អត្ថបទ The Cambodia Daily
22-7-2023
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថាការដែលលោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឬផ្តួលរំលំរាជបល្ល័ង្គ [កាលពីឆ្នាំ២០០៥] ដោយសារតែសម្តេចព្រះ នរោត្តម សីហនុ ជំទាស់មិនឱ្យមេដឹកនាំខ្មែរ ដែលវៀតណាមលើកបន្តុបមួយនេះ ប្រើប្រាស់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងកំណត់ទឹកដីខុសច្បាប់ ដែលគាត់បានចុះហត្ថលេខា ជាមួយវៀតណាម បន្តទៀត។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២០ កក្កដា ថា ទោះបីជារដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់ អំពីការប្រើប្រាស់ផែនទីបោនខ្នាត ១លើ១០០ពាន់ (១/១០០.០០០) ដើម្បីរក្សាព្រំដែនកម្ពុជា ជាមួយប្រទេសដទៃ ជាពិសេសជាមួយប្រទេសវៀតណាម ព្រមទាំងយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើជាគោលការណ៍ ដើម្បីធ្វើមោឃភាពនូវសន្ធិសញ្ញាខុសច្បាប់ទាំងអស់ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាមក៏ដោយ ក៏លោក ហ៊ុន សែន នៅតែព្យាយាមជួយរកល្បិចកលឱ្យសន្ធិសញ្ញាខុសច្បាប់ ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម ទាំងនោះ មានសុពលភាពឡើងវិញដែរ។
លោក អ៊ុំ សំអាន អះអាងថា ការដែលមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ចែងអំពីការកំណត់ព្រំដែនរបស់ប្រទេសកម្ពុជាជាមួយប្រទេសដទៃ ជាពិសេសជាមួយប្រទេសវៀតណាម ដោយប្រើផែនទីបោនខ្នាត ១លើ១០០ពាន់ គឺក្នុងបំណងទប់ស្កាត់កុំឱ្យលោក ហ៊ុន សែន ប្រើសន្ធិសញ្ញាខុសច្បាប់ ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម បន្តទៀត ព្រោះគេសុទ្ធតែដឹងថា កិច្ចព្រមព្រៀងខុសច្បាប់ទាំងនោះ គឺជាកិច្ចសន្យាដែលលោក ហ៊ុន សែន បានយល់ព្រមកាត់ទឹកដីកម្ពុជា ឱ្យទៅវៀតណាមទាំងអស់។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រូបនេះ បញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ សម្តេចព្រះ នរោត្តម សីហនុ បានទាមទារយកផែនទីបារាំង ដែលតម្កល់នៅអង្គការសហប្រជាជាតិ មកបោះបង្គោលព្រំដែនជាមួយវៀតណាមដែរ ប៉ុន្តែភាគីវៀតណាម មិនឯកភាពនោះឡើយ។
លោក អ៊ុំ សំអាន គូសបញ្ជាក់ថា វៀតណាមបានទាមទារឱ្យយកកិច្ចព្រមព្រៀង ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយខ្លួន ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៨៥ ធ្វើជាលក្ខខណ្ឌក្នុងការបោះបង្គោលព្រំដែនវិញ ប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងទាំងនោះ អស់សុពលភាពក្រោមឥទ្ធិពលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបលោក ហ៊ុន សែន ចុះហត្ថលេខាបង្កើតសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយវៀតណាម ដើម្បីគាត់អាចប្រើប្រាស់កិច្ចព្រមព្រៀងទាំងនោះ ជាមួយវៀតណាមឡើងវិញ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកិច្ចពិភាក្សាអំពីកិច្ចការព្រំដែន នេះដែរថា បារាំងបានកំណត់ព្រំដែនរដ្ឋបាល រវាងកម្ពុជា និងកូសាំងស៊ីន ឬកម្ពុជាក្រោម តាមអនុសញ្ញាមួយ នៅឆ្នាំ១៨៧៣ ដែលបានបោះបង្គោលកំណត់ព្រំដែនចំនួន ១២៤ បង្គោល ដូច្នេះប្រសិនបើលោក ហ៊ុន សែន កំណត់ព្រំដែនជាមួយវៀតណាម ដោយប្រើអនុសញ្ញា នៅឆ្នាំ១៨៧៣ នេះ នោះដែនទឹក និង កោះត្រល់ របស់ខ្មែរ ក៏មិនធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម ដែរ។
លោក ម៉ែន ណាត អះអាងថា នៅអំឡុងខែឧសភា ឆ្នាំ១៩៩៤ សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់ជំរុញឱ្យលោក ហ៊ុន សែន ទាមទារឱ្យវៀតណាម យកបង្គោលព្រំដែនទាំង ១២៤ បង្គោល ដែលបារាំងបានកំណត់នៅឆ្នាំ១៨៧៣ នោះ មកតម្កល់នៅទីតាំងដើមវិញ ប៉ុន្តែលោក ហ៊ុន សែន បែរជាសហការជាមួយវៀតណាម ធ្វើសន្ធិសញ្ញាខុសច្បាប់ថ្មី នៅឆ្នាំ២០០៥ ដើម្បីលុបចោលអនុសញ្ញារដ្ឋបាលកម្ពុជា និងកូសាំងស៊ីន ដើម្បីធានានូវសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់ ដែលគាត់បានចុះហត្ថលេខាជាមួយវៀតណាម ទៅវិញ ដែលជាមូលហេតុធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីជាបន្តបន្ទាប់រហូតដល់ពេលនេះ។
កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹក ឆ្នាំ១៩៨២ និង ចុះហត្ថលេខាលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេស នាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់លើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ មួយទៀត ដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានា រវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ថា នៅតែមានសុពលភាពសម្រាប់ប្រទេសទាំងពីរ ទៅថ្ងៃអនាគតថែមទៀត។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់បានគំរាមផ្តួលរំលំរាជបល្ល័ង្គ ពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋដែរ ប្រសិនព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដើម្បីឱ្យគាត់អាចបន្តអនុវត្តកិច្ចព្រមព្រៀងកំណត់ព្រំដែនដោយខុសច្បាប់ ជាមួយវៀតណាម ទេនោះ៕