
(អត្ថបទដោយលោក ម៉ែន ណាត / 20-6-2019)
ឯកសារធនាគារមួយ ត្រូវបានចែកចាយទូលំទូលាយនៅលើបណ្តាញសង្គម បង្ហាញថាលោក ហ៊ុន ម៉ានិត មេដឹកនាំផ្នែកចារកិច្ចរបស់របបលោក ហ៊ុន សែន និងជាកូនប្រុសរបស់លោក ហ៊ុន សែន ផងនោះ បានផ្ញើលុយនៅធនាគារអន្តរជាតិ ១០០លានដុល្លារអាមេរិក។
ក្រុមបណ្តាញសង្គមហ្វេសប៊ុក និងធ្វីតធ័រ បានដាក់សំណួរជាច្រើន ទៅលើលោក ហ៊ុន ម៉ានិត ដែលជាមន្រ្តីរាជការ មានប្រាក់ខែបន្តិចបន្តួច ប៉ុន្តែបែរជាមានលុយរាប់លានដុល្លារ ផ្ញើនៅក្រៅប្រទេស។ ពួកគេដាក់ការសង្ស័យថា «ជាលុយបានមកពីអំពើពុករលួយ និងកេងប្រវញ្ចជាតិ»។
ភ្លាមនោះលោក ហ៊ុន ម៉ានិត សរសេរលើបណ្តាញហ្វេសប៊ុករបស់ខ្លួន បានច្រានចោលទាំងស្រុង នូវព័ត៌មាន និងឯកសារ ដែលគេចែកចាយក្នុងបណ្តាញសង្គមថា «ជារឿងមិនពិត និងជាឯកសារក្លែងក្លាយ»។ ជាមួយគ្នានោះ លោក ម៉ានិត ក៏បានព្រមានទៅលើម្ចាស់ហ្វេសប៊ុក ឈ្មោះ Tor Nimol (លោក តោ និមល) ថា អាចប្រឈមមុខផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ ដូចក្រុមអ្នកប្រឆាំងកន្លងមក។
ក្រុមបណ្តាញព័ត៌មាន ដែលគាំទ្ររដ្ឋាភិបាល បានចុះផ្សាយព្រោងព្រាត ការពារចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ានិត ថា ជាមន្រ្តីស្អាតស្អំ មិនខុសពីឳពុករបស់លោកទេ។
ករណីបែកធ្លាយឯកសារ របស់សមាជិកក្រុមគ្រួសារលោក ហ៊ុន សែន នេះ មិនមែនជាលើកទីមួយទេ ដែលក្នុងនោះ ក៏មានលោកស្រី ហ៊ុន ម៉ាលី ផងដែរ។ ហើយមន្រ្តីរបបលោក ហ៊ុន សែន និងសមាជិកក្រុមគ្រួសារលោក ហ៊ុន សែន តែងតែបដិសេធព័ត៌មានបែកធ្លាយទាំងនោះជាហូរហែ បើទោះជាមានឯកសារភស្តុតាងជាក់លាក់យ៉ាងណាក្តី។
លោកស្រី ហ៊ុន ម៉ាលី ជាកូនស្រីរបស់លោក ហ៊ុន សែន និងជាភរិយារបស់លោក សុខ ពុទ្ធិវុទ្ធ ជាកូនរបស់លោក សុខ អាន កាលពីឆ្នាំ២០១២ បានបែកធ្លាយឯកសារធនាគារឈ្មោះ HSBC នៅទីក្រុងហុងកុង ដែលមានទឹកប្រាក់ជាង ៤២លានដុល្លារអាមេរិក។
កាសែត The Cambodia Daily បានចុះផ្សាយករណីបែកធ្លាយឯកសាររបស់លោកស្រី ហ៊ុន ម៉ាលី កាលពីខែមេសា ឆ្នាំ២០១៩ ប៉ុន្តែអង្គភាពមួយរបស់រដ្ឋាភិបាលឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យិនទៀង ក៏នៅមិនទាន់ហ៊ានបើកការស៊ើបអង្កេតនៅឡើយដែរ។
កាលពីឆ្នាំ ២០១៦ អង្គការឃ្លាំមើលពិភពលោក ក្លូបប៊ល វីដនេស (Global Witness) មានមូលដ្ឋាន ក្នុងប្រទេសអង់គ្លេស បានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា អធិរាជត្រកូល ហ៊ុន កំពុងក្តោបក្តាប់ សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល តាមរយៈការរំលោភដីធ្លី ការធ្វើអាជីវកម្មឈើខុសច្បាប់ និងក្តោបក្តាប់ក្រុមហ៊ុនសំខាន់ៗជាច្រើន នៅក្នុងប្រទេស។ ហើយរបាយការណ៍ ក៏បានបង្ហាញទៀតថា ក្រុមគ្រួសារត្រកូល ហ៊ុន មានលុយពី ៥០០លានទៅ ១០០០លានដុល្លារអាមេរិក ដែលបានមកពីអំពើពុករលួយ និងលួចជាតិ ៕


