អត្ថបទ RFA Khmer /ដោយ ខាន់ លក្ខិណា
03-3-2024
លោក ហ៊ុន ម៉ាណែត ថា ឪពុករបស់លោក គឺលោក ហ៊ុន សែន ឡើងតំណែងប្រធានព្រឹទ្ធសភាខាងមុខនេះ ដើម្បីធានាស្ថិរភាព។ អ្នកឃ្លាំមើល និងអ្នកនយោបាយថា សន្តិភាព និងស្ថិរភាពកម្ពុជាមានទៅបាន ទាល់តែមានការផ្ទេរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនមែនការពូតផ្ដុំអំណាចក្នុងគ្រួសារមួយ នៅគ្រប់ស្ថាប័នរដ្ឋទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី០៣ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកដឹកនាំចាស់ៗ ដែលមានឪពុករបស់លោក ជាក្បាលម៉ាស៊ីន នៅតែបន្តការងារជាមួយរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន ម៉ាណែត ថា ការទៅកាន់តំណែងប្រធានព្រឹទ្ធសភា របស់លោក ហ៊ុន សែន នៅពេលដ៏ខ្លីខាងមុខនេះ គឺដើម្បីធានាស្ថិរភាព។ លោកពន្យល់ថា រដ្ឋាភិបាលរបស់លោក ដែលជួយជ្រោមជ្រែងពីក្រុមជំនាន់ឪពុករបស់លោក គឺដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពស្ថាប័ន និងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច។
លោក ហ៊ុន ម៉ាណែត៖ «សម្ដេចបន្តិចទៀត លោកទៅជាប្រធានព្រឹទ្ធសភា ចូលនៅក្នុងនីតិប្បញ្ញត្តិ អ្នកខ្លះគេចោទថា ស្រុកខ្មែរត្រកូល ហ៊ុន ទាំងអស់ ការធានានូវសុខសន្តិភាព ស្ថិរភាព»។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោក កំពុងប្រឹងប្រែងដោះស្រាយបញ្ហា កុំឱ្យដួលរលំវិស័យសំខាន់ៗ។ លោកសារភាពថា កម្ពុជាកំពុងប្រឈមភាពច្របូកច្របល់សង្គម បញ្ហាសេដ្ឋកិច្ច ការប៉ះពាល់វិស័យទេសចរណ៍ និងបញ្ហាអចលនទ្រព្យ ជាដើម។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៣ មីនា ថា ស្ថាប័ននីតិបញ្ញត្តិ ដូចជា រដ្ឋសភា និងព្រឹទ្ធសភា មានតួនាទីសំខាន់ណាស់ ក្នុងការកោះហៅមន្ត្រីស្ថាប័ននីតិប្រតិបត្តិ គឺរដ្ឋាភិបាល ទៅសួរនាំ អំពីការប្រតិបត្តិរបស់រដ្ឋាភិបាល នៅពេលមានការប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
លោកថា នៅពេលប្រធានស្ថាប័ននីតិបញ្ញត្តិជាឪពុក ហើយមេដឹកនាំស្ថាប័ននីតិ ប្រតិបត្តិជាកូន ដូច្នេះ ធ្វើម៉េចឪពុក នឹងហៅកូនទៅសួរដេញដោលទៅកើត?
