13076848_10154109828053210_6232986651517622397_n

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌


ជាបឋម​យើង​ខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុង​នាម​ជាមិត្តភក្តិ មិត្តរួម​ការងារ និង​​អ្នក​រាប់​អាន សូម​សរសើរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត នូវ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន និង​ឆន្ទៈ​ដ៏​ឧត្តុង្គឧត្តម​របស់​លោក អ៊ុំ សំអាន ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​មាតុភូមិ​ដ៏​កំសត់​របស់​យើង។

ជាង ២០ ឆ្នាំហើយ ដែលលោក និង​ពួកយើង ព្រមទាំង​មិត្ត​ភក្តិ​ជា​ច្រើន​ទៀត ដូចជា​លោក ជា វិជ្ជា ជាដើម បាន​រួម​ការងារ​ជាមួយ​គ្នា ក្នុង​ឋានៈ​ជាស្ថាបនិក ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អ្នក​ស្នេហាជាតិ​ជំនាន់​ថ្មី។ ការងារដែលយើងធ្វើ គឺផ្តោតសំខាន់បំផុត ទៅលើបញ្ហាបូរណភាពទឹកដី ដែលរបបដឹកនាំ ហ៊ុន សែន បាន​កាត់​ឲ្យ​យួន តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ រួមមាន​ព្រំដែនទឹក ព្រំដែន​គោក កោះត្រល់ និង​កោះ​មួយ​ចំនួន​ទៀត នៃ​បណ្តុំ​កោះត្រល់។

ក្នុង​នាម​ជា​តំណាងរាស្ត្រ លោក អ៊ុំ សំអាន ពិត​ជា​បាន​បំពេញ​កាតព្វកិច្ច ជូន​ជាតិ​ច្រើន​ណាស់ ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន បញ្ឈប់​ការ​បោះ​បង្គោល​ព្រំដែន​ខ្មែរ​-​យួន ដោយ​ខុស​ច្បាប់ ហើយ​ក៏​បាន​ដាស់​ស្មារតី​កូន​ខ្មែរ ពិសេស​យុវជន ឲ្យ​គិត និង​ស្វែង​យល់​ពី​បញ្ហា​ព្រំដែន កាន់​តែ​ខ្លាំង​ឡើង។ តែ​ជា​អកុសល លោក សំអាន ត្រូវ​បាន​​ពួក​​រដ្ឋាភិបាល​ ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ  តាម​ការ​ចង់​បាន​របស់​វៀតណាម យ៉ាង​អយុត្តិធម៌ ។

ទោះជាលោក សំអាន ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ពី​របប​ដឹកនាំ​សព្វថ្ងៃ​នេះ​ក្តី សំរាប់​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​ពួកយើង នៅ​តែ​គាំទ្រ និង​ផ្តល់​យុត្តិធម៌​ជូន​លោក​ថា ជា​វីរៈជន​ព្រំដែន ដែល​ស្ថិត​ក្នុង​ដួងចិត្ត​ជានិច្ច។

ដោយ​ក្តីគោរពនេះ ទើប​នៅថ្ងៃនេះ ពួកយើង និង​បងៗ នៅ​អាល្លឺម៉ង់ បារាំង បាន​ជជែក​គ្នា​ និង​សម្រេច​សរសេរ​លិខិត​នេះ ជូន​ទៅ​លោក បន្ទាប់​ពី​ពួក​យើង បាន​ទទួល​ព័ត៌មាន ដែល​ចុះ​ផ្សាយ​តាម VOD និង VOA ថា «លោក អ៊ុំ​ សំអាន គ្រោង​​ស្នើ​សុំ​​នាយក​​រដ្ឋ​មន្ត្រី ​ដើម្បី​លើក​​លែង​​ទោស» ដើម្បី​លោក បាន​ចេញ​ពី​ពន្ធនាគារ និង​មាន​ឱកាស​បំរើ ក្នុង​ជីវភាព​នយោបាយ​តទៅ​ទៀត។

ពួកយើងទាំងអស់គ្នា ពិត​ជា​តក់​ស្លុត និង​សោក​ស្តាយ ចំពោះ​ព័ត៌មាន​នេះ ទោះ​មិន​ប្រាកដ​ថា ជា​ការពិត ១០០% ក្តី ដោយ​ហេតុ​ថា ការ​តស៊ូ​ការពារ​បូរណភាព​ទឹកដី របស់​លោក សំអាន ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ធ្វើ​អ្វីៗ​មិន​ខុស​ទេ។ អ្នក​ដែល​ខុស គឺ​​ជា​​ពួក​មេដឹកនាំ​ក្នុង​របប ហ៊ុន សែន ដែល​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម​ឯ​ណោះ​វិញ​ទេ។ ហើយ​បើ​សិន​ជា «អ្នកត្រូវ» ទៅ​សុំទោស​«អ្នកខុស» បែប​នេះ តើ​ចាំ​បាច់​អី​ដែល​លោក ត្រូវ​ទៅ​ជាប់​ពន្ធនាគារ? ហើយ​តើ​ពួក​យើង ខិតខំ​តស៊ូ​រឿង​នេះ​ធ្វើ​អ្វី រហូត​មក​ដល់​សព្វថ្ងៃ​នេះ?

ជាងនេះ​ទៀត បំណង​នៃ​ការ​ចង់​បន្ត​ជីវភាព​នយោបាយ​របស់​លោក ក៏​ត្រូវ​ស្លាប់ ទៅ​ជាមួយ​នឹង​«ពាក្យ​សុំទោស​ដោយ​ខ្លួន​ឯង» ទាំង​មិន​បាន​ធ្វើ​ខុស​នោះ​ផងដែរ ប្រសិន​បើ​លោក សម្រេច​ចិត្ត​ដូច​ការ​ផ្សាយ​នេះ​មែន។

ជាទីបញ្ចប់ ពួកយើង​នៅ​តែមាន​ជំនឿ​ទុក​ចិត្ត លើ​ឧត្តម​គតិ​របស់​លោក អ៊ុំ សំអាន ចំពោះ​ជាតិ ថា​នៅ​តែ​រឹងមាំ  ហើយ​ពួកយើង ក៏​ជឿង​ដែរ​ថា ការ​ផ្សាយ​របស់ VOD និង VOA មិន​អាច​ជា​ការ​ពិត​នោះ​ទេ៕

សូមលោក​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់ និង​ទឹកចិត្ត​ស្រឡាញ់​ដ៏ស្មោះ ពី​ពួក​យើង​ទាំង​អស់​គ្នា។
ពី ឆាំ ឆានី, ប៉ាង សុខឿន, ម៉ែន ណាត
ថ្ងៃទី ២៦ តុលា ២០១៧

12771491_919604911468946_3064920857420015883_o22538152_700248526835112_1847642297_n12936549_1156022001136644_8364297122071002237_n12790906_921254801303957_5889592582428396828_n