អត្ថបទ The Cambodia Daily / 01st-10-2020

អ្នកវិភាគ​នយោបាយ​សង្គម​ព្រមានថា លោក ហ៊ុន សែន ប្រឹង​លុប​ដាន​ប្រវត្តិសាស្ត្រ​ព្រំដែន កម្ពុជា-វៀតណាម ក្នុងការ​លួច​បង្កើត​ខ្សែបន្ទាត់​ព្រំដែនថ្មី ដោយ​​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា កិច្ចព្រមព្រៀង​ក្រុងប៉ារីស៍ និងច្បាប់​អន្តរជាតិ។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនានិស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ និង​​ជា​អ្នកវិភាគ​​នយោបាយ​សង្គម លោក គឹម សុខ បាន​រិះគន់ថា ការព្យាយាម​លុបដាន​ប្រវត្តិសាស្ត្រ ​បំបាត់​ទឹកដី​ខ្មែរ ហើយ​ប្រឹង​រៀបចំ​ផ្សព្វផ្សាយ​បំភ័ន្ត​ជាតិ​ឯង របស់​រដ្ឋាភិបាល​កម្ពុជា​ ជាទង្វើ​ក្បត់​ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ប្រកែក​បាន។ លោក​អះអាងថា គន្លឹះ​ដែល​ត្រឹមត្រូវ ដើម្បី​ការពារ​កម្ពុជា​ពីមហន្តរាយ​នោះ​ ទឹកដី គឺលោក ហ៊ុន សែន ត្រូវប្រើ​ប្រាស់​ច្បាប់​អន្តរជាតិ​ជាធរមាន និង​ស្នើរសុំ​អ្នកបច្ចេកទេស​អង្គការ​សហប្រជាជាតិ សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៍ ហើយ​ជាពិសេស អ្នកបច្ចេកទេស​បារាំង ដែល​ជាម្ចាស់គំនូស​ដើម​នៃ​ផែនទី​របស់​កម្ពុជា។

ការរិះគន់នេះ ធ្វើឡើងក្រោយ​ពេលរដ្ឋាភិបាល​កម្ពុជា រៀបចំវេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ការងារខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​​២០២០ នៅ​ឯទីស្តីការ​គណរដ្ឋមន្ត្រី បន្ទាប់​រដ្ឋាភិបាល​កម្ពុជា សម្រេចប្រើប្រាស់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ (១លើ ២៥ពាន់) ដើម្បី​កំណត់​ព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេស​វៀតណាម នាពេល​កន្លង​មក។

ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥.០០០ ត្រូវ​បានប្រទេស​ទាំងពីរ កម្ពុជា- វៀតណាម រៀបចំ​ពិធី​ប្រគល់​និង​ទទួល កាល​ពីថ្ងៃទី ០១ ខែ​សីហា ឆ្នាំ​២០២០ នៅច្រកទ្វារ​ព្រំដែន​​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ ប្រទេស​វៀតណាម រវាង​គណៈប្រតិភូកម្ពុជា​ ដឹកនាំ​ដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូ​វៀតណាម ដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃ​ក្រសួង​ការបរទេស និង​ជាប្រធាន​គណៈកម្មការ​ចម្រុះខណ្ឌសី​មា និងបោះ​បង្គោល​ព្រំដែន​វៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម បានចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ​ ដែល​សម្រេច​បា​នចំនួន ៨៤% កាលពីថ្ងៃទី ០៥ ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅ។

កាលពីថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ​២០២០ លោក ហ៊ុន សែន បានអួតថា ក្រោម​ការបង្កើត​ខ្សែបន្ទាត់​ព្រំដែន​ថ្មី​ ដោយ​ប្រើផែនទី​ខ្នាត ១/២៥.០០០ នេះ កម្ពុជា​ចំណេញដី​ពី​ខាងភាគី​វៀតណាម​ដល់​ទៅ ២ពាន់ ហិកតា ឯណោះ ដូច្នេះលោក​ចោទថា អ្នករិះគន់​រដ្ឋាភិបាល​របស់លោក ដែល​កំពុង​ដឹកនាំសព្វថ្ងៃ​នេះ​ គឺជាក្រុម​ញុះញង់​បង្ករភាព​វឹកវរធ្ងន់ធ្ងរ​ ដល់​សន្តិសុខសង្គម និង​បង្ករឲ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិត​ខាង​ក្នុង​តំបន់។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ ទទួល​បន្ទុក​កិច្ចការ​ព្រំដែនបាន​ប្រាប់សារព័ត៌​មាន The Cambodia Daily នៅថ្ងៃនេះថា វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការងារ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន កម្ពុជា-វៀតណាម គ្រាន់​តែជា​ល្បិច​កល​របស់លោក ហ៊ុន សែន ធ្វើឡើងដើម្បី​បន្លំភ្នែក​ពលរដ្ឋប៉ុណ្ណោះ ត្បិតកម្ពុជា​មិន​បានចំណេញ​ដី​ពី​វៀតណាម​ ដូចការអួត​អាង​របស់លោក ហ៊ុន សែន នោះ​ឡើយ។ លោក​អះអាងថា ដើម្បី​ឲ្យមាន​តម្លាភាព​លើ​កិច្ច​ការ​ព្រំដែន​នេះ ត្រូវ​តែ​មាន​ការចូលរួម​ដឹង​ឮ ពី​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ធ្វើ​ឡើង​ឲ្យ​ស្របទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង ធ្លាប់​អះ​អាង​នៅ​ក្នុង​ពិធីប្រគល់​ផែនទី​ ទៅ​ក្រសួង​ និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​របស់​កម្ពុជា ដើម្បីប្រើប្រាស់​ជាផ្លូវការ​ កាល​ពីថ្ងៃទី ២៧ ខែសីហា ថា រដ្ឋាភិបាល​កម្ពុជា គ្រោង​យកផែនទី​ថ្មី ខ្នាត ១/២៥.០០០ នេះ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដើម្បីទុកជា​ផែនទី​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ទៅ​ជំនាន់​ក្រោយ។

ប៉ុន្តែ​ក្រុមចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ទាត់ចោល​ផែនទី​ថ្មី របស់​កម្ពុជា ខ្នាត ១/២៥.០០០ ថា ជាផែនទី​ខុសច្បាប់​ ក្នុង​ចេតនា​កាត់ដីខ្មែរ​ ឲ្យ​វៀតណាម​បន្ថែម​ទៀត ត្បិត​ផែនទី​នេះ កើត​ចេញ​ពី​ផែនទី ខ្នាត ១/១០០.០០០ ដែល​បោះពុម្ព​នៅប្រទេស​វៀត​ណាម និង​ផែនទី UTM ខ្នាត ១/៥០.០០០ ដែល​ទាហាន​អាមេរិកាំង​ ប្រើ​សម្រាប់​តែ​សម័យសង្គ្រាម​វៀតណាម​តែប៉ុណ្ណោះ។ ទោះ​យ៉ាងនេះ​ក្តី រដ្ឋាភិបាលលោក ហ៊ុន សែន តែង​ប្រើ​ពាក្យបន្លំថា ដូចមាន​ក្នុង​ផែនទីខ្នាត ១/១០០.០០០ ជាប្រចាំ។

ក្រុមអ្នកឃ្លាំមើលព្រំដែន អំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា បោះ​បង់​ចោល​រាល់​សន្ធិសញ្ញា​ខុសច្បាប់​នានា​ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​កន្លង​មក និង​ងាក​ទៅ​រក​ច្បាប់ និង​យន្តកា​រអន្តរជាតិ ដើម្បី​បញ្ជៀស​សង្គ្រាម​ ពី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ៕

Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង
Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង

.