រដ្ឋអំណាចយោធាភូមា បដិសេធសំណើលោក ហ៊ុន សែន ដែលសុំជួបអ្នកស្រី ស៊ូជី ដើម្បីសួរសុខទុក្ខ
The Cambodia Daily
10th-5-2024
របបសឹកនៅប្រទេសមីយ៉ាន់ម៉ា (ម្ញ៉ាន់ម៉ = Myanmar) ឬភូមា បានបដិសេធសំណើរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ដែលស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លួនក្នុងគេហដ្ឋានក្នុងទីក្រុងណៃពិដោរ ដោយអះអាងថា រដ្ឋាភិបាលយោធា មិនមានហេតុផលក្នុងការសម្របសម្រួលជំនួបក្នុងពេលនេះឡើយ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែឧសភា បានឲ្យដឹងថា ក្នុងសារជាសំឡេងបញ្ចេញដោយក្រុមព័ត៌មានរបស់យោធាមីយ៉ាន់ម៉ា អ្នកនាំពាក្យរដ្ឋាភិបាលលោក Zaw Min Tun ថារដ្ឋាភិបាលយោធា មិនមានហេតុផលក្នុងការសម្របសម្រួលជំនួបនោះ ក្នុងពេលនេះឡើយ។
ប្រភពដដែលអះអាងថា របបសឹកមីយ៉ាន់ម៉ា បានប្ដេជ្ញារៀបចំការបោះឆ្នោតឱ្យខាងតែបាន បើទោះជម្លោះជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតែបន្តកើតមានក្នុងតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា។
តាមរយៈកិច្ចសន្ទនាជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេរដ្ឋប្រហារយោធាភូមា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៧ ឧសភា លោក ហ៊ុន សែន បានស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លួនក្នុងគេហដ្ឋានក្នុងទីក្រុងណៃពិដោរ។ លោក ហ៊ុន សែន បានឲ្យដឹងថា សំណើសុំជួបនេះ គឺក្នុងបំណងសួរសុខទុក្ខ ដោយសារលោក និងអ្នកស្រី អ៊ុងសាន ស៊ូជី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ឧសភា ថា លោក ហ៊ុន សែន គ្មានឥទ្ធិពលអ្វីសម្រាប់ឱ្យរបបសឹកភូមា ធ្វើតាមគាត់នោះទេ ដូច្នេះក្រៅពីដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន ដោយការស្វែងរកការបង្រួបបង្រួមជាតិ និងព្យាយាមដឹកនាំកម្ពុជា ឱ្យឃ្លាតពីរបៀបដឹកនាំតាមបែបផ្ដាច់ការ គឺគ្មានជម្រើសផ្សេងឡើយ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការមិនអនុញ្ញាតឲ្យមានជំនួបនេះ គឺមានន័យថា របបសឹកនៅតែប្រកាន់ជំហរដូចមុនដដែល ហើយវិបត្តិភូមា ក៏ពិបាកនឹងរកវិធីរំលត់បានដែរ។
កន្លងមក មេយោធាមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai តែម្នាក់គត់ជួបលោកស្រី ស៊ូជី ទោះជាមេដឹកនាំបរទេសជាច្រើនបានស្នើសុំ។ ជំនួបមួយនេះ ត្រូវបានលោក Don បង្ហើបនៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣។ កាលនោះ លោក Don បានបញ្ជាក់ថា លោកស្រី ស៊ូជី មានសុខភាពល្អ ហើយថែមទាំងជាជំនួបដ៏ល្អទៀត។
អតីតមេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី មានវ័យ ៧៨ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មកម្ល៉េះ។ អ្នកស្រី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទឧក្រិដ្ឋកម្ម រាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូករហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះ ត្រូវបានអ្នកស្រីបដិសេធ។ អ្នកស្រីត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្ដូរពីការឃុំខ្លួននៅពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះនៅក្រុងណៃពិដោរ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង៕
លោក ហ៊ុន សែន ស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាសហការី នៅក្នុងកិច្ចការអាស៊ាន
The Cambodia Daily
08th-5-2024
តាមរយៈកិច្ចសន្ទនាជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេរដ្ឋប្រហារយោធាភូមា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៧ ឧសភា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសុំជួបសួរសុខទុក្ខអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំខ្លួនក្នុងគេហដ្ឋានក្នុងទីក្រុងណៃពិដោរ។
