អត្ថបទ The Cambodia Daily
28-10-2022

តុលាការ​កំពូល​ សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ របស់​សកម្មជន​គណ​បក្ស​​ភ្លើង​ទៀន​​មួយ​​រូប គឺ​លោក អៀ ចាន់ណា

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច ​របស់​តុលាការ​ជាន់​ទាប ​ដែល​បាន​ឃុំ​ខ្លួន​លោក អៀ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន ​នៅ​ពន្ធនាគារ​ព្រៃស។

លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​ សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ ​ជា​រឿង​ត្រឹមត្រូវ។

លោក អៀរ ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ផ្សារ​ទំនើប​អ៊ីអន​២ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​វិល​ចូល​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ជាមួយ​បក្ស​ភ្លើង​ទៀន​ នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២។

លោក​ត្រូវ​បាន​សមត្ថកិច្ច​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​រឿង​ដំណើរ​វិលត្រឡប់​លើក​ទី​ពីរ ​របស់​អ្នកស្រី មូរ សុខហួរ កាលពី​ដើម​ ឆ្នាំ​២០២១។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត អះអាង​ថា បើ​តាម​ផ្លូវច្បាប់ គឺ​មាន​ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ទោះ​បី​ជា​​បទ​ល្មើស​ឧក្រិដ្ឋ និង​បទ​មជ្ឈិម​ក៏ដោយ ឱ្យ​តែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ ដែល​តុលាការ​អាច​នឹង​ពិចារណា​បាន។ លោក​សោកស្ដាយ​ចំពោះ​លោក អៀ ចាន់ណា ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

លោក អំ សំអាត កត់សម្គាល់​ថា សំណុំរឿង​របស់​លោក អៀ ចាន់ណា នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដូច្នេះ​រឿង​ពាក់ព័ន្ធ​នយោបាយ ​កម្រ​ត្រូវ​បាន​តុលាការ ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បើ​គ្មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ទេ​នោះ។

នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​ថ្លែងការណ៍​មួយ ​ដោយ​ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា ថា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ក៏​បាន​អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា ​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បទ​ចោទ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ដើម្បី​ស្ដារ​ស្ថានភាព​​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើងវិញ៕

.