បញ្ចូលអត្ថបទ CWCI / ០៨ កុម្ភៈ ២០២៦

អ្នក​តាម​កិច្ចការ​ព្រំដែន​ខ្មែរ លោក ម៉ែន ណាត និង​​លោក អ៊ុំ សំអាន បង្ហាញ​ការព្រួយបារម្ភអំពី​ហានិភ័យ​កម្ពុជា ដោយបាន​ធ្វើ​ការ​កត់​សម្គាល់លើចំណុចមួយចំនួន ជុំវិញ​ជំហរ​​របស់​មេដឹកនាំ​កម្ពុជា ពេលជំនួបកំពូល​ជាមួយមេដឹកនាំ​វៀតណាមថ្មីៗនេះ។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​រួម បញ្ជាក់ថា មេដឹកនាំកម្ពុជា នៅតែ​បន្តគោរព និង គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​នានា ជាមួយរដ្ឋាភិបាល​វៀតណាម។ សូមចុះផ្សាយទាំងស្រុង​នូវ​​ការកត់​សម្គាល់នេះ​ ដូចតទៅ ៖

ខាងកើត (វៀតណាម) ត្រជាក់ជាងខាងលិច (ថៃ) ប៉ុន្តែ​ស៊ីរូងផ្ទៃក្នុងកម្ពុជា ! – សូម​ក្រឡេកមើល​​ការ​​ព្រមព្រៀង​​គ្នា​​រវាង​កម្ពុជា និង​វៀតណាម ដោយ​ប្រមុខ​រដ្ឋ​ស្តីទី​កម្ពុជា លោក ហ៊ុន សែន ជាមួយ​មេដឹកនាំ​វៀតណាម លោក តូ ឡឹម តូ ឡាំ (To Lam) នៅ​ទីក្រុង​ភ្នំពេញ ​ថ្ងៃទី​០៦ កុម្ភៈ ២០២៦។ (សូមអាន ចុចត្រង់នេះ សេចក្តីថ្លែងការណ៍លំអិត – Read or download here)

ការកត់សម្គាល់ ៖ ការ​ព្រមព្រៀង​នេះ ត្រូវ​បាន​ប្រកាស​ជាសាធារណៈ នូវ​ខ្លឹមសារ​រួម មាន ៨ ទំព័រ ជា​ភាសាខ្មែរ និង​មាន ២៨ ចំណុច។ ពីចំណុច​ទី ១៨ ដល់​ចំណុច​ទី ២០ ​គឺ​ចំណុច​ជាហានិភ័យ​បំផុត​សម្រាប់​កម្ពុជា ​នៅ​ពេល​អនាគត​ខាងមុខ ៖

– ទី១. ចំណុច​១៨ នៃសេចក្តីថ្លែងការណ៍រួម គឺថា ភាគី​កម្ពុជា បន្ត​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ជនជាតិ​វៀតណាមខុស​​ច្បាប់​​នៅ​​កម្ពុជា។ ចំណុចនេះ មិន​បាន​សរសេរ​បញ្ជាក់​ច្បាស់​លាស់​ទេ ប៉ុន្តែភាគី​ទាំងពីរ បន្ត​អនុត្ត​លើ​ឯកសារ និង​កិច្ច​ព្រមព្រៀង​កន្លង​ទៅជាមួយគ្នា រួម​ទាំងលក្ខខណ្ឌក្នុងការផ្តល់​សញ្ជាតិ​ ឲ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ផង។

– ទី២. ចំណុច​១៩ កម្ពុជា និងវៀតណាម បាន​ឯកភាព​គ្នា ដោះ​ស្រាយបញ្ហា​ព្រំដែន ៦% ពាក់ព័ន្ធ​នឹង​«ការដោះដូរដី» ក្នុងការបោះ​បង្គោលព្រំដែន ដែលនៅសេសសល់ ១៦% ទៀត។

កន្លងទៅ ការដោះដូរដី គឺធ្វើឡើងដោយលួចលាក់ ប៉ុន្តែ​បានបែកធ្លាយ ល្បីល្បាញ​ នៅ​ឆ្នាំ​២០១៥ ក្នុង​រឿង​យក​ដី​ខ្មែរ នៅ​ស្រុក​មេមាត់ ត្បូងឃ្មុំ ទៅឲ្យ​វៀតណាម ដើម្បី​«ដោះដូរ​យក​មកវិញ នូវ​ភូមិ​កំណើត​អតីត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅភូមិអន្លង់ជ្រៃ និង​ភូមិថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ» ក្រោម​រូបភាព ដែល​ហៅថា «យកដីខ្មែរ ដោះដូរ​ជាមួយដីខ្មែរ ទៅឲ្យ​វៀតណាម»

