អត្ថបទ៖ ចលនានិស្សិត SMD
ចលនានិស្សិតខ្មែរ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ស្តីអំពីកងកម្លាំងយោធាវៀតណាម ប្រែក្លាយការបោះតង់ពីមុន មកសំណង់ជម្រករឹងមាំ នៅតាមបណ្តោយព្រំដែនខ្មែរ បន្ទាប់ពីការផ្សព្វផ្សាយលិខិតរបស់ស្នងការខេត្តកណ្តាល ផ្ញើទៅកាន់អភិបាលខេត្តកណ្តាល (សូមទាញយកលិខិត – Download)។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក អ៊ាប សេង អនុប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ (សូមទាញយកសេចក្តីថ្លែងការណ៍ – Downlaod)។
សេចក្តីថ្លែងការណ៍
ពីបោះតង់ ទៅជាសាងសង់ជម្រករឹងមាំ របស់យោធាវៀតណាម អាចរុញទំនាស់ព្រំដែន ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពកាន់តែអាក្រក់ នៅពេលការបោះតង់របស់កម្លាំងយោធាវៀតណាម នៅតាមតំបន់ព្រំដែន កំពុងក្លាយជាជម្រករឹងមាំ ដោយពុំទាន់មានដំណោះស្រាយត្រឹមត្រូវ។
លិខិតរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជូនអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានអះអាងក្នុងកម្មវត្ថុ អំពីសកម្មភាពការពារព្រំដែនខេត្តអានយ៉ាង របស់វៀតណាម ប៉ុស្ដិ៍៩២៥វិញសឿង ដែលបានរុះរើតង់ចាស់ ដោយផ្លាស់ប្ដូរសាងសង់តង់ថ្មី ជាជម្រករឹងមាំ។ សំណង់ថ្មីរឹងមាំនេះ មានទីតាំងកៀកកិតស្ទើរជាប់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល របស់កម្ពុជា ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនទំនាស់បច្ចុប្បន្ន ចម្ងាយប្រមាណ ១២០ ម៉ែត្រប៉ុណ្ណោះ។ លិខិតនេះពន្យល់ទៀតថា «នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនក្អមសំណ យោធាការពារព្រំដែន កង៦០១ និងនាយប៉ុស្ដិ៍ក្អមសំណ នៃភាគីខ្មែរ បានទៅជួបជាមួយប្រធានប៉ុស្ដិ៍៩២៥វិញសឿង ខាងវៀតណាម ដើម្បីទាមទារឲ្យភាគីវៀតណាម បញ្ឈប់សកម្មភាព សាងសង់តង់ថ្មីនេះ។ ប៉ុន្តែភាគីវៀតណាម បានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេ មានគម្រោងសាងសង់តង់ថ្មី (ជម្រករឹងមាំ) ចំនួន ៤គោលដៅ លើ ១០គោលដៅចាស់ ដែលមានស្រាប់»។
សកម្មភាពបែបនេះរបស់យោធាវៀតណាម បង្ហាញអំពីមហិច្ឆតាឈ្លានពានរបស់ប្រទេសវៀតណាម គំរាមកំហែង មកលើប្រទេសកម្ពុជា មិនព្រលែងឡើយ។ វៀតណាម ចិញ្ចឹមនូវឧបាយកលបង្កើតបញ្ហាដល់ខ្មែរ នៅតាមតំបន់ព្រំដែនជាដរាប ហើយឆ្លៀតឱកាសកាត់ច្រៀកយកដីខ្មែរ យកទៅគ្រប់គ្រង តាមវិធីកសាងសំណង់រឹងមាំថ្មីៗ ការធ្វើផ្លូវថ្មីៗ ឬការជីកព្រែកថ្មីៗ ជីកប្រឡាយថ្មីៗ រហូតដល់មានការបង្កើតភូមិវៀតណាម ចូលជ្រៅក្នុងទឹកដីកម្ពុជា។ នៅតំបន់ខ្លះទៀត វៀតណាមបានចូលប្លន់ស្រស់ៗ យកដីស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរ ធ្វើជាកម្មសិទ្ធិរបស់វៀតណាម ដូចជាទឹកដីខ្មែរ ផ្នែកខ្លះនៃតំបន់ដាក់ដាំ ខេត្តមណ្ឌលគីរី, ភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ហើយនិងបញ្ហាព្រំដែនមួយផ្នែក នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនាំទៅដល់ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន, លោក សួង សុភ័ណ្ឌ, យុវជន ហ៊ុន វណ្ណៈ, យុវតី ឈឿន ដារ៉ាវី, កញ្ញា ស កន្និកា និងសកម្មជនមួយចំនួនទៀត ដោយបង្ខំ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់ទុកថា ទឹកដីជាតិកម្ពុជា កាន់តែរអិលធ្លាក់ក្នុងស្ថានភាព អាសន្នរើមិនរួច នៅពេលដែលវៀតណាម កាន់តែបង្ហាញទង្វើឈ្លានពានបែបយោធា ដោយគ្មានញញើត ហើយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ប្រឹងខ្ទប់សកម្មភាពការពារទឹកដីព្រំដែនជាតិរបស់ពលរដ្ឋខ្មែរ ដោយការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់គុក និងគម្រាមដល់អាយុជីវិត។
ទោះជាយ៉ាងណា ដោយសារវិបត្តិព្រំដែនជាតិកាន់តែធ្ងន់ធ្ងរ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅតែជម្រុញរដ្ឋាភិបាលនៃលោក ហ៊ុន សែន ឲ្យប្រឹងប្រែងបង្ហាញជំហរបម្រើប្រយោជន៍ខ្មែរខ្លះ ដោយហ៊ានធ្វើលិខិតជូនដំណឹងអំពីការឈ្លានពានរបស់វៀតណាមនេះ ទៅកាន់សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដែលធានានូវបូរណភាពទឹកដីកម្ពុជា, អង្គការសហប្រជាជាតិ ដែលធានាឲ្យរដ្ឋនីមួយៗគោរពដែនអធិបតេយ្យគ្នា, និងសមាគមអាស៊ាន(ASEAN) ដែលតម្រូវឲ្យរដ្ឋសមាជិក «គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋ សមាជិកអាស៊ានទាំងអស់» ។
រដ្ឋធានីវ៉ាសុីតុន ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
ជ.គណៈកម្មាធិការប្រតិបត្តិ
(ហត្ថលេខា)
អ៊ាប សេង អនុប្រធាន

.
.