សេចក្តីថ្លែងការណ៍៖
សោកស្តាយចំពោះរបប ហ៊ុន សែន ពុំគួរថ្កោលទោសមេដឹកនាំសាំងហ្កាពួរ ដែលរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរ រឿងវៀតណាម ឈ្លានពានកម្ពុជា


ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះរបប ហ៊ុន សែន ពុំគួរមានប្រតិកម្ម និងថ្កោលទោសនាយករដ្ឋមន្រ្តីសាំងហ្កាពួរ លោក លី សៀនឡុង (Lee Hsien Loong) ដែលបានរំលឹកពីតួនាទីរបស់សមាគមអាស៊ាន (ASEAN) ក្នុងទសវត្សទី៨០ បាន​​​ជួ​យកិច្ចការកម្ពុជា ដើម្បីទប់ស្កាត់ការឥទ្ធិពលឈ្លានពាន ពីសំណាក់ប្រទេស​វៀតណាម ចន្លោះឆ្នាំ១៩៧៨-១៩៨៩ (ក្នុងសេណារីយ៉ូនៃក្រុមខ្មែរក្រហមនិយមវៀតណាម និង​ខ្មែរក្រហមនិយមចិន)។

ការគួសបញ្ជាក់របស់លោក Lee Hsien Loong ជាការរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងទៅ ដែលមានសារសំខាន់ណាស់ ជាការដាស់តឿនស្មារតីពលរដ្ឋខ្មែរ និងមេដឹកនាំខ្មែរ ឲ្យចេះធ្វើការពិចារណាត្រឹមត្រូវ ព្រមទាំងសរសេរប្រវត្តិសាស្ត្រឈរលើការពិតទាំងស្រុង។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថា របបលោក ហ៊ុន សែន មានកំហុស ២ ធំៗក្នុងប្រវត្តិសាស្ត្រ ដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់កម្ពុជា ខណៈពេលរបបនេះមិនព្រមទទួលស្គាល់ការពិតរបស់ខ្លួន៖ 
•​ កំហុសទី១ គឺគាំទ្រការឈ្លានពានរបស់វៀតណាម នៅកម្ពុជា បើទោះបីកាលនោះអង្គការ​សហប្រជាតិ (UN) ចាត់ទុករបបក្រុងភ្នំពេញ នៅក្រៅច្បាប់ក្តី។
• កំហុសទី២ គឺនៅតែបន្តអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា ដោយ​រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងនោះ​របប ហ៊ុន សែន ធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដែលធ្វើឲ្យកម្ពុជាបាត់បង់បូរណភាព​ទឹកដី​មួយចំណែក ហើយនឹងបាត់បង់ប្រជុំ «កោះត្រល់» ក្នុងរឿងសន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ១៩៨២ ព្រមទាំងផ្តល់ឯកសារស្របច្បាប់ ដល់ជនជាតិយួនខុសច្បាប់នៅកម្ពុជា​សព្វថ្ងៃផង។

ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវដល់របប ហ៊ុន សែន ត្រូវទម្លាក់​ចោល​​​​នូវ​ប្រតិកម្មនានា ជាមួយប្រទេសសាំងហ្កាពួរ ដែលអាចធ្វើឲ្យអារីភាពមួយចំនួន ក្នុង​ចំណោមសមាជិកអាស៊ានដូចគ្នា។ របប ហ៊ុន សែន គួរតែអរគុណប្រទេសសាំងហ្កាពួរ ដែល​ជួយជ្រោមជ្រែងពលរដ្ឋកម្ពុជា ឲ្យទទួលស្គាល់ការពិតក្នុងប្រវត្តិសាស្រ្ត និងជួយជ្រោម​ជ្រែង ឲ្យមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងមកទល់សព្វថ្ងៃ។

សូមអំពាវនាវលោក ហ៊ុន សែន ត្រូវប្រញាប់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងត្រូវដោះលែង​លោក កឹម សុខា ដើម្បីរក្សាផលប្រយោជន៍របស់កម្ពុជា ក្នុងរឿងរក្សាប្រព័ន្ធអនគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។ រឿង​សេសសល់​មួយចំនួនទៀត ក្រុមមេ​ដឹក​នាំ​​ខ្មែរ និងពលរដ្ឋខ្មែរ ត្រូវចេះរួមគ្នាដោះស្រាយ ដើម្បីស្តារកិត្តិជាតិឡើងវិញ។

ធ្វើនៅក្រុងគ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ម៉ែន ណាត
(ហត្ថលេខា និងត្រា)