ទង្វើនោះកើតឡើងតាមរយៈលោក ហ៊ុន សែន ដែល​ព្រម​ព្រៀង​ជាមួយ​វៀតណាម បាន​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​គោក​ខុសច្បាប់ ឆ្នាំ​១៩៨៥ និង ផែនទី​មិន​ត្រឹមត្រូវ ទៅ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជាថ្មី រួច​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ ដោយ​មិន​អនុលោម​តាម ​អនុសញ្ញា​របស់​អាណាគមបារាំង (កូសាំងស៊ី) និង​កម្ពុជា ឆ្នាំ១៨៧៣ ដែល​មាន​បង្គោល​រួច​ហើយ ចំនួន ១២៤ បង្គោល។ សន្ធិសញ្ញាព្រំដែន​ខុសច្បាប់​ឆ្នាំ១៩៨៥ ជាមួយ​វៀតណាម ត្រូវបាន​លោក ហ៊ុន សែន យក​មក​​ផ្តល់​សច្ចាប័នឡើងវិញ នៅឆ្នាំ​២០០៥ ដើម្បី​ឲ្យ​វៀតណាម កាន់​តែ​មាន​ទំនុកចិត្ត​ ក្នុង​មហិច្ឆតា​របស់ខ្លួន ចំពោះអ្វី​ដែល​វៀតណាម បាន​កាត់ឆ្វៀលទឹកដីព្រំដែន​គោក​ខ្មែរ​មួយចំណែក​បន្ថែម​ទៀត រួមទាំង​ព្រំដែន​សមុទ្រ ដូចជា កោះត្រល់ (Phu Quoc) និង ចង្កោមកោះក្រចកសេះ (Tho Chu island) ផងដែរ។

ត្រង់ចំណុចទី១៩ នៃ​សេចក្តី​ថ្លែងការណ៍រួម​នេះ​ដែរ ​ភាគី​កម្ពុជា និង​វៀតណាម រំឭកឡើងវិញនូវការអនុវត្តខ្ជាប់់ខ្ជួននូវ កិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ ដែលកាលនោះ លោក ហ៊ុន សែន ក្នុង​នាមជា​រដ្ឋមន្ត្រី​ការបរទេស ជាអ្នកចុះហត្ថលេខាជាមួយវៀតណាម។

កិច្ចព្រមព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​នេះ គឺជា​​កិច្ច​ព្រម​ព្រៀង​ខុសច្បាប់ ប៉ុន្តែ​លោក ហ៊ុន សែន កាលនោះ ហ៊ាន​ព្រហើន​ទទួលស្គាល់នូវ​ខ្សែ​ព្រំដែន​សមុទ្រ តាមការបង្គាប់បញ្ជា​របស់វៀតណាម រួមទាំង​ទទួលស្គាល់​ថា កោះត្រល់ (Phu Quoc) និង ចង្កោមកោះក្រចកសេះ (Tho Chu island) ជារបស់វៀតណាម។ ការចុះកិច្ច​ព្រមព្រៀង​​កាលនោះ គឺ​ជាការដោះដូរមួយ ដែល​លោក ហ៊ុន សែន ហ៊ាន​ប្រថុយ​ប្រថាប់ត្រាឲ្យវៀតណាម ដើម្បី​ជាថ្នូរនឹងការឡើងកាន់អំណាចកំពូល​របស់​គាត់ នៅទីក្រុងភ្នំពេញ។

– ទី៣. ត្រង់ចំណុចទី២០ នៃ​សេចក្តី​ថ្លែងការណ៍រួម​ ថ្ងៃទី០៦ ខែកុម្ភៈ បាន​រំឭក​ឡើង​វិញ​ថា កម្ពុជា និង​វៀតណាម បន្តស្ថាបនា កែលំអ និង ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា វៀណាម និងឡាវ ក្នុងន័យថា ប្រទេស​ទាំងបី ត្រូវដឹងគុណ​វៀតណាម ក្នុង​ស្មារតី​គណ​បក្ស​​កុម្មុនីស្ត​ឥណ្ឌូចិន​រួមគ្នា ដែល​មាន​វៀតណាម គឺជា​​បងធំ​ជានិច្ច។

ដំណោះស្រាយ ៖ កម្ពុជា អាចកាត់បន្ថយឥទ្ធិពលនយោបាយ និង រដ្ឋបាលស៊ីរូងផ្ទៃក្នុងខ្មែរបាន លុះត្រា​តែ​ ៖

ទី១. មេដឹកនាំខ្មែរ ត្រូវឈប់​ជាប់​ជំពាក់​គុណ​បំណាច់​​របស់​វៀតណាម។ ក្នុង​ន័យ​នេះ កម្ពុជា អាច​រក្សាត្រឹមតែ​នយោបាយការទូតធម្មតា ដូច​ដែលកម្ពុជា ធ្វើទំនាក់​ទំនង​ការទូត​ស្មើភាព​​ជាមួយ​ប្រទេស​ឯទៀតដែរ។ តើ​បក្ស​កាន់អំណាច​របស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អាច​ធ្វើបាន​ឬទេ?

