អ្នកឃ្លាំមើល​ថា នៅ​ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ កម្ពុជា​គួរតែ​តតាំង​ដោយ​កម្លាំង​យោធា និង​យុទ្ធសាស្ត្រ​ការទូត

TFA Khmer /ដោយ យ៉ង ចាន់តារា
12th-12-2025

អ្នកឃ្លាំមើល​លើកឡើង​ថា ក្នុង​ជម្លោះព្រំដែន ភាគី​ថៃ​ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ និង​ឧបាយកល​គ្រប់​ទម្រង់ ទាំង​នៅក្នុង​វិស័យ​យោធា ព័ត៌មាន និង​ការទូត ដើម្បី​យក​ប្រៀប​លើ​ភាគី​កម្ពុជា។ ពួកគាត់​យល់​ថា នៅក្នុង​បរិបទ​នេះ កម្ពុជា​គួរតែ​វាយបក ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ខាង​ផ្នែក​យោធា និង​ម្ខាង​ទៀត កម្ពុជា ​ត្រូវ​រក​វិធី​បង្ហាញ​ព័ត៌មាន​ឱ្យ​ពិភពលោក​ដឹង​ថា ថៃ​ដែល​ជា​ប្រទេស​មាន​កម្លាំង​យោធា​ធំ បាន​ឈ្លានពាន​កម្ពុជា ដែល​ជា​ប្រទេស​ទន់ខ្សោយ។

យោធា​ថៃ​ បាន​បង្កើន​ការវាយប្រហារ​កាន់តែ​ខ្លាំង ទោះបីជា​កម្ពុជា ដែល​ជា​គូភាគី បាន​បើកភ្លើង​ខៀវ​ សម្រាប់​ចរចា​យ៉ាងណាក្ដី។

ប្រធាន​នៃ​ស្ថាប័ន​អធិបតេយ្យភាព​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែធ្នូ ថា យុទ្ធសាស្ត្រ​ទ័ព​របស់​យោធា​ថៃ គឺ​ពឹងផ្អែក​សំខាន់​ទៅលើ​យន្តហោះ​ចម្បាំង ដ្រូនពិឃាដ និង​កាំភ្លើង​ធំ ក្នុង​ការ​វាយប្រហារ​សន្ធប់​មក​លើ​កងទ័ព​ខ្មែរ មុននឹង​បញ្ជូន​ទ័ពថ្មើរជើង ឱ្យ​ចូល​មក​វាយប្រហារ​តាម​ក្រោយ​។ លោក​បន្ត​ថា ចំពោះ​យុទ្ធសាស្ត្រ​នេះ កម្ពុជា​គួរតែ​ប្រើប្រាស់ ហេតុ​ផល​ទល់នឹង​ហេតុផល ពោល​គឺ បើ​យោធា​ថៃ​ មក​វាយប្រហារ​ខ្មែរ ដោយ​អាង​ថា ជា​ការ​ប្រើប្រាស់​សិទ្ធិ​ដើម្បី​​ការពារ​ខ្លួន កម្ពុជា​ក៏​អាច​ប្រើប្រាស់​ហេតុផល​នេះ​បាន​ដូចគ្នា ដោយ​ប្រើប្រាស់​កាំជ្រួច​ប្រឆាំង​យន្តហោះ​ថៃ ឬ​សំណាញ់​​មេឃ ដើម្បី​ប្រឆាំង​នឹង​ការវាយប្រហារ និង​ការពារ​អាយុជីវិត​របស់​ទាហាន​ខ្មែរ និង​បូរណភាព​ទឹកដី។

លោក អ៊ុំ សំអាន ៖ «ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ថៃ គួរតែ​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​តុលាការ ICC ក្នុងករណី​ទាហាន​ថៃ រំលោភ​លើ​ស្ត្រី​ខ្មែរ ការ​បាញ់​ពលរដ្ឋ​ខ្មែរ​ស្លាប់​ម្នាក់ នៅ​ភូមិ​ព្រៃ​ចាន់ ហើយ​ថ្មីៗ​នេះ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើន នៅក្នុង​សង្គ្រាម​ពេលនេះ»។

