VOD Khmer /ដោយ ប៉ុល សម្បត្តិ
03rd-12-2025
សារព័ត៌មានថៃជាច្រើន ចុះផ្សាយថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្នថ្មី ជាមួយកម្ពុជា ចំនួន ៣៩ បង្គោល រួមទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ជាប់នឹងស្រុកគោកស្យូងរបស់ថៃ នោះ ធ្វើឡើងតាមកិច្ចព្រមព្រៀងគ្នា មិនធ្វើតាមសន្ធិសញ្ញាបារាំង-សៀម ដូចការអះអាងរបស់មន្រ្តីជំនាញព្រំដែនកម្ពុជាទេ។
ការណ៍នេះ ជំរុញឱ្យមានការចោទថា អ្នកជំនាញព្រំដែនកម្ពុជា អាចគ្រាន់តែជាឧបករណ៍ បិទបាំងកំហុសមេដឹកនាំ មិនបានតម្កល់ប្រយោជន៍ជាតិ និងបូរណភាពទឹកដីខ្មែរជាធំនោះទេ។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន ខាវសុត និងថៃរដ្ឋរបស់ថៃ បានចុះផ្សាយថា ក្រុមការងារកងកម្លាំងប៉ូរ៉ាផា Burapha រួមជាមួយក្រុមអ្នកជំនាញវាស់វែងការកំណត់ព្រំដែនថៃ-កម្ពុជា ចំនួនសរុប ៤0 នាក់ បានអនុវត្តការបោះបង្គោលបណ្តោះអាសន្ន ចាប់ពីលេខ ៤៣ ដល់ ៤៧ បានចំនួន ៣៩ បង្គោល តាមកិច្ចព្រមព្រៀងរវាងកម្ពុជាថៃ មិនបោះតាមផែនទីខ្នាត ១/២០០ ពាន់ មរតកសម័យបារាំង ដូចភាគីកម្ពុជាអះអាងនោះទេ។
យ៉ាងណា អ្នកជំនាញកិច្ចការព្រំដែន ៣ រូប របស់រដ្ឋាភិបាលកម្ពុជា តាមរយៈទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបកស្រាយថា ការបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩ ធ្វើតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដែលបន្សល់ទុក ១២០ ឆ្នាំមកនេះ។
ក្នុងនោះ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិច្ចការព្រំដែន បកស្រាយថា ការបោះបង្គោះព្រំដែនបណ្តោះអាសន្នជាមួយថៃ គឺយោងតាមឯកសារបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ព្រមទាំងកំណត់ហេតុបោះបង្គោលព្រំដែន ឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០ ជាឯកសារអន្តរជាតិទទួលស្គាល់។
តំណាងបក្សប្រឆាំង ដែលមានបទពិសោធន៍កិច្ចការព្រំដែន លោក អ៊ុំ សំអាន ប្រាប់ VOD នៅថ្ងៃទី៣ ខែធ្នូ នេះថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ អាចយកតាមផែនទី ខ្នាត ១ លើ ៥០ ពាន់ ដែលថៃ គូដោយខ្លួនឯង ដែលថៃ តែងតែដាក់សម្ពាធគ្រប់រូបភាព ឱ្យមេដឹកនាំខ្មែរទទួលយក។
ក្នុងន័យនេះ លោកពន្យល់ថា ជាទម្លាប់របស់ចោរសៀមឈ្លានពាន បើកម្ពុជាជំរុញឱ្យបោះបង្គោលព្រំដែន តាមសន្ធិសញ្ញាបារាំងសៀម ១៩០៤-១៩០៧ ប្រាកដជាភាគីយោធាថៃ មិនព្រមបោះនោះទេ។
លោកសំអាងថា ការឈ្លានពានលើកម្ពុជាកន្លងមក ដោយរាយលួសបន្លាព័ទ្ធយកប្រាសាទតាមាន់តូច តាមាន់ធំ ទ្រព្យភ្នំ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ គឺថៃអនុវត្តតាមផែនទីចោរ ខ្នាត ១/៥០ ពាន់។
ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា បើទោះបីលោកមិនជឿសារព័ត៌មានថៃ ឬអាជ្ញាធរថៃ ប៉ុន្តែលោកក៏មិនជឿលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបោះបង្គោលព្រំដែន ជាមួយភាគីថៃ នេះដែរ។
លោកថា ៖ «ដូច្នេះយើងថា បើសិនជាយើងជឿថៃ ប្រើផែនទីខ្នាត ១ លើ ៥០ ពាន់ ដូចជាថៃអះអាង ហើយថាយើងនឹងកាន់ជើងថៃ មិនមានទេ បើយើងមិនបានកាន់ជើងទេ តែយើងមើលទៅលើការបោះបង្គោលបណ្ដោះអាសន្នហ្នឹង ទៅលើដីជាក់ស្ដែងហ្នឹង វាធ្វើឲ្យបាត់ដីខ្មែរយើងនៅតាមព្រំដែន ដូច្នេះយើងយល់ថាប្រាកដជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹងយល់ព្រមតាមថៃ បោះបង្គោលតាមផែនទី ខ្នាត ១ លើ ៥០ ពាន់ហើយ មិនមែនប្រើផែនទីខ្នាត ១ លើ ២០០ ពាន់ ដូចខាងគណៈកម្មការព្រំដែន ឬអ្នកជំនាញព្រំដែនរបស់លោក ហ៊ុន ម៉ាណែត អះអាងនោះទេ»។
សម្រាប់ លោក សំអាន ដើម្បីបង្ហាញពីតម្លាភាពការបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ រដ្ឋាភិបាលត្រូវបង្ហាញផែនទីបារាំង ១/២០០ ពាន់ និងជំរុញឱ្យថៃអនុវត្តសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧។
លោកបារម្ភថា បើថៃ ប្រើផែនទីខ្នាត ១ លើ ៥០ ពាន់ នឹងធ្វើឱ្យទឹកដីខ្មែរជាច្រើន បាត់ទៅប្រទេសថៃ ជាក់ស្តែងប្រាសាទតាមាន់ធំ ភ្នំទ្រព្យ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ និងទីតាំងមួយចំនួនទៀត។
លោកទាញជាឧទាហរណ៍ថា ការផ្ទុះសង្រ្គាមឈ្លានពានរបស់ភាគីយោធាថៃកន្លងមកនេះ ដោយពួកគេសំអាងលើផែនទី ខ្នាត ១ លើ ៥០ ពាន់ ទើបពួកគេហ៊ានឈ្លានពានទឹកដីខ្មែរ បណ្តេញពលរដ្ឋខ្មែរ ចេញពីភូមិជោគជ័យ ភូមិព្រៃចាន់ និងហ៊ានបើកការវាយប្រហារលើជនស៊ីវិលខ្មែរ បណ្តាលឱ្យស្លាប់បែបនេះ។
លោកថា ៖ «រហូតមកដល់ពេលនេះ យើងឃើញហើយការបោះបង្គោលបណ្ដោះអាសន្ន នៅភូមិជោគជ័យភូមិព្រៃចាន់ បោះរួចរាល់ហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលត្រូវថៃ រាយបន្លាលួសហ្នឹង មិនអាចទៅនៅក្នុងដីរបស់គាត់ផងហ្នឹង ចឹងមានន័យថា ការបោះបង្គោល គឺប្រាកដជាធ្វើឲ្យបាត់បង់ទឹកដីខ្មែរ យើងមិនបានដីខ្មែរយើង តាមដែលអ្នកគាំទ្រគណបក្សប្រជាជនថា អូ! យើងបានដីទាំងថ្មីទាំងចាស់ បានទាំងផ្លូវកៅស៊ូរបស់ថៃទៀត ថៃគេមិនល្ងង់អញ្ចឹងទេ ព្រោះថៃ គេកំពុងគ្រប់គ្រងភូមិជោគជ័យ ភូមិព្រៃចាន់»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច ប្រាប់ VOD ថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្ន ជាមួយថៃ គឺអនុវត្តតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-០៧។
