
កាសែតអង់គ្លេសដ៏មានឥទ្ធិពលមួយ The Guardian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដកស្រង់របាយការណ័៍របស់ អង្គការសិទ្ធិមនុស្សអាស៊ី Human Rights Watch ថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រែក្លាយរបបដឹកនាំរបស់ខ្លួន ទៅជារបបយោធាផ្តាច់ការ»។ ហើយរបបនេះ គ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើកងកម្លាំងសមត្ថកិច្ចប៉ូលីស និងយោធា។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា មន្រ្តីឧត្តមសេនីយ៍ ១២ រូប ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ជាមន្រ្តីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន គឺជាមន្រ្តីកាចសាហាវឃោរឃៅ កាងអំណាចផ្តាច់មុខឲ្យលោក ហ៊ុន សែន។ ក្រុមមន្រ្តីទាំងនេះ ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង មេកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែអាមេរិក បង្កកទ្រព្យសម្បត្តិជាផ្លូវការ ហើយហាមប្រាមក្រុមគ្រួសាររបស់លោក មិនឲ្យចេញចូលសហរដ្ឋអាមេរិក។
មន្រ្តីឧត្ដមសេនីយ៍ទាំង ១២ រូបរបស់លោក ហ៊ុន សែន ដែលល្បីនៅលើឆាកអន្តរជាតិ ថាមានបាតដៃប្រឡាក់ឈាមទាំងនោះ រួមមាន៖
១). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
២). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ
៣). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន
៥). ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ លោក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ៤
៦). ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ លោក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី ៥
៧). ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ លោក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ២
៨). ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ លោក ចាប ភក្តី នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចទ័ពពិសេស ឆត្រយោង លេខ ៩១១
៩). ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកអន្តោប្រវេសន៍
១១). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន
១២). នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី RFA Khmer បានដកស្រង់ និងប្រែសម្រួលរបាយការណ៍ដដែលនេះថា «ភាគច្រើននៃនាយឧត្ដមសេនីយ៍របស់ លោក ហ៊ុន សែន សុទ្ធតែបានជាប់ពាក់ព័ន្ធ ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដែលពេលខ្លះ បណ្ដាលឲ្យស្លាប់ក្រុមអ្នកតវ៉ា អំពីការបោះឆ្នោត ដែលមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌, អំពីការរឹបអូសដីធ្លី ការរំលោភសិទ្ធិការងារ, អំពីការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ជាដើម»។ ក្រៅពីនេះ បុគ្គលទាំងនេះ ភាគច្រើន ក៏ពាក់ព័ន្ធនឹងការរំលោភបំពានដែលមិនមែនជារឿងនយោបាយ ប្រឆាំងនឹងពលរដ្ឋធម្មតា ដូចជាការរឹបអូសដីធ្លីដោយរំលោភបំពាន ការសម្លាប់ ការធ្វើទារុណកម្ម និងការឃុំឃាំងតាមអំពើចិត្ត ដែលប្រព្រឹត្តិតាំងពីសម័យខ្មែរក្រហម, សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា, សម័យរដ្ឋកម្ពុជា, សម័យអ៊ុនតាក់ (UNTAC), សម័យរដ្ឋាភិបាលអន្តរកាល និង សម័យព្រះរាជាណាចក្រកម្ពុជាទី២ រួចបន្តរហូតមកទល់បច្ចុប្បន្ន។
លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រាប់អាស៊ីសេរី ថា «លោក ហ៊ុន សែន នឹងទទួលរងនូវភាពអាម៉ាស់ជាទីបំផុត ដោយសារតែរបាយការណ៍នេះ។ ខ្ញុំរំពឹងថា នឹងទទួលបាននូវប្រតិកម្មជាអវិជ្ជមានខ្លាំងក្លា ដូចដែលលោក ហ៊ុន សែន ធ្លាប់បានធ្វើកាលពីពេលអតីតកាល»។ លោកបន្តថា «លោក ហ៊ុន សែន ត្រូវតែហ៊ានប្រឈមនឹងការពិត ពីព្រោះថា អ្នកដែលដឹងការពិតទាំងអស់នេះ គឺប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ពលរដ្ឋខ្មែរទាំងអស់ ដឹងច្បាស់ណាស់ថា បុគ្គលទាំងអស់នេះជានរណា បើទោះបីជាពួកគេ មិនដឹងលម្អិតអំពីអ្នកទាំងអស់នោះក៏ដោយ។ ក៏ប៉ុន្តែ ពួកគេប្រាកដជាដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកដឹកនាំប្រទេសឆ្ពោះទៅរក ប្រព័ន្ធផ្ដាច់ការ ។ ពួកគេដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកភ្ជង់កាំភ្លើង តម្រង់មករកពួកគេ។ ពួកគេដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកលួចលុយជាតិ របស់ពួកគេ»។
ប្រតិកម្មបានកើតឡើងចម្រុះគ្នាពីរបប ហ៊ុន សែន ដោយរួមទាំងលោក ហ៊ុន សែន ផ្ទាល់ផង តបតទៅនឹងរបាយការណ៍អង្គការ Human Rights Watch នៅរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈពេលការបោះឆ្នោតជាតិ នៅចុងខែកក្កដា ឆ្នាំ២០១៨ ជិតចូលមកដល់ ដែលសហគមន៍អន្តរជាតិ និងបក្សប្រឆាំងរបស់លោក កឹម សុខា ថ្កោលទោសជាបន្តបន្ទាប់។ បក្សប្រឆាំងដដែលនេះ ធ្វើយុទ្ធនាការ ឲ្យពលរដ្ឋខ្មែរ កុំទៅចូលរួមបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
បក្សប្រឆាំងរបស់លោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបប ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តំណាងរាស្រ្តរបស់គណបក្សនេះ ៥៥ រូបនៅរដ្ឋសភា ត្រូវបានគេដកហូតយកអាសនៈ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ ដែលកើតចេញពីការបោះឆ្នោត ក៏ត្រូវបានរបប ហ៊ុន សែន ដកហូតអាសនៈ ទាំងរំលោភរដ្ឋធម្មនុញ្ញា និងច្បាប់បទដ្ឋាននានា ទៅតាមការចង់បានរបស់លោក ហ៊ុន សែន៕ (អត្ថបទដោយ ម៉ែន ណាត)