ការ​ផ្ទុះអាវុធ​ជាំ​លើក​ទី​២ ​រវាង​កម្ពុជា និង​ថៃ នេះ បាន​ចាប់​ពន្លក​ឡើង​តាំងពី​ប្រទេស​ទាំង​២ បាន​ចុះ​កិច្ចព្រម​ព្រៀង​​បទ​ឈប់​បាញ់​ថ្មីថ្មោង កាលពី​ថ្ងៃទី​២៨ ខែកក្កដា ក្រោម​ការ​សម្របសម្រួល ពី​ប្រធាន​អាស៊ាន​ប្ដូរ​វេន គឺ​ប្រទេស​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក បន្ទាប់ពី​ភាគី​ទាំង​២ បាន​វាយប្រហារ​គ្នា​អស់​រយៈពេល ៥​ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​យប់​ថ្ងៃទី​២៨ ខែកក្កដា ដែល​បណ្ដាល​ឱ្យ​ទាហាន និង​ជន​ស៊ីវិល​របស់​ភាគី​ទាំង​២ ស្លាប់ និង​របួស​ជាច្រើន​នាក់។

ក៏ប៉ុន្តែ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចព្រមព្រៀង​នេះ ក្រុម​យោធា​ថៃ​ បាន​ប្រើ​ឧបាយកល​ចាប់ខ្លួន​ទាហាន​ខ្មែរ​ ចំនួន​ ២១ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ត្រូវ​បាន​ដោះលែង​វិញ ក្រោម​សភាព​ពិការ និង​វង្វេងស្មារតី ខណៈ ១៨ ​នាក់​ទៀត ត្រូវ​បាន​យោធា​ថៃ​បន្ត​រក្សាទុក​ធ្វើជា​ឈ្លើយសឹក រហូតមកដល់​បច្ចុប្បន្ន​នេះ។

ជាថ្មី​ម្ដងទៀត យោធា​ថៃ​បាន​លើកយក​ហេតុការណ៍​ជាន់​មីន​ផ្ទុះ នៅ​តាម​បណ្ដាញ​ព្រំដែន មក​ដាក់​សម្ពាធ​លើ​កម្ពុជា ហើយ​បាន​បញ្ជូនទាហាន​មក​រាយ​បន្លា​លួស ព័ទ្ធ​យក​ដី​ភូមិ​ម្ករ​របស់​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ស្ថិតនៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ នៅក្នុង​ករណី​នេះ យោធា​ថៃ​បាន​បង្ក​ហិង្សា​ដាក់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដង រហូតដល់​មានការ​បាញ់ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ បណ្ដាល​ឱ្យ​ស្លាប់​ទៀត​ផង។

ជា​ចុងក្រោយ ថៃ​បាន​ហែក​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា ដោយ​លើកយក​ករណី​ទាហាន​ថៃ​ ដើរ​ជាន់​មីន​ នៅ​តំបន់​ព្រំដែន មក​ធ្វើជា​លេស​ម្ដងទៀត ទោះបីជា​ភាគី​កម្ពុជា បាន​ថ្នម​សភាពការណ៍ និង​មាន​ការ​ទទូច​ពី​ប្រទេស​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក ដែល​ធ្វើជា​សាក្សី​ក៏ដោយ។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា ភាគី​ថៃ​ហាក់​បាន​ត្រៀម​យុទ្ធសាស្ត្រ និង​ផែនការ​យ៉ាង​ម៉ត់ចត់ មុននឹង​បើក​ការវាយប្រហារ​មក​លើ​កម្ពុជា ហើយ​ក្នុង​កាលៈទេសៈ​នេះ បើ​កម្ពុជា​ចង់​ចរចា លុះត្រាតែ​កម្ពុជា មានប្រៀប​ទៅលើ​សមរភូមិ​ប្រយុទ្ធ​។ លោក​បន្ថែម​ថា កម្ពុជា​គួរតែ​វាយបក​ទៅលើ​ភាគី​ថៃ​វិញ ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ខាង​ផ្នែក​យោធា និង​ម្ខាង​ទៀត កម្ពុជា​ត្រូវ​រក​វិធី​បង្ហាញ​ព័ត៌មាន​ឱ្យ​ពិភពលោក​ដឹង​ថា ភាគី​ថៃ​ដែល​ជា​ប្រទេស​មាន​កម្លាំងយោធា​ធំ បាន​ឈ្លានពាន​កម្ពុជា ដែល​ជា​ប្រទេស​ទន់ខ្សោយ។

