
(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត /១១ កក្កដា ២០១៩)
លោក សួង នាគព័ន្ធ (អាយុ ២៩ ឆ្នាំ) សកម្មជនសមាគមនិស្សិតបញ្ញវន្តខ្មែរ និង អតីតអ្នកទោសនសិការ លោក គង់ រ៉ៃយ៉ា (អាយុ ២៨ ឆ្នាំ) ត្រូវបានតុលាការក្រុងភ្នំពេញ សាកសួរដោយឡែកពីគ្នា ក្រោមការចោទប្រកាន់ថា «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៩។
លោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅព្រឹកថ្ងៃទី ១០ កក្កដា នៅពេលលោក ចែកចាយខិតប័ណ្ណរំលឹកគុណបណ្ឌិត កែម ឡី ក្នុងថ្ងៃរំលឹកខួបលោកបណ្ឌិត គម្រប់ ៣ ឆ្នាំ នៅទីកន្លែងដែលឃាតក បានបាញ់សម្លាប់ ក្នុងហាងកាហ្វេស្តាម៉ាត កាលតិច ស្តុបបូកគោ ភ្នំពេញ។
លោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា ត្រូវអយ្យការអមតុលាការ សម្រេចចោទប្រកាន់ជាផ្លូវការហើយ ពីបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី ១១ កក្កដានេះ។ បទចោទនេះ អាចឲ្យអ្នកទាំងពីរ ជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាព។
លោក គង់ រ៉ៃយ៉ា ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅគុកព្រៃស វេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១១ កក្កដាដដែលនេះ បន្ទាប់ពីចៅក្រមសាកសួរ សម្រេចចោទប្រកាន់ថា បង្កការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍រួច។
អ្នកស្រី សុខ ស្រីនិច ជាភរិយារបស់លោក គង់ រ៉ៃយ៉ា បានហៅការចោទប្រកាន់របស់តុលាការថា ជាអំពើអយុត្តិធម៌។ អ្នកស្រីបញ្ជាក់ថា ស្វាម៉ីរបស់គាត់ គ្រាន់តែផ្សាយលក់អាវយឺតបណ្ឌិត កែម ឡី ប៉ុណ្ណោះ ក៏ត្រូវបានចាប់ឃុំខ្លួន។
លោក គង់ រ៉ៃយ៉ា បានថ្លែងនៅខាងមុខតុលាការ ទាំងដៃទាំងពីរជាប់ខ្នោះ មុនពេលចូលបំភ្លឺដែរថា «អយុត្តិធម៌ណាស់»។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ០៩ កក្កដា ឆ្នាំ២០១៩ បន្ទាប់លោក បានអំពាវនាវពលរដ្ឋខ្មែរ ជួយទិញ ឬជាវអាវយឺតរូបបណ្ឌិត កែម ឡី សម្រាប់ពិធីរំលឹកខួប ៣ ឆ្នាំជូនលោកបណ្ឌិត។
អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានហៅការចាប់ខ្លួនលោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា ជាការរឹតត្បតិសិទ្ធិបញ្ចេញមតិ និងរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ហើយអំពាវនាវដល់រដ្ឋាភិបាល ហ៊ុន សែន ឲ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដោយគ្មានលក្ខខណ្ឌ ដើម្បីស្តារមុខមាត់ជាតិ ស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក គង់ រ៉ៃយ៉ា ធ្លាប់បានជាប់ពន្ធនាគារ ១៨ ខែ កាលពីសីហា ២០១៦ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោក បានប្រកាសឲ្យសាធារណជនចូលរួមធ្វើបដិវត្តន៍ពណ៌ ប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន សែន។
គួសបញ្ជាក់ថាបណ្ឌិត កែម ឡី អ្នកវិភាពនយោបាយ និងសង្គដ៏ល្បីល្បាញ ត្រូវបានធ្វើឃាត កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតកាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។
ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងកូនៗ បានភៀសខ្លួនទៅក្រៅប្រទេសភ្លាមៗ ក្រោយស្វាម៉ីរបស់ខ្លួន ត្រូវបានគេធ្វើឃាត ហើយអ្នកស្រី និងកូនៗ ៥ នាក់ បានទទួលសិទ្ធិជាជនភៀសខ្លួន រស់នៅអូស្ត្រាលី ជាង ១ឆ្នាំមុននេះ ពីព្រោះអ្នកស្រី មានការព្រួយបារម្ភអំពីការគំរាមកំហែង ពីអាជ្ញាធរភ្នំពេញ។
ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាឃាតកសិប្បនិម្មិត ដែលគេរៀបចំឲ្យទទួលទោសនោះ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសជាប់គុក ១ ជីវិត កាលពីខែ មីនា ២០១៧ ពីបទធ្វើឃាតបណ្ឌិត កែម ឡី៕