹងក៏មិនប្រាកដថា អ្នកលេងហ្នឹងគាត់មានលុយមកលេងល្បែងតទៅទៀត ក៏យើងអត់ដឹង ឥឡូវអ្វីនៅតាមបណ្ដាខេត្តដូចជាខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតកន្លងមកមានតែគ្រឿងញៀន គ្រឿងញៀនរាប់រយគីឡូ រាប់តោនចូលមក»។
អ្នកឃ្លាំមើលជំរុញដល់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រិះរកមធ្យោបាយដោះស្រាយសំណង់អគារខ្មោច ឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារទីក្រុង និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឡើងវិញ។ ពួកគាត់លើកទឹកដល់រដ្ឋាភិបាលចំពោះយន្តការដោះស្រាយបញ្ហាអគារខ្មោចថា រឿងទីមួយដែលរដ្ឋាភិបាលគួរធ្វើ ត្រូវលុបបំបាត់អំពើពុករលួយ ទប់ស្កាត់បញ្ហាឧក្រិដ្ឋ ស្ដារស្ថានការណ៍នយោបាយ និងប្រព័ន្ធច្បាប់ដែលកំពុងរងការជាន់ឈ្លី ដោយអ្នកអំណាច។ អ្នកឃ្លាំមើលរំពឹងថា បើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាទាំងនេះ ឱ្យល្អប្រសើរ អ្នកជំនួញល្អៗ អាចនឹងមានទំនុកចិត្ត ហើយការវិនិយោគរបស់អ្នកជំនួញ ក៏អាចផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋម្ចាស់ស្រុកដែរ៕