ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនដែលទទួលស្គាល់ការបោះបង្គោលព្រំដែនខ្មែរ-យួន តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និងផែនព្រំដែន ដែលអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នោះទេ ដោយហេតុថា សន្ធិសញ្ញាព្រំដែន និងផែនទីព្រំដែនទាំងនេះ វាផ្ទុយស្រឡះពីមាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ប្រធានគណៈកម្មាធិការព្រំដែននៃរបបលោក ហ៊ុន សែន គឺលោក វ៉ា គឹមហុង កាលពីថ្ងៃទី០២ កក្កដា ២០១៥ បានទទូលស្គាល់ហើយថា «ផែនទីដែលប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែនសព្វផ្ងៃ គឺបោះពុម្ពនៅ វៀតណាម»។
ដូច្នេះ ការបោះបង្គោលព្រំដែនបច្ចុប្បន្ននេះ កម្ពុជាត្រូវបាត់បង់ទឹកដីព្រំដែនរបស់ខ្លួនជាច្រើនពាន់គីឡូម៉ែត្រក្រឡា ទៅខាងភាគីយួន។ ឯកសារព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ កម្ពុជា បាត់បង់ព្រំដែនគោកពីចន្លោះ ៤០០០គីឡូម៉ែត្រក្រឡា ទៅ ៦០០០គីឡូម៉ែត្រក្រឡា ដោយមិនរាប់បញ្ចូលព្រំដែនទឹក និង កោះត្រល់ ផងទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង គណៈកម្មាធិការព្រំដែនខ្មែរ នៅប្រទេសបារាំង ធ្លាប់បានពិភាក្សាគ្នាញឹកញាប់ ហើយសម្រេចថា «យើងសូមរក្សាសិទ្ធិទាមទារទឹកដីខ្មែរ ដែលបាត់បង់មកវិញ នៅពេលកម្ពុជា មានរដ្ឋាភិបាលថ្មី ដែលបម្រើជាតិ និងពលរដ្ឋពិតប្រាកដ»។ ការរក្សាសិទ្ធិនេះ ត្រូវធ្វើឡើងស្របតាម កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រមទាំងស្របតាមឯកសារច្បាប់អន្តរជាតិនានា ស្តីពីកម្ពុជា។
អត្ថបទលោក ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវែស) ២៥ ធ្នូ ២០១៧
*****
មន្ត្រីព្រំដែនកម្ពុជាថា ការបោះបង្គោលព្រំដែន នៅខេត្តភាគឦសាន នឹងបញ្ចប់នៅដើមឆ្នាំ២០១៨
(VOD News, ដោយលោក លី វេហា, ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧)
មន្ត្រីព្រំដែនកម្ពុជា អះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមួយស្ថិតនៅភាគឦសាន នឹងត្រូវបញ្ចប់នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ដែលបានដកស្រង់សម្ដីរបស់ មន្ត្រីព្រំដែនកម្ពុជារូបនេះ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Fresh News កាលពីថ្ងៃម្សិលមិញថា អ្នកស្រីបានចុះទៅត្រួតពិនិត្យការបោះបង្គោលព្រំដែន នៅក្នុងខេត្តរតនគិរី ជាប់ខេត្តកន់ទុំ និងខេត្តយ៉ាឡាយ របស់វៀតណាម។
មន្ត្រីព្រំដែនកម្ពុជារូបនេះ ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា ការបោះបង្គោលព្រំដែនខេត្តរតនគិរី របស់កម្ពុជា និងខេត្តកន់ទុំ និងខេត្តយ៉ាឡាយរបស់វៀតណាម គ្រោងបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងខេត្តនេះ រហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំ បានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែម បានចំនួន ៥ ភាគរយ។ នៅសល់ ៤៤ ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឲ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានថ្លែងប្រាប់ វីអូឌី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថាការបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៨៤ ភាគរយហើយ នៅលើបន្ទាត់ព្រំដែនគោករួមរវាងប្រទេសទាំងពីរ សរុប ១២៧០ គីឡូម៉ែត្រ៕