លោក ហ៊ុន សែន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ឧសភា នេះដែលបានស្រង់ខ្លឹមសារនៃកិច្ចពិភាក្សាគ្នានេះ បានឲ្យដឹងថា សំណើសុំជួបនេះ គឺក្នុងបំណងសួរសុខទុក្ខ ដោយសារលោក និងអ្នកស្រី អ៊ុងសាន ស៊ូជី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ពីសារសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។
លោក ហ៊ុន សែន ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយ ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេស កាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា បន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានដែរ។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានសន្យាថា លោកនឹងយកទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ ជាពិសេសនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជា នាពេលខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ ព្រមទាំងទទួលយកការចែករំលែកបទពិសោធន៍ល្អៗ ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា សម្រាប់ការរៀបចំការបោះឆ្នោតមួយ ដែលសេរី យុត្តិធម៌ និងមានតម្លាភាព។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ ឧសភា នេះថា ប្រសិនបើលោក មីន អ៊ុងឡាំង អនុញ្ញាតឲ្យលោក ហ៊ុន សែន ជួបអ្នកស្រី អ៊ុងសាន ស៊ូជី មែន វាគឺជាសញ្ញាមួយបង្ហាញវិបត្តិរបស់ភូមា អាចនឹងមានដំណោះស្រាយ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា តើលោក មីន អ៊ុងឡាំង បើកផ្លូវតាមសំណើនេះ ឬក៏អត់ប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា បើមានជំនួបនេះមែន ក៏ជាសញ្ញាមួយបង្ហាញដែរថា របបសឹករបស់លោក មីន អ៊ុងឡាំង ក៏ទំនងជាមិនអាចបន្តបានយូរដែរ ប៉ុន្តែបើលោក មីន អ៊ុងឡាំង មិនបើកអនុញ្ញាតឲ្យមានជំនួបនេះទេ នោះគឺមានន័យថា របបសឹកនៅតែប្រកាន់ជំហរដូចមុនដដែល ហើយវិបត្តិភូមា ក៏ពិបាកនឹងរកវិធីរំលត់បានដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត រូបនេះ បញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការជជែកគ្នាផ្ទៃក្នុងណាមួយបន្តទៀត នោះប្រហែលជាអាចមានពន្លឺខ្លះ ក្នុងការស្វះស្វែងរកជំនួបជាមួយអ្នកស្រី អ៊ុងសាន ស៊ូជី ដែលនេះក៏ជាឱកាសសម្រាប់លោក ហ៊ុន សែន ជួយបន្ធូរបន្ថយវិបត្តិនៅភូមា ដែរ។
អតីតមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី មានវ័យ ៧៨ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មកម្ល៉េះ។
អ្នកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទឧក្រិដ្ឋកម្ម រាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះត្រូវបានអ្នកស្រីបដិសេធ។ អ្នកស្រីត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្ដូរពីការឃុំខ្លួននៅពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះនៅក្រុងណៃពិដោរ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង។
កន្លងមក រដ្ឋាភិបាលអូស្ត្រាលី សម្រេចបន្ថែមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើស្ថាប័នចំនួន ៥ថែមទៀត ដែលមានទំនាក់ទំនងទៅនឹងរបបសឹកភូមា ក្រោយពីរបបយោធានេះបានប្រកាសដាក់លក់ភូមិគ្រឹះរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុងតម្លៃ ៩០លានដុល្លារ។ វីឡារបស់អ្នកស្រី ស៊ូជី គឺជាមរតកឪពុករបស់អ្នកស្រី គឺលោក អ៊ុងសាន។ វីឡានេះមានរចនាបថជាលំនៅឋានសម័យអាណានិគមអង់គ្លេស។
របបសឹកភូមា បានសម្លាប់ក្រុមប្រឆាំងមិនតិចជាង ៦ពាន់នាក់នោះទេ ខណៈជិត ២ម៉ឺននាក់ ត្រូវបានចាប់ឃុំខ្លួន ហើយក្នុងនោះមានអ្នកនយោបាយកំពូលៗដល់ទៅ ៣០០នាក់ មានទាំងសមាជិកសភា សមាជិកគណៈរដ្ឋមន្ដ្រី ប្រធានាធិបតី មីនម្យីន និងអ្នកស្រី ស៊ូជី ផងដែរ៕