លោក មាស នី ៖ «ស្ដាយ​ដែរ កម្ពុជា​យើង​ជាង​ ៣០​ឆ្នាំនេះ អត់​បាន​រៀបចំ​ខ្លួន​ ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ទេ​។ យើង​ហាក់បីដូចជា​ឆក​ល្វែង​ពេក ហើយ​នៅពេល​មាន​អាសន្ន​មក យើង​បាន​ចាញ់​ប្រៀប​គេ ជាពិសេស​លើ​ផ្នែក​យោធា»។

នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​លើក​ទី​២ ​នេះ យោធា​ថៃ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​វាយប្រហារ​មក​លើ​កម្ពុជា ជា​ជំហាន ដោយ​នៅពេល​វាយប្រហារ​មក​លើ​កម្ពុជា​រួច ពួកគេ​បាន​ចោទ​ថា ទីតាំង​នោះ​គឺជា​មូលដ្ឋានទ័ព​របស់​ទាហាន​ខ្មែរ និង​លើក​ហេតុផល​ថា នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន។ ក្រៅពី​រៀប​ក្បួន​នៅ​លើ​សមរភូមិ​ប្រយុទ្ធ យោធា​ថៃ​បាន​ប្រើ​យុទ្ធសាស្ត្រ​ការទូត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​ការ​ផ្ដល់​សម្ភាស និង​បញ្ជូន​ព័ត៌មាន​ទៅកាន់​ស្ថាប័ន​ផ្សព្វផ្សាយ របស់​អន្តរជាតិ​ល្បីៗ ដើម្បី​ផ្សាយ​អំពី​ហេតុការណ៍​នៅក្នុង​ទឹកដី​ថៃ ឱ្យ​សម្បូរ​បែប ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយចំនួន ដកស្រង់​នូវ​ការ​ចុះផ្សាយ​ទាំងនេះ យក​មក​ធ្វើជា​ឯកសារយោង។

យ៉ាងណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​យល់​ឃើញ​ថា ទោះបីជា​ជម្លោះព្រំដែន​នេះ កើតឡើង​ដោយសារ​ការ​ទាញ​ប្រជាប្រិយភាព​របស់​អ្នកនយោបាយ ក្នុងចំណោម​មេដឹកនាំ​នៃ​ភាគី​ណាមួយ ឬ​កើត​ចេញ​ពី​ជម្លោះ​ប្រវត្តិសាស្ត្រ​ក្ដី មេដឹកនាំ​កម្ពុជា​គួរតែ បើក​លំហ​សេរីភាព​សារព័ត៌មាន និង​ពង្រឹង​វិស័យ​យោធា​ឡើងវិញ ដោយ​ពួកគាត់​បាន​លើកឡើង​ថា នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​ឈ្លានពាន ប្រទេស​ដែល​មាន​ប្រជាជន និង​យោធា​មាន​ចំនួន​តិច នៅតែ​អាច​ការពារ​ខ្លួន និង​វាយបក​ទៅកាន់​សត្រូវ​វិញ​បាន ដោយ​អាស្រ័យ​លើ​គុណភាព និង​ការ​ធ្វើ​ទំនើបកម្ម​នៅក្នុង​វិស័យ​ការពារ​ជាតិ៕


អ្នកឃ្លាំមើល​ថា កម្ពុជា​ក្រៅពី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ផ្លូវ​យោធា ក៏​ត្រូវតែ​ប្ដឹង​ថៃ ​ទៅ​តុលាការ​អន្តរជាតិ

TFA Khmer /ដោយ សុ ជីវី
11th-12-2025

អ្នកឃ្លាំមើល​ថា កម្ពុជា​ក្រៅពី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​យោធា ​គឺ​ត្រូវតែ​ប្ដឹង​ថៃ​ ទៅ​តុលាការ​អន្តរជាតិ ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការឈ្លានពាន​ទឹកដី​កម្ពុជា ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុងតែ​តាមដាន​ជុំវិញ​ការ​ឈ្លានពាន​នេះ។

ការ​ផ្ទុះអាវុធ​ជាថ្មី​រវាង​កម្ពុជា​-​ថៃ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ចំនួន ​៤ ​ថ្ងៃ​ [តាំង​ពីថ្ងៃទី​០៧ ខែ​ធ្នូ] ជាប់​គ្នា​មកនេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត ទាហាន ជន​ស៊ីវិល ផ្ទះសម្បែង និង​សម្បត្តិ​សាធារណៈ​ជាច្រើន​។ ទន្ទឹមគ្នា​នោះ គេ​ឃើញថា ទាហាន​ថៃ បាន​ប្រើប្រាស់​អាវុធ​ទំនើបៗ បាញ់ប្រហារ លើ​ទីតាំង​កងទ័ព​ និង​ជន​ស៊ីវិល​ខ្មែរ យ៉ាង​កម្រោល បណ្ដាល ឱ្យ​ពលរដ្ឋ​ខ្មែរ ស្លាប់ និង​រងរបួស ជា​បន្តបន្ទាប់។

អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា បើ​ទោះជា​ពេលនេះ​ គ្មាន​ប្រទេស​មហាអំណាច​ណា​ ចេញ​ថ្កោលទោស ការ​ឈ្លានពាន​របស់​ថៃ​ក្ដី ក៏​សហគមន៍​អន្តរជាតិ​ខ្លះ ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ព្រួយ​បារម្ភ​ជុំវិញ ជម្លោះ​កម្ពុជា​-​ថៃ ហើយ​បាន អំពាវនាវ​ឱ្យ​ប្រទេស​ទាំងពីរ ​ទៅ​រក​តុ​ចរចា​ឡើងវិញ​។ បន្ថែម​ពី​នោះ លោក​ថា កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​ឱ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ និង​ត្រៀម​ប្ដឹង​ថៃ ទៅកាន់​តុលាការ​អន្តរជាតិ។

ជាមួយគ្នា​នោះ លោក​ថា កម្ពុជា​ត្រូវ​យក​បញ្ហា​នេះ ទៅ​ដោះស្រាយ តាមរយៈ​កិច្ច​ការទូត និង កោះ​ប្រជុំ​ជាមួយ​អង្គការសហប្រជាជាតិ ដោយ​ប្រើប្រាស់​យន្តការ​អាស៊ាន ដែល​មាន​ប្រទេស​ម៉ាឡេស៊ី ជា​អ្នកសម្របសម្រួល ក្នុង​ការ​កៀរគរ​ប្រទេស​ដទៃទៀត ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ភាគី​ថៃ ​ឱ្យ​ចូល​តុ​ចរចា​។ ពិសេស​ជាង​នោះ លោក​ថា កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យ​ខ្លាំង និង​រួបរួមសាមគ្គី​ជាតិ​ឱ្យ​រឹងមាំ នោះ​ទើប​ធ្វើ​ឱ្យ​កម្ពុជា កាន់តែ​ស្វាហាប់ លើ​ឆាក់​អន្តរជាតិ។

បណ្ឌិត រ៉ូ វណ្ណៈ៖ «អ៊ីចឹង​រឿង​ចាំបាច់​បន្ទាន់​នៅ​ពេល​នេះ គឺ​ការពារ​បូរណភាព​ទឹកដី​ផង និង​ប្រើប្រាស់​យន្តការ​ការទូត​ផង ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នេះ វិវត្តន៍​ទៅជា​​សង្គ្រាម​រយៈពេល​វែង»។

រីឯ​អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​១០ ខែ ធ្នូ​ថា លោក គ្មាន​ជំនឿ​ទាល់តែសោះ លើ​ការ​ពឹង​ឱ្យ​អន្តរជាតិ មក​ជួយ​កម្ពុជា ក្នុង​គ្រា​លំបាក​បែបនេះ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​ មិន​សាមគ្គី​គ្នា តស៊ូ ពុះពារ​ប្រឆាំង​នឹង​ថៃ ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ខ្លួនឯង​។ ជាក់ស្ដែង លោក​ថា ជាង ៥​ខែ​នេះ​ កម្ពុជា​បាន​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ​ក្ដី ភាគី​ថៃ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ រំលោភ​បូក​លើ​ពល​ការិនី​ខ្មែរ និង​បាញ់​ជន​ស៊ីវិល​ស្លាប់​នៅ​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ ហើយ​គ្មាន​អន្តរជាតិ​ណា​ ចេញមុខ​ថ្កោលទោស​ថៃ ​នោះ​ទេ រហូត​មក​ទល់​ពេល​នេះ ថៃ​បើក​ការ​បាញ់ប្រហារ​ទាំង​កម្រោល​ មក​លើ​កម្ពុជា​យ៉ាង​គឃ្លើន។