លោកអះអាងថា ភាគីកម្ពុជា មិនឆោតល្ងង់បោះបង្គោះព្រំដែន តាមការចង់បានរបស់ភាគីថៃ ឬតាមផែនទីចោរខ្នាត ១/៥០ ពាន់ ដែលថៃគូរដោយឯកតោភាគី ដើម្បីទុកសម្រាប់ឈ្លានពានទឹកដីខ្មែរនោះទេ។
លោកថា ៖ «អ្នកមិនអាចបោះផែនទីពីណាមួយ ដែលឯកតោភាគីទេ ហើយព្រំដែនកម្ពុជា-ថៃ នេះ គឺមិនមានផែនទីណាក្រៅពីផែនទីបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ នោះទេ ហើយយើងបានបោះនៅឆ្នាំ១៩០៨ ដូច្នេះ ខ្ញុំមិនអាចនិយាយបាន ដោយសារតែអត់បានទៅដល់ បានទៅដល់ ហើយយើងកាន់ផែនទីហ្នឹង ធម្មតា១ លើ ២០០ ពាន់ វាតូចណាស់ វាតូចណាស់ ហើយបើជ្រេបន្តិច គឺយើងត្រូវបាត់បង់ច្រើនណាស់ អ៊ីចឹងប្រសិនបើយើងត្រូវការប្រើប្រាស់ផែនទី ពង្រីកលើ ១ លើ ៥០ពាន់ វាត្រូវការឯកភាពគ្រប់ភាគី»។
យ៉ាងណា ការលើកឡើងនេះ ហាក់ផ្ទុយទៅនឹងការអះអាងរបស់អតីតមេទ័ពតស៊ូនៅព្រំដែន គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ដែលធ្លាប់និយាយថា សព្វថ្ងៃនេះ បង្គោលឡាក់ លេខ ៤៣ ចាស់ ត្រូវបានថៃរំកិលចូលដីខ្មែរប្រមាណជាង ២ គីឡូម៉ែត្រ គឺថៃលួចរំកិលមកដល់ភូមិព្រៃចាន់ ហើយប្រាសាទស្តុកកក់របស់ខ្មែរ ត្រូវបានថៃគ្រប់គ្រងទៀត។
លោកថា ៖ «ដូចជាបង្គោលឡាក់លេខ ៤៥ ហ្នឹង ថ្ងៃខ្ញុំទៅជាមួយឯកឧត្ដម វ៉ា គឹមហុង ដែលចុះទៅហ្នឹង គណៈកម្មការព្រំដែនខ្មែរថៃ កាលនោះខាងថៃ គឺខ្ញុំបានទៅបង្ហាញបង្គោលឡាក់មួយ ដែលឃើញលើកមកដាក់ក្បែរដំបូកមួយ ក្បែរមូលដ្ឋានខ្ញុំនៅឃុំឫស្សីស្រុក ដែលលោក គង់ សាលួស គាត់នៅ ចឹងថ្ងៃហ្នឹង ខ្ញុំបានបង្ហាញថា បង្គោលឡាក់នោះ [មិន]មែននៅកន្លែងហ្នឹងទេ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា បញ្ហាព្រំដែនកម្ពុជា-ថៃ នេះ ថៃនៅតែបន្តសង្កត់កម្ពុជាឲ្យទទួលយកផែនទីចោរ ខ្នាត ១/៥០ ពាន់ របស់គេ ដើម្បីលេបទឹកដីខ្មែរតាមព្រំដែន។
លោកយល់ថា ការចុះផ្សាយរបស់ភាគីថៃ អាចជាការពិត ព្រោះបើផ្អែកតាមការវាស់វែងលើផ្ទៃដីជាក់ស្តែង ដែលភាគីថៃ បង្ហោះដ្រូន ប្រើប្រព័ន្ធ GPS ដើម្បីកំណត់ទីតាំងបោះបង្គោលព្រំដែននោះ បែរជាខ្សែបន្ទាត់ព្រំដែន វាមិនកំណត់ទីតាំងតាមក្បួនខ្នាតផែនទីបារាំង ១/២០០ ពាន់ទេ។
នោះបញ្ជាក់ថា ភាគីថៃ បានប្រើប្រាស់ប្រព័ន្ធ GPS តាមបច្ចេកទេសពិសេស ដើម្បីកែតម្រូវឲ្យខ្សែបន្ទាត់ព្រំដែន «វាដើរលើខ្សែបន្ទាត់ព្រំដែន តាមផែនទីចោររបស់ថៃ ១/៥០ ពាន់ ឬតាមការឯកភាពគ្នា រវាងក្រុមការងារព្រំដែននៃប្រទេសទាំងពីរ។
