លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម បាន​ទទួល​ស្គាល់​ថា «ការ​បន្ត​បាត់​បង់​ដី​ព្រៃ និង ព្រៃ​ឈើ បណ្តាល​មក​ពី​អ្នក​មាន​អំណាច ប្រើ​មធ្យោបាយ​ទុច្ចរិត បំផុស​ឲ្យ​ពលរដ្ឋ កាប់​បំផ្លាញ ក្រោម​រូបភាព​ទិញ​ដូរ និង ការ​ទន្ទ្រាន​យក​ដីព្រៃ»។ នេះ​ជា​ការ​ទទួល​ស្គាល់​ដ៏​កម្រ​មួយ​របស់​រដ្ឋមន្រ្តី​កសិកម្ម។

ជាហូរហែរ ក្រុម​បណ្តាញ​​សកម្មជន​បរិស្ថាន ក៏​បាន​បង្ហាញ​របាយការណ៍ អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ ដើម្បី​យក​ដីធ្លី ធ្វើ​កសិកម្ម និង​អាជីវកម្ម​ផ្សេងៗ។ ហើយ​បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក៏​បាន​ចុះ​ផ្សាយ អំពី​វិនាសកម្ម​ព្រៃឈើ នៅ​កម្ពុជា​យ៉ាង​គំហុក​នេះ​ផង​ដែរ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល តែង​តែ​ឆ្លើយ​ដោះ​សារ ឬ​ឆ្លើយ​បដិសេធ​តែ​ម្តង។

រឿងវិនាសកម្មព្រៃឈើ និង​ធនធាន​ធម្មជាតិ គឺ​ជា​ក្តី​កង្វល់​ធំ​បំផុត​របស់​ពិភពលោក ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ នាំ​ឲ្យ​មាន​ការ​បម្រែ​បម្រួល​អាកាសធាតុ ការ​ធ្វើ​ឲ្យ​ឡើង​កំដៅ​​ភព​ផែនដី និង​បង្ក​ឲ្យ​មាន​បាតុភូត​ធម្មជាតិ​មិន​ប្រក្រតី​ជា​ច្រើន​ទៀត។
(អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត)


រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋ​នៅ​បន្ត​បាត់បង់​ដីព្រៃ ដោយសារ​អ្នកមានអំណាច​បំផុស​ឱ្យ​ពលរដ្ឋ​ទ​ន្ទ្រា​ញ និង​រំលោភ​កាន់កាប់

(ដោយ ធឿន បញ្ញាឬទិ្ធ / ThmeyThmey News /03-3-2020)
ភ្នំពេញ​៖ រដ្ឋ​នៅតែ​បន្ត​បាត់បង​ដីព្រៃ ដោយសារ​ការ​ទ​ន្ទ្រា​ញ និង​រំលោភ​​កាន់កាប់​​ពី​សំណាក់​ពលរដ្ឋ ក្រោម​ការ​បំផុសបំផុល​របស់ ​អ្នកមានអំណាច​។ បញ្ហា​បាត់បង​ដីព្រៃ​នេះ ត្រូវបាន​​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់ ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ ដើម្បី​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅ​ថ្ងៃទី​៣ មីនា ២០២០។​

លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ទោះបីជា​រដ្ឋាភិបាល បាន​​ដាក់​ចេញ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​ដីធ្លី​ យ៉ាងណាក្តី ប៉ុន្តែ​បញ្ហា​រំលោភ​កាន់កាប់​ដីព្រៃ​ឈើ​របស់​រដ្ឋ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ តាម​គ្រប់​រូបភាព​ផ្សេងៗ​ រួមមាន ការកាប់​រាន​ដី​ព្រៃឈើ​ ធ្វើ​កសិកម្ម ពាណិជ្ជកម្ម សង់​លំនៅឋាន​ជាដើម​។ ជាពិសេស​គឺ​ជន​មានអំណាច ដើរ​បំផុស​ចលនា​ប្រជាពលរដ្ឋ​ក្រីក្រ ​ឱ្យ​កា​ប់ទ​ន្ទ្រា​ញ​ដី​ព្រៃឈើ​ រួចហើយ ធ្វើលិខិត​ទិញ​លក់​-​ផ្ទេរកម្មសិទ្ធិ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ ពី​រដ្ឋអំណាច​។​ {លោកថា} «​បញ្ហា​ទាំងអស់នេះ ជា​ចំណោទ​ធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡា​គ្នា ដែល​ធ្វើឱ្យ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ មានការ​បារម្ភ​ ចំពោះ​ការបាត់បង់​ធនធាន​ដីព្រៃ​ឈើ​ជាតិ​យើង ​នាពេល​អនាគត​»។

កន្លងមក​ ក្រសួងបរិស្ថាន ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​កាន់កាប់​រាន​ដីព្រៃ ដោយ​​ខុស​ច្បាប់​ដែរ​។ លោក នេត្រ ភក្ត្រា ធ្លាប់បាន​បញ្ជាក់ថា ​ជនខិលខូច​​មួយចំនួន បាន​​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ទាញយក​ប្រយោជន៍​​ពី​សំណុំរឿង​ដីធ្លី​នេះ តាមរយៈ «​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។ ត្រង់ចំណុច​នេះ​លោក នេត្រ ភក្ត្រា ចង់​សង្កត់ធ្ងន់ថា នៅពេលដែល​ក្រុម​ជន​ខិល​ខូច ទិញ​ដី​ពី​ពលរដ្ឋ​យកមក​កាន់កាប់​ហើយ ប៉ុន្តែ​ដី​ទាំងនោះ ត្រូវបាន​រដ្ឋ​រឹបអូស​វិញ ដោយសារ​​ជា​សម្បត្តិ​រដ្ឋ ឬ​ស្ថិតនៅក្នុង​តំបន់​ការពារ​នោះ វា​ក៏​កើត​មានរឿង​​ទំនាស់​ដីធ្លី​ជាមួយ​រដ្ឋ​​តែម្ដង​។ ក្នុងករណី​ទំនាស់​នេះ ពួកគេ​អាច​ទទួលបាន​ដី ឬ​លុយ ដោយ​រដ្ឋ​ត្រូវ​​ចេញ​សំណង ទោះបីជា​ពួកគេ​ចាញ់​-​ឈ្នះក្តី​៕

.