លោក​បន្ថែម​ថា ដើម្បី​អាច​វាយបំបាក់​ភាព​អំនួត​របស់​ភាគី​ថៃ​បាន កម្ពុជា​ត្រូវតែ​ប្រយុទ្ធ​ឱ្យ​គេ​កោត​ខ្លាច កុំ​ទៅ​សុំ​ឱ្យ​គេ​ជួយ និង​បន្ត​ឱ្យ​គេ​ប្រមាថ ទោះបីជា​នៅ​សល់​តែ​កាំបិត ពូថៅ ដំបង ត្រូវ​តាំងចិត្ត​ថា នឹង​ប្រយុទ្ធ​ការពារ​ជាតិ​ដល់​ទី​បញ្ចប់។ លោក​ថា បើ​កម្ពុជា​មិន​ប្ដេជ្ញា​ម៉ឺងម៉ាត់ ពី​ឥឡូវ​ទេ ប្រជាជាតិ នឹង​រស់​ក្នុង​ការប្រមាថ​ជា​រៀង​រហូត។

ចំណែក អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក របស់​លោក​ថា ដើម្បី​ចម្លង​ប្រទេស​កម្ពុជា ឱ្យ​រួច​ផុត​ពី​ការ គំរាម​ពី​ប្រទេសជិតខាង ដូចជា ថៃ និង​វៀតណាម កម្ពុជា មិន​ត្រូវ​ធ្វើ ខ្លួន​ឱ្យ​គេ​អាណិត អាសូរ​ទេ តែ​ត្រូវធ្វើ​ឱ្យ​គេ​សរសើរ និង​កោតក្រែង នោះ​ទើប​ហៅថា កម្ពុជា​ខ្លាំង និង​អាច​ការពារ​ទឹកដី​បាន​យូរ​អង្វែង​។ បន្ថែម​ពី​នោះ លោក​ថា ការ​ប្រើប្រាស់ យន្តការ​ច្បាប់​ប្ដឹង​ថៃ ទៅកាន់​ស្ថាប័ន​អន្តរជាតិ ក៏​ជា​រឿង​ចាំបាច់​ផង​ដែរ។

ជុំវិញ​រឿង​នេះ​ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប បានទេ​នៅ​ថ្ងៃទី​១០ ខែធ្នូ​។ រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ លើកឡើង​យ៉ាង​ខ្លី​ថា ពេលនេះ​រដ្ឋាភិបាល គិត​តែ​រួមគ្នា​ការពារ​ទឹកដី​ប្រឆាំង​សត្រូវ​ឈ្លានពាន។

ចំណែក​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល Fresh News នៅ​ថ្ងៃ ដដែល​នេះ​បាន​ផ្សាយ​ថា ក្រោយពី​ជន​ស៊ីវិល​ខ្មែរ​ចំនួន ៩​នាក់ រួម​និង​ទារក​ម្នាក់​បាន​ស្លាប់ ដោយសារតែ ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ​ចំនួន​៥​ថ្ងៃ​ជាប់​គ្នា​នេះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ។

ការ​លើកឡើង​នេះ ក្រោយពី​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) កាលពី​យប់​ថ្ងៃទី​៩ ធ្នូ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ ចំពោះ​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី​រវាង​កម្ពុជា និង​ថៃ ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​បទ​ឈប់​បាញ់ និង​សន្តិភាព​របស់​អាមេរិក កំពុង​បរាជ័យ​ដោយសារ​យោធា​ថៃ មិន​គ្រប់​កិច្ចព្រមព្រៀង​។