លោកថា ៖ «យើងមានការអស់សង្ឃឹមចំពោះរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះខ្លាំងណាស់ ពីព្រោះយើងផ្ដល់យោបល់ឲ្យប្ដឹងថៃ ក៏មិនប្ដឹង ហើយថៃសង្កត់ខ្មែរ សម្លាប់ពលរដ្ឋខ្មែរ សម្លាប់ទាហានខ្មែរ ឈ្លានពានយកដីខ្មែរ ហើយនៅឈរជើងលើដីខ្មែរ រួចមកបច្ចុប្បន្ន មកបោះបង្គោលព្រំដែន នៅលើដីខ្លួនឯងហើយថា ជាការចរចាត្រឹមត្រូវជាមួយថៃ អាហ្នឹងជាការភូតភរធ្ងន់ណាស់ សម្រាប់ទៅដល់ប្រជាពលរដ្ឋខ្មែរ ជាការប្រព្រឹត្តអំពើក្បត់មួយធំណាស់ សម្រាប់ស្មារតីជាតិខ្មែរ ដូច្នេះរដ្ឋាភិបាលនេះ មិនអាចផ្ដល់សេចក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការការពារបូរណភាពទឹកដី សូម្បីតែជាមួយថៃ ហ្នឹងទេ»។
ម្យ៉ាងវិញទៀត លោក ម៉ែន ណាត និយាយថា កន្លងមកថ្មីៗនេះ មន្ត្រីជំនាញព្រំដែននៃរដ្ឋាភិបាលកម្ពុជា ចេញបកស្រាយរឿងការបោះបង្គោលព្រំដែនបណ្តោះអាសន្ន ជាមួយថៃ គឺជាការបកស្រាយមិនប្រក្រតី និងមានសម្ពាធ ពីមេដឹកនាំទើបពួកគេនិយាយការពារ។
លោកបង្ហាញមន្ទិលថា បើកម្ពុជា ពិតណាស់ថា បានយល់ព្រមដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមការវាស់វែងលើដីជាក់ស្តែង ដែលមានកំណត់ក្នុងចំណុចមួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយវាស់វែងតាមតំបន់ដែលភាគីថៃ បានដណ្តើមកាន់កាប់ដីខ្មែរ និងឈរជើងក្នុងដីខ្មែរថ្មីៗនេះ ដែលនាំឲ្យភាគីកម្ពុជា ខាតបង់ទឹកដីបន្ថែមទៀត ទៅខាងភាគីថៃ។
សម្រាប់ លោក ម៉ែន ណាត យល់ថា ដំណោះស្រាយដែលត្រឹមត្រូវ គឺមានតែត្រូវយកផែនទីបារាំង ទៅផ្ទៀងផ្ទាត់ នៅលើចំណុចនីមួយៗ តាមតំបន់ព្រំដែន និងតាមបង្គោលព្រំដែនទាំង ៧៤ បង្គោល ជាមួយថៃ។ ក្នុងករណីភាគីថៃ មិនយល់ស្រប គឺមានតែត្រូវប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក ហ៊ុន សែន ធ្លាប់ហៅផែនទី ខ្នាត ១ លើ ៥០ពាន់ ដែលថៃគូរដោយឯកតោភាគី ដើម្បីលេបទឹកដីខ្មែរតាមព្រំដែននោះថា ជាផែនទីចោរ។ យ៉ាងណាពេលនេះ ថៃកំពុងពង្រីកទឹកដីខ្លួនរំលោភយកទឹកដីខ្មែរ តាមផែនទីចោរនេះ ទាំងគ្មានការរំខានពីកងកម្លាំងការពារជាតិកម្ពុជា ចាប់ពីមានបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា ការដែលមេដឹកនាំកម្ពុជាមិនប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងមិនប្រើសិទ្ធិស្វ័យការពារ ប្រឆាំងការបំពានរបស់ថៃ វាស្មើនឹងទទួលយកទង្វើឈ្លានពាន។
ការមិនទប់ស្កាត់ទង្វើសត្រូវឈ្លានពាននេះ ដើម្បីបុព្វហេតុបូរណភាពទឹកដីនេះ ហាក់ផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។
មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ»។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕
