អត្ថបទ RFA /ដោយ ទីន ហ្សាការីយ៉ា
05th-3-2024

អ្នក​ឃ្លាំ​មើល និង​មន្ត្រី​គណបក្ស​ប្រឆាំង ​លើកឡើង​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​មាន​ឯករាជ្យ​ភាព ដូច្នេះ​មន្ត្រី​ដែល​អង្គភាព​នេះ ​ប្រឡង​ជ្រើសរើស ​នឹង​មិន​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​នោះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ជាមួយ​ក្រសួង​មុខ​ងារ​សាធារណៈ រៀប​ចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ចំនួន​ ៣៣នាក់​ទៀត។

អ្នក​ឃ្លាំមើល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើរ​តួនាទី​ជា​អ្នក​ការពារ​បក្ខពួក​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ​ការ​ជ្រើសរើស​មន្ត្រី​បន្ថែម​ទៅ​ក្នុង​អង្គភាព​នេះ គ្រាន់​តែ​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ ខ្ជះខ្ជាយ​តែ​ប៉ុណ្ណោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ នៅ​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៤ ខែមីនា ថា បើ​ទោះបីជា​មន្ត្រី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​មាន​សមត្ថភាព​ពិត​ប្រាកដ​ក្ដី ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ ​នៅ​ក្នុង​សង្គម​បាន​ឡើយ។ លោក​អះអាង​ថា ដោយសារ​តែ​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ ​គឺជា​ឧបករណ៍​នយោបាយ​ផ្ដាច់​មុខ ​របស់​ត្រកូល ​ហ៊ុន ដូច្នេះ​អង្គភាព​នេះ​ក៏​បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ ​លើ​សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

លោក ម៉ែន ណាត ៖ «ឧទាហរណ៍​មួយ​ទៀត​ ដូច​លោក គង់ វិបុល មេ​ពន្ធដារ​អ៊ីចឹង ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អូស្ត្រាលី រហូត​ដល់​ប្រទេស​អូស្ត្រាលី​ស៊ើប​អង្កេត កាសែត​អន្តរជាតិ​ចុះ​ផ្សាយ​អំពី​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អី មិន​ឃើញ ឱម យ៉ិនទៀង ទី​ស៊ើប​អង្កេត​អី​បាន​ទេ អ៊ីចឹង​ស្ថាប័ន​ហ្នឹង​ ជា​ស្ថាប័ន​រញ៉េរញ៉ៃ ជា​ស្ថាប័ន​ដែល​ពាល​ស៊ី​ពាល​ក្នុង​ជួរ​រាជការ»។

ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​កម្ពុជា ​រូប​នេះ ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ជា​មួយ​ក្រសួង​មុខ​ងារ​សាធារណៈ បាន​រៀប​ចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ចំនួន ​៣៣នាក់​ កាល​ពី​ថ្ងៃ​ទី៣ ខែមីនា។

របាយការណ៍​អំពី​សន្ទស្សន៍​នៃ​អំពើពុករលួយ​​លើ​ប្រទេស​ និង​ដែន​ដី​ចំនួន ១៨០ ឆ្នាំ២០២៣ របស់​អង្គការ​តម្លាភាព​​​​អន្តរជាតិ (Transparency International) បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២២ ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​ទី១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០។ របាយការណ៍​នេះ ​សង្កត់​ធ្ងន់​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយសារ​តែ​កង្វះ​ខាត​​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៃ​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​នានា រួម​មាន​កង្វះ​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ផ្ដន្ទាទោស​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ប្រើប្រាស់​ធនធាន និង​យន្តការ​គណនេយ្យ​ភាព​ទន់​ខ្សោយ។ ក្រៅ​ពី​នេះ កម្ពុជា​នៅ​មាន​​ហានិភ័យ​ខ្ពស់​នៃ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​ពុក​រលួយ​ ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ប្រចាំថ្ងៃ ប្រព័ន្ធ​តុលាការ​ដែល​មិន​ដំណើរ​ការ​ និង​កំណើន​ឥទ្ធិពល​នៃ​ ផល​ប្រយោជន៍​របស់​ក្រុម​មនុស្ស​មួយ​ភាគ​តូច។

ជុំវិញ​រឿង​នេះ​ដែរ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា មន្ត្រី​បម្រើ​ការ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​អាច​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​នោះ​ឡើយ ព្រោះ​តិច ​ឬ​ច្រើន ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ឱម យ៉ិនទៀង ដែល​លោក​អះអាង​ថា គឺជា​មនុស្ស​ជំនិត​របស់​គ្រួសារ​ត្រកូល ​ហ៊ុន

លោក អ៊ំ សំអាន ៖ «សូម្បី​តែ​កូន​របស់​លោក ឱម យ៉ិនទៀង ពីរ​នាក់​ហ្នឹង ជំនួយ​ការ​របស់​គាត់​ហ្នឹង​ ឋានៈ​ស្នើ​សុទ្ធ​តែ​រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ សុទ្ធ​តែ​បក្ខ​ពួក​សែស្រឡាយ​របស់​គាត់​ហ្នឹង។ ខ្ញុំ​យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង គួរ​តែ​រំលាយ​ចោល​ទៅ អង្គភាព​ហ្នឹង មិន​បាន​បំពេញ​ទៅ​តាម​តួនាទី​របស់​ខ្លួន ​ក្នុង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ ហើយ​ជា​អង្គភាព​ឯករាជ្យ​នោះ​ទេ»។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​សួរ​បន្ថែម​អំពី​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី៤ ខែមីនា។

អ្នក​ឃ្លាំមើល​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ លើក​ឡើង​ថា ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព រដ្ឋាភិបាល​គួរ​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​មាន​ឯករាជ្យ​ភាព ជាជាង​បន្ត​ចំណាយ​ថវិកា​ជាតិ​ លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​មុខងារ​ត្រួត​គ្នា​ លើ​ការងារ​របស់​តុលាការ​នោះ៕

លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត
លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត