លិខិតចំហ
រំលឹក​ជូនលោក ហ៊ុន សែន លើ​គម្រោង​ចុះ​ហត្ថលេខា​ទទួល​​ស្គាល់​​ព្រំដែន ៨៤% ចាញ់​ប្រៀប​វៀតណាម

គេហទំព័រផ្លូវការ​​វៀតណាម (vietnamplus.vn​) ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ចុះ​ផ្សាយ​​ថា​កម្ពុជា​ និង​​វៀតណាម​ គ្រោង​​ចុះ​ហត្ថលេខា​​ទទួល​ស្គាល់​​ព្រំដែន​គោក ​នៅ​​ឆ្នាំ​នេះ បន្ទាប់​​ពី​​បាន​​បោះ​​បង្គោល​រួមគ្នា ៨៤% រួច​ហើយ​។ កាល​លើកឡើងនេះ ធ្វើឡើង​នៅក្នុងជំនួប​​រវាង​​​អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​វៀតណាម​ លោក​ ង្វៀន​ គួ​កយុង​ (Nguyen Quoc Dung) និង​​រដ្ឋលេខាធិការ​​ក្រសួង​​​ការបរទេស​​ខ្មែរ​ លោកស្រី​ អ៊ា​ត សោភា​ នៅ​ភ្នំពេញថ្មីៗនេះ។​

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប្រឆាំង​ជំទាស់​ដាច់​ខាត ចំពោះ​គម្រោង​ការ​ចុះ​ហត្ថលេខា​រួម​គ្នា ទទួល​ស្គាល់​លទ្ធផល​បោះ​បង្គោល​ព្រំដែន​គោក បាន ៨៤% ហើយក្តី និង នៅតែមិនអាច​ទទួល​ស្គាល់ «សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ២០០៥» ដែល​ជាមូលដ្ឋាន​គ្រឹះ ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹកដី​របស់​ខ្លួន។ ពលរដ្ឋខ្មែរ ជា​សាក្សីរស់ ដែលរស់នៅតាមបណ្តោយព្រំដែនខ្មែរ-វៀតណាម បានបាត់បង់ដី​ស្រែ​ចំការរបស់ខ្លួន ជា​បន្ត​បន្ទាប់។

គួររំលឹកថា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បាន​ធ្វើ​ឡើង​យ៉ាង​ចម្រូង​​ចម្រាស់ គ្មាន​ឯកភាព​ជាតិ ហើយ​វា​ផ្ទុយ​នឹង​មាត្រា២ និង​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ​ខ្មែរ ឆ្នាំ១៩៩៣ ព្រម​ទាំង​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​តម្រូវ​ឲ្យ​កម្ពុជា ត្រូវ​​លុប​​ចោល​​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​នានា ជាមួយ​វៀតណាម ដែល​ធ្វើឡើង​នៅ​មុន​ឆ្នាំ​​១៩៩០។​

ភាគីវៀតណាម តម្រូវឲ្យកម្ពុជា ចុះហត្ថលេខាលើ​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន ៨៤% នេះ​បាន​ន័យ​ថា វៀតណាម ចង់រំលឹកកម្ពុជាថា «ការបោះព្រំដែនគោករួចហើយនោះ គឺគ្មាន​ការកែប្រែទៀតទេ ទាំងពេលបច្ចុប្បន្ន និង​ទៅអនាគត» ក្រោយពេលវៀតណាម បាន​បង្ខំឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ម្តងហើយម្តងទៀត ត្រូវ​តែ​បំភ្លេច​ចោល​នូវ បង្គោល​ព្រំដែនគោក ដែលបន្សល់ទុកពីសម័យបារាំង ១២៤ បង្គោល និង សម័យ​វៀតណាម​ត្រួត​ត្រា​កម្ពុជា ៧២ បង្គោល (១៩៨៦១-៩៨៨) តាមរយៈសន្ធិសញ្ញាខុសច្បាប់នានារួមគ្នា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមក្រើន​រំលឹក​ជា​ថ្មី​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា​«មិន​ត្រូវ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ព្រំដែន​ណា​ថ្មី ជាមួយវៀតណាមទៀតទេ ហើយ​ត្រូវ​តែ​បញ្ឈប់​បោះ​បង្គោល​ព្រំដែន​ផង​ដែរ» ដោយ​រង់​ចាំ​កម្ពុជា មានឯកភាពផ្ទៃក្នុងជាតិជាមុនសិន, មានឯកភាពនយោបាយ, មានសង្គមស៊ីវិល និង​មាន​អ្នកជំនាញការ​ព្រំដែន​ខ្មែរ​ពីគ្រប់ភាគី ចូលរួមប្រឹក្សាយោបល់ និងពិនិត្យឡើងវិញ នូវការបោះបង្គោលព្រំដែនកន្លងទៅ។

យើងខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលកម្ពុជា​មាន​ឯកភាព​ជាតិ មាន​មេដឹកនាំ​ល្អ ដែល​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹក​ដី ពេល​នោះ​កម្ពុជា​អាច​សើរើ និង​ប្តឹង​ប្តល់​ទឹកដី​ខ្មែរ​ដែល​បាត់​​បង់​​យក​មក​វិញ រួមទាំង​កោះត្រល់​ផង ទៅ​តាម​យន្តការ​អន្តរជាតិ តាម​​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស និង តុលាការ​យុត្តិធម៌​អន្តរជាតិ។

ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
(ហត្ថលេខា និងត្រា)
ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា