The Cambodia Daily
01st-2-2024
នាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជាក្នុងត្រកូលក្រាញអំណាច លោក ហ៊ុន ម៉ាណែត ប្រកាសបើកចំហទទួលវិនិយោគទុនបរទេស ដែលហ៊ានបណ្ដាក់ទុននៅខេត្តព្រះសីហនុ រយៈពេលវែង ចាប់ ១សែនដុល្លារអាមេរិក (១០០០០០ដុល្លារអាមេរិក) ឡើងទៅ នឹងទទួលបានការផ្តល់ឱ្យនូវទិដ្ឋាការពិសេស រយៈពេល ៣ឆ្នាំ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះថា ក្រៅពីលើកទឹកចិត្តដោយការផ្តល់ទិដ្ឋាការពិសេស ដល់វិនិយោគិនបរទេស រាជរដ្ឋាភិបាល ក៏មានការផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដែរ ដូចជា ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍន៍សំខាន់ៗដែរ ដូចជា តំបន់ទេសចរណ៍ តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញបាន វិថីអាហារ និងរមណីយដ្ឋាននានាជាជំហានៗស្របតាមសក្ដានុពល និងភូមិសាស្ត្រជាក់ស្ដែង។
លោក ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាល ក៏នឹងមានផែនការរៀបចំឱ្យមានទីក្រុងសុវត្ថិភាពផងដែរ ដើម្បីស្ដារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុ លើឆាកអន្តរជាតិ ដោយការពន្លឿនដាក់ឱ្យប្រើប្រាស់ផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគនានាបន្ថែមទៀត។
នាយករដ្ឋមន្ត្រីថ្មីកម្ពុជារូបនេះ បញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់លោកនឹងធ្វើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ ជាពិសេសការពង្រឹងតំបន់សេដ្ឋកិច្ចពិសេស ដែលមានស្រាប់ ឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ជាដើម ដើម្បីប្រែក្លាយតំបន់ទាំងនេះ ទៅជាតំបន់ប្រមូលផ្ដុំឧស្សាហកម្ម ឬសហគ្រាស និងជាតំបន់ទេសចរណ៍ផងដែរ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៣១ មករា នេះថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត មិនទាន់មានវិធានការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់កម្ពុជាបាននៅឡើយទេ ខណៈទំនាស់ផ្ទៃក្នុង ពីការផ្លាស់ប្ដូរតួនាទីមន្ត្រីរដ្ឋាភិបាលមួយចំនួន ដើម្បីពង្រឹងអំណាចដឹកនាំរបស់គាត់ ក៏កំពុងច្របូកច្របល់ដែរ ស្របពេលដែលគាត់កំពុងខូចកេរ្តិ៍ឈ្មោះ ថាជាមេដឹកនាំកខ្វក់ ពីការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនៅពេលនេះដែរនោះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាខាងលើ ទម្លាយថា តាមពិត រដ្ឋាភិបាលថ្មីនេះកំពុងត្រូវការអ្នកវិនិយោគបរទេសខ្លាំងណាស់ ឱ្យចូលទៅវិនិយោគនៅកម្ពុជា ដោយមិនកំណត់ថា ត្រូវតែវិនិយោគនៅខេត្តព្រះសីហនុ ទេ គឺទទួលបានទិដ្ឋាការពិសេសដូចគ្នា ប៉ុន្តែបើលោក ហ៊ុន ម៉ាណែត ប្រកាសដោយចំហបែបនេះ គឺបង្ហាញថា ការចេញទៅចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ កន្លងទៅ គឺបរាជ័យទាំងអស់ ដូច្នេះដើម្បីបំភាន់ពលរដ្ឋ គាត់មានតែយកខេត្តព្រះសីហនុ ធ្វើជាប្រធានបទប្រកាសទទួលវិនិយោគទុនបរទេសប៉ុណ្ណោះ។
ប្រភពមន្ត្រីខាងលើបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងក្រោយពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសជប៉ុន ក្នុងពេលដំណាលគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ឱ្យទៅបណ្ដាក់ទុននៅកម្ពុជា គេមិនទាន់ឃើញក្រុមហ៊ុនបរទេសណាមួយ ប្រកាសដាក់ទុនវិនិយោគលើផ្នែកណាមួយនៅកម្ពុជានៅឡើយទេ រហូតដល់ពេលនេះ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងតែខ្វះខាតលុយធ្ងន់ធ្ងរ ដែលមិនអាចឱ្យរដ្ឋាភិបាលដ៏ក្មេងខ្ចីមួយនេះ ដាក់ផែនការអភិវឌ្ឍន៍អ្វីបានទេ ដូចដែលគេបានឃើញស្រាប់ ក្នុងអំណាចដឹកនាំជាង ៥ខែរបស់គាត់មកនេះ។
ទាក់ទិននឹងបញ្ហានេះ ក្នុងពិធីជួបជាមួយអ្នកគាំទ្រក្នុងប្រទេសបារាំង កាលពីថ្ងៃទី១៤ មករា លោក ហ៊ុន ម៉ាណែត លើកឡើងថា វត្តមានរបស់លោកនៅក្រៅប្រទេសនេះ ជាការដើរគោះទ្វារអ្នកធុរកិច្ច ដើម្បីឱ្យទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស តែម្តង។
យ៉ាងណាក៏ដោយ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមប្រជុំក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី១៥ ខែមករា សារព័ត៌មានអន្តរជាតិមួយឈ្មោះ ប៉ូលិទិកូ (POLITOCO) បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូបដែលមានវត្តមានក្នុងទីក្រុងដាវ៉ូស ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវគេរាប់បញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់នោះផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងកាលពីពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទឹកដីអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលអ្នកវិនិយោគឱ្យទៅរកស៊ីនៅកម្ពុជា នឹងត្រូវបរាជ័យ ព្រោះអ្នកវិនិយោគល្អៗដែលគោរពច្បាប់ គេនឹងមិនហ៊ានទៅបោះទុនវិនិយោគនៅកម្ពុជាទេ ដោយសារតែពួកគេបានដឹងពីរបៀបដឹកនាំដ៏អាក្រក់របស់លោក ហ៊ុន សែន ដែលបានបន្តមកឱ្យលោក ហ៊ុន ម៉ាណែត នៅពេលនេះ។ ជាងនេះទៀត ពួកគេក៏មិនមែនមិនដឹងថា លោក ហ៊ុន ម៉ាណែត កំពុងក្តោបក្តាប់ប្រទេសកម្ពុជាផ្ដាច់មុខដូចលោក ហ៊ុន សែន ឪពុកគាត់នោះទេ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា អ្នកជំនួញដែលបោះទុនវិនិយោគនៅកម្ពុជាកន្លងមក អាចមានអ្នកជំនួញដែលល្អៗដែរ ប៉ុន្តែពួកគេបាននាំគ្នារត់ទៅប្រទេសដទៃអស់ហើយ ដោយសារតែពួកគេមិនអាចរកស៊ីចំណេញ ក្រោមរដ្ឋាភិបាលដែលពោរពេញដោយអំពើពុករលួយមួយនេះ ដូច្នេះអ្នកវិនិយោគដែលនៅសល់ គឺមានតែពួកម៉ាហ្យា (Mafia) ប៉ុណ្ណោះ ដែលពួកគេបានឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តបទល្មើសធំៗ ដូចជា កាប់បំផ្លាញព្រៃឈើ ជួញដូរមនុស្ស លក់គ្រឿងញៀន លាងលុយកខ្វក់ និងការចាប់ជំរិត ជាដើម ដូច្នេះជំនួញល្មើសច្បាប់ទាំងនេះ មិនអាចជួយឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរឡើយ៕