លោក រ៉ុង ឈុន៖ «ឥឡូវ ខ្ញុំទើបចេញមកពីប្រជាពលរដ្ឋបឹងតាមោក ដែលគាត់ស្រែកយំ គាត់បារម្ភ ដេកមិនលក់ បាយមិនបាន ដោយសារតែមានការរំលោភយកដីធ្លី ផ្ទះសម្បែងគាត់។ អាហ្នឹងមិនមែនអី មិនសន្តិភាពណា»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ០៣ មីនា ថា សន្តិភាព និងស្ថិរភាពរបស់លោក ហ៊ុន ម៉ាណែត មិនផ្ដោតលើការដោះស្រាយបញ្ហា ឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទេ។
លោក ម៉ែន ណាត ថា គឺជាសន្តិភាព និងស្ថិរភាព នៃការពូតផ្ដុំអំណាចបក្ខពួក គ្រួសារ ហ៊ុន ដើម្បីបង្កើតអាណាចក្រត្រួតត្រារបស់គ្រួសារ ហ៊ុន នៅគ្រប់ស្ថាប័នជាតិ ដោយការកម្ចាត់អ្នកដទៃ ទាំងគណបក្សប្រឆាំង សកម្មជន រួមទាំងផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាផង។
លោកថា អំណាចអាណាចក្រគ្រួសារបែបនេះ ពុំមែនដើម្បីសន្តិភាព និងស្ថិរភាព សង្គមនោះទេ ប៉ុន្តែ ជាគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល ពីព្រោះ អ្វីៗស្ថិតនៅក្រោមការចាត់ចែងរបស់គ្រួសារមួយ។
លោក ម៉ែន ណាត៖ «កូនប្រុសទី២ គាត់ឱ្យកាន់ជាអគ្គមេបញ្ជាការរងកងទ័ព ហើយកូនប្រុសទី៣ ឱ្យកាន់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺគ្រប់គ្រងពួកមន្ត្រីរាជការស៊ីវិល ហើយកូនប្រុសទី១ កាន់ជានាយករដ្ឋមន្ត្រី ហើយកូនស្រីគាត់ កាន់អំណាចសេដ្ឋកិច្ច ក្ដោបក្ដាប់សេដ្ឋកិច្ចទូទាំងប្រទេស ដូចជា បង្កើតអាណាចក្រមួយ នៅក្នុងសម័យទំនើប នៅក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូល ហ៊ុន។ អំណាចបែបអ៊ីចឹង វាគ្រោះថ្នាក់ណាស់ គ្រោះថ្នាក់ណាស់សម្រាប់ជាតិ វាគ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ»។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ លើកឡើងថា សន្តិភាពបែបនេះ គឺជាសន្តិភាពសម្រាប់តែមួយគ្រួសារអ្នកដឹកនាំ ដែលអំណាចគ្រួសាររបស់លោក ហ៊ុន សែន ឡើងដល់ចំណុចកំពូលទៅហើយ។ លោកបារម្ភថា នៅថ្ងៃអនាគត កម្ពុជាស្ថិតនៅក្នុងកណ្ដាប់ដៃគ្រួសារតែមួយ។
លោក លី ចាន់ដារ៉ាវុធ ថា សព្វថ្ងៃកម្ពុជា គ្មានសង្គ្រាមប្រដាប់អាវុធមែន ប៉ុន្តែ កំពុងប្រឈមនឹងរឿងអយុត្តិធម៌ អំពើពុករលួយ ជម្លោះដីធ្លី ព្រមទាំងការបំផ្លាញធនធាន ធម្មជាតិ ដូចជា រ៉ែ និង ព្រៃឈើជាដើម ដែលក្លាយជាបញ្ហាកាន់តែធំ។
លោកថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និង រក្សាកម្ពុជា ឱ្យមានសន្តិភាព និង ស្ថិរភាព ដែលប្រជាពលរដ្ឋទូទៅទុកចិត្ត និង បានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ គឺលុះត្រាមានការផ្ទេរអំណាចដោយសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។
លោក លី ចាន់ដារ៉ាវុធ៖ «ប៉ុន្តែ ដរាបណា ការបោះឆ្នោតមិនសេរី យុត្តិធម៌ ដូចកន្លងមក ខាងអន្តរជាតិបានលើកឡើងច្រើនមែនទែន ភាពមិនប្រក្រតីការបោះឆ្នោតក្នុងនៅកម្ពុជានេះ ដរាបនោះ ត្បិតយើងគ្មានសង្គ្រាម ប៉ុន្តែមិនប្រាកដថា យើងមានសន្តិភាពទេ។ ប្រជាពលរដ្ឋនៅតែរងទុក្ខវេទនា ដោយសារតែ អំពើអយុត្តិធម៌ ដែលកើតចេញពីប្រព័ន្ធ ដែលមានលក្ខណៈពុករលួយរួចជាស្រេចហើយ»។
ការវិវត្តថ្មីៗនេះ នឹងនាំឱ្យត្រកូល «ហ៊ុន» អាចគ្រប់គ្រងអំណាចកំពូលៗរបស់ជាតិដោយចំហ និងគ្មានការលាក់លៀមតទៅទៀតឡើយ។ នៅពេលកូនៗ ក្មួយៗ និង សាច់ញាតិរបស់លោក ហ៊ុន សែន នាំគ្នាទៅត្រួតត្រាណែនក្នុងរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធ នោះលោក ហ៊ុន សែន ក៏ត្រៀមធ្វើប្រធានព្រឹទ្ធសភា ដែលនឹងក្លាយជាប្រមុខរដ្ឋស្ដីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ហើយលោកអាចចុះហត្ថលេខាប្រថាប់ត្រា ឱ្យកូនរបស់គាត់ លើព្រះរាជក្រឹត្យ និងព្រះរាជក្រម៕