រីឯ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នៅ​ថ្ងៃទី​៨ ខែធ្នូ ក៏បាន​លើកឡើង​ថា វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ បាន​បណ្ដាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ និង​របួស​យ៉ាងច្រើន​។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវតែ​ការពារ​ជន​ស៊ីវិល និង​ជួយ​សម្រួល​ដល់​ការ​ជួយ​សង្គ្រោះ​មនុស្សធម៌​។ ចំណែក ប្រទេស​បារាំង និង​អូស្ត្រាលី បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា និង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បន្ថយ​ភាព​តានតឹង។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើក​ឡើង​ថា ខណៈ​ពេល​នេះ លោក​គាំទ្រ​ឱ្យ​រដ្ឋាភិបាល ប្រើ​ប្រាស់​​សិទ្ធិ​ការពារ​ខ្លួន​ដោយ​អង់អាច និង​ម៉ឺងម៉ាត់ ក្នុង​ការ​បាញ់​ប្រឆាំង​ទៅ​នឹង​ភាគី​ថៃ​ ដែល​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​មិន​ត្រូវ​បន្ធូរបន្ថយ​ឡើយ។ ជាមួយគ្នា​នោះ លោក​ថា កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេច​ដែរ ក្នុង​ការ​ប្រមូល​ភស្តុតាង ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពាក់ព័ន្ធ​ទាហាន​ថៃ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ដូចជា ការប្រើ​យន្តហោះ​ F-16 និង ដ្រូន (Drone) ទម្លាក់​គ្រាប់​កម្ទេច​ប្រាសាទ​តាក្របី ប្រាសាទ​ព្រះវិហារ និង​បាញ់​សំដៅ​លើ តំបន់​ជន​ស៊ីវិល​ខ្មែរ​បណ្ដាល​ឱ្យ​ស្លាប់ និង​រង​បួស​ជាច្រើន​នាក់

លោក​ជឿជាក់​ថា កង​ទ័ព​កម្ពុជា មាន​កម្លាំង និង​យុទ្ធសាស្ត្រ គ្រប់គ្រាន់ ក្នុង​ការ​ច្បាំង​ជាមួយ​ទាហាន​ថៃ ព្រោះថា​ទាហាន​កម្ពុជា មានបទពិសោធន៍​ច្រើន​ក្នុង​សមរភូមិ សង្គ្រាម ហើយ​ស្គាល់​ភូមិសាស្ត្រ ឈរ​ជើង​ច្បាស់ ជាង​កងទ័ព​ថៃ។

លោក ម៉ែន ណាត ៖ «​ជាមួយគ្នា​នឹង​ ក៏​យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែរ គឺ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង នាយករដ្ឋមន្ត្រី​ខ្មែរ ត្រូវតែ បន្ត​យន្តការ​ការទូត​ជាមួយនឹង​អន្តរជាតិ រៀបរាប់​ប្រាប់​គេ ថា យើង​ជា​ជនរងគ្រោះ​បើ​ទោះបីជា​យើង ប្រឹង​គោរព​បទ​ឈប់​បាញ់​រយៈពេល​ ៥​ ខែ​មកនេះ​ក្ដី តែ​ថៃ ​មិនបាន​គោរព​ម្ដងណា​សោះ​។ អ៊ីចឹង​យើង​បង្ហាញ​ឯកសារ​ទៅ​គេ​ទៅ​ថា យើង​ពិតជា​ជនរងគ្រោះ​ដោយសារតែ ការ​គឃ្លើន​របស់​ថៃ​ មក​លើ​កម្ពុជា​មែន»។

គិត​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ ម៉ោង​១២ ថ្ងៃត្រង់ ចាប់តាំងពី យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា ​ចំនួន ៤​​ ថ្ងៃ​ជាប់ៗ​គ្នា​មក មាន​ជន​ស៊ីវិល​ចំនួន ៩ ​នាក់​ ហើយ​បាន​ស្លាប់ រួម​នឹង ទារក ១​នាក់ ហើយ​អ្នក រងរបួស មាន​ចំនួន​៤៦​នាក់។ ក្នុង​នោះ ពលរដ្ឋ​ជាង​ ១២​សែន (១២៧ ១៣៣) ​នាក់ នៅ​ខេត្ត ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង បាន​ភៀស​សឹក​ទៅ​កន្លែង​សុវត្ថិភាព៕

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
Photo (from left): Anwar Ibrahim (Malaysia), Donald Trump (USA), Anutin Charnvirakul (Thailand) and Hun Manet (Cambodia).
Photo (from left): Anwar Ibrahim (Malaysia), Donald Trump (USA), Anutin Charnvirakul (Thailand) and Hun Manet (Cambodia).