ទី២. ត្រូវធ្វើនិរាករណ៍​រាល់សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងនានា ដែលមិនស្រប​តាមស្មារតី​រដ្ឋធម្មនុញ្ញកម្ពុជា​សព្វថ្ងៃ និង កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ១៩៩១។

ទី៣. កម្ពុជា ត្រូវស្តារ​ប្រក្រតីភាព​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ រួមទាំង​ ត្រូវ​កំណត់​ទិស​ដៅ​កម្ពុជា​ខ្លួន​ឯង សម្រាប់​អនាគត​វែង​ឆ្ងាយទៅ​មុខ។

អត្ថបទ​ដោយ ម៉ែន ណាត
(ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា)

…….


អត្ថបទលោក អ៊ុំ សំអាន អតីតសមាជិកសភា​កម្ពុជា​ ដូចខាងក្រោម៖

កាល​ពីថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្ពុជា និង​វៀតណាម បាន​ឯកភាព​ក្នុង​ការ​ប្តេជ្ញាចិត្ត គោរព និង​​អនុវត្ត​កិច្ច​ព្រម​ព្រៀង ឆ្នាំ១៩៨២ ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្រ្ត​កម្ពុជា​-​វៀតណាម។ កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៨២ ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្រ្ត បាន​ធ្វើ​អោយ​ខ្មែរបាត់​បង់​កោះត្រល់ ចង្កោមកោះក្រចកសេះ និង​ដាក់សមុទ្រ​ខ្មែរ រួម​ជាមួយ​វៀតណាម ចំនួន ១០០០០ គីឡូ​ម៉ែត្រ​ការ៉េ ព្រមទាំងបាត់​បង់​ដែន​សមុទ្រ​ខ្មែរ ទៅ​វៀតណាម ចំនួន ៣០០០០ គីឡូ​ម៉ែត្រ​ការ៉េ

លុះដល់អំឡុងខែសីហា ​ឆ្នាំ១៩៩៧ រដ្ឋាភិបាល​វៀតណាម និង ថៃ បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី កំណត់​ព្រំដែន​សមុទ្រ​​របស់​ខ្លួន ដោយ​រំលង​ប្រទេស​កម្ពុជា ខណៈ​ពេល​កម្ពុជា ស្ថិត​ក្នុង​វិបត្តិរដ្ឋប្រហារ នា​ខែកក្កដា ឆ្នាំ​ដដែល​នោះ។ វៀតណាម និងថៃ ធ្វើកិច្ចព្រមព្រៀងនេះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​​កិច្ច​ព្រម​ព្រៀង​ ស្តីពី​តំបន់ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២ ដែល​ធ្វើឲ្យ​​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ហ៊ាន​​​តវ៉ាជំទាស់​​ជាមួយ​វៀតណាម នា​ពេល​នោះ។ ដូច្នេះ ថៃ និង វៀតណាម បានកាត់ឆ្វៀល​​ដែន​​សមុទ្រ​​កម្ពុជា ចំនួន ៣០០០០ គីឡូ​ម៉ែត្រ​ការ៉េ ក្នុងចំណែកម្នាក់ៗ ក្នុងចំណោមផ្ទៃក្រឡាសមុទ្រខ្មែរ សរុប ៩៥០០០ គីឡូម៉ែត្រការ៉េ

កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៩៨២ ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្រ្ត ត្រូវ​បាន​សុីញ៉េរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសទាំងពីរ គឺ​លោក ហ៊ុន សែន និង​​លោក ង្វៀង កូថាច់ ដែលកាលនោះ វៀតណាម ​ត្រួតត្រា​​កម្ពុជា​ទាំង​ខុស​ច្បាប់​អន្តរជាតិ។

មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ តម្រូវអោយលុបចោលសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ដែលជាសម័យ​វៀតណាម ត្រួតត្រាកម្ពុជា។

ការបន្តគោរព និង​អនុវត្តកិច្ចព្រមព្រៀង ឆ្នាំ១៩៨២ ស្តីពី​តំបន់​ទឹក​ប្រវត្តិសាស្រ្តក​ម្ពុជា​-​វៀតណាម គឺ​ជា​ការ​កាត់​ទឹកដី​ខ្មែរ និងកាត់​កោះ​ខ្មែរ អោយ​វៀតណាម ដើម្បី​សង​គុណវៀតណាម ដែល​បាន​លើក​បន្តុប​លោក ហ៊ុន សែន អោយ​កាន់​អំណាច​ តាំង​ពីទសវត្ស​ទី​៨០។ នេះ​ជាទង្វើ​ក្បត់​ជាតិ​របស់​ត្រកូល ហ៊ុន គឺ​ត្រកូល ហ៊ុន នឹង​ក្លាយ​ជា​ជន​ក្បត់​ជា​តិ ២ ជំនាន់ ព្រោះលោក ហ៊ុន សែន បាន​កាត់​ទឹកដីខ្មែរ អោយ​វៀតណាម​ តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន ជាមួយ​វៀតណាម បាន ៨៥% ស្រប​តាមសន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ១៩៨៥ នា​សម័យ​វៀតណាម ត្រួត​ត្រា​កម្ពុជា។ ហើយ​លោក ហ៊ុន ម៉ាណែត នឹង​កាត់​ទឹកដី​ខ្មែរ អោយ​វៀតណាម​បន្ថែម​ទៀត តាម​រយៈ​ការ​ដោះដូរ​ដី​ខ្មែរ នឹង​ដី​ខ្មែរ ៦% ស្រប​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ព្រមទាំង​បន្ត​កាត់​ទឹកដី ដែនសមុទ្រ និង កោះ អោយ​វៀតណាម។

សព្វថ្ងៃនេះ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន គោរព និង​អនុវត្ត​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​ ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ ដែលជា​សម័យវៀតណាម ត្រួតត្រាកម្ពុជា។ សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ដែល​លើក​បន្តុប​ដោយ​វៀតណាម នៅកម្ពុជា នា​ទសវត្ស​ទី​៨០ គឺ​គ្មាន​កៅ​អី​ នៅ​អង្គការ​សហប្រជាជាតិ​ទេ។ កៅអី​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ នា​ពេលនោះ ស្ថិត​ក្នុង​ដៃ​​របស់ភាគី​ខ្មែរក្រហម។

ហេតុនេះ សន្ធិសញ្ញា​ព្រំដែន ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់។​ ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ តម្រូវ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ១៩៨៥។

អត្ថបទ​ដោយ អ៊ុំ សំអាន

ឯកសារ​ភ្ជាប់

  • កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង​លោក ង្វៀង កូថាច់ (សូម​​ទាញ​យក​ «ច្បាប់ដើម» Download ឬ​ទាញ​​យក​ «ចម្លង»​ Download)។
  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ លើ​សន្ធិសញ្ញា​កំណត់​​ព្រំដែន​​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​​ជាមួយ​បញ្ជី​​ស្ថិតិ ផែន​ទី​​​ព្រំដែន ឆ្នាំ ១៩៨៥ (ច្បាប់​ដើម)សូមទាញយក Download 
  • សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាង​​កម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥(សូមទាញយក Download)
  • កិច្ចព្រមព្រៀង ស្តី​ពី​លក្ខន្តិកៈ​ព្រំដែន​គោក ថ្ងៃទី ២០ កក្កដា ១៩៨៣ សូមទាញយក Download
  • កំណត់ហេតុ​​ប្រជុំ ជា​ឯកសារ​​សម្ងាត់ ឆ្នាំ​ ២០០៧ ស្តី​ពី​​​​ការបោះ​បង្គោល​​​ព្រំដែន​ ​កម្ពុជា​​-​​វៀតណាម សូមទាញយក Downloadសារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ​​ដោយ​​លោក ហ៊ុន សែន បាន​ផ្តល់​​សិទ្ធិ និង​ការពារ​ពលរដ្ឋ​​វៀតណាម​​ នៅ​​កម្ពុជា – សូមទាញយក Download
  • លិខិត​លោក ប្រេវីយេ (Brévié) អំពី​កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូម​ទាញ​យក ជាអង់គ្លេស – English និង បារាំង – French ហើយ​និង​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា ភាសាខ្មែរ – Khmer)
  • សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ សូមទាញយក Download
  • កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ សូមទាញយក Download

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាព​កោះត្រល់។
រូបភាព​កោះត្រល់។